RFA | "ការ​ជំរុញ​ឲ្យ​បក្ស​កាន់អំណាច​ខំ​បម្រើ​រាស្ត្រ​ជាង​មុន​ក្រោយ​បោះឆ្នោត​មិន​អាច​ទៅ​រួច​ទេ" | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកឃ្លាំមើល​អភិបាលកិច្ច​ល្អ យល់ថា អនុសាសន៍ របស់ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជំរុញ​ឲ្យ​សមាជិក សមាជិកា​បក្ស ជា​មន្ត្រី​ក្នុង​បក្ស​កាន់អំណាច ចុះទៅ​មូលដ្ឋាន​វិញ​ជាបន្ទាន់ ដើម្បី​ខិតខំ​បម្រើ​រាស្ត្រ​ឲ្យ​បាន​ខ្លាំង​ជាង​អាណត្តិ​មុនៗ ២​ដង នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។ សង្គម​ស៊ីវិល ពន្យល់​ថា របប​មួយ ដែល​គ្មាន​បក្ស​ប្រឆាំង គ្មាន​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ ជា​កញ្ចក់​ឆ្លុះបញ្ចាំង​សង្គម ពលរដ្ឋ​ងាយ​រងគ្រោះ ដោយសារ​ការ​ជិះ​សេះ​លែងដៃ របស់​បក្ស​កាន់​អំណាច។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមាជិក​បក្ស​របស់​លោក ខិតខំ​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ខ្លាំង​ជាង​អាណត្តិ​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​២​ដង ក្រោយពេល​គណបក្ស​កាន់អំណាច​អះអាង​ដោយ​ខ្លួនឯង​ថា បាន​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

ថ្លែង​ក្នុង​ពិធី​ចុះ​ជួប​កម្មករ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា លោក ហ៊ុន សែន ចាត់​ទុក​ការ​ឈ្នះ​ឆ្នោត ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ថា ប្រជាជន​កម្ពុជា​បាន​ផ្ដល់​ការ​ជឿ​ទុកចិត្ត ដូច្នេះ​ពលរដ្ឋ​មិន​ត្រូវ​ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ឡើយ ក្រៅពី​បក្ស​កាន់អំណាច។ លោក ហ៊ុន សែន ថា នេះ​ជា​បន្ទុក​របស់​បក្ស​កាន់អំណាច​ធ្ងន់​មួយ​ជា​ពីរ សម្រាប់​អាណត្តិ​ទី​៦ ហើយ​សមាជិក​បក្ស​កាន់អំណាច ត្រូវ​ខិតខំ​បម្រើប្រជាជន​ដោយ​ស្មោះត្រង់​បំផុត។

លោក ហ៊ុន សែន មិនមែន​ទើបតែ​ជំរុញ ឬ​អំពាវនាវ​ឲ្យ​សមាជិក​បក្ស​កាន់អំណាច ចុះ​ជួយ​ពលរដ្ឋ​នៅ​ក្រោយ​ការបោះឆ្នោត ជា​លើក​ទី​១​ទេ។ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង កាលពី​អាណត្តិ​ទី​៥ លោក ហ៊ុន សែន ចំណាយ​ពេល​ស្ទើរ​ពេញ​មួយថ្ងៃ ដើម្បី​ស្ដី​បន្ទោស​មន្ត្រី​ក្រោម​ឱវាទ​លោក។ កាលណោះ លោក ហ៊ុន សែន បន្ទោស​ថា ដោយសារ​មន្ត្រី​ក្រោម​ឱវាទ​លោក ជិះ​សេះ​លែងដៃ ទើប​គណបក្ស​លោក បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ទៅ​បក្ស​ប្រឆាំង។ លោក ហ៊ុន សែន បាន​សន្យា​កំណែ​ទម្រង់​ស៊ីជម្រៅ ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ដែរ ប៉ុន្តែ​អ្នក​តាមដាន​សង្គម សង្កេត​ឃើញ​ថា របប​លោក ហ៊ុន សែន ក្នុង​អាណត្តិ​ទី​៥ មិន​បាន​កែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​មួយ​ណា ឲ្យ​បាន​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ទេ ពលរដ្ឋ​ជាច្រើន នៅ​តែ​រងគ្រោះ ពី​វិស័យ​សុខាភិបាល ឬ​វិស័យ​ដីធ្លី កាន់តែ​ខ្លាំង​ជាង​មុន។

អ្នកឃ្លាំមើល​អភិបាលកិច្ច​ល្អ និង​ជានា​យក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា សភា​ឯក​បក្ស ឬ​ការដឹកនាំ​បែប​ឯក​បក្ស នឹង​មិន​អាច​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​មាន​ពេញទី​ទេ។ លោក សន ជ័យ បន្ត​ថា អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​តួនាទី​សំខាន់ ក្នុង​ការ​ជួយ​ពង្រឹង​ភាព​អសកម្ម​របស់​មន្ត្រី ក្នុង​ការ​បម្រើ​ពលរដ្ឋ។ លោក សន ជ័យ សង្កេត​ឃើញ​ថា ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រង​ការ​រឹតត្បិត សង្គម​ស៊ីវិល​ឯករាជ្យ​ឯណោះ​វិញ បាន​រង​ការ​លាប​ពណ៌ ជា​ក្រុម​បដិវត្ត​ពណ៌​ជាដើម។ «»

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នឹង​គ្មាន​ប្រសិទ្ធភាព​ទេ។ អ្នកវិភាគ​រូប​នេះ អះអាង​យោង​ទៅតាម​ការសង្កេត​នៅ​អាណត្តិ​ទី​៥ គឺ​គណបក្ស​កាន់អំណាច​បាន​សន្យា កែទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព ដូច្នេះ ការ​ជំរុញ​របស់ លោក ហ៊ុន សែន ពេលនេះ គ្រាន់​ជា​ការ​បន្លំ​ស្ថានការណ៍ និង​ចង់​ឲ្យ​ពលរដ្ឋ​ស្ងប់ចិត្ត ក្រោយ​ការ​បោះឆ្នោត។ «»

កន្លងមក គេ​សង្កេត​ឃើញ​ថា សំដី​របស់​លោក ហ៊ុន សែន មាន​ប្រសិទ្ធភាព​ខ្លាំង តែ​នៅ​ពេល​លោក​បញ្ជា​ឲ្យ​ចាប់​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង ឬ​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ ចំណែក​ឯ ការ​ជំរុញ​ឲ្យ​មន្ត្រី​លោក​ធ្វើ​ការងារ​បម្រើ​រាស្ត្រ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments