
មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង ព្រួយបារម្ភអំពីការបាត់បង់ដីព្រៃកោងកាងនៅតាមឆ្នេរសមុទ្រខេត្តនេះ ដែលត្រូវគេទន្ទ្រាន ហើយមន្ត្រីចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន។ ពួកគេចោទថា សកម្មភាពចាក់ដីលុបព្រៃកោងកាងនៅតាមឆ្នេរសមុទ្រ បានបន្តកើតមាននៅខេត្តកោះកុង ដែលជាការផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខដឹកនាំ ដែលដាក់ឲ្យមន្ត្រីថ្នាក់ក្រោមពិនិត្យឈានដល់លុបចោលប័ណ្ណកម្មសិទ្ធិប៉ះពាល់ដល់ដីព្រៃកោងកាងនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង៤។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមប្រចាំខេត្តកោះកុង បានអះអាងថា ដីព្រៃកោងកាងរាប់រយហិកតារនៅតាមឆ្នេរសមុទ្រខេត្តនេះ ត្រូវមន្ត្រីមួយចំនួនកំពុងបម្រើការងារនៅតាមមន្ទីរ និងស្ថាប័នរដ្ឋខ្លះនាមូលដ្ឋាននេះ ឃុបឃិតជាមួយឈ្មួញចាក់ដីលុប និងចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជនស្ទើរទាំងស្រុងអស់ទៅហើយ។ ពួកគេទទូចដល់រដ្ឋបាលខេត្តកោះកុង ឲ្យបង្ហាញជាសាធារណៈចំនួនផ្ទៃដី ឬចំនួនប័ណ្ណកម្មសិទ្ធិ ដែលត្រូវអាជ្ញាធរស្ថាប័នពាក់ព័ន្ធចេញឲ្យបុគ្គលឯកជនកន្លងទៅ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ផ្តល់សម្ភាសថា ភាពអនាធិបតេយ្យនៃការចាក់ដីលុបព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះ មានវិនាសកម្មធ្ងន់ធ្ងរ ទាមទារឲ្យរដ្ឋាភិបាលទប់ស្កាត់ជាបន្ទាន់ និងមានប្រសិទ្ធភាព។
លោកអះអាងថា ដីព្រៃលិចទឹកមានទីតាំងនៅជាប់ឆ្នេរសមុទ្រខេត្តកោះកុង ភាគច្រើន ត្រូវឈ្មួញ និងមន្ត្រីមានអំណាចទន្ទ្រានធ្វើកម្មសិទ្ធិ ដោយបានសង់សំណង់ផ្សេងៗនៅលើដីចាក់លុបព្រៃកោងកាងនោះ និងពុះច្រៀកជាឡូៗលក់ដូរបន្តអនាធិបតេយ្យ។
លោក ហ៊ួរ អ៊ីន ស្នើឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលទទួលបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពិនិត្យឈានដល់និរាករណ៍ ឬលុបប័ណ្ណកម្មសិទ្ធិ និងឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីផ្សេងទៀតដែលជាប់ពាក់ព័ន្ធដីព្រៃកោងកាងនៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤ នៃប្រទេសកម្ពុជា ឲ្យបង្ហាញលទ្ធផលចុះស្រាវជ្រាវជាសាធារណៈ៖ «ខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលត្រូវចាត់វិធានការទៅលើសកម្មភាពចាក់ដីរំលោភដីព្រៃកោងកាងធ្វើកម្មសិទ្ធិនៅតាមខេត្តទាំង៤ ដែលនៅជាប់សមុទ្រនេះ តើប័ណ្ណកម្មសិទ្ធិមានចំនួនប៉ុន្មាន ឬមាននៅទីតាំងណាខ្លះ ដែលរដ្ឋាភិបាលបានលុបចោល ឬនិរាករណ៍ប័ណ្ណកម្មសិទ្ធិចេញប៉ះពាល់ដល់ដីព្រៃកោងកាង»។
ខេត្តជាប់ឆ្នេរសមុទ្រទាំង៤ នៃប្រទេសកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាឲ្យពិនិត្យរាល់ការចេញប័ណ្ណកម្មសិទ្ធិនាំឲ្យប៉ះពាល់ដល់ដីព្រៃកោងកាងរួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ខេត្តទាំង៤ មានឆ្នេរសមុទ្រសរុបចំនួន ៤៤០គីឡូម៉ែត្រ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកោះកុង លោក ញៀប សំអឿន ឲ្យដឹងថា ដីជាប់ឆ្នេរសមុទ្រដែលមានដុះព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជមូលដ្ឋាននេះ បានរងការបំផ្លាញធ្ងន់ធ្ងរ។ លោកបន្តថា ឈ្មួញបានឃុបឃិតជាមួយមន្ត្រីជំនាញខ្លះនាខេត្តកោះកុង ដឹកដីចាក់លុបព្រៃកោងកាង និងចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជនខុសច្បាប់។
មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កេតឃើញថា បទបញ្ជារបស់ប្រមុខដឹកនាំដែលដាក់ឲ្យមន្ត្រីក្រោមឱវាទ ពិនិត្យសើរើទៅលើរាល់ការចេញប័ណ្ណកម្មសិទ្ធិប៉ះពាល់ទៅលើដីព្រៃកោងកាងនៅតាមឆ្នេរសមុទ្រខេត្តកោះកុង ហាក់គ្មានមន្ត្រីថ្នាក់ក្រោមអនុវត្តតាមទេ ដោយសកម្មភាពដឹកដីចាក់លុបព្រៃកោងកាងបានបន្តកើតមានរាល់ថ្ងៃនេះ និងបានពុះច្រៀកជាឡូៗលក់ដូរបន្តថែមទៀត។
លោក ញៀប សំអឿន ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ជួយទប់ស្កាត់សកម្មភាពចាក់ដីលុបព្រៃកោងកាងអនាធិបតេយ្យនាមូលដ្ឋានខេត្តកោះកុង ឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាជម្រកត្រីសមុទ្របន្តពូជឲ្យបានគង់វង្ស៖ «ឈ្មួញកំពុងតែចាក់ដីលុបព្រៃកោងកាងមានដូចជា នៅក្នុងសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ឃុំពាមក្រសោប និងឃុំបាក់ខ្លង នៃខេត្តកោះកុង។ តំបន់នៅជាប់មាត់សមុទ្រក្នុងឃុំទាំង៤ នេះ គឺជាតំបន់មានដុះព្រៃកោងកាង ឬជាតំបន់គម្របព្រៃកោងកាងទាំងអស់។ ព្រៃទាំងនេះត្រូវបានគេកាប់បំផ្លាញ និងបានបាញ់ថ្នាំសម្លាប់ចោល និងបានបោះបង្គោលកំណត់ព្រំដីនៅលើដីជាក់ស្តែងគ្រប់ទីកន្លែងទាំងអស់ ដើម្បីបញ្ជាក់ថាជាដីកម្មសិទ្ធិឯកជនរបស់បុគ្គលនីមួយៗ»។
មិនទាន់មានការអត្ថាធិប្បាយបែបណាពីអភិបាលខេត្តកោះកុង លោក ប៊ុន លឺត និងមន្ត្រីជំនាញមន្ទីរ ឬស្ថាប័នពាក់ព័ន្ធរួមមាន ស្ថាប័នខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង និងមន្ទីរសុរិយោដីខេត្តកោះកុង ជាដើម ទៅលើការចេញប័ណ្ណកម្មសិទ្ធិ ឬសកម្មភាពដឹកដីចាក់លុបព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួននាខេត្តកោះកុង នេះទេ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា។
មន្ត្រីសង្គមស៊ីវិល និងសាធារណជន កំពុងរង់ចាំមើលការប្រកាសលទ្ធផលជាសាធារណៈរបស់ក្រុមការងារចម្រុះក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ដែលចុះអនុវត្តសេចក្តីសម្រេច ឬលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ លិខិតនោះបានផ្ដល់ដំណឹង ឬផ្តល់លទ្ធភាពជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងការងារចុះពិនិត្យតាមដានទៅលើស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា លើចំណុចនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង៤ មានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments