សមាជិកព្រឹទ្ធសភាអាមេរិក លោក ឌិក ឌើប៊ិន (Dick Durbin) មកពីខាងគណបក្សប្រជាធិបតេយ្យសាទរការដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យបាននៅក្រៅឃុំ និងរំពឹងថា នឹងមានការទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មានរូបនេះ។
សមាជិកព្រឹទ្ធសភាមកពីរដ្ឋ អ៊ីល្លីណយស៍ (Illinois) លោក ឌិក ឌើប៊ិន បានសរសេរសារអំពាវនាវនេះនៅលើបណ្ដាញសង្គម អ៊ិច (X) កាលពីថ្ងៃទី២៨ ខែកញ្ញា។ លោកសរសេរបញ្ជាក់ថាបទចោទប្រកាន់ដែលមិនសមផលលើលោក ម៉ិច ដារ៉ា គួរត្រូវបានគេទម្លាក់ចោល។
ការលើកឡើងនេះធ្វើឡើងនៅក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា បានដោះលែង លោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែរាល់បទចោទប្រកាន់លើអ្នកសារព័ត៌មានរូបនេះត្រូវតុលាការរក្សានៅដដែល។ តុលាការចោទប្រកាន់អ្នកសារព័ត៌មាន ដែលធ្លាប់ទទួលបានរង្វាន់ពីសហរដ្ឋអាមេរិកជាជើងឯករាយការណ៍អំពើជួញដូរមនុស្ស លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ទាក់ទងនឹងការបង្ហោះរូបថតរមណីយដ្ឋានបាភ្នំ ដែលអាជ្ញាធរថា កាត់ត ឬព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានឹងការអំពាវនាវឱ្យតុលាការទម្លាក់ចោទបទប្រកាន់លើលោក ម៉ិច ដារ៉ា នេះ សមាជិកព្រឹទ្ធសភាអាមេរិក លោក ឌិក ឌើប៊ិន ក៏បានលើកឡើងទៀតថា មកដល់ពេលនេះក៏គួរមានការដោះលែង កញ្ញា សេង ធារី ឱ្យមានសេរីភាពវិញដែរ។
មេធាវី និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី កំពុងជាប់ពន្ធនាគារក្រោយតុលាការចាប់ខ្លួនកញ្ញា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ តុលាការកាត់ទោសកញ្ញាឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ដោយចោទពីបទ "រួមគំនិតក្បត់" ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
សមាជិកព្រឹទ្ធសភា លោក ឌិក ឌើប៊ិន ស្ថិតក្នុងចំណោមសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទៀត ដែលធ្លាប់ស្នើច្បាប់ថ្មីនេះ មានឈ្មោះថា S.1468 ដែលទាមទារឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនកុម្មុយនិស្ត និងធ្វើយ៉ាងណាឱ្យកម្ពុជា គោរពសិទ្ធិរបស់ពលរដ្ឋខ្មែរ និងធានាឱ្យមានដំណើរការប្រជាធិបតេយ្យ ពោលគឺអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានពេញលេញ៕
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments