អង្គភាពប្រឆាំងអំពើពុករលួយគ្រោងនឹងរៀបចំសិក្ខាសាលាមួយជាមួយអ្នកសារព័ត៌មាន នៅថ្ងៃ ទី ២៥ ខែធ្នូ ដើមសប្ដាហ៍ក្រោយនេះ។
នេះគឺជាគម្រោងជួបជាមួយអ្នកសារព័ត៌មានលើកដំបូងបង្អស់ តាំងពីអង្គភាពប្រឆាំងអំពើពុករលួយក្រោមការគ្រប់គ្រងរបស់លោក ឱម យ៉ិនទៀង ដែលជាមន្ត្រីជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្កើតឡើងជាផ្លូវការ កាលពីឆ្នាំ២០១០ តាមរយៈច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២០ ធ្នូ ថា ប្រធានបទនៃសិក្ខាសាលានេះ គឺ “អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ” តែគោលបំណង និងរបៀបវារៈនៃសិក្ខាសិលានេះ មិនត្រូវបានលោកទម្លាយឱ្យដឹងនោះទេ។
សិក្ខាសាលានេះនឹងបើកទូលាយសម្រាប់អ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារតាមស្ថាប័ននីមួយៗ និងស្ថាប័នដែលក្រសួងព័ត៌មានបានលុបឈ្មោះចោលកាលពីពេលថ្មីៗ នេះ។
អង្គភាពប្រឆាំងអំពើពុករលួយនឹងទទួលចុះឈ្មោះអ្នកសារព័ត៌មាន ដែលមានបំណងចូលរួមក្នុងកម្មវិធីនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ធ្នូ ខាងមុខ។ អ្នកសារព័ត៌មានអាចទៅចុះឈ្មោះចូលរួមកម្មវិធីនេះបាន នៅអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់ ឬទាក់ទងទៅមន្ត្រីនៃអង្គភាពមួយនេះ។
អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នរដ្ឋមួយ ដែលអ្នកសារព័ត៌មានភាគច្រើននាំគ្នាត្អូញត្អែរថា ជាស្ថាប័នពិបាកទាក់ទងសុំព័ត៌មាន ឬសម្ភាស។ ជាពិសេសលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពតែម្ដង គឺលោកនឹងមិនលើកទូរស័ព្ទណា ដែលលោកមិនស្គាល់លេខឡើយ ឬបើលោកលើកទូរស័ព្ទ គឺលោកនឹងចាប់ផ្ដើមដំបូងដោយការស្ដីបន្ទោសអ្នកសារព័ត៌មាន។ លោកជាមន្ត្រីសាធារណៈមួយរូប ដែលតែងតែសួរបក និងឆាប់ខឹង ពេលអ្នកសារព័ត៌មានសួរសំណួរដែលពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ហ៊ុន សែន ទាក់ទងនឹងរឿងអំពើពុករលួយ។
លើសពីនេះទៅទៀត អង្គភាពប្រឆាំងអំពើពុករលួយតែងរងការរិះគន់ពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ ទាក់ទងនឹងការបំពេញមុខងាររបស់ខ្លួន។ នោះគឺជាការមិនអើពើស៊ើបអង្កេត រឿងអាស្រូវពុករលួយធំៗ មានជាអាទិ៍ អាណាចក្រជំនួញគ្រួសារត្រកូលហ៊ុន ការរកស៊ីខុសច្បាប់របស់ក្រុមអ្នកមានអំណាច និងករណីបាត់លុយខ្សាច់ជិត ៨ រយលានដុល្លារជាដើម។ ផ្ទុយទៅវិញ ស្ថាប័ននេះបែរជាចាត់ការយ៉ាងលឿនរហ័សទៅលើករណីដែលពាក់ព័ន្ធនឹងរឿងនយោបាយទៅវិញ ដូចជា ការចាត់វិធានការលើមន្ត្រីសិទ្ធិមនុស្សអាដហុក (Adhoc) និងមន្ត្រី គ.ជ.ប ហើយករណីចុងក្រោយ គឺការតម្រូវឱ្យមន្ត្រីជាន់ខ្ពស់ និងក្រុមប្រឹក្សាឃុំសង្កាត់រាប់ពាន់នាក់របស់គណបក្សសង្គ្រោះជាតិ ប្រកាសទ្រព្យសម្បត្តិក្រោយពេលដែលបក្សរបស់ពួកគេត្រូវបានរំលាយទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments