RFA | លោក ហ៊ុន សែន បន្ត​ចោទប្រកាន់​គណបក្សប្រឆាំង​ថា ជា​អ្នក​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន អះអាង​ថា ជីវភាព​សេដ្ឋកិច្ច នយោបាយ និង​សង្គម​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ល្អ​ប្រសើរ បើ​ប្រៀបធៀប​នឹង​ពេល​ក្រោយ​ការបោះឆ្នោត​អាណត្តិ​មុន ដែល​អស្ថិរភាព​សង្គម​កើតឡើង។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ច្រានចោល​ការចោទប្រកាន់​នេះ និង​ថា​លោក ហ៊ុន សែន កំពុង​ព្យាយាម​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា មានការ​បង្ហូរ​ឈាម​នៅ​ក្រោយ​ការបោះឆ្នោត​តំណាងរាស្ត្រ កាលពី​ឆ្នាំ​២០១៣ កន្លងទៅ ប៉ុន្តែ​លោក​ចោទ​ថា ការ​បង្ហូរ​ឈាម​នោះ​គឺ​បង្កឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ។ ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី រាប់​ពាន់នាក់​ក្នុង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី៣១ តុលា លោក​អះអាង​ថា សកម្មភាព​នេះ​មិនបាន​កើតឡើង​ទៀត​ឡើយ​នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ នេះ ដោយសារតែ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង ហើយ​មេដឹកនាំ​គណបក្ស​នេះ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រួច​ទៅ​ហើយ​ដែរ៖ «ជា​ភ័ព្វសំណាង​របស់​កម្ពុជា​ណាស់ ដែល​មិន​មានការ​បង្ហូរ​ឈាម និង​មិន​មាន​ចលាចល បន្ទាប់ពី​ការបោះឆ្នោត។ ឆ្នាំ​២០១៣ ពិតជា​មាន​ការ​បង្ហូរ​ឈាម ហើយ​អ្នក​ដែល​បង្ក​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​នោះ យើង​បាន​ចាប់ខ្លួន​រួចហើយ ព្រោះ​ពួកគេ​អ្នក​បាន​សាង​អំពើ​បាប​ទាំងនេះ​។ ដូច្នេះ​ផ្លូវច្បាប់​ត្រូវតែ​បន្ត​នីតិវិធី​តទៅទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់។ ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ​មួយ​ចំនួន​ត្រូវ​បាន​បំផ្លិចបំផ្លាញ ពួកគេ​ត្រូវ​មាន​ការ​ទទួលខុសត្រូវ»

លោក ហ៊ុន សែន ចោទ​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មួយ​ចំនួន​បាន​បោះឆ្នោត​ឱ្យ​ខ្លួន​ដែរ​នោះ ខកខាន​មិន​អាច​ប្រកប​របរ​រកស៊ី​អ្វី​បាន។ លោក​បាន​ដាស់តឿន​ពលរដ្ឋ​ថា ត្រូវ​សម្រេចចិត្ត​ឱ្យ​បាន​ច្បាស់លាស់ កុំ​ឱ្យ​សន្លឹកឆ្នោត​របស់​ខ្លួន​នាំ​ក្តី​បារម្ភ​អំពី​បញ្ហា​អស្ថិរភាព​សង្គម។

កាល​ពី​ដើមឆ្នាំ​២០១៤ កន្លងទៅ កម្លាំង​ចម្រុះ​នៃ​របប​លោក ហ៊ុន សែន បាន​បង្ក្រាប និង​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​ទៅលើ​ហ្វូង​បាតុករ​ជា​កម្មករ​-​កម្មការិនី ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល នៅ​ផ្លូវ​វេងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក់ជីន។ ហេតុការណ៍​ហិង្សា​នៅ​គ្រានោះ បាន​បណ្ដាល​ឱ្យ​កម្មករ ៤ នាក់​បាត់​បង់ជីវិត និង​ម្នាក់​ទៀត​បាត់​ខ្លួន ព្រមទាំង​ជិត ៤០​នាក់​ផ្សេងទៀត​រង​របួស។ បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ជាង ២០​នាក់ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជិត ៥ ខែ ដោយ​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម ច្រានចោល​ការ​លើកឡើង និង​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន នេះ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ​ចោល លោក ហ៊ីង សុខសាន្ត ថ្លែង​ថា លោក ហ៊ុន សែន កំពុងតែ​បិទបាំង​ទង្វើ​ទុច្ចរិត​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​លើ​គណបក្ស​សង្គ្រោះជាតិ និង​ពលរដ្ឋ កាល​ពី​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា បាតុកម្ម​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ជា​បាតុកម្ម​អហិង្សា ហើយ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ដំឡើង​ប្រាក់ខែ​របស់​ក្រុម​កម្មករ​-​កម្មការិនី​នោះ​ឡើយ។ លោក​យល់ថា ការ​ផ្សាភ្ជាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ក្រុម​កម្មករ​កាល​ពី​ដើម​ឆ្នាំ ២០១៤ នោះ គឺជា​ការ​គេចវេះ​ពី​ការទទួលខុសត្រូវ​របស់​លោក ហ៊ុន សែន និង​ក្នុង​បំណង​កេង​ចំណេញ​នយោបាយ​ពី​ក្រុម​កម្មករ​ប៉ុណ្ណោះ។

លោក ហ៊ីង សុខសាន្ត ថ្លែង​ទៀត​ថា លោក ហ៊ុន សែន ខ្លាច​មិន​ហ៊ាន​លេងល្បែង​ប្រជាធិបតេយ្យ​ជាមួយ​គណបក្សប្រឆាំង​ឡើយ ទើប​លោក​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ។ លោក​បន្ត​ថា ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​នេះ មិនមែន​ជា​ជ័យជំនះ​ពិតប្រាកដ​ឡើយ ប៉ុន្តែ​ជា​ជ័យជំនះ​បាន​មកពី​ការរំលោភ​សិទ្ធិ​ពលរដ្ឋ និង​បំពាន​ច្បាប់​ប៉ុណ្ណោះ៖ «បាតុកម្ម​សុទ្ធតែ​ក្រោម​រូបភាព​អហិង្សា ហើយ​ការដឹកនាំ​ធ្វើ​ម្តងៗ គឺ​យើង​សុទ្ធ​តែ​មាន​វិន័យ​ច្បាស់លាស់ មិនដែល​មានគំនិត​ទៅ​ប្រើ​ហិង្សា ដូច​ការ​លើកឡើង​ទេ ដូច្នេះ​សរុប​មក​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​នេះ គ្រាន់តែ​លេស​មួយ​ដើម្បី​បិទបាំង​នូវ​ទង្វើ​ព្រៃផ្សៃ​របស់​គាត់ ដែល​បាន​វាយ​ធ្វើបាប និង​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ទៅលើ​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់។ ទីពីរ អ្វី​ដែល​គាត់​លើកឡើង​នេះ ក្នុង​គោលបំណង​ដើម្បី​កេង​ចំណេញ​នយោបាយ ដើម្បី​យក​ប្រៀប​នយោបាយ​តែប៉ុណ្ណោះ នៅ​ពេល​គាត់​បាន​ធ្វើ​អំពើ​ដ៏​ព្រៃផ្សៃ​បែបនេះ​មក​លើ​គណបក្ស​សង្គ្រោះជាតិ»

ចំណែក ប្រធាន​សហភាព​សហជីព​កម្ពុជា អតីត​សមាជិក គ​.​ជ​.​ប លោក រ៉ុង ឈុន ក៏​អះអាង​ដែរ​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ មាន​គោលបំណង​ទាមទារ​ឱ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត ចំណែក​បាតុកម្ម​របស់​កម្មករ​-​កម្មការិនី​វិញ គឺ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ ដូច្នេះ​រឿង​ទាំងពីរ​នេះ​ត្រូវ​ញែក​ឱ្យ​ដាច់​ពី​គ្នា។ លោក​ជំរុញ​ឱ្យ លោក ហ៊ុន សែន ហ៊ាន​និយាយ​ការពិត​នៅ​ត្រង់​ចំណុច​នេះ និង​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់​បង្ក្រាប​លើ​ក្រុម​កម្មករ កាល​ពី​ពេល​កន្លង​ទៅ​នោះ៖ «មិន​ឃើញ​មាន​មេ​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដឹកនាំ​កម្លាំង​ទៅ​ឡោមព័ទ្ធ​ស្ថាប័នរដ្ឋ​ណាមួយ​ទេ គឺ​គ្មាន​នោះ​ទេ។ គ្រាន់តែ​សម្ដែង​មតិ​អហិង្សា​បំផុត ហើយ​បំណង​ចង់​រាប់​សន្លឹកឆ្នោត​ឡើងវិញ ហើយ​និង​ចង់​ធ្វើ​កំណែទម្រង់ គ​.​ជ​.​ប តែ​ប៉ុណ្ណឹង​ទេ។ នេះ​បើ​និយាយ​ពី​ផ្នែក​គណបក្ស​សង្គ្រោះជាតិ​។ ចំពោះ​ផ្នែក​សហជីព គោលបំណង​តែមួយគត់ គឺ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ តែប៉ុណ្ណោះ។ ប៉ុន្តែ​យើង​ឃើញ​ហើយ​ករណី​ផ្លូវ​វេងស្រេង​ហ្នឹង អ្នក​ដែល​ចេញ​បង្ក្រាប គឺ​កងកម្លាំងប្រដាប់អាវុធ អត់​មាន​អ្វី​ដែល​ថា មើល​មិន​ឃើញ​ទេ។ មាន​វីដេអូ​ដែល​កងកម្លាំង​ហ្នឹង​ឡើងលើ​ផ្ទះ​កម្មករ មើល​ទៅ​រូបភាព​សាហាវ​ឃោរឃៅ​ណាស់»

មក​ទល់​នឹង​ពេលនេះ គ្មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​នាំ​យក​មក​កាត់ទោស ឬ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​អាយុជីវិត​កម្មករ​ទាំង​នោះ​ឡើយ ដោយ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាត់​ទុក​ហេតុការណ៍​នេះ​ថា ជា​ការ​បង្ក្រាប​ក្រុម​ជន​អានាធិបតេយ្យ ខណៈ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ជាតិ​ចាត់ទុកថា នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments