អេហ្ស៊ីប អេត្យូពី និង​ស៊ូដង់​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនប់​ទឹក​ដែល​មាន​ជម្លោះ

By , Comment
Share on Facebook Tweet on Twitter
ប្រទេស​អេហ្ស៊ីប អេត្យូពី និង​ស៊ូដង់​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ថា ប្រទេស​ទាំង​៣​មិន​យល់ព្រម​ចំពោះ​វិធីសាស្ត្រ​ចរចា​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​របស់​ពួកគេ​ដែល​អូស​បន្លាយ​រាប់​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​ទំនប់​ទឹក​ដ៏​ចម្រូងចម្រាស​មួយ​ដែល​អេត្យូពី​កំពុង​សាងសង់​នៅ​លើ​ទន្លេ Blue Nile។​ នៅ​ចុង​ខែ​តុលា ប្រទេស​ទាំង​៣​បាន​បន្ត​កិច្ចចរចា​តាម​អ៊ីនធឺណិត​លើ​ការ​ចាក់​បំពេញ និង​ប្រតិបត្តិការ​នៃ​ទំនប់ Grand Ethiopia Renaissance។ កិច្ច​ចរចា​ដែល​ត្រូវ​បាន​បន្ត​ធ្វើ​ឡើងវិញ​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​និយាយ​ថា ប្រទេស​អេហ្ស៊ីប​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៅ​ទីបញ្ចប់​អាច​នឹង​បង្ខំចិត្ត «កម្ទេច» គម្រោង​នេះ។ រដ្ឋាភិបាល​ក្រុង​គែរ​បាន​ចាត់​ទុក​គម្រោង​នេះ​ថា​ជា ការ​គំរាមកំហែង​មួយ។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឱ្យ​អេត្យូពី​មាន​ការ​ខឹងសម្បា។ រដ្ឋមន្ត្រី​ការបរទេស និង​ធារាសាស្ត្រ​នៃ​ប្រទេស​ទាំង​៣​បាន​ជួបប្រជុំ​នៅ​ចុង​ខែ​តុលា និង​បាន​ដឹកនាំ​អ្នក​ជំនាញ​មក​ពី​ប្រទេស​របស់​ពួកគេ​ដើម្បី​ពិភាក្សា និង​យល់ស្រប​លើ​វិធីសាស្ត្រ​មួយ​ដើម្បី​ឱ្យ​កិច្ចចរចា​នេះ​មាន​ផ្លែផ្កា​ល្អ។ ប៉ុន្តែ​លោក Mohammed el-Sebaei អ្នក​នាំពាក្យ​ក្រសួង​ធារាសាស្ត្រ​អេហ្ស៊ីប​បាន​និយាយ​ថា នៅ​តែ​មាន​ការ​មិន​យល់​ស្រប​គ្នា ហើយ​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​មិន​បាន​ជួយ​បំពេញ​ចន្លោះនោះ​ទេ។ លោក Yasser Abbas រដ្ឋមន្ត្រី​ធារាសាស្ត្រ​ស៊ូដង់​ក៏​បាន​និយាយ​ថា កិច្ច​ចរចា​នេះ​មិន​បាន​សម្រេច​លទ្ធផល​ជាក់លាក់​ណា​មួយ​នោះ​ទេ និង​ថា អេហ្ស៊ីប​ប្រឆាំង​នឹង​សំណើ​របស់​ស៊ូដង់​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អេត្យូពី​ដើម្បី​បង្កើន​តួនាទី​របស់​អ្នក​ជំនាញ​នៃ​សហភាព​អាហ្វ្រិក​ក្នុង​កម្រិត​អតិបរមា។ ​ប្រទេស​អេត្យូពី​និយាយ​ថា ប្រទេស​ទាំង​អស់ «មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​ទាំង​ស្រុង» លើ​ចំណុច​ដូចជា «មូលដ្ឋាន​សម្រាប់​ការ​ចរចា​នៅ​ពេល​អនាគត និង​កាល​បរិច្ឆេទ»។​ប្រទេស​អេត្យូពី​បាន​និយាយ​បន្ថែម​ទៀត​ថា ពួកគេ​អាច​នឹង​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​សហភាព​អាហ្វ្រិក និង​រដ្ឋមន្ត្រី​ការ​បរទេស​អាហ្វ្រិក​ខាងត្បូង​ដើម្បី «ពិគ្រោះ​ពី​ជំហាន​បន្ទាប់»។ ចំណុច​គន្លឹះ​គឺ​ថា​តើ​អេត្យូពី​នឹង​បញ្ចេញ​ទឹក​ប៉ុន្មាន​ទៅ​កាន់​ទន្លេ​ខាង​ក្រោម ប្រសិន​បើ​មាន​គ្រោះ​រាំងស្ងួត​ច្រើន​ឆ្នាំ​និង​ថា​តើ​ប្រទេស​ទាំង​៣​នឹង​ដោះស្រាយ​ជម្លោះ​នៅ​ពេល​អនាគត​ដោយ​របៀប​ណា។ ប្រទេស​អេត្យូពី​បាន​បដិសេធ​លើ​ការ​ដោះស្រាយ​តាម​រយៈ​អាជ្ញាកណ្តាល​ដែល​មាន​សិទ្ធិ​ចេញ​សេចក្តី​សម្រេច​ចងភ្ជាប់​កាតព្វកិច្ច​ទៅ​លើ​គូភាគី​នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​គម្រោង​នេះ។ លោក El-Sebaei អ្នក​នាំពាក្យ​ភាគី​អេហ្ស៊ីប​បាន​និយាយ​ថា ប្រទេស​ទាំង​៣​នឹង​ត្រូវ​រាយការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ពី​គោលជំហរ​របស់​ខ្លួន​ទៅ​អាហ្វ្រិក​ខាង​ត្បូង ដែល​ដឹកនាំ​សហភាព​អាហ្វ្រិក។ ប្រទេស​អេត្យូពី​កំពុង​សាងសង់​ទំនប់​នៅ​លើ​ទន្លេ Blue Nile ដែល​ភ្ជាប់​ទន្លេ White Nile នៅ​ក្នុង​ប្រទេស​ស៊ូដង់​ទៅ​កាន់​ទន្លេ Nile River ​ទាំង​មូល។ ទឹក​ទន្លេ​ប្រមាណ​ជា​៨៥%​ហូរ​ចេញ​ពី​ប្រទេស​អេត្យូពី។ ក្រុម​មន្ត្រី​សង្ឃឹម​ថា ការ​សាងសង់​ទំនប់​នេះ ដែល​ឥឡូវ​សម្រេច​បាន​ជាង៣/៤​ទៅ​ហើយ នឹង​មាន​សមត្ថភាព​ផលិត​ថាមពល​ពេញលេញ​នៅ​ក្នុង​ឆ្នាំ២០២៣។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​អេហ្ស៊ីប និង​ស៊ូដង់​បាន​បង្ហាញ​ក្តីបារម្ភ​ថា ទំនប់​នេះ​នឹង​កាត់បន្ថយ​លំហូរ​ទឹក​នៃ​ទន្លេ Nile ទៅ​កាន់​ប្រទេស​ពួកគេ។ ប្រទេស​អេហ្ស៊ីប​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ទន្លេ Nile ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​វិស័យ​កសិកម្ម​និង​ប្រជាជន​ជាង​១០០​លាន​នាក់​របស់​ខ្លួន៕ http://ifttt.com/images/no_image_card.png

From អន្តរជាតិ - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments