ដោយ តាំង សារ៉ាដា RFA 2018-03-20
អ្នកភូមិបារម្ភថា ប្រសិនបើករណីនេះ នៅតែកើតឡើងបន្តទៀត នឹងបណ្តាលឱ្យប៉ះពាល់ដល់ជីវភាព ព្រមទាំងសុខភាពរបស់ពួកគាត់ថែមទៀត។ អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ពួកគេនឹងស្រង់ទិន្នន័យសត្វគោដែលងាប់ និងបាត់ឱ្យបានច្បាស់ ហើយនឹងរាយការណ៍ទៅស្ថាប័នជំនាញ។
ប្រជាពលរដ្ឋនៅឃុំសង្កែ២ អំពាវនាវឱ្យមន្ត្រីជំនាញ របបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះស្រាវជ្រាវរកការពិត អំពីមូលហេតុ ដែលបណ្តាលឱ្យសត្វគោរបស់អ្នកភូមិរាប់សិបក្បាលងាប់ជាបន្តបន្ទាប់។ អ្នកភូមិខ្លះថា បើទោះបីជាពួកគាត់ត្រូវប្រឈមបញ្ហាងាប់សត្វពាហនៈរយៈពេលជាង ២ខែទៅហើយក្តី ប៉ុន្តែមិនទាន់មានមន្ត្រីជំនាញណាម្នាក់ចុះណែនាំពីវិធីការពារ ឬបង្ហាញអំពីមូលហេតុពិតប្រាកដឡើយ។
ពលរដ្ឋនៅភូមិជោគជ័យ ឃុំសង្កែ២ លោក ជុំ សុភឿត ឱ្យដឹងថា បច្ចុប្បន្នសត្វគោរបស់អ្នកភូមិជាច្រើនក្បាលនៅតែបន្តងាប់រហូត ចាប់តាំងពីខែមករាមក។ លោកបន្តថា នៅភូមិជោគជ័យ សត្វគោជាង ២០ក្បាលបានងាប់ ហើយជាច្រើនក្បាលទៀតកំពុងបាត់ មិនទាន់រកឃើញនៅឡើយ។ ទោះបីពលរដ្ឋមិនទាន់អាចបញ្ជាក់ពីមូលហេតុបណ្តាលឱ្យសត្វគោងាប់ក៏ដោយ ប៉ុន្តែកន្លងមក អ្នកភូមិដាក់ការសង្ស័យថា អាចពាក់ព័ន្ធក្រុមហ៊ុនស្ករអំពៅចិនឈ្មោះ ហេង ហ្វូ នៅតំបន់នោះ ព្រោះសត្វគោរបស់អ្នកភូមិតែងទៅស៊ីចំណីនៅតំបន់ចម្ការអំពៅរបស់ក្រុមហ៊ុនជាប្រចាំ។ ពលរដ្ឋដដែល លើកឡើងទៀតថា អ្នកភូមិសម្រេចលក់សត្វគោរបស់ខ្លួនមួយចំនួន ព្រោះខ្លាចងាប់បន្តទៀត។
លោក សុភឿត បញ្ជាក់ថាចំពោះសត្វគោដែលងាប់កន្លងមក អ្នកភូមិបានយកទៅបរិភោគ ប៉ុន្តែលោកបារម្ភអំពីបញ្ហានេះ ព្រោះអាចបណ្តាលឱ្យមានជំងឺ និងប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ពិសេសក្មេងៗ ក្នុងភូមិតែម្តង៖ «ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភច្រើន ព្រោះអីរកមិនទាន់ឃើញគោ។ អីចឹងបារម្ភថាមិនដឹងថាគោរបស់គាត់ងាប់អស់ប៉ុន្មានក្បាល ហើយនៅសល់ប៉ុន្មានក្បាល។ មានការព្រួយបារម្ភដល់សុខភាព ដល់អាយុជិវិត»។
តំណាងពលរដ្ឋនៅភូមិសំបូរ លោក ផាវ យ៉ន មានប្រសាសន៍ថា ក្នុងចំណោមគោរបស់លោកចំនួន ២១ក្បាល គឺងាប់អស់ ៣ក្បាល និងបាត់ចំនួន ៥ក្បាល។ លោកបន្ថែមថា នៅក្នុងភូមិរបស់គាត់ គោដែលងាប់ មានចំនួន ៣០ ទៅ ៤០ក្បាល និងរាប់សិបក្បាលផ្សេងទៀតបាត់ ដោយខ្លះរកឃើញងាប់ក្នុងព្រៃ និងខ្លះបាត់មិនទាន់រកឃើញទេ។ លោក ផាវ យ៉ន បញ្ជាក់ថា អាការៈសត្វគោមុនពេលងាប់ គឺមានលក្ខណៈហើមពោះ ឈឺជើង និងមានឈាមមកតាមមាត់ និងគូទខ្លះដែរ នៅពេលវាដួលដល់ដី៖ «មានការព្រួយបារម្ភច្រើនព្រោះវាមិនទាន់ផុតងាប់ផង នៅតែងាប់ជាបន្តបន្ទាប់»។
ឃុំសង្កែ២ មានភូមិចំនួន បី ហើយភូមិដែលកំពុងប្រឈមបញ្ហាសត្វគោងាប់ មានតែពីរភូមិប៉ុណ្ណោះ គឺភូមិជោគជ័យ និងភូមិសំបូរ។ ប្រជាជននៅឃុំសង្កែ ២សរុប មានចំនួនជិត បួនរយគ្រួសារ (៣៨៥) ហើយពលរដ្ឋដែលចិញ្ចឹមសត្វគោមានប្រមាណ ៨០ភាគរយ។
ជាទម្លាប់របស់ពលរដ្ឋមួយចំនួនក្នុងឃុំសង្កែ តែងលែងសត្វគោក្របីរបស់ពួកគាត់ ចោលក្នុងរដូវប្រាំង ហើយរដូវវស្សាទើបនាំគ្នាដើររក និងប្រមូលចូលផ្ទះវិញ។ ប៉ុន្តែអ្នកភូមិខ្លះទៀតចេញទៅឃ្វាលរាល់ថ្ងៃតែម្តង។ ពលរដ្ឋនាំគ្នា ចិញ្ចឹមសត្វគោ ព្រោះអាចលក់ដោះស្រាយជីវភាពគ្រួសារបានមួយគ្រាៗ ពិសេសនៅពេលតម្រូវការចាំបាច់ ដូចជាមានសមាជិកឈឺ ឬលក់ដោះដូរសម្ភារៈប្រើប្រាស់ក្នុងគ្រួសារ។ បន្ថែមពីនេះ អ្នកភូមិក្នុងឃុំសង្កែ២ មានទម្លាប់មួយ គឺនៅពេលរៀបចំមង្គលការកូនប្រុសស្រី គឺឪពុកម្តាយខាងកូនស្រី តែងទាមទារសត្វគោមួយក្បាល ដើម្បីយកមករៀបចំពិធី និងជាថ្លែបណ្ណាការខ្លះផង។
មេឃុំសង្កែ២ លោក ខៀវ យ៉េនទទួលស្គាល់ថា សត្វគោរបស់អ្នកភូមិពិតជាងាប់ជាបន្តបន្ទាប់ប្រាកដមែន ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេ។ យ៉ាងនេះក្តី លោកសន្និដ្ឋានថា សត្វគោទាំងនោះ មិនមែនពុលថ្នាំឡើយ ប៉ុន្តែជាជំងឺដែលកើតឡើងចំពោះសត្វគោតែម្តង ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានថា ជាជំងឺអ្វី។ លោកថា លោកធ្លាប់បានរាយការណ៍បញ្ហានេះ តាមរយៈពេទ្យសត្វនៅមូលដ្ឋានទៅមន្ត្រីជំនាញស្រុក ខេត្ត ហើយគេក៏បានបញ្ជូនថ្នាំសម្រាប់ចាក់បង្ការខ្លះដែរ។ មេឃុំរូបនេះ មិនទាន់ដឹងថាមានចំនួនសត្វគោងាប់ប៉ុន្មានក្បាលទេ។ យ៉ាងណាក៏ដោយខាងលោកនឹងស្រាវជ្រាវករណីនេះ ហើយផ្ញើរបាយការណ៍ទៅមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ដើម្បីរិះរកវិធីជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋពេលនេះ៖ «ជួយរាយការណ៍ទៅដល់ជំនាញដល់កសិកម្ម ដែលទទួលបន្ទុកពេទ្យស្រុកអី ណាបង»។
លោក ខៀវ យ៉េន អះអាងថា កន្លងមក ករណីងាប់គោច្រើនបែបនេះ មិនធ្លាប់កើតមានទេ ហើយលោកបារម្ភថាប្រសិនបើគ្មានវិធានការទប់ស្កាត់ សត្វគោក្របីរបស់អ្នកស្រុកនឹងងាប់បន្ថែមទៀត។
មន្ត្រីសម្របសម្រួលផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មើលឃើញថា របៀបធ្វើការរបស់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញកសិកម្ម គឺមានភាពយឺតយ៉ាវ មិនបានយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមរបស់ពលរដ្ឋ។ លោកយល់ថា មន្ត្រីជំនាញគប្បីមានវិធានការជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋពេលនេះ ម្យ៉ាងបង្ហាញពីប្រសិទ្ធភាពការងារប្រកបដោយអភិបាលកិច្ចល្អផងដែរ៖ «ករណីនេះ វាមិនមែនជាករណីដែលត្រូវសម្ងំទុក មិនចាត់ការទេ។ ជាសមត្ថកិច្ចខាងជំនាញ ហើយជាពិសេសខាងក្រសួងកសិកម្ម ខាងពេទ្យសត្វអីហ្នឹង គឺគួរតែចុះទៅធ្វើកោសល្យវិច័យ ពិសេសឱ្យបានជាក់លាក់ច្បាស់លាស់ ដើម្បីឱ្យពន្យាពេលវេលា»។
ប្រជាសហគមន៍នៅឃុំសង្កែ លើកឡើងថា ចាប់តាំងពីក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ និងក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនមួយចំនួនទៀត មានវត្តមាននៅក្នុងខេត្តព្រះវិហារ គឺបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ជាហូរហែ។ ផលប៉ះពាល់ទាំងនោះ ដូចជាបាត់បង់ដីធ្លី ដីសហគមន៍ និងបាត់បង់មុខរបរប្រពៃណីជនជាតិដើមភាគតិច។ បាត់បង់កន្លែងលែងគោក្របី ពីព្រោះតំបន់មួយចំនួន ត្រូវបានក្រុមហ៊ុនកាន់កាប់។ ជាងនេះទៀត ស្រូវដែលអ្នកភូមិបង្កបង្កើនផលក្បែរដីក្រុមហ៊ុន គឺឈ្មួញមិនហ៊ានទទួលទិញឡើយ ក្រោមហេតុផលថាមានផ្ទុកសារធាតុគីមី។ លើសពីនេះទៀត ក៏បង្កប៉ះពាល់ដល់ការប្រើប្រាស់ទឹកស្ទឹងរបស់ពលរដ្ឋ និងប៉ះពាល់ដល់បរិស្ថានទៀតផង ដូចជាករណីបង្ហូរកាកសំណល់មានសារធាតុពុលចេញពីក្រុមហ៊ុន ចូលទឹកស្ទឹង បណ្តាលឱ្យមានត្រីងាប់រាប់ម៉ឺនក្បាល កាលពីឆ្នាំ២០១៧ ជាដើម៕
From KI Media - Khmer Intelligence
via_IFTTT
Home
News
ពលរដ្ឋខេត្តព្រះវិហារ បារម្ភពីជីវភាព ពេលដែលសត្វគោរបស់គាត់នៅតែបន្តងាប់មិនដឹងមូលហេតុ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments