
អ្នកករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បានប្រាប់ទៅគណៈកម្មាធិការសិទ្ធិមនុស្សរបបលោក ហ៊ុន សែនថា ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសន្តិភាព មិនមែនតែមានសារៈសំខាន់សម្រាប់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ គឺវាមានសារៈសំខាន់សម្រាប់ដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា។
ឆ្លើយតបនិងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស អះអាងថា កម្ពុជា ជាប្រទេសគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យស្រាប់ហើយ។ ប៉ុន្តែ អ្នកវិភាគថា កម្ពុជានឹងរផលប៉ះពាល់ខ្លំាងពីការផ្ដាច់ការអនុគ្រោះពន្ធ បើសិនជារបបលោកហ៊ុន សែន មិននៅតែមិនទទួលស្គាល់អំពីកំហុសឆ្គងរបស់ខ្លួន ដែលបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ។
អ្នកករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីជំនួប លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥វិច្ឆិកាថា អ្នកស្រីរំពឹងថា ក្នុងរយៈពេលពី ៤ទៅ ៥ខែទៅមុខទៀត កម្ពុជានឹងមានការផ្លាស់ប្ដូរ ឬធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
អ្នកស្រី មានប្រសាសន៍ថា គ្រប់ភាគីអភិវឌ្ឍន៍នានា បានព្រួយបារម្ភអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រីបន្ថែមថា បញ្ហាគោរពសិទ្ធិមនុស្ស និង យុត្តិធម៌សង្គម គឺជាបញ្ហាចម្បង ដែលរបបលោក ហ៊ុន សែន អាចកែប្រែស្ថានការណ៍ជាជំហ៊ានៗ ដើម្បីងាកមកគោរពសិទ្ធិមនុស្សវិញ នៅគ្រាដែលសហភាពអឺរ៉ុបកំពុងតែដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជានេះ ព្រោះថា បញ្ហាសិទ្ធិមនុស្សមិនមែនតែសម្រាប់សហភាពអឺរ៉ុបប៉ុណ្ណោះទេ គឺសម្រាប់ដៃគូដទៃទៀត ដែលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៖ «ខ្ញុំគិតថា បញ្ហានានា តែងតែកើតមានឡើង ហើយបញ្ហាប្រឈមក៏តែងកើតមានឡើងដូចគ្នា។ អ្នកជ្រើសរើសយកចំណាត់ការតាមរបៀបមួយ អ្នកក៏អាចជួបបញ្ហាប្រឈមតាមរបៀបផ្សេងមួយទៀត។ វាតែងតែមានរឿងដូច្នេះកើតឡើង ជាមួយនឹងវិស័យសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ខ្ញុំគិតថា រដ្ឋាភិបាល អាចប្រាកដថា ប្រសិនបើខ្លួនជ្រើសរើសយកការកែលម្អស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នោះបន្ទាប់មក វានឹងមិនមានបញ្ហាច្រើន ពាក់ព័ន្ធនឹងករណីប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ឬ EBA ឬក៏ថា មានបញ្ហាជាមួយភាគីដទៃណាមួយនោះទេ»។
ឆ្លើយតបនិងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ទទួលស្គាល់ថា ការផ្ដល់ការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺមានប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជាពិសេសទៅលើកម្មករ ប៉ុន្តែលោក កែវ រ៉េមី មិនទទួលស្គាល់ថា កម្ពុជាជាប្រទេសរំលោភសិទ្ធិមនុស្សឡើយ។ លោកបន្ថែមថា បញ្ហាកម្មករនេះ ត្រូវបានរបបក្រុងភ្នំពេញយកចិត្តខ្លាំងជាងពេលណាទាំងអស់ ពិសេសលោក ហ៊ុន សែន បានចុះជូបកម្មករជាទៀងទាត់ជាដើម៖ «»
ទោះបីជាលោក កែវ រ៉េមី លើកមិនចំឈ្មោះប្រទេសបែបក្ដីនេះក្ដី ប៉ុន្តែលោក កែវ រ៉េមី ហាក់ចង់សំដៅទៅប្រទេសវៀតណាម ដែលជាប្រទេសត្រូវបានសហភាពអឺរ៉ុប ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដែរនោះ។ អ្នកវិភាគនយោបាយ លោក គឹម សុខ បញ្ជាក់ថា ថ្វីដ្បិតតែវៀតណាម ជាប្រទេសកុម្មុយនីស្ដពិតមែន ក៏ប៉ុន្តែរដ្ឋាភិបាលវៀតណាមគិតគួពីប្រទេសជាតិ និងពរដ្ឋរបស់ខ្លួន ខណៈដែលអ្នកវិនិយោគមួយចំនួនកំពុងតែសម្រុកចូលទៅប្រទេសវៀតណាមវិញនោះ៖ «»
សហភាពអឺរ៉ុបកាលពីដើមខែតុលា បានជូនដំណឹងជាផ្លូវការក្នុងលិខិតមួយដល់របបក្រុងភ្នំពេញថា ការអនុវត្តនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវប្រើរយៈពេល ពី ៦ខែ ទៅ ១ឆ្នាំ គឺចាប់ពីខែតុលាតទៅ មុននឹងដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជាជាផ្លូវការ។
ក្នុងរយៈពេល ៦ខែដំបូងនេះ សហភាពអឺរ៉ុបនឹងទុកពេលឲ្យរបបលោក ហ៊ុន សែន គោរពកិច្ចសន្យារបស់ខ្លួនឡើងវិញ ទាក់ទងនិងការគោរពលក្ខខណ្ឌការងារ គោរសពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពោលគឺ ត្រូវផ្ដល់និតិសម្បទាដល់មន្រ្តីបក្សប្រឆាំងទាំង ១១៨រូប មានសិទ្ធិធ្វើនយោបាយ ផ្ដល់អាសនៈ ក្រុមប្រឹក្សាឃុំ សង្កាត់ជូនគណបក្សប្រឆាំងឡើងវិញជាដើម។ ប៉ុន្តែប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានអនុវត្តនោះទេ សហភាពអឺរ៉ុបនឹងត្រួតពិនិត្យលើការកែប្រែឥរិយាបទរបស់របបលោក ហ៊ុន សែន ថា តើគេនឹងផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ឬបន្តឲ្យទៀត ឬយ៉ាងណា?
របាយការណ៍របស់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរបបលោក ហ៊ុន សែនបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប មានទឹកប្រាក់ដល់ទៅជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មជាដើម។
កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ឬមិនគិតពន្ធ ក្រោមគម្រោង «អ្វីៗទាំងអស់លើកលែងតែអាវុធ» (Everything But Arms, EBA) របស់សហភាពអឺរ៉ុប តាំងពីខែវិច្ឆិកា ឆ្នាំ២០១២ មក។ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៤៨ប្រទេសផ្សេងទៀតនៅលើពិភពលោក ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជាការលើកទឹកចិត្តដល់ប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច។ នៅអាស៊ីអាគ្នេយ៍ ក្រៅពីកម្ពុជា មានប្រទេសឡាវ មីយ៉ាន់ម៉ា ឬភូមា និងប្រទេសទីម័រខាងកើត ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ។ បន្ទាប់ពីកម្ពុជា នៅប្រទេសភូមា ក៏ជាប្រទេសមួយ ដែលសហភាពអឺរ៉ុបនឹងដកការអនុគ្រោះពន្ធនេះដែរ ដោយសារតែរបបនេះ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)។
លោក ហ៊ុន សែន បានអះអាងកាលពីពេលថ្មីៗ នេះថា មកទល់ពេលនេះ វិស័យកាត់ដេរមិនទាន់ប៉ះពាល់នៅឡើយ ហើយថា និយោជកបានព្រមព្រៀងជាមួយក្រសួងការងារ និងតំណាងសហជីព តំឡើងប្រាក់ឈ្នួលជូនកម្មកររួចរាល់ហើយដែរ៖ «»
លោក គឹម សុខា ពន្យល់ថា លោក ហ៊ុន សែន បានយកចិត្តទុកដាក់កម្មករ ឬចុះជូបកម្មករនោះ គ្រាន់តែជារូបភាពក្លែងក្លាយទេ ព្រោះថា លោកដឹកនាំប្រទេសជាង៣០ឆ្នាំមកហើយ ពិសេសនៅក្នុងអាណត្តិទី៤ ដែលបក្សលោកទទួលអាសនៈជាង ៩០ នៅក្នុងសភានោះ លោកមិនបានគិតគួរឡើយ លើសពីនេះទៀត អាជ្ញាធររបស់លោកតែងតែបង្រ្កាបកម្មករធ្វើបាតុកម្ម និង បានបាញ់សម្លាប់កម្មករ ដូចជា ករណីនៅផ្លូវ វេង ស្រេង ឆ្នាំ២០១៤ ជាដើម៖ «»
អ្នកស្រី រូណា ស្មីត លើកឡើងទៀតថា សម្រាប់ដៃគូអភិវឌ្ឍន៍ណាមួយរបស់កម្ពុជា ដែលព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស តែងតែមានមធ្យោបាយ ដែលរដ្ឋាភិបាលអាចចាត់ចំណាត់ការជាដំណាក់កាលតូចៗ ដែលអាចកែលម្អស្ថានភាពសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់នៅកម្ពុជាវិញបាន ពោលគឺ មិនមែនតែសម្រាប់សហភាពអឺរ៉ុបទេ ដែលត្រូវការឲ្យកម្ពុជាស្ដារឡើងវិញប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនោះ ក៏ប៉ុន្តែសម្រាប់ដៃគូអភិវឌ្ឍន៍ដទៃទៀតដែលជាជម្រើសរបស់កម្ពុជា។
កាលពីថ្ងៃទី២៩ តុលា អ្នកស្រី រ៉ូណា ស្មីត បានជូបតំណាងអង្គការសង្គមស៊ីវិលមួយចំនួនដែរ ដើម្បីទទួលរបាយការណ៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា សេរីភាពសារព័ត៌មាន ការប្រមូលផ្តុំ និងសកម្មភាពការងាររបស់សង្គមស៊ីវិល ដែលទទួលរងនូវការរឹតត្បិត និងការឃ្លាំមើលយ៉ាងខ្លាំងពីអាជ្ញាធររបបលោក ហ៊ុន សែន។ អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាដាក់ទៅអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ ក្រោយបញ្ចប់បេសកម្មរបស់អ្នកស្រីនៅកម្ពុជារយៈពេល ១១ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments