![]() |
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដើរចូលទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិកាលពីខែ មិនា ឆ្នាំ ២០១៧។ ហុង មិនា |
នៀម ឆេង | ភ្នំពេញ-ប៉ុស្តិ៍ Publication date 31 January 2018 | 16:14 ICT
ភ្នំពេញៈ លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានចាប់ឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនកម្ពុជាវៀតណាម ចាប់តាំងពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» នោះ អាចនឹងត្រូវនាំខ្លួន មកចូលរួមសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់លោក នៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ស្អែកនេះ។ នេះបើយោងតាមប្រភពពាក់ព័ន្ធមួយចំនួន។
លោកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា បានបញ្ជាក់នៅថ្ងៃទី ៣១ ខែមករានេះថា លោកស្រីមិនបានទទួលព័ត៌មានផ្ទាល់ពីតុលាការទេ។
ប៉ុន្តែ លោកស្រីបញ្ជាក់ថា៖ «ព្រឹកមិញ (ថ្ងៃទី ៣១ ខែមករា) នេះ ភរិយារបស់គាត់ (លោក កឹម សុខា) បានទៅសួរសុខទុក្ខគាត់ ហើយគាត់បានប្រាប់ថា ខាងពន្ធនាគារ ឲ្យគាត់ត្រៀមខ្លួនទៅចូលរួមសវនាការនៅថ្ងៃស្អែក (ទី ១ ខែកុម្ភៈ)»។
លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាទ្ធរណ៍ មិនអាចទាក់ទងសុំការបញ្ជាក់ពីព័ត៌មាននេះបានទេ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានហ្វ្រេសញូវ ថា លោក កឹម សុខា នឹងត្រូវបញ្ជូនមកដល់សាលាឧទ្ធរណ៍នៅម៉ោង៧ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ ដើម្បីចូលរួមសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់លោក។
យោងតាមទំព័រហ្វេសប៊ុករបស់លោក កឹម សុខា ក៏បានបញ្ជាក់ដែរថា៖ «តាមដំណឹងជាផ្លូវការ បានឲ្យដឹងថា លោក កឹម សុខា នឹងមកដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ នាម៉ោង ៨ ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការបណ្តឹងនៅក្រៅឃុំ»។
ទោះយ៉ាងណា លោក ភិន យ៉ាន ប្រធានពន្ធនាគារត្រពាំងថ្លុង ឬ មណ្ឌលអប់រំកែប្រែ ម៣ ដែល លោក កឹម សុខា ត្រូវបានឃុំខ្លួននៅទីនោះ បានបដិសេធថា លោកមិនបានទទួលគោលការណ៍ពីតុលាការឲ្យនាំលោក កឹម សុខា ទៅចូលរួមសវនាការនៅថ្ងៃទី ១ ខែកុម្ភៈនេះទេ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments