មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា បានចេញផ្សាយឃ្លិបវីដេអូថ្មីមួយស្ដីអំពីសិទ្ធិសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី។ វីដេអូនេះមានគោលបំណងអប់រំបង្កើនការយល់ដឹងអំពីសេរីភាពមូលដ្ឋានសំខាន់មួយ ដែលធានាក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងកាតិកសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម។
ឃ្លិបវីដេអូនេះមានរយៈពេលជាង ៥នាទី បានរៀបរាប់អំពីនីតិវិធីធ្វើបាតុកម្មដោយអហិង្សា រួមមានការជួបជុំផ្សេងៗ ដូចជា ពាក់ព័ន្ធវិវាទការងារ សិក្ខាសាលា សាសនា សិល្បៈ វប្បធម៌ជាដើម មិនត្រូវជូនដំណឹងទៅអាជ្ញាធរឡើយ ប៉ុន្តែប្រសិនបើការជួបជុំគ្នាតវ៉ា ឬទាមទារណាមួយទើបត្រូវជូនដំណឹង។ លោកអ្នកនាងអាចទស្សនាវីដេអូនេះ នៅលើគេហទំព័រយូធូប cchrcambodia។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញរបាយការណ៍សង្ខេបមួយស្ដីអំពីការរឹតត្បិតផ្សេងៗរបស់អាជ្ញាធរទៅលើសកម្មភាពនានា ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីឆ្នាំ២០១៦។ ក្នុងចំណោមខេត្តក្រុងទូទាំងប្រទេស មានខេត្តក្រុងសរុបចំនួន៧ ត្រូវបានអាជ្ញាធរហាមឃាត់។
ក្រុងភ្នំពេញ និងខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរហាមឃាត់ពលរដ្ឋមិនឱ្យដើរហែក្បួន។ ខេត្តកោះកុង ខេត្តកំពត និងខេត្តតាកែវ អាជ្ញាធរមិនអនុញ្ញាតឱ្យពលរដ្ឋរៀបចំទិវាឡើយ។ ខេត្តបន្ទាយមានជ័យ អាជ្ញាធរបានព្រមានពលរដ្ឋមិនឱ្យចូលរួមព្រឹត្តិការណ៍នោះទេ ដោយអះអាងថា ព្រឹត្តិការណ៍នោះរៀបចំឡើងដោយបក្សប្រឆាំង និងខេត្តស្វាយរៀង មន្ត្រីនគរបាលបានរារាំងមិនឱ្យប្រារព្ធពិធីនោះទេ ដោយជំរុញឱ្យសុំលិខិតអនុញ្ញាតបន្តទៀត បើទោះបីជាមានលិខិតអនុញ្ញាតរួចហើយក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments