ក្រសួងព័ត៌មានកម្ពុជាបានការពារការបង្ក្រាបរបស់ខ្លួន លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ទៅឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយជាសាធារណៈ ដោយចៃដន្យ កាលពីថ្ងៃទី២៣ វិច្ឆិកា បានបញ្ជាក់ថា ពីការបិទស្ថានីយវិទ្យុចំនួន២១ ដែលផ្សាយវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងកម្មវិធីគណបក្សប្រឆាំង ដោយសារតែបញ្ហាអាជ្ញាប័ណ្ណ ចំណែកការបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយសារបង់ពន្ធ ចំនួន៦លានដុល្លារ។
កាសែតភ្នំពេញប៉ុស្តិ៍ ផ្សាយថា ឯកសារផ្សាយកាលពីថ្ងៃទី២៣ វិច្ឆិកា នេះ ត្រូវបានចុះផ្សាយ នៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងគេហទំព័ររបស់ក្រសួងព័ត៌មាន ប៉ុន្តែឯកសារទាំងនេះត្រូវបានដកចេញវិញ ក្រោយពីអ្នកយកព័ត៌មានទូរស័ព្ទសួរបញ្ជាក់ជុំវិញសេចក្ដីថ្លែងការណ៍នោះ។
ឯកសាររបស់រដ្ឋាភិបាលកម្ពុជាទៅកាន់អង្គការសហប្រជាជាតិ បានសរសេរថា រដ្ឋាភិបាលកម្ពុជាមិនបានប្រើច្បាប់ ជាមធ្យោបាយក្នុងការរឹតបន្តឹង ឬបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនោះទេ។ ឯកសារនោះក៏បានបដិសេធអំពីការបិទស្ថានីយវិទ្យុដោយគ្មានការជូនដំណឹង ឬព្រមានជាមុន។
ឯកសាររបស់រដ្ឋាភិបាលកម្ពុជាមួយនេះសរសេរបន្តថា សេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលពាក់ព័ន្ធមួយចំនួន ។ ជាងនេះទៅទៀត កម្ពុជាមានការរីកលូតលាស់ខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងវឌ្ឍនភាពនៃវិស័យព័ត៌មាន។ ទោះបីជាយ៉ាងក៏ដោយ ការបិទវិទ្យុអាស៊ីសេរី និងសារព័ត៌មានឯករាជ្យធ្វើឡើងមុនពេលការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បណ្ដាលឲ្យមានចម្ងល់ថា ការបិទការផ្សាយវិទ្យុ និងសារព័ត៌មានឯករាជពាក់ព័ន្ធនឹងរឿងនយោបាយ។
ការធ្វើទុក្ខបុកម្នេញ អ្នករាយការណ៍ព័ត៌មាននៅតែបន្តកើតមានឡើង។ សមត្ថកិច្ចកាលពីដើមខែវិច្ឆិកា បានចាប់ខ្លួនអតីតអ្នករាយការណ៍អាស៊ីសេរីពីរនាក់ ពីបទលួចព័ត៌មានឲ្យបរទេស ហើយចៅក្រមបានចោទប្រកាន់ និងឃុំខ្លួន ទោះបីអតីតអ្នករាយការណ៍អាស៊ីសេរីទាំងពីរនាក់បានបដិសេធក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments