RFA | អ្នក​ជំនាញ​ចាប់​ផ្ដើម​គម្រោង​អភិរក្ស​ប្រាសាទ​បុរាណ​ចៅ​ស្រី​វិបុល​នៅ​ក្រៅ​ឧទ្យាន​អង្គរ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រាសាទ​បុរាណ​ចៅ​ស្រី​វិបុល ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​ទីក្រុង​អង្គរ បច្ចុប្បន្ន​កំពុង​ទទួល​រង​ការ​បាក់​បែក​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​តែ​ធម្មជាតិ​បំផ្លាញ​ផង និង​មនុស្ស​បំផ្លាញ​ផង។

ប្រាសាទ​បុរាណ​ធ្វើ​ពី​ថ្ម​ភក់​លាយ​នឹង​ថ្ម​បាយ​ក្រៀម ដែល​មាន​អាយុកាល​ជាង ១.០០០​ឆ្នាំ​នេះ កំពុង​ទាមទារ​ឲ្យ​អ្នក​ជំនាញ ធ្វើ​ការ​អភិរក្ស ព្រម​ទាំង​ថែរក្សា​ឡើង​វិញ​ជា​បន្ទាន់។

នាយកដ្ឋាន​អភិរក្ស​ក្រៅ​ឧទ្យាន​អង្គរ​របស់​អាជ្ញាធរ​អប្សរា បាន​ចាប់​ផ្ដើម​គម្រោង​អភិរក្ស​ទៅ​លើ​ប្រាសាទ​បុរាណ​ចៅ​ស្រី​វិបុល ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រំកុដ្ឋ ឃុំ​បល្ល័ង្ក នៃ​ស្រុក​ប្រាសាទបាគង ដោយ​បាន​បញ្ជូន​ឆ្មាំ​ប្រាសាទ​ខ្លះ និង​បុគ្គលិក​ថែទាំ​បរិស្ថាន​ខ្លះ​ទៀត ឲ្យ​ទៅ​ប្រចាំការ​នៅ​ទីនោះ។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្រៅ​ឧទ្យាន​អង្គរ គឺ​លោក ឈាន រដ្ឋា។ លោក​មាន​ប្រសាសន៍​នៅ​ពេល​ចុះ​អង្កេត​ការ​ទ្រុឌទ្រោម​របស់​ប្រាសាទ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​ឧសភា ថា ដោយសារ​តែ​ពុំ​ទាន់​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មូលនិធិ​បរទេស​ណា​មួយ​នៅ​ឡើយ ពេល​នេះ​ការងារ​ដែល​អ្នក​ជំនាញ​ខ្មែរ​អាច​ធ្វើ​បាន​ភ្លាមៗ គឺ​ទប់ស្កាត់​យ៉ាង​ណា​កុំ​ឲ្យ​ប្រាសាទ​បុរាណ​នេះ​ដួល​រលំ។

លោក ឈាន រដ្ឋា បញ្ជាក់​ថា បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​កំពុង​ព្យាយាម​រក​ដៃគូ​បរទេស ដើម្បី​ជួសជុល​ប្រាសាទ​ចៅ​ស្រី​វិបុល​នេះ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​មិន​មាន​ដៃគូ​ជួយ​ទេ គឺ​អាជ្ញាធរ​អប្សរា នឹង​ប្រឹងប្រែង​យក​ថវិកា​ជាតិ​ទៅ​ជួសជុល និង​អភិរក្ស​ប្រាសាទ​បុរាណ​មួយ​នេះ​ទៅ​តាម​លទ្ធភាព៖ «ដោយសារ​តែ​យើង​មាន​ថវិកា​ជាតិ​តិចតួច ដូច្នេះ​ការងារ​ចម្បង​ដែល​យើង​ត្រូវ​ធ្វើ គឺ​ស្រង់​ទិន្នន័យ​ប្លង់​ប្រាសាទ​បម្រុង​ទុក​សម្រាប់​ការ​ជួសជុល ព្រម​ទាំង​ស្រង់​ព័ត៌មាន​ពី​ប្រាសាទ​ទៅ​លើ​កន្លែង​ណា​ខ្លះ​ដែល​អាច​ដួល​រលំ​នៅ​ក្នុង​រយៈពេល​ខ្លី ហើយ​យើង​ជួយ​ទល់​ជ្រែង​ការពារ​វា»

ប្រាសាទ​ចៅ​ស្រី​វិបុល ឬ​អ្នក​ខ្លះ​ហៅ​ថា ប្រាសាទ​យស​កេរ្តិ៍ ដែល​នៅ​លើ​កូន​ភ្នំ​តូច​មួយ​កម្ពស់​ប្រហែល ៦០​ម៉ែត្រ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា វា​ប្រហែល​ជា​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​សតវត្ស​ទី​១១ នៃ​គ្រិស្តសករាជ ប៉ុន្តែ​គេ​មិន​បាន​ស្គាល់​ឈ្មោះ​ព្រះមហាក្សត្រ​អង្គ​ណា​ដែល​ជា​អ្នក​សាងសង់​នោះ​ទេ។

ជាច្រើន​ឆ្នាំ​មក​នេះ ប្រាសាទ​ចៅ​ស្រី​វិបុល ទទួល​រង​ការ​បាក់​បែក និង​ទ្រុឌទ្រោម​ខ្លាំង បណ្ដាល​មក​ពី​កត្តា ៣​យ៉ាង គឺ​ដោយសារ​សង្គ្រាម​បំផ្លាញ ដោយសារ​ជន​ខិលខូច​គាស់​រំលើង​ស្វែងរក​វត្ថុ​បុរាណ​យក​ទៅ​ជួញដូរ និង​ការ​បំផ្លាញ​ដោយ​ទឹក​ហូរ​ច្រោះ​គ្រឹះ​ប្រាសាទ ព្រម​ទាំង​ដើម​ឈើ​ដុះ​ពី​លើ ជាដើម។

បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​បាន​ដាក់​ឆ្មាំ​ការពារ​ប្រាសាទ និង​បុគ្គលិក​សម្អាត​បរិស្ថាន​នៅ​ទីនោះ​ជា​ប្រចាំ។

ស្រប​គ្នា​នឹង​គម្រោង​អភិរក្ស​ប្រាសាទ​ចៅ​ស្រី​វិបុល​ឡើង​វិញ​នេះ អាជ្ញាធរ​អប្សរា​ក៏​ទទួល​បាន​មូលនិធិ​ពី​ប្រទេស​ណូវែលហ្សេឡង់ដ៍ (New Zealand) មក​ធ្វើ​ជា​ប្រព័ន្ធ​ទឹក​នៅ​កស្សិណ​ជុំវិញ​ប្រាសាទ សម្រាប់​ជួយ​ឲ្យ​មាន​សម្រស់​ទេសភាព​វប្បធម៌​ផង ជួយ​ស្រូប​ទឹក​ជំនន់​មិន​ឲ្យ​ជន់​លិច​ផង និង​ជួយ​អភិវឌ្ឍ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សហគមន៍​ជុំវិញ​ផង។

អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក លោក ហង់ ពៅ មាន​ប្រសាសន៍​ថា តាម​ពិត ប្រាសាទ​បុរាណ​ចៅ​ស្រី​វិបុល មិន​ត្រូវការ​ទឹក​ដើម្បី​ជួយ​ការពារ​គ្រឹះ​របស់​វា​ដូច​ប្រាសាទ​ជាច្រើន​នៅ​ក្នុង​ឧទ្យាន​អង្គរ​ទេ ពីព្រោះ​ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​ភ្នំ។ ប៉ុន្តែ​គម្រោង​ស្ដារ​កស្សិណ​ទឹក​នៅ​ជុំវិញ​ប្រាសាទ​នេះ ដោយសារ​តែ​ចង់​ឲ្យ​មាន​ការ​ថែរក្សា​ធម្មជាតិ ការ​គ្រប់គ្រង​ទឹក និង​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​សហគមន៍៖ «ទឹក​នៅ​ទីនេះ​វា​គ្រាន់​តែ​ជា​និមិត្ត​សញ្ញា ដែល​យើង​ជឿ​ថា ប្រពៃណី​វប្បធម៌​របស់​យើង​កាលណា​មាន​ប្រាសាទ គឺ​ត្រូវ​តែ​មាន​ទឹក ដែល​តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ជាមួយ​នឹង​សមុទ្រ»

ប្រាសាទ​ចៅ​ស្រី​វិបុល មាន​បណ្ដោយ​ទំហំ ១​គីឡូម៉ែត្រ​កន្លះ ទទឹង ១​គីឡូម៉ែត្រ ពុំ​ធ្លាប់​មាន​ការ​ជួសជុល​ជា​ទ្រង់ទ្រាយ​ធំ​ពី​អ្នក​ជំនាញ​សម័យ​ថ្មី​នៅ​ឡើយ​ទេ​ក្នុង​រយៈពេល​រាប់​រយ​ឆ្នាំ​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments