ប្រជាពលរដ្ឋនៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បារម្ភថា ប្រសិនបើស្ថានភាពទឹកជំនន់ស្ទឹងសែនបន្តឡើងទៀត នឹងបណ្ដាលឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់។ ក្តីបារម្ភនេះ បន្ទាប់ពីស្ថានភាពទឹកស្ទឹងសែនបានហក់ឡើងខ្ពស់នៅប៉ុន្មានថ្ងៃនេះ ធ្វើឲ្យស្រូវប្រាំងរបស់ពលរដ្ឋប្រមាណ ២ពាន់ហិកតាររងផលប៉ះពាល់។ អាជ្ញាធរខេត្តកំពង់ធំ បញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសែន នៅមិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយ ហើយពួកគេកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។
ពលរដ្ឋនៅឃុំក្ដីដូង បារម្ភថា ប្រសិនបើស្ថានភាពទឹកជំនន់ស្ទឹងសែនបន្តឡើងទៀត ស្រូវប្រាំងរងផលប៉ះពាល់កាន់តែច្រើន ម្យ៉ាងនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់តែម្តង។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក៏បានផ្សព្វផ្សាយប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងស្វែងរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសនៅពេលទឹកលិចភូមិដ្ឋាន និងសម្រាប់រក្សាទុកសត្វពាហនៈ គេចផុតពីការលិចលង់ ជាដើម។
ពលរដ្ឋនៅឃុំក្ដីដូង លោក ផូ សង្ហា មានប្រសាសន៍ថា ពួកគាត់ដែលរស់នៅផ្នែកខាងក្រោមដងស្ទឹងសែន កំពុងប្រឈមការខូចខាតស្រូវប្រាំងរាប់ពាន់ហិកតារ ហើយស្ថានភាពទឹកនៅតែកើនឡើងខ្លាំងប៉ុន្មានថ្ងៃមកនេះ។ លោកបន្តថា ទឹកស្ទឹងចាប់ផ្ដើមសម្រុកឡើងខ្លាំងចាប់ពីថ្ងៃទី២២ កក្កដា បណ្ដាលឲ្យស្រូវប្រាំងរបស់ពលរដ្ឋលិចលង់ ហើយអ្នកភូមិបង្ខំចិត្តច្រូតទាំងខ្ចីទាំងទុំ ព្រោះខ្លាចខូចខាតកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ មិនតែប៉ុណ្ណោះ ពលរដ្ឋត្រូវប្រជែងគ្នាដើម្បីបានជួលម៉ាស៊ីនច្រូតស្រូវរៀងៗខ្លួនទៀតផង៖ «ធម្មតាអ្នកស្រែតែងយកលុយអង្គការអ៊ីចឹងទៅ ដើម្បីមកធ្វើដើមទុនធ្វើស្រូវប្រាំង ព្រោះស្រូវប្រាំងត្រូវការដើមទុនច្រើន មិនដូចស្រូវវស្សាទេ»។
ពលរដ្ឋដដែលបញ្ជាក់ថា ទឹកស្ទឹងសែននឹងអាចហក់ឡើងបន្តទៀត ហើយស្រូវប្រាំងរបស់ពួកគាត់នឹងខូចខាតកាន់តែធ្ងន់ធ្ងរ។ លោកឲ្យដឹងថា ពលរដ្ឋកំពុងស្វែងរកទីទួលសុវត្ថិភាពបណ្ដើរៗ ដើម្បីទប់ទល់ស្ថានភាពទឹកជំនន់នេះ ម្យ៉ាងការពារទ្រព្យសម្បត្តិ និងជាកន្លែងសម្រាប់សត្វគោក្របីផង។
ជំទប់ទី២ ឃុំក្ដីដូង លោក ជូ ភី ឲ្យដឹងថា អាជ្ញាធរឃុំកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់មួយនេះ និងធ្វើរបាយការណ៍ពីផលប៉ះពាល់ដើម្បីរាយការណ៍ទៅមន្ត្រីពាក់ព័ន្ធ។ លោកអះអាងថា ក្នុងចំណោមភូមិចំនួន៤ នៅឃុំក្ដីដូង គឺមានពលរដ្ឋនៅភូមិចំនួនបីដែលរងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងសែន លិចស្រូវប្រាំងរបស់ពួកគាត់ ហើយលោកប៉ាន់ប្រមាណថា ស្រូវប្រាំងរបស់អ្នកភូមិប្រហែល ២ពាន់ហិកតារកំពុងរងផលប៉ះពាល់៖ «ប្រសិនបើទឹកហ្នឹងនៅតែឡើង ខ្ញុំគិតថានឹងប៉ះពាល់ដល់សត្វ និងមនុស្សទៅទៀត»។
ជំទប់ឃុំរូបនេះបន្ថែមថា ផែនការបន្តទៀត ទាំងអាជ្ញាធរឃុំ និងមេភូមិទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានបញ្ហាប្រឈមមួយនេះ។
ខេត្តកំពង់ធំ មានក្រុងមួយ និងស្រុកចំនួន៣ ដែលនៅជាប់ដងស្ទឹងសែន គឺស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍នៅថ្ងៃទី២៧ កក្កដា ថា កម្ពស់ទឹកស្ទឹងសែននៅមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ ហើយស្ថានភាពទឹកឡើងយឺត ព្រោះកម្ពស់ទឹកបឹងទន្លេសាបនៅទាប បណ្ដាលឲ្យទឹកហូរលឿន។ យ៉ាងនេះក្តី លោកបារម្ភថា ទឹកនឹងអាចឡើងក្នុងរយៈពេល ២ថ្ងៃទៀត បើទោះបីជាទឹកស្ទឹងសែននៅផ្នែកខាងលើក្នុងខេត្តព្រះវិហារ ស្រកក៏ដោយ៖ «ជារួម ខ្ញុំបានជម្រាបជូនហ្នឹង។ ទីមួយ គឺអាជ្ញាធរខេត្តបានត្រៀមលក្ខណៈជួយបងប្អូនជម្លៀសបងប្អូនទៅកាន់ទីទួលសុវត្ថិភាព។ អានេះ យើងបានត្រៀមលក្ខណៈក្នុងករណីលិចភូមិរបស់បងប្អូន»។
អភិបាលខេត្តដដែលបញ្ជាក់ថា ការខូចខាតទ្រព្យសម្បត្តិ និងផលប៉ះពាល់ដីស្រែចម្ការ នៅមិនទាន់អាចវាយតម្លៃបានទេ ហើយក៏មិនទាន់មានសេចក្តីរាយការណ៍ថាមានមនុស្សស្លាប់ដោយទឹកជំនន់ដែរ ប៉ុន្តែបើមានការខូចខាតស្រូវពលរដ្ឋច្រើន អាជ្ញាធរខេត្តក៏បានត្រៀមពូជស្រូវមួយចំនួនផ្តល់ជូនពួកគាត់នៅក្រោយពេលទឹកស្រក។
ក្រៅពីត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋ និងបញ្ជាឲ្យអាជ្ញាធរស្រុកតាមដានស្ថានភាពទឹកជំនន់ ព្រមទាំងពិនិត្យស្ថានភាពរស់នៅដល់ពលរដ្ឋហើយ លោក សុខ លូ អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅជាប់ដងស្ទឹងសែន និងតំបន់ផ្សេងទៀត ប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗរបស់ខ្លួន។ បន្ថែមពីនេះ ត្រូវត្រៀមលក្ខណៈស្វែងរកទីទួលសុវត្ថិភាព និងសហការជាមួយអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ប្រសិនបើមានបញ្ហាប្រឈមកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments