
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ អំពាវនាវសុំឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ
ពាក់ព័ន្ធការចោទប្រកាន់ អំពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិ នៅកម្ពុជា។
ប្រតិកម្មនេះ ធ្វើឡើងក្រោយដែល ឧត្ដមស្នងការសិទ្ធិមនុស្សអ.ស.ប លើកឡើងថ្មីៗនេះថា ប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិច (Asia-Pacific) រួមទាំងកម្ពុជាផង បានប្រើលេសជំងឺកូវីដ-១៩ ដើម្បីបង្ក្រាបទៅលើសេរីភាពបញ្ចេញមតិ និងក្រុមអ្នកសារព័ត៌មាន រហូតដល់មានការចាប់ឃុំខ្លួនមនុស្សនៅក្នុងពន្ធនាគារ ដែលទង្វើនេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា លើកឡើងថា របាយការណ៍របស់ឧត្ដមស្នងការសិទ្ធិមនុស្សអ.ស.ប ពាក់ព័ន្ធទៅនឹងសេរីភាពការបញ្ចេញមតិ ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ គឺពុំមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយឡើយ ដោយផ្អែកតែលើរបាយការណ៍មួយផ្នែក ពីប្រភពព័ត៌មានដែលមិនមានការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែមិថុនា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ បញ្ជាក់ថា កម្ពុជាគាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាពការបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ សេចក្ដីថ្លែងការណ៍នេះបន្តថា ការជេរប្រមាថ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ការអំពាវនាវឱ្យបះបោរប្រឆាំងរដ្ឋាភិបាល គឺជាទង្វើខុសច្បាប់ បង្កគ្រោះថ្នាក់ដល់ ប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក៏ប៉ុន្តែការលើកឡើងរបស់តំណាងរដ្ឋាភិបាលនេះ «គឺផ្ទុយពីរបាយការណ៍របស់ឧត្ដមស្នងការសិទ្ធិមនុស្សអ.ស.ប អ្នកស្រី មីស្សែល បាស្សឺឡេ (Michelle Bachelet) កាលពីថ្ងៃទី៣ ខែមិថុនា ពីទីក្រុងហ្សឺណែវ (GENVA) ប្រទេសស្វីស (Switzeland) ដោយបានរកឃើញ អំពីការគំរាមកំហែង ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការចាប់ដាក់ពន្ធនាគារ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រី មីស្សែល បាស្សឺឡេ បញ្ជាក់ថា ការិយាល័យនៃឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចងក្រងជាឯកសារទាក់ទងនឹងការចាប់ខ្លួនមនុស្សចំនួន ៣០នាក់ រាប់ទាំងស្ត្រីម្នាក់ និងក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ ដោយសារតែពួកគេអធិប្បាយជាសាធារណៈ និងបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងជំងឺកូវីដ-១៩។ អ្នកស្រីបញ្ជាក់ថា មនុស្សមួយចំនួន ត្រូវបានចោទប្រកាន់ពីបទ “ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល»។
ចាប់តាំងពីឆ្នាំ២០២០មក របបក្រុងភ្នំពេញ បានចាប់សកម្មជនបក្សប្រឆាំង ចំនួន១៦នាក់ហើយ ដាក់ពន្ធនាគារ តែដោះលែងសកម្មជនបក្សប្រឆាំងខេត្តស្វាយរៀងវិញនាក់ ដោយសារមានជំងឺធ្ងន់ធ្ងរ ពេលចាប់ខ្លួនដោយបង្ខំ។
របបក្រុងភ្នំពេញតែងតែបដិសេធជានិច្ច ចំពោះរបាយការណ៍និងការរិះគន់នានា អំពីសកម្មភាពរបស់អាជ្ញាធរកម្ពុជា និងតុលាការ ដែលបានប្រើអំណាចរំលោភបំពាន ទៅលើប្រជាពលរដ្ឋ ជាពិសេស គឺសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្រោយពីការប្រកាសរបស់លោក ហ៊ុន សែន ថ្មីៗនេះ ព្រមានចាប់ខ្លួនមនុស្សបន្ថែមទៀត ដែលលោកចោទថា ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន អះអាងថា តុលាការចាប់ខ្លួនមនុស្សកន្លងមក គឺអនុវត្តតាមច្បាប់ មិនមែនជាការរំលោភសិទ្ធិមនុស្ស ដូចការចោទប្រកាន់នោះឡើយ៖ «រដ្ឋាភិបាលដូចជាមិនដែលចាប់ខ្លួនអ្នករិះគន់រឿងកូវីដនោះទេ ហើយរដ្ឋាភិបាលមានវិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តិបទល្មើសតែប៉ុណ្ណោះ ដែលបង្កភាពចលាចលនៅក្នុងសង្គម»។
ទាក់ទងនឹងការចាប់ឃុំខ្លួនពលរដ្ឋនេះ ឧតស្នងការសិទ្ធិមនុស្សអ.ស.ប អ្នកស្រី មីស្សែល បាស្សឺឡេ បន្ថែមថា នៅក្នុងគ្រាលំបាកដែលមិនច្បាស់លាស់ដោយសារតែជំងឺកវីដ១៩នេះ “ អាជ្ញាធររដ្ឋ គួរតែបើកទូលាយឱ្យអ្នកជំនាញវេជ្ជសាស្ត្រ អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសាធារណជនទូទៅ បញ្ចេញមតិយោបល់លើប្រធានបទសំខាន់ៗ ដូចជា ការផ្តល់កិច្ចគាំពារសុខភាព ការគ្រប់គ្រងវិបត្តិសុខភាព វិបត្តិសេដ្ឋកិច្ច-សង្គម និងការចែកជំនួយសង្គ្រោះបន្ទាន់ ជាដើម”។
បន្ថែមពីការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សអ.ស.ប.នេះ នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីយប់មិញថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺធានាដោយច្បាប់ជាតិនិងអន្តរជាតិ។ បន្ថែមពីនេះលោកថា ការបញ្ចេញមតិ ដើម្បីស្ថាបនា និងរិះគន់ដើម្បីកែលំអ គឺជារឿងចាំបាច់ ក្នុងសង្គមប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា លោកថា ប្រជាពលរដ្ឋខ្មែរ ភាគច្រើនចេះប្រើប្រាស់បណ្ដាញសង្គម ក៏ប៉ុន្តែពុំអាចដឹងថាតើ ប្រភេទព័ត៌មានណាក្លែងក្លាយ ឬព័ត៌មានពិតនោះទេ៖៖ «ព័ត៌មានខ្លះលោកចេះតែបង្ហោះ ចេះតែShare ដោយមិនបានថ្លឹងថ្លែង ហ្នឹងជាគ្រោះថ្នាក់មួយដែរ សម្រាប់ពួកគាត់។ ចំណុចទាំងអស់នេះ ដែលជាបញ្ហាកើតឡើងនៅក្នុងសង្គមយើង ដែលមានការខ្វែងគំនិតគ្នា ថាអ្វីជាសេរីភាពនៃការបញ្ចេញមតិ និងអ្វីជាព័ត៌មានក្លែងក្លាយ ដោយសារពលរដ្ឋមិនយល់ច្បាស់លាស់ពីបញ្ហាទាំងពីរនេះ»។
នៅក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នេះ ក្រៅពីអាជ្ញាធរចាប់ខ្លួនពលរដ្ឋ និងអ្នកកាសែតដាក់ពន្ធនាគារ របបក្រុងភ្នំពេញក៏បានធ្វើច្បាប់ស្ដីពីការដាក់ប្រទេសនៅក្នុងភាពអាសន្ន ដែលច្បាប់នេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថា ជាច្បាប់ដើម្បីគាបសង្កត់ និងបិទសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments