RFA | អ្នកវិភាគមិន​រំពឹង​ថា រដ្ឋាភិបាល​​នឹង​​ងាក​​មក​ស្តា​លំហ​ប្រជាធិបតេយ្យ​នៅ​មុន​​ការ​បោះឆ្នោត​​ខាងមុខ​ដូច​​តាមការ​ជំរុញ​​របស់​​មន្ត្រី​ជាន់ខ្ពស់​​ការបរទេស​អាមេរិក​​នោះឡើយ​ | hot news

By , Comment
Share on Facebook Tweet on Twitter

បើទោះបីជា​​ក្រោយ​ដំណើរ​​ទស្សនកិច្ច​របស់​​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​​ទៅ​កម្ពុជា​​កាលពី​សប្ដាហ៍​មុន​បាន​បិទ​បញ្ចប់​​ដោយ​អាមេរិក​នៅតែ​​បន្ត​ជំរុញ និង​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាល​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ​​នៅ​មុន​ការ​បោះឆ្នោត​ខាងមុខ​​ក៏ដោយ ក៏​ក្រុម​​អ្នកវិភាគ​មួយ​ចំនួន​​មិន​រំពឹង​​ថា រដ្ឋាភិបាល​​នឹង​​ធ្វើតាម​នោះ​ឡើយ។ ការមិន​រំពឹង​​ដូច្នេះ ដោយសារ​តែ​​ពួកគេ​​មើល​ឃើញ​​ថា រដ្ឋាភិបាល​​លោក ហ៊ុន សែន អាង​​ប្រទេស​ចិន​​កុម្មុយនិស្ត​ជា​ខ្នង​​បង្អែក​ ស៊ាំ​​នឹង​​អន្តរាគមន៍​បែប​ការទូត ហើយ​​គណបក្ស​​កាន់អំណាច​​នៅ​មិនទាន់​​ទុកចិត្ត​ទាំងស្រុង​​ថា ខ្លួន​ពិតជា​អាច​​គ្រប់គ្រង​​ស្ថានការណ៍​​ប្រទេសជាតិ​​បាន​​ប្រកប​ដោយ​​ប្រសិទ្ធភាព នៅ​ពេល​​បើក​​លំហ​ប្រជាធិបតេយ្យ​​ដូចមុន។

អ្នកឃ្លាំមើល​​បញ្ហា​​សង្គម និង​នយោបាយបណ្ឌិត សេង សារី មើលឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​​មាន​ភាពស៊ាំ​​ទៅនឹង​ការ​ធ្វើ​នយោបាយ​​ការទូត​​របស់​​ក្រុម​​ប្រទេស​លោកសេរី​​ទៅ​ហើយ។ ហេតុដូច្នេះលោកថា អន្តរាគមន៍​តាម​បែប​​មធ្យាបាយ​ការទូត​​នឹង​មិនអាច​​ធ្វើឲ្យ​ក្រុម​​មេដឹកនាំ​​កម្ពុជា​​បច្ចុប្បន្ន​កែប្រែ​ឥរិយាបថ​​នៃ​ការ​គ្រប់គ្រង​​ប្រទេស​​បាន​នោះ​ទេ៖ «មកដល់​ពេលនេះ​ហើយ​យើង​ឃើញ​ថា មិនទាន់​មាន​​ឃើញ​សញ្ញាណ​ណាមួយ​ជា​សញ្ញាណ​ភ្លើង​ខៀវ​នៅ​ក្នុងការ​ផ្តល់​ឱកាស ឬក៏​ធ្វើ​ឱ្យ​គណបក្ស​​ប្រឆាំង​​ត្រលប់​មក​​សមរភូមិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ឡើងវិញ​​ពីព្រោះ... គ្រាន់តែ​ប្រើប្រាស់​​វិធី​ភាសា​ការទូត។ ដូច្នេះ​ហើយ​​ខ្ញុំ​ឃើញ​​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​​ដែល​​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាជន​នេះ គឺ​គាត់​​បាន​​បន្សាំ​ខ្លួន ឬក៏​គាត់​​មាន​ភាពស៊ាំ​​ទៅនឹង​ការ​ធ្វើ​នយោបាយ​ការទូត​​របស់​​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​ហើយ។ អ៊ីចឹង​​ហើយ​គាត់​ដឹង​​ច្បាស់​ណាស់​​ថា មធ្យោបាយ​ការទូត​​នេះ​នឹង​​មិនអាច​​ធ្វើ​អី​​គាត់បាន​​ទេ»

Seng_Sary_analysts.jpg
អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី ។ (រូប៖ ហ្វេសប៊ុករបស់លោក សេង សារី)

បណ្ឌិត សេង សារី បន្ត​ថា បើទោះបីជា​​ក្នុង​​ដំណើរ​​ទស្សនកិច្ច​នេះ ភាគី​អាមេរិក​បាន​​ផ្តោត​សំខាន់​​មួយភាគធំ​​ទៅលើ​​បញ្ហា​សិទ្ធិ​មនុស្ស និង​​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា​​ក៏​ដោយ ក៏​កាយវិការ​​អន្តរាគមន៍​​តាមបែប​ការទូត​​របស់​​អាមេរិក​នេះ ហាក់​ពុំ​មាន​​ទម្ងន់​គ្រប់គ្រាន់​​ដើម្បី​​ធ្វើឲ្យ​​ប្រែប្រួល​​ស្ថានការណ៍​​នយោបាយ​​នៅ​​កម្ពុជា​បាន​​នោះ​ទេ៖ «ទោះបី​យើងឃើញ​ថា ការសរសេរ ឬ​ការបង្ហោះ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ហ្នុង​ផ្តោត​ទៅលើ​រឿង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​អត់មាន​​ទម្ងន់​គ្រប់គ្រាន់​​ដើម្បី​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​​បាន។ ប៉ុន្តែ ទោះបី​យ៉ាងណាក៏​ដោយ ទោះបី​យើង​មើល​​ឃើញ​​មិនទាន់​​មាន​ការ​ប្រែប្រួល ក៏​ប៉ុន្តែ ជា​​បទពិសោធន៍​​កន្លង​មក យើង​ឃើញ​ថា ស្ថានភាព​​នយោបាយ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា គឺ​ប្រែប្រួល​​តែ​មួយ​​ពព្រិច​​ភ្នែក​​ទេ»

រីឯ អ្នកឃ្លាំមើល​​បញ្ហា​​សង្គម និង​​នយោបាយ​​មួយរូប​​ទៀត គឺ​បណ្ឌិត មាស នី មើលឃើញ​​ថា ការឆ្លើយតប​​ក្នុង​រឿង​​បើក​​លំហ​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា​​ឱ្យ​​បាន​​នៅ​មុន​​ការ​បោះឆ្នោត​​ខាងមុខ គឺ​ជា​​រឿង​​ដ៏​រសើប​បំផុត​​សម្រាប់​គណបក្ស​​កាន់អំណាច ព្រោះ​​គណបក្ស​នេះ​​មិន​ចង់​​បាត់បង់​​អំណាច​​នោះ​ទេ៖ «ការអនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រលប់​​មកវិញ​​នូវ​​លទ្ធិប្រជាធិបតេយ្យ​​ពេញ​​លក្ខណៈ ​ឬ​ក៏​តាម​​ស្តង់ដារ​​ណាមួយ​​នោះ ខ្ញុំ​គិតថា​ សម្រាប់​គណបក្ស​​កាន់​អំណាច​ គឺ​ត្រូវការ​​ពេលវេលា​​ដើម្បី​​រៀបចំ​ខ្លួន ហើយ​​ដរាបណា​​គណបក្ស​​កាន់អំណាច​​មិន​ទាន់​​មាន​​ទំនុកចិត្ត​​ខ្លួនឯង ឃើញ​ថា ខ្លួន​ឯង​អាច​​គ្រប់គ្រង​​ស្ថានភាព​​ពលរដ្ឋ​បាន​​ទាំងស្រុង​​តាម​​បែប​ណា​មួយ​​នោះ ឬ​​ទាញ​​យក​​ប្រជាប្រិយភាព​​បាន​​មក​វិញ​ទេ នោះ​​ខ្ញុំ​គិត​ថា វា​នឹង​​អាច​​ប្រើ​ពេល​វេលា​​យូរ​ត​ទៅ​​ទៀត»

បណ្ឌិត មាស នី បន្ត​ថា សម្រាប់​ការបោះឆ្នោត​​ឃុំ-​សង្កាត់​​នៅ​​ឆ្នាំ២០២២​ ខាងមុខនេះ គណបក្ស​កាន់​​អំណាច​​អាច​នឹង​បើក​​លំហ​​ប្រជាធិបតេយ្យតិចតួច​​​ គឺ​លុះត្រា​​ណា​​តែ​​គណបក្ស​នេះ​​មាន​ប្រៀប​​លើ​ឆាក​នយោបាយ​​ក្នុង​​ស្រុក និង​មាន​ទំនុកចិត្ត​ថា ​ក្រុម​​អ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង​​នៅ​ថ្នាក់​​មូលដ្ឋាន​​ផ្លាស់ប្តូរ​​ជំហរ​​របស់​​ខ្លួន។

ការវិភាគ​​របស់​​ក្រុម​​អ្នកឃ្លាំមើល​​បញ្ហា​​សង្គម និង​នយោបាយ​​បែប​នេះ ហាក់​ផ្ទុយ​គ្នា​​ទៅនឹង​​ការរំពឹងទុក​​របស់​​មន្ត្រី​មួយ​​ចំនួន​​ស្និទ្ធ​នឹង​​ប្រធាន​​គណបក្ស​​សង្គ្រោះជាតិលោក កឹម សុខា ដែល​​ថា អាច​នឹង​មាន​​ដំណោះស្រាយ​​នយោបាយ​​ឆាប់ៗ​​ខណៈ​អាមេរិក​​កំពុង​​ធ្វើ​នយោបាយ​​ការទូត។ មន្ត្រី​មួយ​​រូប​​ស្នឹទ្ធ​នឹង​​លោក កឹម សុខា គឺ​​លោក មាជ សុវណ្ណារ៉ា ធ្លាប់​អះអាង​​​ប្រាប់វិទ្យុអាស៊ីសេរីថា ករណី​កម្ពុជា​​ជំពាក់​បំណុល​​អាមេរិក​​កាលពី​​សម័យ​សង្គ្រាម​​ទាំងការ​​ទាំងដើម​​ជាង ៧រយ​លាន​ដុល្លារ និង​ការ​បន្ត​ផ្តល់​ការ​អនុគ្រោះពន្ធ​ទូទៅ ​GSP របស់​អាមេរិក​ អាច​​នឹង​​ត្រូវ​យកទៅ​​និយាយ​​ដើម្បី​ឱ្យ​មាន​ការ​ទម្លាក់​​បទចោទ​​លើ​​លោក កឹម សុខា បើក​​ឱ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​​ចូលរួម​​ការបោះឆ្នោត និង​​ដោះលែង​​អ្នកជាប់ឃុំ ឬ​អ្នកទោស​​មនសិការ៖ «កម្ពុជា​ត្រូវការ​អី​ពី​អាមេរិក? អាមេរិក​ត្រូវការ​អី​ពី​កម្ពុជា? តើ​សេចក្ដីថ្លែងការណ៍​ដោះដូរ​គ្នា​​ក្នុង​កម្រិត​ណា​ គឺ​ទាំង​ក្រសួង​​ការបរទេស​អាមេរិក ឬ​កម្ពុជា​​ក្ដី​​ទាំង​​ស្ថានទូត​​កម្ពុជា​​ប្រចាំ​អាមេរិក​​ក្ដី​​ទាំង​ស្ថានទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា ​ក៏​គេ​​កំពុង​​ធ្វើ​ពិធីសារ​ថា ​តើ​ត្រូវ​​ជជែក​គ្នា​​ក្នុង​​កម្រិត​ណា​ៗ?»

Meas_Nee.jpg
អ្នកវិភាគនិងតាមដានពីការអភិវឌ្ឍន៍សង្គមកម្ពុជាលោកបណ្ឌិត មាស នី។ (រូប៖ អាស៊ីសេរី)

យ៉ាងណា នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​​ក្រសួង​ការបរទេស​​កម្ពុជា ជុំវិញ​លទ្ធផល​​សំខាន់ៗ​នៃ​​ដំណើរ​​ទស្សនកិច្ច​របស់​​អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកអ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) មក​កាន់​​កម្ពុជា​​កាលពី​ថ្ងៃទី១ ខែមិថុនា ក្រសួង​​ការបរទេស​​ពុំ​បាន​​លើកឡើង​មួយ​ម៉ាត់​​ពី​​រឿង​​អាមេរិក​​ជំរុញ​​ឲ្យ​​បើក​​លំហ​ប្រជាធិបតេយ្យ​​នៅ​មុន​​ការ​បោះឆ្នោត​​ខាង​មុខ​​ឡើយ។ ក្រសួង​លើកឡើង​​តែ​ពី​​បំណង​ប្រាថ្នា​​របស់​​ភាគី​ទាំងពីរ​​ក្នុងការ​​ធ្វើ​ឲ្យ​ប្រសើរឡើង​​នូវ​ទំនាក់ទំនង​​រវាង​ប្រទេស​​ទាំង​ពីរ និង​​បញ្ហា​ស្នើ​ឲ្យ​​អាមេរិក​​ពិចារណា​ដោះស្រា​យ​​បញ្ហា​បំណុល​​របស់​​កម្ពុជា​​តាម​​វិធី​ទ្វេភាគី ព្រម​ទាំង​​បញ្ហា​មួយ​​ចំនួន​​ដទៃ​ទៀត។

ជុំវិញ​ការ​ជំរុញ​​របស់​​អាមេរិក​​ឲ្យ​បើក​​លំហ​ប្រជាធិបតេយ្យ​​នៅ​មុន​ការ​បោះឆ្នោត​​នេះ អ្នកនាំពាក្យ​​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​​ថ្ងៃទី០៣​ ខែមិថុនា ដោយ​បដិសេធ​​ថា គ្មាន​ការ​រិតត្បិត​​នយោបាយ ឬ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​​នោះទេ៖ «យើង​អត់មាន​រិតត្បិត​​អី​ទៅណា... ចំពោះ​តែ​​បុគ្គល​មួយ​​ចំនួន​​ទេ​ដែល​​ស្ថិត​នៅ​​កាតព្វកិច្ច​របស់​​តុលាការ។ អាហ្នុង​​រឿង​​ដាច់​ដោយឡែក​​របស់​​តុលាការ​​អត់​មាន​​ពាក់ព័ន្ធ​ជាមួយ​​រដ្ឋាភិបាល​ទេ។ ទាល់តែ​​តុលាការ​​សម្រេច​​យ៉ាង​ម៉េច​ ដល់​​ចុង​ក្រោយ បុគ្គល​ហ្នុង​​មិន​​រំខាន​​ដល់​បញ្ហា​​សន្តិសុខ និង​​សង្គម ឬ​សណ្តាប់ធ្នាប់​​សង្គម លោក​អនុញ្ញាត​​លើកលែង​​ទោស​​ស្នើ​ទៅ​​ព្រះមហាក្សត្រ»

ផ្ទុយពី​ការអះអាង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​អង្គការ​ជាតិ និង​អន្តរជាតិ​រកឃើញ​ថា តែង​ស្ថិត​នៅ​ក្រោម​ការបង្គាប់​បញ្ជា​របស់​​ក្រុម​មេដឹកនាំ​បក្ស​​កាន់អំណាច ហើយ​​ស្ថាប័ន​​តុលាការ​​ជា​​ស្ថាប័ន​​ប្រព្រឹត្ត​អំពើពុករលួយ​​​ខ្លាំង​ជាង​គេ។ ទន្ទឹមនឹង​នេះ កម្ពុជា​ជាប់​​ចំណាត់​ថ្នាក់​នៅ​​បាតតារាង​​ជា​ប្រទេស​​ល្បីល្បា​ញ​​ខាង​​រំលោភ​អំណាច​​ជាងគេ បើផ្អែក​​តាម​​សន្ទស្សន៍​​ការគោរព​​ច្បាប់​​របស់​​អង្គការ​​គម្រោង​យុត្តិធម៌​​ពិភពលោក​​ឆ្នាំ២០២១។

Wendy​ _Sheman_meet_Hun_Sen_01_06_2021_01.jpg
ប្រតិភូសហរដ្ឋអាមេរិកជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឯវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា)

ក្នុង​​ដំណើរ​​ទស្សនកិច្ច​​របស់​​អនុរដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​​មក​​កម្ពុជាអ្នកស្រី វិនឌី ហ្សឺមែន បាន​​អំពាវនាវ​​ដល់​​អាជ្ញាធរ​កម្ពុជា​​ឱ្យ​ទម្លាក់​ចោល​​បទ​ចោទ​​ប្រកាន់ ដែល​​មាន​​ចរិត​​នយោបាយ​​លើ​អ្នក​​នយោបាយ​​ប្រឆាំង អ្នក​សារ​ព័ត៌មាន និង​សកម្មជន​​ជា​​បន្ទាន់។ អ្នកស្រី​​ក៏​បាន​​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​​បើក​លំហ​​នយោបាយ និង​ពលរដ្ឋ​​ឡើង​​វិញ នៅ​មុន​​ការ​​បោះ​ឆ្នោត​​ឃុំ​សង្កាត់ ឆ្នាំ២០២២ និង​​ការ​បោះ​ឆ្នោត​​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ខាង​មុខ។ អ្នកស្រីគូសបញ្ជាក់​ថា សហរដ្ឋ​អាមេរិក​​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ គាំទ្រ​ក្តី​បំណង​ចង់​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​គាំទ្រ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ។

ជារឿយៗ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​ថា កម្ពុជាតែង​ប្រើប្រាស់​ឥទ្ធិពល​របស់​ចិន​ធ្វើ​ជា​ខ្នងបង្អែក​នៅពេល​មាន​​វិបត្តិ​នយោបាយ​ម្តងៗ ហើយ​​យក​​បញ្ហា​នេះ​ទៅ​តថ្លៃ​ជាមួយ​ក្រុមប្រទេស​លោកសេរី ជាថ្នូរ​នឹង​ការបើក​លំហ​ប្រជាធិបតេយ្យ​បន្តិច​បន្តួច​​ដើម្បី​លម្អ​សួន​​ផ្តាច់​ការ​របស់​​លោក ហ៊ុន សែន ឱ្យ​មាន​ការ​ទទួលស្គាល់​​ពី​​អន្តរជាតិ។ ទន្ទឹម​នឹង​​នេះ គណបក្ស​កាន់​​អំណាច តែង​​ប្រើប្រាស់​​នូវ​​យុទ្ធសាស្ត្រ​បំបែក​បំបាក់​​ដើម្បី​​គ្រប់គ្រង ខណៈ​គណបក្ស​​ប្រឆាំង​​នៅតែ​បន្ត​ចុះ​​ទន់​ខ្សោយ និង​​ហែកហួរ​គ្នា​​មិន​​ចេះចប់​​មិនចេះ​ហើយនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments