របបក្រុងប៉េកាំងប្រកាសអបអរសាទរការបោះឆ្នោតនៅកម្ពុជា និងថា ចិននឹងបន្តផ្តល់ជំនួយដល់របបថ្មីរបស់លោក ហ៊ុន សែន តទៅទៀត ដើម្បីធានាការអភិវឌ្ឍ និងស្ថេរភាពសង្គមរបស់កម្ពុជា។ ការប្រកាសនេះ ធ្វើឡើងតាមរយៈជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសនៃរបបក្រុងភ្នំពេញ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី១ សីហា។ អ្នកវិភាគយល់ថា ការគាំទ្ររបស់ចិននេះអាចនឹងរុញកម្ពុជាឱ្យធ្លាក់ក្នុងទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច និងកាន់តែឃ្លាតឆ្ងាយពីរបៀបដឹកនាំបែបប្រជាធិបតេយ្យ។
ស្របពេល ដែលក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចប្រកាសមិនទទួលស្គាល់ការបោះឆ្នោត ដែលរបបក្រុងភ្នំពេញរៀបចំឡើងនោះ ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) បានសម្តែងការអបអរសាទរចំពោះការបោះឆ្នោតនេះ ដែលលោកចាត់ទុកថា ជាការបោះឆ្នោតប្រកបដោយភាពរលូន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានស្រង់សម្តីរបស់លោកថា លទ្ធផលនៃការបោះឆ្នោតនេះ បង្ហាញពីទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះថ្លែងទៀតថា រដ្ឋាភិបាលបរទេសទាំងឡាយមិនគួរលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ហើយលោកថារដ្ឋាភិបាលចិនតាំងចិត្តយ៉ាងមោះមុតក្នុងការជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាព ឯករាជភាព និងស្ថេរភាពជាតិ។ លោកសង្កត់ធ្ងន់ថា ចិនប្តេជ្ញាដាច់ខាត ជួយកម្ពុជាប្រឆាំងនឹងការជ្រែកជ្រែករបស់ប្រទេសដទៃ ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ឃើញថា ប្រទេសចិនបានដឹងច្បាស់រួចទៅហើយអំពីលទ្ធផលនៃការបោះឆ្នោតនេះ ទើបមហាអំណាចកុម្មុយនីស្តមួយនេះ ប្រកាសគាំទ្ររបបលោក ហ៊ុន សែន តាំងតែពីដំបូងមកនោះ។ លោកថា ការគាំទ្ររបស់ចិននេះមិនមែនជារឿងគួរឱ្យត្រេកអរនោះទេ ផ្ទុយទៅវិញ វាកំពុងតែរុញកម្ពុជាឱ្យធ្លាក់ទៅក្នុងទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច និងធ្វើឱ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែដើរថយក្រោយទៅវិញទេ។ លោកចាត់ទុកស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតនេះថា ជាស្ថានភាព “នឹងលើ រង្គើក្រោម” ដែលមានន័យថា មេដឹកនាំរបបក្រុងភ្នំពេញកំពុងបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ អំពីការបោះឆ្នោត ប៉ុន្តែតាមការពិត របបនេះកំពុងព្រួយបារម្ភនឹងសម្ពោធនានា របស់ក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចទៅវិញទេ៖ «»
របបក្រុងភ្នំពេញបានប្រកាសពីជ័យជម្នះរបស់ខ្លួន ក្នុងការបោះឆ្នោត ដែលគណបក្ស សង្គ្រោះជាតិ ត្រូវបានរបបនេះផាត់ចោល និងរងការរិះគន់យ៉ាងខ្លាំងថា ជាការបោះឆ្នោតក្លែងក្លាយនោះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៤លាន ៨សែនសំឡេង ឬស្មើនឹងជាង ៧៦ភាគរយ នៃសន្លឹកឆ្នោតបានការសរុបជាង ៦លាន ៣សែន សន្លឹក ហើយអ្នកនាំពាក្យគណបក្សនេះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈសភាទាំងអស់ គឺទាំង ១២៥អាសនៈ។
លោក ហង្ស វិទូ យល់ឃើញថា សេចក្តីថ្លែងការណ៍ទាំងឡាយរបស់ក្រុមប្រទេសលោកខាងលិចមិនគួរត្រូវបានចាត់ទុកថា ជាការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ប៉ុន្តែជាការចង់ឃើញកម្ពុជា មានលិទ្ធិប្រជាធិបតេ្យយពិតប្រាកដទៅវិញទេ។ លោកថា ប្រសិនបើសេចក្តីថ្លែងការណ៍ទាំងនោះ ត្រូវបានចាត់ទុកថា ជាការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះការប្រកាសគាំទ្ររបស់ចិនក៏ត្រូវចាត់ទុកជាការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដូចគ្នា ហើយការជ្រៀតជ្រែករបស់ចិននេះមានឥទ្ធិពល និងទំហំធំធេងជាងក្រុមប្រទេសលោកខាងលិចទៅទៀត៖ «»
ទោះបីប្រទេសចិនហាមកុំឲ្យប្រទេសដទៃលូកដៃ ចូលក្នុងការកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក៏ប្រទេសចិនបន្តមានឥទ្ធិពល និងលូកដៃយ៉ាងជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា តាំងតែពីសម័យខ្មែរក្រហមមកម្ល៉េះ។ ដោយសារតែការគាំទ្ររបស់ប្រទេសចិននេះ ទើបធ្វើឲ្យរបបកុម្មុយនីស្ត និងផ្តាច់ការអាចបន្តដង្ហើមរបស់ខ្លួន។ ជាឧទាហរណ៍របបខ្មែរក្រហម ក៏ទទួលបានការជ្រោមជ្រែងពីរដ្ឋាភិបាលក្រុងប៉េកាំង យ៉ាងសន្ធឹកសន្ធាប់។
នាយកកម្មវិធីសិក្សាអំពីប្រទេសចិន និងអាស៊ីប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យ ឃនែល (Cornell University) របស់សហរដ្ឋអាមេរិក លោក អែនឌ្រូ មើស្សា (Andrew Mertha) បានប្រាប់កាសែត The New York Times ថាជំនួយបរទេស ដែលរបបខ្មែរក្រហមទទួលបានយ៉ាងហោចណាស់ ៩០% បានពីប្រទេសចិន។ ជំនួយទាំងនោះ រួមមានគ្រឿងសព្វាវុធផង ដូចជារថក្រោះ យន្តហោះ និងកាំភ្លើងធំ។ មិនតែប៉ុណ្ណោះ ចិនក៏បានបញ្ជូនជំនាញការយោធាចិនជាច្រើន ទៅបណ្ដុះបណ្ដាលកម្មាភិបាលខ្មែរក្រហមផងដែរ។ លោក អែនឌ្រូ មើស្សា បញ្ជាក់ថា “បើកុំតែបានចិនជួយ កុំអីរបបវាលពិឃាដខ្មែរក្រហម មិនអាចបន្តកាន់អំណាចយូរលើសពីមួយសប្ដាហ៍បានផង។ ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរជាង ១លាន ៧សែននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការបង្អត់អាហារ ធ្វើការហួសកម្លាំង និងការយកទៅសម្លាប់ចោល។
ប្រទេសចិន គឺជាខ្នងបង្អែកខាងសេដ្ឋកិច្ច និងការទូត ដ៏សំខាន់របស់របបក្រុងភ្នំពេញ ហើយមេដឹកនាំរបបនេះ គឺលោក ហ៊ុន សែន ក៏បានប្រកាសដែរថា លោកដឹកនាំប្រទេសលម្អៀងទៅរកចិន ព្រោះលោកងាយស្រួលធ្វើការជាមួយមហាអំណាចកុម្មុយនីស្តមួយនេះ។ អ្នកវិភាគព្រមានថា របបលោក ហ៊ុន សែន មិនអាចពឹងផ្អែកទាំងស្រុងលើប្រទេសចិននោះទេ ដោយសារចិនមិនមែនជាទីផ្សារលក់ផលិតផលរបស់កម្ពុជា ដូចសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឡើយ ហើយប្រសិនបើរបបនេះនៅបន្តរឹងទទឹងមិនព្រមស្តារប្រជាធិបតេយ្យឡើងវិញទេនោះ របបនេះចៀសមិនផុតពីត្រូវទទួលរងទណ្ឌកម្មនោះឡើយ។
ទន្ទឹមនឹងការមិនទទួលស្គាល់ការបោះឆ្នោតប្រទេសម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មធំៗ របស់កម្ពុជាជាច្រើនដូចជា សហរដ្ឋអាមេរិកជាដើម បានប្រកាសថា ពួកគេនឹងពិចារណាលើជំហានបន្ទាប់ក្នុងការឆ្លើយតបនឹងការបោះឆ្នោតនេះ ដែលអាចពង្រីកបន្ថែមទៀតនូវទណ្ឌកម្មមិនផ្តល់ទិដ្ឋការដល់របបក្រុងភ្នំពេញដូច ដែលអាមេរិកបានដាក់ចេញកាលពីខែធ្នូ ឆ្នាំ២០១៧ នោះ។ ចំណែកសហភាពអឺរ៉ុបវិញ ក៏កំពុងពិចារណាលើគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុដែរ ដែលជាទណ្ឌកម្មឆ្លើយតប នឹងការបំផ្លាញលិទ្ធិប្រជាធិបតេយ្យរបស់រដ្ឋអំណាចក្រុងភ្នំពេញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments