គណៈកម្មការអឺរ៉ុបប្រកាសជាផ្លូវការអំពីការចូលជាធរមាននៃការចាប់ផ្តើមគិតពន្ធគិតចាប់ពីថ្ងៃទី១២ សីហា តទៅ ដោយសារតែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា។ គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរថា ការដកជាបណ្តោះអាសន្ននេះ គឺដោយសារតែមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធយ៉ាងជាក់ច្បាស់នៅក្នុងប្រទេសកម្ពុជា។ មន្ត្រីរដ្ឋាភិបាលថា ជំហរស្នូលរបស់កម្ពុជាជុំវិញបញ្ហានេះ នៅតែដដែលគឺកម្ពុជាមិនយកអធិបតេយ្យទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះពាណិជ្ជកម្មណាមួយនោះទេ។
គណៈកម្មការអឺរ៉ុបបញ្ជាក់ថា សហភាពអឺរ៉ុបអនុវត្តវិធានការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ជាបណ្ដោះអាសន្ននេះ ក្នុងពេលដែលខ្លួននឹងនៅតែបើកចំហឲ្យមានកិច្ចពិគ្រោះយោបល់ជាមួយកម្ពុជាដើម្បីឲ្យមានកំណែទម្រង់ចាំបាច់នានា។ ក្នុងសេចក្ដីប្រកាសព័ត៌មានផ្សាយនៅថ្ងៃទី១២ សីហា គណៈកម្មការអឺរ៉ុបថា សហភាពអឺរ៉ុបដឹងច្បាស់អំពីផលប៉ះពាល់នៃជំងឺរាតត្បាតសាកលកូវីដ១៩មកលើសេដ្ឋកិច្ច និងវិស័យការងារនៅក្នុងប្រទេសកម្ពុជា ហើយថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រដល់ប្រទេសមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ១៩នេះ និងដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។ ក៏ប៉ុន្តែ គណៈកម្មការអឺរ៉ុប សង្កត់ធ្ងន់ថា បញ្ហានេះមិនអាចលើកលែងកម្ពុជាឲ្យរួចផុតពីតម្រូវការជាបន្ទាន់ដែលប្រទេសមួយនេះ ត្រូវធានាថា មានការគោរពសិទ្ធិមនុស្ស និងសិទ្ធការងារ។
#Cambodia has lost duty-free access to the #EU market due to human rights concerns. The EU will enforce this measure while remaining open to engaging with Cambodia on the necessary reforms to restore fully free access.
— Phil Hogan (@PhilHoganEU) August 12, 2020
Full statement: https://t.co/CehmlYNXf6 #EUTrade
ស្នងការពាណិជ្ជកម្មអឺរ៉ុប លោក ហ្វីល ហូហ្គេន (Phil Hogan) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានអំពីការចាប់ផ្តើមចូលជាធរមាននៃការអនុវត្តការដក EBA ២០% នេះថា សហភាពអឺរ៉ុប បានផ្តល់ឲ្យប្រទេសកម្ពុជានូវឱកាសពាណិជ្ជកម្មជាច្រើន ដែលអនុញ្ញាតឲ្យប្រទេសមួយនេះ អភិវឌ្ឍន៍ឧស្សាហកម្មផ្តោតលើការនាំចេញ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជារាប់សែននាក់៖ «យើងឈរជាមួយពលរដ្ឋកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកលំបិននាពេលបច្ចុប្បន្ននេះ បណ្ដាលមកពីជំងឺរាតត្បាតសាកលនេះ។ ក៏ប៉ុន្តែ ការបន្តកិច្ចគាំទ្ររបស់យើង មិនអាចឲ្យយើងមើលរំលងពីតម្រូវការជាបន្ទាន់ដែលកម្ពុជាត្រូវតែគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារនោះទេ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបន្តកិច្ចពិគ្រោះយោបល់របស់យើង ដើម្បីផ្តល់មកវិញនូវលទ្ធភាពនាំចូលទៅកាន់ទីផ្សារអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធទាំងស្រុងឡើងវិញ ដល់កម្ពុជា ប្រសិនបើយើងមើលឃើញថាមានការកែលម្អជាដុំកំភួនពាក់ព័ន្ធនឹងបញ្ហានេះ»។
មុខទំនិញនាំចេញរបស់កម្ពុជា ២០% ដែលសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាត្រូវបង់ពន្ធនោះ មានតម្លៃសរុបប្រមាណជាង ១ប៊ីលាន ឬជាង១ពាន់លានដុល្លារអាមេរិក ក្នុងនោះរួមមាន ផលិតផលសំលៀកបំពាក់ និងស្បែកជើងមួយចំនួន ផលិតផលធ្វើដំណើរទាំងអស់ និងផលិតផលស្ករស ជាដើម។ គណៈកម្មការអឺរ៉ុបបញ្ជាក់ថាកម្ពុជានៅតែអាចនាំចេញមុខទំនិញទាំងនោះទៅកាន់ទីផ្សារអឺរ៉ុបបានដដែល ក៏ប៉ុន្តែត្រូវរងការគិតពន្ធតាមអត្រាដូចគ្នាទៅនឹងសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដែរ។ ក្រៅពីនេះ មុខទំនិញ ៨០% ផ្សេងទៀតរបស់កម្ពុជា មិនរងការគិតពន្ធនោះឡើយ។
ប្រតិកម្មទៅនឹងការប្រកាសរបស់សហភាពអឺរ៉ុបអំពីការចាប់ផ្តើមអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% តាមរយៈការគិតពន្ធនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ប្រាប់អាស៊ីសេរីថា ជំហររបស់កម្ពុជាគឺនៅតែដដែល និងគ្មានអ្វីប្រែប្រួលនោះទេ៖«យើងអត់មានអីថ្មីទេ ពីព្រោះជំហរយើងដូចឆ្លើយតបកន្លងមក យើងបានលើកឡើងរួចហើយនៅក្នុងសេចក្តីថ្លែងការណ៍នានាដែលយើងបានចេញកន្លងមក។ ដូច្នេះហើយ មកដល់ពេលនេះ ជំហររបស់យើងគឺនៅរក្សាដដែលដូចនៅក្នុងសេចក្តីថ្លែងការណ៍ដែលយើងនិយាយកន្លងមកហើយ។ … អ្វីដែលសំខាន់កន្លងមក យើងមិនអាចយកអធិបតេយ្យភាពកម្ពុជាទៅដោះដូរយកជំនួយ ឬក៏ភាពអនុគ្រោះពាណិជ្ជកម្មណាមួយបានទេ។ នេះជាជំហរស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោក កុយ គួង ហាក់អល់អែកឆ្លើយតបនឹងសំណួរថាតើកន្លងមកកម្ពុជាមានធ្លាប់បានស្នើសុំឲ្យសហភាពអឺរ៉ុបពន្យារពេលអនុវត្តការដកEBA នេះដោយសារតែវិបត្តិកូវីដ១៩ ដែរឬអត់នោះ។ លោកថា លោកមិនបានដឹងពីបញ្ហានេះទេ តែលោកដឹងថាខាងសមាគមរោងចក្រកាត់ដេរ ធ្លាប់បានលើកឡើងពីបញ្ហានេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៖ «ជាការពិត ទោះបីជាមានការសម្រេចបែបនេះក៏ដោយ ក៏កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយ ក៏ដូចជាកែលម្អសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិការងារផ្សេងៗពីព្រោះរឿងនេះជាភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើក្នុងក្របខ័ណ្ឌជារដ្ឋអធិបតេយ្យដែលមានឯករាជ្យ»។
ការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមស្តង់ដារកម្ពុជានេះ មិនត្រូវបានសហភាពអឺរ៉ុបជឿទុកចិត្តឡើយ។ ជាក់ស្តែង គណៈកម្មការអឺរ៉ុបបញ្ជាក់ជាថ្មីថា គណៈកម្មការអឺរ៉ុប ជាមួយនឹងនាយកដ្ឋានកិច្ចការបរទេសរបស់អឺរ៉ុប នឹងបន្តតាមដានស្ថានភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេសដោយផ្តោតលើការរឹតត្បិតនាពេលបច្ចុប្បន្ននេះមកលើសេរីភាពនៃការបញ្ចេញមតិ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងជម្លោះដីធ្លី និងសិទ្ធិការងារ ក្នុងបរិបទឲ្យមានកំណែទម្រង់ជាបន្ត។
គណៈកម្មការអឺរ៉ុបថា ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ នៅពេលដែលសហភាពអឺរ៉ុបធ្វើសេចក្តីសម្រេចចិត្តដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលរដ្ឋាភិបាលកម្ពុជា គួរតែអាចចាត់នូវវិធានការចាំបាច់នានាដើម្បីបំពេញតាមលក្ខខណ្ឌនានា ដើម្បីអនុញ្ញាតឲ្យសហភាពអឺរ៉ុបផ្តល់មកវិញនៅប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង។ ក៏ប៉ុន្តែ កម្ពុជាមិនបានធ្វើដូច្នេះនោះទេ។
ការមិនព្រមងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនេះ ត្រូវអ្នកវិភាគនយោបាយ លោក គឹម សុខ ពន្យល់ថា គឺដោយសារតែលោក ហ៊ុន សែន ខ្លាចប៉ះពាល់ដល់ការរក្សាអំណាចរបស់លោក និងផែនការយូរអង្វែងនៃការផ្ទេរអំណាចតពូជពង្សវង្សត្រកូលរបស់លោក ហើយមិនមែនជាការរក្សាអធិបតេយ្យជាតិនោះទេ៖ «ទោះបីជា EBA នេះ ត្រូវអឺរ៉ុបដក ១០០% ក៏គាត់មិនងាកក្រោយដែរ ពីព្រោះមិនមែនគាត់ធ្វើដើម្បីរក្សាអធិបតេយ្យជាតិកម្ពុជាទេ គាត់ខ្លាចខូចផែនការអំណាចរបស់គាត់ ហើយអ្វីដែលជាលក្ខខណ្ឌរបស់អឺរ៉ុប មិនមែនធ្វើខូចអធិបតេយ្យជាតិកម្ពុជាទេ អឺរ៉ុបគ្រាន់តែចង់ឲ្យកម្ពុជាគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួនហ្នុង មិនមែនបញ្ជាឲ្យកម្ពុជាធ្វើតាមនៅអ្វីដែលជាប្រយោជន៍របស់អឺរ៉ុប។ យើងមើល EBA ប្រយោជន៍កម្ពុជាសុទ្ធសាធ»។
សម្រាប់អ្នកជំនាញវិស័យការងារ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើលឃើញថា ការប្រកាសរបស់សហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តការដក EBA ២០% នេះ បញ្ជាក់ឲ្យឃើញពីបរាជ័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ៖ «ការចូលជាធរមាននេះ សរបញ្ជាក់ថា ខាងរដ្ឋាភិបាលកម្ពុជាខកខានមិនបានកែតម្រូវ ឬក៏ធ្វើឲ្យប្រសើរឡើងទាល់តែសោះពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ សិទ្ធិការងារ ។ល។ ដូចជាអ្វីដែល EU បានលើកឡើងអញ្ចឹង។ អ៊ីចឹងហើយ បានជាគ្មានហេតុផលណាមួយដែលធ្វើឲ្យ EU ដកសេចក្តីសម្រេចចិត្តរបស់ខ្លួនកាលពីពេលកន្លងមកទេ។ ទាំងអស់គ្នាដឹងថា អ្នកដែលកាន់កូនសោរដោះបញ្ហាហ្នុងគឺគណបក្សកាន់អំណាចហ្នុងឯង ឬក៏រដ្ឋាភិបាលហ្នុងឯងដែលជាអ្នកដោះ ឬមិនដោះ មិនមែនរឿង EU ទេ»។
លោកបន្តថា សហភាពអឺរ៉ុបហាក់ដូចជាមិនមានចេតនាចង់ដកប្រព័ន្ធអនុគ្រោះពន្ធនេះទេ បើប្រៀបធៀបជាមួយនឹងទង្វើដែលរដ្ឋាភិបាលកម្ពុជាបានប្រព្រឹត្តិនារយៈកាលកន្លងមកនេះ៖ «ចំណុចដ៏សំខាន់ ខ្ញុំអាចនិយាយបានថា មើលទៅសេចក្តីប្រកាសលើកទី១ លើកទី២ លើកទី៣ របស់សហគមន៍អឺរ៉ុបនេះ យើងឃើញថា សហគមន៍អឺរ៉ុបហាក់ដូចជាមិនចង់ដកប្រព័ន្ធអនុគ្រោះពន្ធណាមួយទេ។ ចង់និយាយថា ទោះបីភាគរយកម្រិតណាក៏ដោយ ក៏ហាក់ដូចជាមិនមានចេតនាចង់ដកទេប្រសិនបើយើងប្រៀបធៀបនៅទង្វើរបស់យើងជាមួយនឹងការសម្រេចរបស់ EU ជាផ្លូវការ។ ទោះបីជាការសម្រេចនេះ ចូលជាធរមានថ្ងៃនេះក៏ដោយ ក៏គេនៅតែលើកទឹកចិត្តឲ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យ ស្តារសិទ្ធិមនុស្ស ស្តារសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិកម្មករជាដើម។ អញ្ចឹង គេនៅតែបើកទ្វារឲ្យកម្ពុជាយើង បើសិនជាយើងដូរឥរិយាបថ ដូរចរិក យើងកែចរិករបស់យើង គឺយើងនៅតែមានឱកាសទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ១០០% ឡើងវិញ»។

កម្ពុជាអាចនឹងត្រូវខាតបង់ទឹកប្រាក់រវាងពី ១២០ ទៅ ២០០ លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែការតម្រូវឱ្យបង់ពន្ធលើមុខទំនិញនាំចេញ ២០% ទៅកាន់ទីផ្សារអឺរ៉ុបនេះ។ ទន្ទឹមនឹងការប្រកាសចាប់ផ្តើមអនុវត្តការគិតពន្ធនេះ សហភាពអឺរ៉ុប នៅតែគូសបញ្ជាក់ឡើងវិញជាដដែលអំពីលក្ខខណ្ឌចាំបាច់នានាដែលកម្ពុជាត្រូវធ្វើដើម្បីទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ទាំងស្រុងមកវិញ ១០០%។ គណៈកម្មការអឺរ៉ុប បញ្ជាក់ថា អាជ្ញាធរកម្ពុជា គួរចាត់វិធានការក្នុងការស្តារសិទ្ធិនយោបាយនៅក្នុងប្រទេស បង្កើតឲ្យមានឡើងវិញនូវលក្ខខណ្ឌចាំបាច់នានាដើម្បីឲ្យមាននូវគណបក្សជំទាស់ ដ៏គួរឲ្យទុកចិត្តបាន ប្រកបដោយប្រជាធិបតេយ្យ និងផ្ដួចផ្ដើមឲ្យមាននូវដំណើរការផ្សះផ្សាជាតិតាមរយៈកិច្ចសន្ទនាពិតប្រាកដពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។ គណៈកម្មការអឺរ៉ុបថា ខ្លួនបានលើកឡើងអំពីលក្ខខណ្ឌចាំបាច់ទាំងនោះ នៅក្នុងឱកាសជាច្រើនលើករួចមក ដែលអាជ្ញាធរកម្ពុជាគួរធ្វើ ក្នុងនោះ រួមមានដូចជា ការផ្តល់នីតិសម្បទារសិទ្ធិនយោបាយដល់សមាជិកគណបក្សប្រឆាំង និងការលុបចោល ឬសើរើមើលឡើងវិញនូវច្បាប់មួយចំនួន ពិសេសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ គណៈកម្មការអឺរ៉ុបថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញឲ្យឃើញពីការវិវត្តន៍គួរឲ្យកត់សម្គាល់នៃការកែលម្អទាំងនេះ ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នោះខ្លួនអាចនឹងពិចារណាលើសេចក្តីសម្រេចនេះឡើងវិញ ដើម្បីប្រគល់នូវប្រព័ន្ធអនុគ្រោះពន្ធនេះ ទាំងស្រុងមកឲ្យកម្ពុជាវិញដូចដើមវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT

0 Comments