លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា បានបញ្ជាជាថ្មីទៀត ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងយុត្តិធម៌ឲ្យពន្លឿនការដោះស្រាយបញ្ចប់សំណុំសហជីព និងមន្ត្រីអង្គការសង្គមស៊ីវិលឲ្យបានឆាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការងាររបស់ពួកគាត់។ មន្ត្រីសហជីពយល់ថា បញ្ជារបស់លោក ហ៊ុន សែន គ្រាន់តែការដោះស្រាយបញ្ហាតានតឹងរបស់កម្ពុជាបានមួយផ្នែកតូច ដោយសារមានសម្ពាធពីប្រទេសសេរី។ តែធ្វើដូច្នេះ មិនអាចរួចផុតពីទណ្ឌកម្មអន្តរជាតិបានទេ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ អះអាងថា លោកបានបញ្ជូនសំណុំរឿងដែលជាប់ក្នុងបណ្ដឹងក្នុងតុលាការ ទៅក្រសួងការងារ និងលោកនាយករដ្ឋមន្ត្រីដើម្បីឲ្យតុលាការពន្លឿនដោះស្រាយសំណុំរបស់ខ្លួនមួយសប្ដាហ៍ហើយ ប៉ុន្តែគិតត្រឹមថ្ងៃទី២៨ វិច្ឆិកា មិនទាន់មានដំណោះស្រាយនៅឡើយទេ។ លោកបន្ថែមទៀតថា លោកជាប់បណ្ដឹងព្រហ្មទណ្ឌក្នុងតុលាការចំនួន ៧ករណី និងជាមួយមន្ត្រីសហជីពប្រហែល ៤០ករណីទៀត ដែលបណ្ដឹងទាំងនោះលោកមិនមានកំហុសទាល់តែសោះ តែជាសំណុំរឿងដែលលោកនិងមន្ត្រីសហជីពបំពេញការងារតាមវិជ្ជាជីវៈមួយក្រុមកម្មករ ដែលរងគ្រោះដោយការរំលោភសិទ្ធិការងាររបស់ថៅកែរោងចក្រមកលើពួកគាត់។ មេដឹកនាំសហជីពរូបនេះ អះអាងទៀតថា សំណុំរឿងទាំងអស់នេះបានរាំងស្ទះដល់ដំណើររបស់សហជីពក្នុងការបំពេញការងាររបស់ខ្លួន ហើយធ្វើឲ្យមួយរយៈចុងក្រោយនេះមិនអាចចុះជួយក្រុមកម្មករដើម្បីទាមទារឲ្យថៅកែគោរពសិទ្ធិការងារបានឡើយ៖ «»
នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា លោក ហ៊ុន សែន ទទូចឲ្យមន្ត្រីសហជីពទាំងអស់ដែលមានបណ្ដឹងក្នុងតុលាការរៀបចំសំណុំរឿងបញ្ជូនទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យបានឆាប់ដើម្បីក្រសួងការងារនិងក្រសួងយុត្តិធម៌សហការជាមួយតុលាការដោះស្រាយបញ្ចប់រឿងឲ្យបានឆាប់។លោក ហ៊ុន សែនក៏បញ្ជាឲ្យក្រសួងពាក់ព័ន្ធរឿងនេះប្រញាប់ដោះស្រាយសំណុំរឿងសហជីពនិងមន្ត្រីអង្គការសង្គមស៊ីវិលឲ្យបានលឿន ដើម្បីឲ្យពួកគាត់បានបំពេញការងាររបស់ខ្លួនបានពេញលេញ ដោយមិនមានការរិះគន់ថារបបលោករឹតត្បិតសេរីភាពអង្គការសង្គមស៊ីវិលនិងសហជីព៖ «»
ទោះជាយ៉ាងណាប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន លើកឡើងថា លោក ហ៊ុន សែន បន្ទន់ឥរិយាបថនេះ ដោយសារមានសម្ពាធដកការអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជាទៅសហគមន៍អឺរ៉ុប គឺមិនមែននៅសុខៗ លោក ហ៊ុន សែន ធ្វើចិត្តនោះទេ ព្រោះកន្លងមកលោក ហ៊ុន សែន តែងចាត់ទុកមន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពជាក្រុមប្រឆាំងនឹងរបបលោក ដោយសារតែពួកគេបំពេញការងារប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សកាន់អំណាច៖ «»
លោក រ៉ុង ឈុន បន្ថែមទៀតថា វិធានការរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជាការដោះស្រាយភាពតានតឹងនៅកម្ពុជាបានមួយផ្នែកតូចដើម្បីកុំឲ្យមានការរិះគន់ធ្ងន់ធ្ងរមកលើរបបលោកតែប៉ុណ្ណោះ ដោយមិនអាចបញ្ចៀសសម្ពាធពីអន្តរជាតិបានទេ។ លោកថា ដើម្បីដោះស្រាយកុំឲ្យមានសម្ពាធពីអន្តរជាតិបានលុះត្រាតែលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ ទម្លាក់ការចោទប្រកាន់ទាំងអស់ទៅលើលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែនរំលាយចោល ហើយបង្កបរិយាកាសរៀបចំការបោះឆ្នោតឡើងវិញ ដោយមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments