ជនជាតិដើមភាគតិចកួយមួយចំនួន រស់នៅខេត្តព្រះវិហារ ខកខានមិនបានរៀបចំគ្រឿងសក្ការៈបូជាថ្វាយទេវតាឆ្នាំថ្មី និងមិនបានទៅវត្តអារាមទេ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃនៅឆ្នាំនេះ។ ការខកខាននេះ មួយផ្នែកបណ្តាលមកពីជីវភាពធ្លាក់ចុះ និងកង្វល់ជាច្រើនទាក់ទិនការបាត់បង់ដីស្រែចម្ការ ព្រៃឈើ ដើមឈើផលិតជ័រទឹក ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ពួកគាត់កំពុងប្រឈមបាត់បង់ទាំងស្រុង ដោយសារក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិន។
ជនជាតិដើមភាគតិចកួយរស់នៅភូមិប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ឲ្យដឹងនៅថ្ងៃទី១៧ មេសាថា វិបត្តិដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិន ហេង ហ្វូ គឺជាចំណុចរស៊ើបមួយ ដែលពួកគាត់មិនអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងខកខានមិនបានយកចង្ហាន់ទៅវត្តអារាមដូចឆ្នាំមុនៗ។
អនុប្រធានជនជាតិដើមភាគតិចកួយភូមិប្រមេរ លោកស្រី រឿន ខាន់ ឲ្យដឹងថា ជនជាតិដើមភាគតិចកួយមួយចំនួន ខកខានមិនបានទៅវត្តអារាម និងមិនបានរៀបចំសក្ការៈបូជាថ្វាយទេវតាឆ្នាំថ្មី ពុំមែនមានន័យថា ពួកគាត់បោះបង់ចោលប្រពៃណីជាតិនោះទេ ដោយសារអ្នកភូមិខ្លះ មានជីវភាពក្រីក្រតោកយ៉ាក និងបញ្ហាប្រឈមច្រើនមិនទាន់ដោះស្រាយ រួមមាន ការបាត់បង់ទីកន្លែងធ្វើកសិកម្មចិញ្ចឹមជីវិត ព្រៃឈើ កន្លែងឃ្វាលគោ និងដើមឈើផលិតជ័រទឹកជាដើម។ លោកស្រីថា ចូលឆ្នាំថ្មី រយៈពេល ៣ថ្ងៃកន្លងទៅនេះ នៅទីវត្តអារាមក៏មានភាពស្ងប់ស្ងាត់ដែរ ផ្ទុយពីឆ្នាំមុនៗ ដែលអ្នកភូមិតែងនាំគ្នា លេងល្បែងប្រជាប្រិយ។
ស្ត្រីដដែលបន្ថែមថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ក្រុមហ៊ុនចិនមិនបានឈួសឆាយពង្រីកផ្ទៃដីធ្វើកសិកម្មទេ ប៉ុន្តែអ្នកភូមិនៅតែព្រួយបារម្ភ និងបានដាក់វេនគ្នាយាមនៅស្រែរៀងរាល់ថ្ងៃ។ លោកស្រីរំឭកថា នៅឆ្នាំមុនៗ ចូលឆ្នាំថ្មីម្តងៗ អ្នកភូមិសប្បាយរីករាយជួបជុំបងប្អូនមិត្តភក្ដិ លេងល្បែងប្រជាប្រិយ និងរៀបចំគ្រឿងសក្ការបូជាថ្វាយទេវតាឆ្នាំថ្មី មិនដែលអាក់ខានទេ។
អាស៊ីសេរីបានព្យាយាមទាក់ទង មេឃុំប្រមេ លោក ធាន ហេង ដើម្បីសុំការបញ្ជាក់រឿងនេះដែរ ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន។ លោកធ្លាប់លើកឡើងថា ជនជាតិដើមភាគតិចកួយប្រកាន់ភ្ជាប់ប្រពៃណីវប្បធម៌ដូចខ្មែរទាំងស្រុង និងបានយកចង្ហាន់ប្រគេនព្រះសង្ឃជារៀងរាល់ឆ្នាំ មិនដែលខកខានទេ។ លោកថា ជម្លោះដីធ្លី រវាងពលរដ្ឋ និងក្រុមហ៊ុនចិនមិនប៉ះពាល់ដល់ការប្រតិបត្តិប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិចទេ។
អ្នកសម្របសម្រូលផ្នែកតស៊ូមតិ នៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ យល់ថា ពលរដ្ឋខកខានមិនបានចូលរួមពិធីបុណ្យចូលឆ្នាំ ជាសញ្ញាបង្ហាញពីការបែកបាក់សាមគ្គី និងជះឥទ្ធិពលមិនល្អដល់ប្រពៃណីវប្បធម៌ជាតិ។ លោកថា វិបត្តិដីធ្លីនេះ មិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ជីវភាពជនជាតិដើមភាគតិចនោះទេ វាក៏ប៉ះពាល់ដល់ទំនាក់ទំនង និងប្រពៃណីពួកគាត់ដែរ។
ពុំមែនតែជនជាតិដើមភាគតិចកួយនៅឃុំប្រមេរនោះទេ ដែលខកខានមិនបានប្រារព្ធពិធីបុណ្យចូលឆ្មាំថ្មី ជនជាតិដើមភាគតិចកួយ នៅស្រុកឆែប ខេត្តព្រះវិហារមួយចំនួន ក៏ខកខានមិនបានទៅវត្តអារាម និងរៀបចំគ្រឿងសក្ការបូជាថ្វាយទេវតាឆ្នាំថ្មីដែរ ដោយសារសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះខ្លាំង។ ប៉ុន្តែមានជនជាតិដើមភាគតិចកួយមួយចំនួន ក៏បាននាំគ្នាអបអរសាទរបុណ្យចូលឆ្នាំខ្មែរតាមវត្តអារាម ជូបជុំគ្នាតាមផ្ទះ និងរាំកម្សាន្តដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments