បទវិភាគៈ​ តើ​អ្នកណា​ អាច​នៅ​ពីក្រោយ​ ការ​បាញ់​សម្លាប់​ លោក​ បណ្ឌិត​ កែម​ ឡី​ ? ??

By , Comment
Share on Facebook Tweet on Twitter
រូបភាព​តំណាង​បាន​ពី​  Facebook
ខ្លឹម​សារ​អត្ថបទ​ : RFA 

ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​មក​ទល់​នឹង​ពេល​នេះ អ្នក​គោរព​ស្រឡាញ់​គាំទ្រ​លោក នៅ​តែ​ចេញ​ចូល​គោរព​ទី​បញ្ចុះ​សព​របស់​លោក​ជា​ប្រចាំ។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) មនុស្សម្នា​ក៏​នៅ​តែ​បន្ត​សរសេរ​បង្ហាញ​ពី​អារម្មណ៍​នឹក​រឭក និង​សោកស្ដាយ​របស់​ខ្លួន​ចំពោះ​ការ​បាត់បង់​វីរបុរស​នៅ​ក្នុង​បេះដូង​របស់​គេ។


ក្រៅ​ពី​នេះ សំណួរ​មួយ​ដែល​ពួក​គេ​ចោទ​សួរ ហើយ​ចង់​បាន​ចម្លើយ​ឲ្យ​ច្បាស់​នោះ គឺ​ថា​តើ​អ្នក​ណា​ជា​អ្នក​បញ្ជា ឬ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី?


លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​លក់​កាហ្វេ​ក្នុង​ស្ថានីយ​ចាក់​សាំង​មួយ​នៅ​កាច់​ជ្រុង​ស្តុប​បូកគោ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​នៃ​ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

 ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​រំជើបរំជួល​ទាំង​ពលរដ្ឋ​ខ្មែរ ទាំង​ជន​បរទេស​ទូទាំង​ពិភពលោក បើ​ទោះ​បី​ជា​ពួក​គាត់​ធ្លាប់​ឃើញ និង​ធ្លាប់​ឮ​ពី​ការ​បាញ់​សម្លាប់​អ្នក​រិះគន់​រដ្ឋាភិបាល ឬ​អ្នក​នយោបាយ​ប្រឆាំង​ជាច្រើន​លើក​ច្រើន​សា​ទៅ​ហើយ​ក្តី។
ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​នេះ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ថា ការ​បាញ់​សម្លាប់​នេះ​ជា​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​មួយ។ ភ្លាមៗ​នោះ លោក​ក៏​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​លាប​ពណ៌​ថា​ករណី​នេះ​ជា​រឿង​នយោបាយ។ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​លោក​ហាម​គេ​ហាម​ឯង​កុំ​ឲ្យ​ភ្ជាប់​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​នឹង​រឿង​នយោបាយ លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​បែរ​ជា​ឆ្លៀត​ឱកាស​បណ្ដុះ​នូវ​សំណួរ​ជា​គន្លឹះ​មួយ​ក្នុង​ចំណោម​សាធារណជន ឲ្យ​ពិចារណា​មើល​ថា "តើ​អ្នក​ណា​ទទួល​ផល​ចំណេញ និង​ផល​ខាត​ពី​ឃាតកម្ម​នេះ?"។
សំណួរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ បាន​ដុះ​រីក​លូតលាស់​ភ្លាម​ក្នុង​ចំណោម​អ្នក​ហែហម​គាំទ្រ​លោក ទាំង​មន្ត្រី​ផ្លូវ​ការ​ធំៗ​ក្នុង​រដ្ឋាភិបាល ទាំង​មន្ត្រី​ល្អិតល្អោច​នៅ​ក្នុង​ហ្វេសប៊ុក។ ដោយ​មិន​បាច់​ទុក​ពេល​គិត​យូរ ពួក​គាត់​នាំ​គ្នា​កូពី​សំណួរ​នោះ ទៅ​ធ្វើ​ជា​របស់​ខ្លួន ហើយ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​យ៉ាង​សស្រាក់សស្រាំ​តាម​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ថា​ពួក​គាត់​ជា​អ្នក​សួរ​ផង និង​ជា​អ្នក​ឆ្លើយ​ផង។ ចម្លើយ​ដែល​ពួក​គាត់​បកស្រាយ​ខ្លួន​ឯង​នោះ គឺ​រដ្ឋាភិបាល​ជា​អ្នក​ខាត ហើយ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ជា​អ្នក​ទទួល​ផល​ចំណេញ​ពី​ការ​បាញ់​សម្លាប់​នេះ។
រីឯ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​វិញ ក៏​មិន​បង្អែបង្អង់​យូរ​ដែរ មេ​ដឹកនាំ​គណបក្ស​នេះ​ចោទ​ដោយ​ត្រង់​តែ​ម្តង​ថា គឺ​រដ្ឋ​អំណាច​នេះ​ឯង​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់។ ការ​ចោទ​ប្រកាន់​នេះ ប្រហែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​លោក​នាយក​រដ្ឋមន្ត្រី រហូត​ដល់​លោក​ទ្រាំ​លែង​បាន ហើយ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​មេ​គណបក្ស​ប្រឆាំង។ លោក សម រង្ស៊ី ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​ចោទ​ប្រកាន់ ហើយ​សរសេរ​លិខិត​សុំ​ទោស​វិញ ឥឡូវ​នេះ​មិន​ត្រឹម​តែ​នៅ​ប្រកាន់​ជំហរ​ដដែល​ទេ ថែម​ទាំង​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ប្ដឹង​បន្ថែម​ដល់​តុលាការ​បារាំង ដែល​លោក​មាន​សញ្ជាតិ​ទៀត​ផង។
ថ្វីត្បិតតែ​លោក​ថា លោក​មិន​មាន​ភស្តុតាង​ជាក់ស្តែង​ណា​មួយ​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​រដ្ឋ​អំណាច​ក្តី ក៏​លោក​អះអាង​ថា វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ បើ​គេ​គ្រាន់​តែ​ពិនិត្យ​ទៅ​លើ​ករណី​បាញ់​សម្លាប់​អ្នក​កាសែត អ្នក​ដឹកនាំ​សហជីព អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​ការពារ​បរិស្ថាន ជាដើម ដើម្បី​គំរាម និង​បំបិទ​មាត់​កន្លង​មក​នោះ។

វា​អាច​ជា​រឿង​ធម្មតា​ទៅ​ហើយ​ចំពោះ​របប​ផ្ដាច់ការ​និយម​ក្នុង​ការ​កម្ចាត់​ចោល​អ្នក​ដែល​របប​នេះ​ចាត់​ទុក​ថា អាច​បង្ក​គ្រោះថ្នាក់​សម្រាប់​របប​គ្រប់គ្រង​របស់​ខ្លួន​តាម​គ្រប់​វិធី។ របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង កាល​ពី​ចុង​ឆ្នាំ​២០១៣ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​អគ្គមគ្គុទ្ទេសក៍​ដ៏​មហិមា​របស់​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​លោក គីម ជុង អ៊ុន (Kim Jong-un) បាន​បាញ់​សម្លាប់​លោក ហ្សាង សុងតេក (Jang Song-thaek) ដែល​ត្រូវ​ជា​ពូ​ថ្លៃ​របស់​ខ្លួន។ ហ្សាង សុងតេក ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​ដែល​ស្រមៃ​ចង់​បាន​ឲ្យ​មាន​ការ​កែ​ទម្រង់​នៅ​កូរ៉េ​ខាង​ជើង។
នៅ​ប្រទេស​រុស្ស៊ី កាល​ពី​ដើម​ឆ្នាំ​២០១៥ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក បូរីស ញែមស្តូវ (Boris Nemtsov) ត្រូវ​គេ​បាញ់​បួន​គ្រាប់​ផ្ទួនៗ​គ្នា​ស្លាប់​ភ្លាម​មួយ​រំពេច។ លោក​ត្រូវ​គេ​បាញ់​សម្លាប់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​លោក​អំពាវនាវ​ជា​សាធារណៈ ឲ្យ​ពលរដ្ឋ​រួម​គ្នា​ងើប​តតាំង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ឲ្យ​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ថ្កោលទោស​ការ​បាញ់​សម្លាប់​នេះ។ តែ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ គេ​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​មេ​បក្ស​ប្រឆាំង​នេះ​នៅ​ឡើយ​ទេ។ ថ្វីត្បិតតែ​អាជ្ញាធរ​ចាប់​បាន​ជន​ខ្លះ​ដែល​សារភាព​ថា ជា​ជន​ដៃ​ដល់​ក៏ដោយ ជន​ដែល​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នេះ​ម្នាក់​ទៀត ត្រូវ​គេ​រាយការណ៍​ថា​ធ្វើ​ឲ្យ​ផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន​ឯង​ចោល ខណៈ​ដែល​អាជ្ញាធរ​កំពុង​ព័ទ្ធ​ចាប់​ខ្លួន។ ចំណែក​វីដេអូ​ដែល​គេ​យក​បាន​មក​ពី​កាមេរ៉ា​សុវត្ថិភាព​មួយ​ពី​ទីតាំង​នៃ​ការ​បាញ់​សម្លាប់​នោះ ក៏​ប្រើ​ការ​មិន​កើត ដ្បិត​ក្នុង​ខណៈ​ដែល​ព្រឹត្តិការណ៍​នោះ​កំពុង​កើត​ឡើង មាន​រថយន្ត​ធំ​មួយ​បើក​កាត់ ហើយ​ធ្វើ​ឲ្យ​បាំង​រូបភាព​ចំ​ពេល​ដែល​ខ្មាន់​កាំភ្លើង​កំពុង​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​នោះ​តែ​ម្តង។ កាមេរ៉ា​សុវត្ថិភាព​ដទៃ​ទៀត​នៃ​តំបន់​នោះ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា បិទ​ចោល​ទាំងអស់​ក្នុង​ខណៈ​នោះ​ដែរ ដើម្បី​យក​ទៅ​ថែទាំ និង​ជួសជុល។
របប​ផ្ដាច់ការ​នៅ​កម្ពុជា អនុវត្ត​ការ​កាប់​សម្លាប់​មនុស្ស​ដែល​គេ​សង្ស័យ​ថា​មិន​ស្មោះ​នឹង​បក្ស​ស្ទើរ​លើស​ហួស​ពី​របប​ផ្ដាច់ការ​នានា​លើ​ពិភពលោក។ របប​ខ្មែរ​ក្រហម មិន​ត្រឹម​តែ​សម្លាប់​អ្នក​ហ៊ាន​ងើប​ប្រឆាំង​ចោល​ទេ ពួក​គេ​សម្លាប់​ទាំង​អ្នក​ដែល​ពួក​គិត​ថា​មាន​ចំណេះ​វិជ្ជា ចេះ​អាន ចេះ​សរសេរ មាន​មូលដ្ឋាន​ក្នុង​ការ​ត្រេះរិះ​ពិចារណា ដែល​ពួក​គេ​ចាត់​ទុក​ថា​មិន​អាច​លាង​ខួរក្បាល​ឲ្យ​ដើរ​តាម​ការ​ដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​ពួក​គេ​បាន។ មិន​បាច់​ដល់​តែ​រក​ភស្តុតាង​បញ្ជាក់​ពី​ការ​ចេះ​ដឹង​ពិត​ប្រាកដ​ទេ គ្រាន់​តែ​អ្នក​ពាក់​វ៉ែនតា​មីញ៉ូប ក៏​ពួក​គេ​យក​ទៅ​សម្លាប់​ចោល​ដែរ ដ្បិត​គេ​ជឿ​ថា​អ្នក​ពាក់​វ៉ែនតា​ភាគច្រើន​សុទ្ធតែ​ជា​ពួក​អ្នក​ចេះ​ដឹង។ ទ្រឹស្ដី​របស់​ពួក​គេ គឺ​ស៊ូ​ចាប់​ច្រឡំ កុំ​ឲ្យ​តែ​លែង​ច្រឡំ។
លោក​បណ្ឌិត កែម ឡី នៃ​កម្ពុជា បច្ចុប្បន្ន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ចេះ​ដឹង ចេះ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​នានា​នៅ​ក្នុង​សង្គម។ លោក​មិន​មែន​ជា​អ្នក​នយោបាយ​ប្រឆាំង ឬ​ក៏​នៅ​ក្នុង​បក្ស​នយោបាយ​ណា​មួយ​ឡើយ។ ក្នុង​បេសកកម្ម​សិក្សា​ស្រាវជ្រាវ​របស់​លោក លោក​មិន​ត្រឹម​តែ​យោង​លើ​ឯកសារ​ដែល​មាន​ស្រាប់​ទេ លោក​តែង​ចុះ​ទៅ​ដល់​ភូមិឋាន​អ្នក​ស្រុក ដល់​តំបន់​ព្រំដែន តំបន់​ព្រៃ​ភ្នំ​ដាច់​ស្រយាល។ លោក​ចុះ​សាកសួរ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់ ដើម្បី​បាន​យល់​ដឹង​ពី​ស្ថានភាព​ពិត​របស់​អ្នក​ស្រុក។
គឺ​ការ​សិក្សា​យល់​ដឹង​ពី​ស្ថានភាព​ពិត​បែប​នេះ​ហើយ ដែល​បាន​ផ្តល់​មូលដ្ឋាន​រឹងមាំ​ដល់​លោក​បណ្ឌិត កែម ឡី ក្នុង​ការ​ចែកចាយ​ចំណេះ​ដឹង​របស់​លោក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​តាម​រយៈ​ការ​វិភាគ​របស់​លោក​នៅ​តាម​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន។ លោក​រិះគន់ និង​ជួយ​ផ្តល់​មតិ​កែលំអ​ដល់​អ្នក​នយោបាយ​ដោយ​មិន​ប្រកាន់​គណបក្ស។ លោក​រិះគន់​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​ដោយ​មិន​សំចៃ​មាត់​តាំង​ពី​បញ្ហា​ដី​សម្បទាន បញ្ហា​ព្រៃ​ឈើ រ៉ែ​ធម្មជាតិ ការ​រៀបចំ​ព្រំដែន និង​អន្តោប្រវេសន៍ ជាដើម។ ជា​ឧទាហរណ៍ ចំពោះ​អ្វី​ដែល​ហៅ​ថា​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ លោក​បណ្ឌិត​រិះគន់​ថា​វា​ជា​ការ​កែ​ទម្រង់​ពី​ស៊ី​រាក់​លើ​ដី ទៅ​ជា​ការ​កែ​ទម្រង់​ស៊ី​ជ្រៅ​ដល់​ក្រោម​ដី ជាដើម។
ដោយ​លោក​មាន​ការ​សិក្សា​ស្រាវជ្រាវ​ជាក់លាក់ ការ​វិភាគ និង​វាយ​តម្លៃ​របស់​លោក​ភាគច្រើន តែង​មាន​ទិន្នន័យ​ជា​សំអាង​ផង។ រឿង​ដែល​លោក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ដែរ គឺ​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍។ លោក​បារម្ភ​ណាស់​ចំពោះ​បូរណភាព​ទឹក​ដី​ខ្មែរ។ ឃាតក​បាន​ឆក់​យក​ជីវិត​លោក​នៅ​ពេល​ដែល​លោក​កំពុង​សិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ​កោះ​ខ្មែរ​ជិត ៧០ ដែល​លោក​យល់​ថា​កំពុង​ប្រឈម​មុខ​នឹង​ការ​លេប​ត្របាក់​ពី​សំណាក់​បរទេស។ លោក​តែង​ដាក់​ស្នើ​ជូន​នូវ​យុទ្ធសាស្ត្រ​នានា​ទៅ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ដើម្បី​ជួយ​គិតគូរ​កែលំអ​ស្ថានភាព​ទាំង​នេះ។
ប្រការ​ទាំងអស់​នេះ បាន​ធ្វើ​ឲ្យ​លោក​បណ្ឌិត កែម ឡី ទទួល​បាន​នូវ​ការ​គោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន។ តែ​លោក​ក៏​ដឹង​ខ្លួន​ឯង​ថា លោក​ក៏​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ចំពោះ​ការ​វិភាគ​របស់​លោក៖ «នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​នឹង​មាន​ជីវិត​ទេ»
វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​ធ្វើ​ឲ្យ​មនុស្សម្នា ជាពិសេស​យុវជន​នៅ​ចងចាំ​មិន​ភ្លេច​នោះ គឺ​ទោះ​ជា​លោក​ដឹង​ថា​គេ​អាច​នឹង​សម្លាប់​លោក​ក៏ដោយ ក៏​លោក​មិន​ចុះ​ញ៉ម​ឡើយ។ លោក​ចង់​បន្សល់​ទុក​នូវ​ភាព​អង់អាច​ក្លាហាន​ដល់​កូន​ខ្មែរ​ស្រករ​ក្រោយ៖ «ប៉ុន្តែ​បើ​សិន​ជា​យើង​នាំ​គ្នា​ខ្លាច​ទាំងអស់​គ្នា យើង​អត់​អាច​មាន​លទ្ធភាព​ផ្ដល់​គំរូ​ដល់​យុវជន​ទេ»
តាម​ពិត លោក​បណ្ឌិត កែម ឡី មិន​ត្រឹម​តែ​ផ្តល់​គំរូ​ទេ។ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន 

លោក​តែង​ដាស់តឿន​អ្នក​ស្រុក​ឲ្យ​ចេះ​ងើប​តតាំង​រើ​បម្រះ​ខ្លួន​ពី​ការ​គាប​សង្កត់​របស់​អ្នក​មាន​អំណាច ដោយ​និទាន​រឿង​ប្រៀបធៀប​ងាយៗ​ពន្យល់​អ្នក​ស្រុក។ នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា 
ការរើបម្រះ រំដោះខ្លួន របស់ សត្វខ្យង

ជា​ឧទាហរណ៍ លោក​បណ្ឌិត កែម ឡី បាន​ណែនាំ​អ្នក​ស្រុក​ឲ្យ​ពិនិត្យ​មើល​ការ​រើ​បម្រះ​ខ្លួន​របស់​សត្វ​កង្កែប ដែល​ត្រូវ​សត្វ​ពស់​ត្របាក់​លេប​បាន​ក្បាល​ហើយ តែ​ចេះ​តស៊ូ​ជ្រែង​ដៃ​ជ្រែង​ជើង​ប្រវេប្រវា​ប្រទាញ​សត្វ​ពស់​ឲ្យ​ចូល​ទឹក ដើម្បី​រំដោះ​ខ្លួន ជាដើម។

"ការ​និយាយ​ពិត មិន​និយាយ​ការពារ" និង​ការ​ដឹកនាំ​អ្នក​ស្រុក​ឲ្យ​ចេះ​រើ​ខ្លួន​នេះ​ហើយ អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ប៉ុនប៉ង​យក​ជីវិត​លោក។ មក​ទល់​នឹង​ពេល​នេះ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ហើយ។ រូបភាព​វីដេអូ​ដែល​ថត​សកម្មភាព​ជន​ដៃ​ដល់ ក៏​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​ដែរ។ ក្នុង​ដំណាក់​កាល​រង់ចាំ​ការ​បកស្រាយ​របស់​សមត្ថកិច្ច​ទាក់ទង​នឹង​ជន​ដៃ​ដល់​នេះ ចំពោះ​អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី អ្វី​ដែល​គេ​ចង់​ដឹង​បំផុត​នោះ គឺ​តើ​អ្នក​ណា​បញ្ជា ឬ​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក?
តាម​ពិត ចម្លើយ​ទៅ​នឹង​សំណួរ​នេះ​ដូចជា​មិន​ពិបាក​នឹង​ទៅ​ពិចារណា​រក​ឲ្យ​ឃើញ​ថា តើ​អ្នក​ណា​ទទួល​ផល​ចំណេញ ឬ​អ្នក​ណា​ខាត​ពី​ការ​សម្លាប់​លោក​បណ្ឌិត​នោះ​ទេ? លោក​បណ្ឌិត កែម ឡី ខ្លួន​ឯង​បាន​ដឹង​ពី​អ្នក​ដែល​ប៉ុនប៉ង​សម្លាប់​លោក តាំង​ពី​លោក​នៅ​មាន​ជីវិត​ម្ល៉េះ។ លោក​ក៏​មិន​ចោទ​ទៅ​បរទេស ដូច​ការ​ឲ្យ​តម្រុយ​ពី​ជន​មួយ​ចំនួន​នោះ​ដែរ។ លោក​បញ្ជាក់​ច្បាស់​ថា គឺ​សត្វ​សាហាវ​នៅ​ក្នុង​ប្រទេស​តែ​ម្តង​ជា​អ្នក​ដែល​គ្រោង​ខាំ​ត្របាក់​យក​ជីវិត​លោក៖ 


«នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ដែល​មាន​ពស់​វែក​ច្រើន មាន​ឆ្លាម​ច្រើន...»

ប្រសិន​បើ​ការ​វិភាគ និង​សន្និដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី មាន​មូលដ្ឋាន​ត្រឹមត្រូវ​ដូច​ការ​វិភាគ​ដែល​លោក​បាន​ធ្វើ​កន្លង​ទៅ គេ​មិន​ចាំបាច់​ខំ​ចំណាយ​ពេល​ទៅ​ស្វែងរក​អ្នក​ដែល​អាច​នៅ​ពី​ក្រោយ​ការ​សម្លាប់​ឯណា​នាំ​តែ​ខាត​ពេល​នោះ​ទេ គឺ​អ្នក​ដែល​ចិញ្ចឹម​សត្វ​សាហាវ ឬ​ភាសា​សាមញ្ញ​ហៅ​ថា​សត្វ​តិរច្ឆាន ឬ​អ្នក​ដែល​បង្ក​លក្ខណៈ​ឲ្យ​សត្វ​តិរច្ឆាន​ទាំង​នេះ ដើរ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​បាន​ដោយ​គ្មាន​ទោស​ទណ្ឌ​ក្នុង​ប្រទេស​នេះ​តែ​ម្តង ជា​អ្នក​នៅ​ពី​ក្រោយ ឬ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​សម្លាប់​ជីវិត​លោក​បណ្ឌិត កែម ឡី នោះ៕
រូបភាពគ្រាន់ជាតំណាង បានពី Facebook


Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments