ស.រ.អា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រួមចំណែក​ក្នុង​ការបំពុល​ក្នុង​មហា​សមុទ្រ​ដោយ​ប្លាស្ទិក

By , Comment
Share on Facebook Tweet on Twitter
សហរដ្ឋ​អាមេរិក បាន​រួមចំណែក​ក្នុង​ការបំពុល​ក្នុង​មហាសមុទ្រ​ដោយ​ប្លាស្ទិក​ច្រើន​ជាង​ការប៉ាន់ស្មាន​ពីមុន។ នេះ បើ​យោង​តាម​ការសិក្សា​ថ្មី​មួយ។ លោក George Leonard ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៅ​អង្គការ Ocean Conservancy និង​ជា​សហ​អ្នកនិពន្ធ​ម្នាក់​នៃ​ការសិក្សា​ថ្មី​នោះ បាន​និយាយ​ក្នុង​សម្តីដើម​ថា៖ «ការ​បំពុល​ដោយ​ប្លាស្ទិក គឺជា​ការគំរាមកំហែង​មួយ​ក្នុង​ចំណោម​ការគំរាមកំហែង​ធំៗ​ចំនួន​បី​ដល់​មហាសមុទ្រ​ក្នុងពេល​អនាគត»។ លោក Leonard បាន​ថ្លែង​បន្ត​ថា៖​ «ប្លាស្ទិក អាច​ជ្រៀត​ចូល​ទៅក្នុង​បណ្តាញ​ចំណី​អាហារ​នៅក្នុង​សមុទ្រ ដែល​មាន​ចាប់តាំងពី​រុក្ខជាតិ​ផ្លេនតុន​តូចៗ រហូត​ដល់​ត្រី​ដែល​យើង​បរិភោគ ថនិក​សត្វ​ធំ​បំផុត​ក្នុង​សមុទ្រ​ បក្សី​សមុទ្រ និង​អណ្តើក​សមុទ្រ​ជាដើម»។ សហរដ្ឋ​អាមេរិក បង្កើត​កាកសំណល់​ប្លាស្ទិក ប្រមាណ​៤២​លាន​តោន​កាលពី​ឆ្នាំ​២០១៦ ដែល​ជាចំនួន​គួរឲ្យ​ភ្ញាក់ផ្អើល និង​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់​ក្នុង​ពិភពលោក។ នេះ បើ​យោង​តាម​អ្នកវិភាគ។ លោក Leonard បាន​ថ្លែង​បន្ត​ថា ក្នុងចំណោម​កាកសំណល់​ខាងលើនេះ កាកសំណល់​ជាង២.២ លាន​តោន បាន​ហូរ​ចូល​ទៅ​ក្នុង​មហាសមុទ្រ។ បើ​សិន​ជា វា​ត្រូវ​បានគេ​គរ​នៅ​ក្នុងបរិវេណ​នៃ​សេតវិមាន «វា​អាច​មាន​កម្ពស់​ប្រហែលនឹង​អគារ Empire State» នៅក្នុង​ទីក្រុងញូវយ៉ក។ ការ​សិក្សា​មួយ​ពី​មុន​ដែលបាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ដដែល បាន​ដាក់​ចំណាត់​ថ្នាក់​សហរដ្ឋ​អាមេរិក​លេខ​រៀង​ទី​២០​នៃ​ប្រទេស​ដែល​បាន​ធ្វើឲ្យ​មាន​ប្លាស្ទិក​ចូល​ទៅក្នុង​មហាសមុទ្រ​ច្រើន​បំផុត ប៉ុន្តែ​ពួកគេ​ចាត់ទុកថា ការទុកដាក់សំរាម​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​បំពុល​នេះ។ ប្រភព​ពីរ​ផ្សេង​ទៀត​នៃ​ការ​បំពុល រួមមាន​ការ​ចោល​សំរាមខុស​ច្បាប់ និង​កាកសំណល់​ដែល​ត្រូវបាន​ដឹក​ទៅ​បរទេស​ដើម្បី​កែច្នៃ​ឡើង​វិញ ប៉ុន្តែ​ទី​បំផុត​ វា​បាន​បំពុល​បរិស្ថាន​ ហើយ​ការសិក្សា​ថ្មី​នេះ​បានដាក់ឲ្យ​សហរដ្ឋ​អាមេរិក​ឡើង​មក​ចំណាត់ថ្នាក់ទី​បី​ក្នុង​នាម​ជាប្រទេស​ដែល​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិក​ខ្លាំង​បំផុត។ លោក Jan Dell វិស្វករ​គីមី និង​ស្ថាបនិក​នៃ​អង្គការ The Last Beach Cleanup ដែល​មិន​បាន​រួម​ចំណែក​ក្នុង​ការស្រាវជ្រាវ​នោះ​បាន​និយាយ​ថា៖ «ការស្រាវជ្រាវ​នេះ ពិតជា​ល្អ​ណាស់​ដោយសារ​វា​បាន​ដាក់​សហរដ្ឋ​អាមេរិក​មក​ថ្នាក់​លើគេ​ក្នុង​បញ្ជី ហើយ​និយាយ​ថា «មើល​នែ៎ សហរដ្ឋ​អាមេរិក​ជា​ប្រភព​ធំ​បំផុត​នៃ​ការ​បំពុល​ដោយ​កាកសំណល់​ប្លាស្ទិក»។ កាលពីឆ្នាំ​២០១៦ សហរដ្ឋ​អាមេរិក បាន​កែច្នៃ​កាកសំណល់​ប្លាស្ទិក​តែ​៩ភាគរយ​ប៉ុណ្ណោះ។ ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​នេះ ត្រូវបាន​កែច្នៃ​ក្នុង​ស្រុក​និង​ពាក់កណ្តាល​ទៀត​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស។ អ្នកស្រាវជ្រាវ​នានា​ប៉ាន់ស្មាន​ថា កាកសំណល់​ប្លាស្ទិក​ជិត​១លាន​តោន​របស់​សហរដ្ឋ​អាមេរិក បាន​បំពុល​បរិស្ថាន តាមរយៈ​ការ​នាំចេញ​កាលពី​ឆ្នាំ​២០១៦។ អ្នកស្រី Kara Lavender Law សាស្ត្រាចារ្យ​ផ្នែក​ស្រាវជ្រាវ​នៃការ​សិក្សា​វិទ្យាសាស្ត្រ​មហាសមុទ្រ​នៃ​សមាគម​អប់រំ​ផ្នែក​សមុទ្រ (Sea Education Association) និង​ជា​អ្នក​និពន្ធ​នាំមុខ​នៃ​ការសិក្សា​នោះ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ សំរាម​ប្លាស្ទិក​ដែល​យើង​បាន​ចោល​ទៅក្នុង​ធុង​ពណ៌ខៀវ​ត្រូវ​បាន​នាំ​ចេញ​ដើម្បី​ធ្វើ​ការកែ​ច្នៃ​នៅ​ប្រទេស​ដែលមាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់របស់​ពួកគេ ហើយ​នៅ​ទទួល​កាក​សំណល់​ចំនួន​ច្រើនពី​សហរដ្ឋ​អាមេរិក​ទៀត។ ហើយ​បើសិនជាអ្នក​ពិចារណាថា​ តើ​មាន​កាក​សំណល់​របស់​យើង​ប៉ុន្មាន​ដែល​មិន​អាចកែច្នៃ​បាន ដោយសារ​តែ​វា​មាន​តម្លៃ​ទាប កខ្វក់ ឬ​ពិបាក​ដំណើរការ​នោះ វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​កាកសំណល់​ទាំង​នោះជា​ច្រើន​ទីបញ្ចប់​បាន​បំពុល​បរិស្ថាន»។​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ការទុកដាក់​សំរាម​និង​ការ​ចោល​សំរាម​ខុសច្បាប់ មាន​ចំណែក​ក្នុងការ​បន្ថែមកាក​សំណល់​ប្លាស្ទិក​ចំនួន១.២ លាន​តោន។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ក្រុម​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ប្លាស្ទិក American Chemistry Council (ACC) បាន​យល់​ស្រប​ថា «កាក​សំណល់​ប្លាស្ទិក​ក្នុង​បរិស្ថាន​របស់​យើង ​គឺ​មិនអាច​ទទួល​យក​បាន​ទេ ហើយ​អ្នក​ផលិត​ប្លាស្ទិក​អាមេរិក កំពុង​ធ្វើ​ការពង្រឹង​ដំណោះ​ស្រាយ​ដោយ​មាន​ការទទួល​ខុស​ត្រូវ​ឲ្យ​បាន​លឿន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។ អនុប្រធាន​របស់​ក្រុមប្រឹក្សា ACC ទទួលបន្ទុកផ្នែកប្លាស្ទិក លោក Joshua Baca បាន​និយាយ​ថា​ឧស្សាហកម្ម​នេះ ​បាន​កំណត់​គោល​ដៅ​មួយ​ដែល​តម្រូវ​ឲ្យ​ការ​វេចខ្ចប់​ដោយប្លាស្ទិក​របស់​សហរដ្ឋ​អាមេរិក​ទាំងអស់​ត្រូវប្រើ​ឡើង​វិញ កែច្នៃ ឬ​ស្តារឡើង​វិញត្រឹម​ឆ្នាំ២០៤០។ លោក Baca បន្ថែម​ថា ការ​នាំចេញ​កាក​សំណល់​របស់​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ចុះ​ជិត​៧០ភាគរយ​តាំង​ពីឆ្នាំ​២០១៦​មក។​ ទោះ​យ៉ាង​ណា​ការ​ស្រាវជ្រាវ​នោះ​បាន​កត់សម្គាល់​ថា ការ​ធ្លាក់​ចុះ​នេះ​ គឺ​ដោយសារ​ចិន​បាន​ហាម​ឃាត់​ការ​នាំ​ចូល​កាកសំណល់​ប្លាស្ទិក។ តាំង​ពីបំរាម​នេះ​បាន​ចូល​ជាធរមាន​ក្នុង​ឆ្នាំ​២០១៧​មក ការដឹក​ជញ្ជូន​កាក​សំណល់​ពី​សហរដ្ឋ​អាមេរិកទៅ​ប្រទេស​ដូចជា​ម៉ាឡេស៊ី​ វៀតណាម និង​ថៃ​បាន​កើន​ឡើង​ខ្លាំង នេះ​បើ​យោង​តាម​ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Financial Times។ ​ លោក Dell ​បាន​និយាយ​ក្នុង​សម្តីដើម​ថា៖ «សហរដ្ឋ​អាមេរិក​ គឺជា​អ្នក​នាំ​មុខ​ក្នុង​ការ​បង្ក​ឲ្យ​មានវិបត្តិបំពុល​ដោយ​ប្លាស្ទិក ​ក្នុង​ពិភពលោក។ ហើយ​ទិន្នន័យ​នេះ​ពិត​ជា​បង្ហាញ​ដូច្នេះ​មែន គឺ​តាមរយៈ​ការ​បំពុល​ប្លាស្ទិក​នៅ​ក្នុង​ប្រទេស​យើង និង​ការ​នាំចេញ​កាកសំណល់​របស់​យើង។ ដំណោះ​ស្រាយ​ដ៏​ងាយស្រួល​បំផុត​ក្នុង​ការនាំចេញ​កាកសំណល់ គឺ​បញ្ឈប់​ការ​នាំចេញ។ នេះ​ជា​កាក​សំណល់​របស់​យើង។ យើង​គួរ​តែ​រក្សា​វា​ទុក​នៅ​ក្នុង​ប្រទេស​ យើង​ហើយ​កាត់បន្ថយ​កាក​សំណល់​នោះ»។ អ្នក​ស្រាវជ្រាវ​នានា​និយាយ​ថា ការកែប្រែ​ឡើង​វិញផ្នែក​ផលិតកម្ម​ប្លាស្ទិក ការប្រើប្រាស់ និង​ការកែច្នៃ គឺ​ចាំបាច់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ប្លាស្ទិកនេះ។ លោក Marcus Eriksen នាយក​ស្រាវជ្រាវ​និង​សហស្ថាបនិក​នៃ​វិទ្យាស្ថាន​ 5 Gyres ដែល​មិន​បាន​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​នោះ​បាន​និយាយ​ថា៖ «យើង​កំពុង​ឃើញ​ហើយ​នូវ​កំណើន​ដ៏ច្រើន​សន្ធឹកសន្ធាប់​នៃ​កាកសំណល់​នៅលើ​ផ្ទៃ​មហាសមុទ្រ។ យើង​ត្រូវ​តែ​មាន​ភាព​វៃឆ្លាត​ជាង​មុន​ក្នុង​ការ​ប្រើប្រាស់​បរិមាណ​ប្លាស្ទិក​ ​ហើយ​តើ​យើង​បាន​បញ្ចេញ​ទៅ​ក្នុង​បរិស្ថាន​ចំនួន​ប៉ុន្មាន»។ ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​បំពុល​ប្លាស្ទិក​ក្នុង​មហាសមុទ្រ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សង្រ្គោះ​សមុទ្រ​របស់​យើង​វគ្គ​ពីរ ឬ Save Our Seas 2.0 Act កាលពី​ដើម​ឆ្នាំ​នេះ។ លោក Nick Mallos នាយក​ជាន់​ខ្ពស់​នៃ​កម្មវិធី Trash Free Seas របស់​អង្គការ ​Ocean Conservancy និង​ជា​សហ​អ្នក​និពន្ធ​នៃការស្រាវជ្រាវ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​សម្តីដើម​ថា៖ «សេចក្តីព្រាង​ច្បាប់ Save Our Seas 2.0 Act គឺ​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ទិសដៅដ៏ត្រឹមត្រូវ​ឆ្ពោះទៅ​កាន់ដំណោះ​ស្រាយ​ទូ​លំ​ទូលាយ ដែល​នឹង​ដោះស្រាយ​បញ្ហា​កាកសំណល់​ក្នុង​សមុទ្រ។ ប៉ុន្តែ​ក្នុង​ទម្រង់​របស់​វា​បច្ចុប្បន្ន​នេះ ​វាមិន​បាន​ផ្តោតលើ​វិធី​សាស្ត្រកាត់​បន្ថយ​ ដែល​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទេ។ លោក​ថ្លែង​បន្ថែម​ថា៖ «ការ​កាត់បន្ថយកាកសំណល់​ប្លាស្ទិក​ គឺ​សំខាន់​ដើម្បី​ចៀស​វាង​អនាគត​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ប្លាស្ទិក​មិន​អាច​គ្រប់​គ្រង​បាន​នៅ​ទូទាំង​ពិភព​លោក»។ ទោះ​ជា​ការ​បំពុល​ដោយប្លាស្ទិក​ជា​បញ្ហា​សាកល អ្នក​ស្រាវជ្រាវ​នានា​និយាយ​ថា​ សកម្មភាព​របស់​បុគ្គល​ម្នាក់ៗ​ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។  លោក Leonardនៃ​អង្គការ Ocean Conservancy បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «សូម​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​កាត់បន្ថយ​ចំនួន​ប្លាស្ទិក ដូច​ជាប្រើស្បោង​ដាក់​ទំនិញ ឬ​ពែង​កាហ្វេ​ដែល​អាច​ប្រើ​បាន​ច្រើនដង​ជាដើម ហើយ​ការកាត់បន្ថយការ​ប្រើប្រាស់​ប្លាស្ទិក​របស់​អ្នក​ដូចនេះ ​ក៏​ជា​ផ្នែក​នៃ​ដំណោះស្រាយ​ផងដែរ»៕ ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ http://ifttt.com/images/no_image_card.png

From អន្តរជាតិ - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments