តំណាងជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង ចំនួន ២២នាក់ បាននាំគ្នាឡើងមកជួបអាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី១៤ មករា ដើម្បីស្នើសុំឱ្យជួយពន្លឿនការធ្វើស្វ័យអត្តសញ្ញាណឱ្យពួកគាត់។ ការធ្វើស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិច ជានីតិវិធីសំខាន់មួយ ដែលជនជាតិដើមភាគតិចត្រូវបំពេញ មុននឹងអាចចុះបញ្ជីទទួលស្គាល់ជាសហគមន៍ជនជាតិដើមភាគតិចនៅក្រសួងមហាផ្ទៃបាន។
ប្រធានសហគមន៍ជនជាតិដើមភាគតិចជង ភូមិជំនាប់តំបន់អារ៉ែង លោក ហ៊ឹង ពៅ ថ្លែងប្រាប់អាស៊ីសេរីថា ពលរដ្ឋមានការសង្ឃឹមច្រើនជាងមុនថា ដំណើរការធ្វើស្វ័យអត្តសញ្ញណរបស់ពួកគាត់អាចនឹងចេញរួចនៅពេលនៅខាងមុខ ដោយសារតែអាជ្ញាធរខេត្តបានសន្យា នៅថ្ងៃចន្ទ ទី១៤ មករាថា នឹងជួយពន្លឿនករណីនេះ និងបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានបោះត្រា និងជួយសម្រួលដល់ពួកលោកផងដែ។ លោកថា ពលរដ្ឋចង់ឱ្យការធ្វើស្វ័យអត្តសញ្ញាណនេះ ដំណើរការទៅមុខឱ្យបានឆាប់រហ័ស ដើម្បីឱ្យពួកគាត់អាចបំពេញនីតិវិធីផ្សេងទៀត ឈានដល់ការចុះបញ្ជីជានីតិបុគ្គល ដើម្បីមានសិទ្ធិសម្រេចជោគវាសនាសហគមន៍ដោយខ្លួនឯងបាន៖ «»
ពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែងដែលស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រួយបារម្ភខ្លាចបាត់បង់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដើម ដោយសារបច្ចុប្បន្ន មានជនចំណូលថ្មីជាច្រើនបានទៅដល់តំបន់នោះ ហើយបានទិញដីជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនកន្លែងទៀតផង។ ពលរដ្ឋបញ្ជាក់ថា ពួកគាត់មិនប្រឆាំងនឹងការអភិវឌ្ឍនោះទេ ប៉ុន្តែគ្រាន់តែចង់បានកិច្ចការពារផ្លូវច្បាប់ទៅលើដីធ្លី ព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់អារ៉ែង ដូច្នេះទើបពួកគាត់ប្រឹងប្រែងឱ្យមានការទទួលស្គាល់សហគមន៍របស់ពួកគាត់ជាផ្លូវការបែបនេះ។
ពលរដ្ឋនៅទីនោះបានប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យមានការទទួលស្គាល់សហគមន៍របស់ពួកគាត់តាមផ្លូវច្បាប់ ក៏ប៉ុន្តែរយៈពេលជាង ២ឆ្នាំ កន្លងទៅនេះ កិច្ចខិតខំប្រឹងប្រែងនេះបានជាប់គាំងដោយសារអាជ្ញាធរមូលដ្ឋានមិនព្រមបញ្ជូនសំណើសុំធ្វើស្វ័យអត្តសញ្ញណរបស់ពួកគាត់ទៅអាជ្ញាធរថ្នាក់លើ។ ពួកគាត់ប្តេជ្ញាចិត្តថា នឹងបន្តការតស៊ូទាមទារតទៅទៀត រហូតទាល់តែសហគមន៍របស់ពួកគាត់ត្រូវបានទទួលស្គាល់ជាផ្លូវការតាមផ្លូវច្បាប់។
សកម្មជនបរិស្ថាន អ្នកនាង លីម គីមស័រ ដែលតាមដានរឿងនេះ ថ្លែងថា ពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលគួរតែអាជ្ញាធរទទួលស្គាល់សហគមន៍របស់ពួកគាត់តាមផ្លូវច្បាប់។ នាងបន្តថា ប្រសិនបើមានចំណុចខ្វះខាតណាមួយ អាជ្ញាធរគួរតែយោគយល់ និងជួយបំពេញបន្ថែមឱ្យពលរដ្ឋ ដើម្បីឱ្យដំណើរការធ្វើស្វ័យអត្តសញ្ញាណរបស់ពួកគាត់នេះ អាចសម្រេចបានដោយជោគជ័យ៖ «»
ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចត្រូវឆ្លងកាត់ច្រើនដំណាក់ និងត្រូវបំពេញឯកសារជាច្រើន។ ដើម្បីអាចក្លាយជាសហគមន៍ជនជាតិដើមភាគតិចមួយទៅបាន នីតិវិធីតម្រូវឱ្យមានការធ្វើស្វ័យអត្តសញ្ញាណខ្លួនឯងថា ជាក្រុមជនជាតិដើមភាគតិចណាមួយ មុននឹងបំពេញនីតិវិធីជាបន្តបន្ទាប់ទៀត។ បន្ទាប់ពីត្រូវបានទទួលស្គាល់ថា ជាសហគមន៍ជនជាតិដើមភាគតិចហើយ សហគមន៍ជនជាតិដើមភាគតិចនោះ អាចចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពបាន៕
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments