ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​ភាគរយ​នៅតែ​រស់​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។

By ,
Share on Facebook Tweet on Twitter
ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​ភាគរយ​នៅតែ​រស់​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។

កំណើនសេដ្ឋកិច្ច​មាន​ជាង​៧​ភាគរយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅតែ​ប្រឈម​នឹង​ភាពក្រីក្រ​គ្មាន​ទីបញ្ចប់
តាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក ក៏ដូចជា​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំង​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុ​ជា បានបង្ហាញ​ឲ្យ​ឃើញថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រចាំ​ឆ្នាំមាន​ខ្ពស់ជាង​៧​ភាគរយ​។ ក៏ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុ​ជាមាន​សេចក្ដី​ព្រួយបារម្ភ​នោះ គឺ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០​ភាគរយ​នៅតែ​រស់​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។ ដោយសារតែ​ភាពក្រីក្រ​និង​មានការ​ខ្វះខាត​ផ្នែក​ជីវភាព​នោះ​ហើយ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដូចជា សៀម ម៉ាឡេស៊ី និង​កូរ៉េខាងត្បូង​ជាដើម ដើម្បី​រក​ការងារ​ធ្វើ​មាន​ប្រាក់ចំណូល​សមរម្យ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។
អ្នកជំនាញ​សេដ្ឋកិច្ច​ពី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ប្រសិនបើ​នៅក្នុង​ប្រទេស​មានការ​ងា​រ​ធ្វើ មាន​ប្រាក់ចំណូល​សមរម្យ អាច​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​បាន គឺ​ពុំមាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​រាប់លាន​នាក់​ដូច​សព្វថ្ងៃ​នេះឡើយ​។ ទន្ទឹមនឹងនេះ​ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បែងចែក​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នោះ គឺ​ប្រជាពលរដ្ឋ​មិន​ប្រឈម​នឹង​ទុក្ខលំបាក​ដូច​សព្វថ្ងៃ​នោះទេ​។ ជាពិសេស​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​លុបបំបាត់​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​មានការ​យកចិត្តទុកដាក់​ទៅលើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លួន គឺ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​រស់​នៅលើ​ទឹកដី​កំណើត​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ មិន​លំបាក​ធ្វើ​ចំណាកស្រុក​ឡើយ​។
បញ្ហា​មួយ​ដែល​មជ្ឈដ្ឋាន​នានា​កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នោះ គឺ​ចំនួន​អ្នកសុំទាន​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​គូលែន ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មានការ​កើនឡើង​យ៉ាងគំហុក ហើយ​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប មិនទាន់​ចាត់វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ប្រសើរ​នៅឡើយ​ទេ​។ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​គូលែន បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​អ្នកសុំទាន​ចាស់​ក្មេងប្រុស​ស្រី​រាប់រយ​នាក់​អង្គុយ​សុំទាន​នៅតាម​កាំជណ្ដើរ​ឡើងទៅ​លើ​ខ្នងភ្នំ ហើយ​រំខាន​ដល់​អារម្មណ៍​អ្នក​ទេសចរណ៍​យ៉ាងខ្លាំង​។ ចំណុច​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា​អាជ្ញាធរ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនបាន​យកចិត្តទុកដាក់​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ​។
​នៅ​តំបន់​ទេសចរណ៍​ភ្នំ​គូលែន​នេះដែរ មាន​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និង​ព្រះវិហារ​ជាដើម នាំគ្នា​មក​ស្នាក់នៅ​ប្រកបមុខរបរ​លក់ដូរ​នំចំណី ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​។ ចំណែក​ប្រជាពលរដ្ឋ​ឃុំ​ខ្នងភ្នំ ដែលជា​ម្ចាស់​តំបន់​នេះ​ពុំ​អាចមាន​លទ្ធភាព​ទាញយក​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ ហើយ​បាន​ត្រឹម​ប្រក​បរបរ​សុំទាន​ពី​ភ្ញៀវទេសចរ​យ៉ាង​លំបាក​។ ដូច្នេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប គួរ​ពិនិត្យ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ផង ព្រោះ​ក្នុង​មួយថ្ងៃៗ​មាន​អ្នកសុំទាន​យ៉ាងច្រើន​បានធ្វើ​សកម្មភាព​នៅ​រមណីយដ្ឋាន​ភ្នំ​គូលែន ដោយសារតែ​ពួកគាត់​មិន​ទទួលបាន​ផលប្រយោជន៍​ពី​ធនធាន​វប្បធម៌​ក្នុង​មូលដ្ឋាន​៕

ប្រភពៈ មនសិការខ្មែរ
០៧-០៩-២០១៦

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.