ប្រភពៈ Thmey Thmey
បុណ្យនិងបាប ប្រៀបដូចជាទឹកនិងប្រេង។ បើទោះបីជាទឹកនិងប្រេង ស្ថិតក្នុងកែវតែមួយក៏ពិតមែន តែវត្ថុទាំងពីរនេះ មិនអាចក្លាយជាវត្ថុតែមួយជាដាច់ខាត។ សារធាតុទឹកនៅតែជាទឹក សារធាតុប្រេងនៅតែជាប្រេង។
បុណ្យនិងបាប ក៏អាចប្រៀបដូចជាដើមស្វាយនិងដើមបញ្ញើក្អែកដូច្នេះដែរ។ កុំថាឡើយដើមឈើដទៃ ដែលដុះឆ្ងាយពីដើមស្វាយ សូម្បីតែដើមបញ្ញើក្អែក ដែលដុះជាប់នឹងដើមស្វាយក៏ដោយ ក៏មិនអាចក្លាយទៅជាដើមស្វាយបានដែរ។ ស្វាយ នៅតែជាស្វាយ បញ្ញើក្អែក នៅតែជាបញ្ញើក្អែក។ វល្លិ៍ ដែលដុះហ៊ុមព័ទ្ធស្ទើរពេញដើមស្វាយ តែវល្លិ៍ នៅតែជាវល្លិ៍ ហើយស្វាយនៅតែជាស្វាយ។ វល្លិ៍មិនអាចក្លាយជាស្វាយបានទេ ហើយស្វាយក៏មិនអាចក្លាយជាវល្លិ៍បានដែរ។
ឧបមាយ៉ាងណា សេចក្តីពិតនៃច្បាប់ធម្មជាតិក៏ដូច្នេះដែរ។ បើអ្នកធ្វើបុណ្យ អ្នកនឹងទទួលអំពើជាកុសល តែបើអ្នកធ្វើបាប អ្នកក៏ត្រូវតែទទួលអំពើជាអកុសលដែរ។ បាប មិនអាចយកបុណ្យមកលាងជម្រះបានបានឡើយ ហើយបុណ្យ ដែលអ្នកបានធ្វើ ក៏មិនរលាយសាបសូន្យ ដោយសារតែអ្នកប្រព្រឹត្តអំពើបាបដែរ។ សភាវទាំងពីរនេះ ឲ្យផលពីរផ្សេងគ្នាជាដរាប។ នេះជាសច្ចធម៌ និងយុត្តិធម៌ដ៏សមហេតុផល នៃក្រឹត្យក្រមធម្មជាតិសម្រាប់សត្វលោក។
បើអ្នកកាប់ផ្លាញព្រៃឈើ កេងប្រវ័ញ្ចសម្បត្តិជាតិ ប្រព្រឹត្តអំពើពុករលួយ ឆក់យកទ្រព្យសម្បត្តិផ្ទះសម្បែង ដីស្រែចម្ការ ជិះជាន់ កាប់សម្លាប់ជីវិតអ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួន និងផលប្រយោជន៍គ្រួសារ បក្សពួក ដូច្នេះអ្នកក៏ត្រូវតែទទួលរងនូវផលនៃអំពើបាបនេះដែរ។ អ្នកមិនអាចសាងបាបទាំងនេះហើយ រួចទៅធ្វើបុណ្យ ដើម្បីលាងបាបនោះទេ។ បើទោះបីជាអ្នកធ្វើបុណ្យកឋិន ចំណាយទ្រព្យកសាងព្រះពុទ្ធប្បដិមាគ្រប់ព្រះវិហារ ឬកសាងព្រះវិហារគ្រប់វត្តអារាមក៏ដោយ ក៏អ្នកមិនអាចយកមក ដោះដូរជាមួយនឹងអំពើបាប ដែលអ្នកបានប្រព្រឹត្តដែរ។ បាបគឺបាប បុណ្យគឺបុណ្យ។ សាងបាបប៉ុនណា អ្នកត្រូវតែទទួលបាបប៉ុណ្ណឹង។ សាងបុណ្យប៉ុនណា អ្នកក៏ត្រូវតែទទួលបុណ្យប៉ុណ្ណឹងដូចគ្នាដែរ។
ដរាបណាផលបាបមិនទាន់ឲ្យផល ជនអវិជ្ជាទាំងឡាយ តែងតែត្រេកអរនឹងអំពើលាមកដែលខ្លួនសាង ហើយតែងតែគិតថាខ្លួនរួចផុតពីអំពើបាប ឬក៏យល់ថាក្នុងលោកនេះគ្មានអំពើបុណ្យបាបនោះទេ។ លុះពេលផលនៃអំពើបាបទាំងនោះហុចផលឲ្យ ទើបជនពាលភ្ញាក់ខ្លួន តែវាហួសពេលទៅហើយ។
បុណ្យបាប ប្រាកដជាឲ្យផល តែគ្រាន់តែយើងមិនអាចដឹងថានឹងឲ្យផលពេលណា ឬក៏ឲ្យផលយ៉ាងដូចម្តេចឲ្យពិតប្រាកដ។ ការដឹងលទ្ធផលនៃអំពើបុណ្យបាប គឺនៅពេលដែលកម្មនៃអំពើទាំងពីរនេះ ហុចផលឲ្យ។
ផលនៃអំពើបុណ្យបាប ប្រៀបដូចជា ផលនៃផ្លែស្វាយអីចឹងដែរ។ បើយើងកំពុងតែដាំដើមស្វាយ យើងមិនអាចសួរថា តើដើមស្វាយនឹងផលិតចេញនូវផ្លែស្វាយប៉ុន្មាន? ហើយផ្លែស្វាយទាំងនោះ នឹងដុះចេញពីមែកណាខ្លះ? ហើយផ្លែស្វាយទាំងនោះ នឹងមានទំហំប៉ុនណាទៅ? ធម្មជាតិទាំងនេះ យើងមិនអាចឆ្លើយបានទេ។ អ្វីដែលយើងអាចដឹងបាន គឺនៅពេលដែលផ្លែស្វាយទាំងនោះដុះចេញជាក់ស្តែង។
ទោះបីជាផលនៃអំពើបាបមិនទាន់ឲ្យផលជាក់ស្តែង ក្នុងបច្ចុប្បន្នភាពក៏ដោយ ក៏បុគ្គលគ្រប់រូបគួរតែចៀសវាងឲ្យផុតពីការប្រព្រឹត្តអំពើបាបទាំងពួង ហើយងាកមកសាងតែអំពើល្អទាំងពួងវិញ ដើម្បីជាហេតុបច្ច័យនាំមកនូវសេចក្តីសុខផ្ទាល់ខ្លួន និងសុខសន្តិភាពដល់សង្គម ព្រមទាំងពិភពលោកទាំងមូល៕
0 Comments