១-ឧសភា-២០១៦៖ ព្រៃលិចទឹកនៅតំបន់អភិរក្សបឹងទន្លេឆ្មា ត្រូវបានភ្លើងឆេះ ឋិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ RFA/Saut Sokprathna |
ដោយ សូត សុខប្រាថ្នា RFA 2017-02-19
ប្រជាពលរដ្ឋរស់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បារម្ភចំពោះការរុករាន និងឈូសឆាយដីព្រៃលិចទឹកជាថ្មីទៀត បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេល។ ក្តីបារម្ភនេះ បន្ទាប់ពីព្រៃលិចទឹកនៅតំបន់បឹងចំនួនពីរ គឺបឹងព្រះស្នែង និងបឹងពងចាប ត្រូវបានគេឈូសឆាយ និងចូលទៅកាប់រុករានអស់ជាច្រើនហិកតារ ដោយមិនទាន់មានការទប់ស្កាត់ពីមន្ត្រីជំនាញនៅឡើយ។ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បញ្ជាក់ថា នឹងបញ្ជូនមន្ត្រីរបស់ខ្លួនចុះពិនិត្យមើលបញ្ហានេះ។
ប្រជាពលរដ្ឋនៅឃុំកំពង់គោ ស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយចាត់វិធានការករណីឈូសឆាយ និងកាប់ទន្ទ្រានដីព្រៃលិចនៅតំបន់ដែលពួកគាត់រស់នៅ។
សំណើនេះ ធ្វើឡើងក្រោយពេលពលរដ្ឋនាំគ្នាចុះឃ្លាំមើលស្ថានភាពបទល្មើសនៅតំបន់បឹងព្រះស្នែង និងបឹងពងចាប ចាប់ពីថ្ងៃទី៧ កុម្ភៈ ឃើញមានបទល្មើសផ្សេងៗគ្នា។ បទល្មើសនៅតំបន់បឹងព្រះស្នែង ឃើញមានត្រាក់ទ័រចូលទៅឈូសឆាយដីព្រៃលិចទឹកជាង ១ហិកតារ។ ចំណែកនៅតំបន់បឹងពងចាប ឃើញមានសកម្មភាពពលរដ្ឋមកពីតំបន់ផ្សេងចូលទៅកាប់ទន្ទ្រានអស់ជាង ៤ហិកតារ និងនៅព្រឹកថ្ងៃទី១៨ កុម្ភៈ ឃើញត្រាក់ទ័រមួយគ្រឿងទៀតចូលឈូសឆាយនៅតំបន់បឹងព្រះស្នែង ម្តងទៀត ដែលឈូសឆាយអស់ព្រៃលិចទឹកប្រមាណ ៤០ម៉ែត្របួនជ្រុង។
ពលរដ្ឋនៅឃុំកំពង់គោ មួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ រៀបរាប់ថា ករណីឈូសឆាយ និងកាប់រានដីព្រៃលិចទឹក គឺមានពលរដ្ឋមកពីតំបន់ផ្សេង ដែលត្រូវបានគេជួលឲ្យចូលកាប់ទន្ទ្រានដីព្រៃក្នុង ១ហិកតារតម្លៃឈ្នួល ១លានរៀល។ ដោយឡែកត្រាក់ទ័ររុញដីវិញ គឺជួលក្នុង ១ម៉ោងតម្លៃ ១៥ម៉ឺនរៀលទៅ ២០ម៉ឺនរៀល៖ «ខ្ញុំបារម្ភដែរ ទីមួយវាបំផ្លាញព្រៃឈើ ម្យ៉ាងទៀតមច្ឆាអីវារស់នៅមិនបាន ដូចជាសត្វព្រៃសត្វអី វារស់នៅអត់បាន»។
ដីព្រៃលិចទឹកសហគមន៍នេសាទសាមគ្គីកំពង់គោ មានទំហំជាង ២ពាន់ហិកតារ។ ព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទ និងក្រៅដែនសហគមន៍មួយនេះ កាលពីខែមីនា ឆ្នាំ២០១៦ ត្រូវបានភ្លើងឆេះអស់ប្រមាណ ១០០ហិកតារ។ កាលណោះក៏មានសេចក្តីរាយការណ៍ថា បទល្មើសឈូសឆាយព្រៃលិចទឹកតំបន់បឹងព្រះស្នែង គឺកើតមានជាច្រើនហិកតារដែរ។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មានប្រសាសន៍នៅថ្ងៃទី១៨ កុម្ភៈ ថា បទល្មើសឈូសឆាយ និងកាប់រានដីព្រៃលិចទឹក គឺកើតមាននៅតំបន់បឹងរៀល ក្នុងស្រុកកំពង់ស្វាយ ដូចគ្នា ហើយមន្ត្រីជំនាញក៏បានចាត់វិធានការហើយដែរ ប៉ុន្តែករណីនេះលោកនៅមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។ យ៉ាងនេះក្តី លោកថានឹងបញ្ជូនមន្ត្រីរបស់ខ្លួនចុះពិនិត្យបញ្ហានេះតែម្តង។ លោកបញ្ជាក់ថា ជុំវិញស្ថានភាពបទល្មើសនេសាទវិញ នៅខេត្តកំពង់ធំ បច្ចុប្បន្ន គឺថយចុះច្រើន៖ «បាទ! ថយចុះច្រើនបង ព្រោះកម្លាំងហ្នឹងគឺប្រើកម្លាំងបញ្ជាការឯកភាពខេត្តហ្នឹង គឺចុះធ្វើជាប្រចាំ»។
លោក ប៉ែន វណ្ណរិទ្ធ អះអាងថា រយៈពេលជាង ១ខែដើមឆ្នាំ២០១៧ មន្ត្រីជំនាញ និងអាជ្ញាធរបង្ក្រាបបទល្មើសប្រមាណ ២៧០ករណី។ បទល្មើសទាំងនោះដូចជា របាំងសាច់អួន ឬរបាំងលបណររ៉ាវ របាំងស្បៃមុង ឆ្នុក និងឧបករណ៍ឆក់ ព្រមទាំងបញ្ជូនជនសង្ស័យចំនួន ១៧នាក់ទៅតុលាការ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញូង សាមឿន មានប្រសាសន៍ថា ការកាប់រុករាន និងឈូសឆាយដីព្រៃលិចទឹក គឺជាសកម្មភាពផ្ទុយទៅនឹងច្បាប់ជលផល។ បន្ថែមពីនេះ លោកមើលឃើញថា ពលរដ្ឋក្រីក្រភាគច្រើនក្លាយជាជនរងគ្រោះ ដោយសារអ្នកមានប្រាក់ ឬមានអំណាចដែលបានជួលពួកគេឲ្យប្រព្រឹត្តបទល្មើសជំនួស ដូចជាជួលទៅកាប់រុករានដីព្រៃលិចទឹក ឬកាប់ព្រៃឈើ៖ «គាត់បង្ខំចិត្តបើទោះបីជាដឹងថាខុសទៅនឹងច្បាប់ក៏ដោយ ដោយសារតែជីវភាពក្រីក្រ»។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ បានកំណត់ផ្ដន្ទាទោសបទល្មើសថ្នាក់ទី១ ត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំទៅ ៥ឆ្នាំ និងរឹបអូសវត្ថុតាងដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន កាប់ឆ្ការ ឬឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ប្រើឧបករណ៍នេសាទទំនើប ឬឧបករណ៍នេសាទបង្កើតថ្មី និងនេសាទជាលក្ខណៈឧស្សាហកម្មក្នុងរដូវបិទនេសាទ ជាដើម៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments