ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក រួមជាមួយនឹងអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋចំនួន ១១ បានដាក់ពាក្យបណ្ដឹងដ៏ធំមួយប្រឆំាងនឹងក្រុមហ៊ុន Google កាលពីថ្ងៃអង្គារម្សិលមិញ ដោយបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះថា បានរក្សានូវការគ្រប់គ្រងផ្ដាច់មុខខុសច្បាប់លើការស្វែងរកព័ត៌មាននានានៅលើអ៊ីនធឺណិត និងការផ្សាយពាណិជ្ជកម្មលើកម្មវិធីរបស់ Google សម្រាប់ស្វែងរកព័ត៌មាននានា។ បណ្ដឹងប្រឆាំងនឹងការទុកចិត្តនេះ ជាបណ្ដឹងប្រភេទនេះដ៏ធំបំផុតមួយ ចាប់តាំងពីពេលដែលក្រសួងយុត្តិធម៌អាមេរិកបានប្ដឹងក្រុមហ៊ុន Microsoft កាលពីឆ្នាំ ១៩៩៨ ថា បានគ្រប់គ្រងផ្ដាច់មុខលើទីផ្សារ Software មក។ បណ្ដឹងនេះ បានធ្វើឡើង បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេលពេញមួយឆ្នាំលើក្រុមហ៊ុន Google និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ៣ ទៀត រួមមានក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Facebook។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr បានហៅបណ្ដឹងនេះថា ជាសំណុំរឿងដ៏ធំសម្បើមមួយ «សម្រាប់ក្រសួងយុត្តិធម៌ និងសម្រាប់ពលរដ្ឋអាមេរិកាំង»។ លោក Barr បាននិយាយថា៖ «បណ្ដឹងនេះបានចាក់ចំចំណុចស្នូលនៃការក្ដោបក្ដាប់របស់ក្រុមហ៊ុន Google លើអ៊ីនធឺណិត សម្រាប់អ្នកប្រើប្រាស់ដែលជាពលរដ្ឋអាមេរិកាំងចំនួនរាប់លាននាក់ អ្នកផ្សាយពាណិជ្ជកម្ម អាជីវកម្មខា្នតតូច និងសហគ្រិននានា»។ នៅក្នុងសេចក្ដីប្រកាសមួយ ប្រធានផ្នែកច្បាប់នៃក្រុមហ៊ុន Google លោក Kent Walker បានហៅពាក្យបណ្ដឹងនេះថា «មានគុណវិបត្តិធ្ងន់ធ្ងរ»។ លោក Walker បានសរសេរនៅលើ blog លើអ៊ីនធឺណិតថា៖ «មនុស្សប្រើ Google ដោយសារតែពួកគេជ្រើសរើសធ្វើដូច្នេះ មិនមែនដោយសារតែពួកគេត្រូវបានគេបង្ខំឲ្យធ្វើ ឬមិនមែនដោយសារតែពួកគេមិនអាចស្វែងរកជម្រើសផ្សេងនោះទេ»៕
From វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America | VOA
via_IFTTT
Home
វិទ្យាសាស្ត្រ បច្ចេកវិទ្យា - Voice of America
ក្រសួងយុត្តិធម៌និងរដ្ឋចំនួន ១១ នៅសហរដ្ឋអាមេរិក ប្ដឹងក្រុមហ៊ុន Google
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments