RFA | ខ្មែរ​ក្រៅ​ស្រុក​ថ្កោលទោស​លោក ហ៊ុន សែន ដែល​ច្បាម​យក​អំណាច​មក​គ្រប់គ្រង​ទាំង​ឪពុក និង​កូន | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ប្រកាស​ថ្កោលទោស​លោក ហ៊ុន សែន ដែល​យក​អំណាច​កំពូល​នៃ​ស្ថាប័ន​របស់​ជាតិ មក​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ​គ្រួសារ​ត្រកូល ហ៊ុន។ ប្រតិកម្ម​នេះ ក្រោយ​ពេល លោក ហ៊ុន សែន ប្រកាស​ត្រៀម​ធ្វើ​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា និង​គ្រោង​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​រិះគន់​ថា លោក ហ៊ុន សែន កំពុង ដឹកនាំ​ប្រទេស​កម្ពុជា ដូច​ទៅ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង (North Korea)

ពលរដ្ឋ​រស់នៅ​ប្រទេស​ជប៉ុន (Japan) លោកស្រី ណិត បូរ៉ា និយាយ​ថា នៅ​ពេល​លោកស្រី​ឃើញ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ច្បាម​យក​ស្ថាប័ន​កំពូលៗ របស់​ជាតិ​មក​គ្រប់គ្រង​ដូច្នេះ​ធ្វើ​ឱ្យ​លោកស្រី ខ្មាស​ប្រទេស​ជិត​ខាង។ លោកស្រី ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេសកូរ៉េ​ខាង​ជើង​ទេ។ លោកស្រី ប្រកាស​ថ្កោលទោស លោក ហ៊ុន សែន ដែល​រៀបចំ​ចាត់ចែង​ឱ្យ​កូនៗ របស់​ខ្លួន​គ្រប់គ្រង​រដ្ឋាភិបាល ចំណែក​រូប​លោក​ទៅ​គ្រប់គ្រង​ស្ថាប័ន​ព្រះមហាក្សត្រ​ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ។

លោកស្រី ណិត បូរ៉ា៖ «ខ្ញុំ​សូម​ថ្កោលទោស​ដាច់​អហង្ការ ព្រោះអី​ដោយសារ​តែ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ហ្នឹង​អត់​មាន​សេរីភាព និង​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ចេញ​ពី​ការ​ជ្រើសរើស​របស់​ពលរដ្ឋ​ផង​ហ្នឹង​អ៊ីចឹង​យើង​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះអី​ការ​ដឹកនាំ ដូចជា ការ​លើក​បន្តុប ដូចជា ការ​រៀបចំ តែ​សែស្រឡាយ​បន្ត​គ្នា​តាម​កិច្ចការងារ​អ៊ីចឹង យើង​អត់​អាច​ទទួល​បាន​ទេ ព្រោះ​អី​ខ្មែរ​អត់​បាន​ជ្រើសរើស​អ្នក​ដឹកនាំ​ហ្នឹង​ផង​ខ្មែរ​អត់​បាន​បោះឆ្នោត​អត់​បាន​ចូលរួម​ដោយ​សេរី​ត្រឹមត្រូវ​ផង​ហ្នឹង»

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​ធ្វើ​ការងារ​សង្គម ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស អ្នកនាង លីម គីមស័រ លើក​ឡើង​ថា របៀប​គ្រប់គ្រង​អំណាច​របស់​គ្រួសារ លោក ហ៊ុន សែន បែបនេះ កំពុង​ធ្វើ​ឱ្យ​យុវជន ឬ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សមត្ថភាព បាត់បង់​ឱកាស​បម្រើ​ការងារ​ជូន​ប្រទេស​ជាតិ។ អ្នកនាង លីម គីមស័រ រិះគន់​ថា ពេល​នេះ​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កម្ពុជា ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ ក្លាយ​ជា​ប្រទេស​ផ្ដាច់ការ។ យុវជន​រូប​នេះ យល់​ថា ពេលនេះ ពលរដ្ឋ​ខ្មែរ ជាពិសេស យុវជន មិន​គួរ​នៅ​ស្ងៀម​ទុក​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ដូច្នេះ​ទេ។

លោកស្រី លីម គីមស័រ៖ «បើ​យើង​មើល​ទៅ​តំណែង​ហ្នឹង សឹងតែ​ខ្ពស់​ជាង​នាយក​រដ្ឋមន្ត្រី​ទៀត ព្រោះ​គាត់​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ​ឯ​ណោះ អ៊ីចឹង​បាន​ន័យ​ថា គាត់(លោក ហ៊ុន សែន) មិនមែន​គាត់​ចុះ​ចេញ​ពី​តំណែង​ទេ គាត់​ដំឡើង​តំណែង​ខ្លួន​ឯង អ៊ីចឹង​កាន់តែ​ព្រួយ​បារម្ភ​ជាង​មុន​ហើយ​ឥឡូវ​នេះ គឺ​យើង​លែង​ហៅ​ថា គ្រួសារ​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា ហើយ​គ្រួសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន វិញ​ហើយ ព្រោះ​បើ​យើង​មើល​ទៅ​ចង្កោម​ហ្នឹង គឺ​អត់​មាន​ប្រជាពលរដ្ឋ​ធម្មតា ដែល​គាត់​ឡើង​ទៅ​កាន់​អំណាច​ហ្នឹង​ទេ​សុទ្ធតែ​កូន​មេ​ដឹកនាំ​មុន​ដដែលៗ»

រីឯ​ពលរដ្ឋ​រស់នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) លោក ម៉េង លី សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ហ៊ាន​ច្បាម​យក​អំណាច​មក​គ្រប់គ្រង​បែប​នេះ ព្រោះ​លោក ហ៊ុន សែន មិន​យល់​ដឹង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ លោក​យល់​ថា នៅ​ក្នុង​ស្ថានភាព​ដូច្នេះ ពលរដ្ឋ​នៅ​ក្នុង​ស្រុក​មិន​អាច​ធ្វើ​សកម្មភាព​ណា​មួយ​ប្រឆាំង​នឹង​របៀប​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន បានទេ ប៉ុន្តែ លោក​យល់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​អ្នក​នយោបាយ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​មាន​សិទ្ធិ​សេរីភាព គួរ​នាំ​គ្នា​តវ៉ា​ទាមទារ នៅ​មុខ​អង្គការ​សហប្រជាជាតិ ឬ​ក៏​ទាមទារ​ទៅ​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​គិតគូរ​ពី​បញ្ហា​កម្ពុជា ឡើង​វិញ។

លោកស្រី លីម គីមស័រ៖ «ខ្ញុំ​ថា ត្រូវតែតំណាងរាស្ត្រខ្មែរដែលពីដើមជាប់ឈ្មោះកាលពីឆ្នាំ២០១៣ ហ្នឹង​ណា គាត់​នាំ​គ្នា​ទៅ​អង្គការ​សហប្រជាជាតិ គាត់​ប្រកាស​ថា គាត់​ឱ្យ​អង្គការ​សហប្រជាជាតិ​ដោះ​ស្រាយ​ប្រទេស​ខ្មែរ ពីព្រោះ​សព្វថ្ងៃ​នេះ​កំពុង​អនាធិបតេយ្យ​ណាស់ ហើយ​គាត់​ត្រូវ​ធ្វើ​កូដកម្ម​អត់​អាហារ​នៅ​កន្លែង​ហ្នឹង បាន​អន្តរជាតិ​គេ​បាន​មើល​ឃើញ​ច្បាស់ៗ តែ​ម្ដង ហើយ​យើង​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​យើង​នឹង​គាំទ្រ​អ្នក​នយោបាយ​ដែល​ធ្វើ​អ៊ីចឹង​ណា»

ពលរដ្ឋរស់នៅ​ក្រៅ​ប្រទេស​ប្រតិកម្ម​ដូច្នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ដែល​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជិត ៤០ឆ្នាំ​មក​នេះ ប្រកាស​ផ្ទេរ​តំណែង​នេះ​ទៅ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​ព័ត៌មាន​បែក​ធ្លាយ​ពី​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដែល​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន ម្នាក់ទៀត គឺ​លោក ហ៊ុន ម៉ានី ក៏​នឹង​ធ្វើ​ជា​រដ្ឋមន្ត្រី ក្រសួង​មុខងារ​សាធារណៈ​ផង​ដែរ រីឯ​កូន​ប្រុស​លោក ហ៊ុន សែន ម្នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានិត គឺ​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក ខណៈដែលកូនប្រុសទី២ របស់​លោក ហ៊ុន សែន រូប​នេះ មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ និង​ជា​នាយក​រង​ខុទ្ទកាល័យ​លោក ហ៊ុន សែន សមាជិក​ក្រុម​ប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC)

ចំណែក លោក ហ៊ុន សែន ក៏​មិន​សុខ​ចិត្ត​ដេក​ផ្ទះ​ក្រោយ​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ដែរ គឺ​លោក​នឹង​ឡើង​ទៅ​កាន់​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​អាច​បំពេញ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ។

ជុំវិញ​ប្រតិកម្ម​របស់​ពលរដ្ឋ​រស់នៅ​ក្រៅ​ស្រុក​ដូច្នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី២៧ ខែកក្កដា។

រីឯ លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ក្នុងខែសីហា ខាងមុខនេះ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី២៧ ខែកក្កដា​ថា លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក​បាន​ផ្ដាំ​លោក​ថា នៅ​ពេល​លោក​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ត្រូវ​តែ​ការពារ​ឱ្យ​ខាង​តែ​បាន​នូវ​សន្តិភាព ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ និង​ភាព​សុខសាន្ត​របស់​ប្រជាជន"។ លោក ហ៊ុន ម៉ាណែត ក៏​បាន​សន្យា​ទៅ​ឪពុក​លោក​ថា លោក​នឹង​ចងចាំ​ជា​និច្ច និង​ប្ដេជ្ញា​អនុវត្ត​បណ្ដាំ​របស់​លោក ហ៊ុន សែន ឱ្យ​បាន​ដាច់ខាត​នៅ​ក្នុង​គ្រប់​កាលៈទេសៈ។

ទោះយ៉ាងណាក្ដី អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា សន្តិភាព និង​ការ​អភិវឌ្ឍ ពិតប្រាកដ លុះ​ត្រា​តែ​កើត​ចេញ​ពី​រដ្ឋាភិបាល ដែល​មាន​ការ​បោះឆ្នោត ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​លោក​ថា លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នា​ពេល​ខាង​មុខ​នេះ គឺ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម។ ទាក់ទង​សារ​មុត​ស្រួច របស់​លោក ហ៊ុន ម៉ាណែត ពី​ការ​ប្ដូរផ្ដាច់​អនុវត្ត​បណ្ដាំ​របស់​លោក ហ៊ុន សែន អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់ថា លោក ហ៊ុន ម៉ាណែត ដែល​គ្រប់គ្រង​យោធា​ជិត​កន្លះ​ជីវិត​របស់​ខ្លួន​មក​ហើយ​នោះ អាច​នឹង​ដឹកនាំ​ប្រទេស​សាហាវ និង​ផ្ដាច់ការ​ជាង​លោក ហ៊ុន សែន ទៅ​ទៀត។

លោក គឹម សុខ៖ «គ្មាន​នរណា​ម្នាក់​សង្ឃឹម​ថា ហ៊ុន ម៉ាណែត នឹង​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ឪពុក​របស់​គាត់​ទេ ពីព្រោះ​គាត់​មាន​ស្នាដៃ​ជា​អ្នក​បង្កើត​ឧក្រិដ្ឋកម្ម​នយោបាយ ដឹកនាំ​បញ្ជាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បទ​ពិសោធន៍ ដែល​មិន​ការពារ​ជាតិ ប៉ុន្តែ​មេ​កងទ័ព​វាយ​ប្រជាពលរដ្ឋ​រហូត​ដល់​តំណាង​រាស្ត្រ ដូច្នេះ បទ​ពិសោធន៍ និង​គោល​នយោបាយ​បែប​នេះ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ដើរ​តាម​ឪពុក​អត់​មាន​អ្វី​ប្រសើរ​នោះ​ទេ សម្រាប់​ប្រទេស​កម្ពុជា»

ទន្ទឹម​នឹង​ពលរដ្ឋ​រិះគន់​ការ​ច្បាម​អំណាច​មក​គ្រប់គ្រង​នៃ​ឪពុក​កូន ត្រកូល ហ៊ុន ដូច្នេះ សហគមន៍​អន្តរជាតិ ដែល​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន មន្ត្រី​រដ្ឋាភិបាល​នៃ​របប​នេះ​ជា​បន្ត​បន្ទាប់។ ចំណែក​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ ទៀត រួម​មាន ប្រទេស​បារាំង (France) អង់គ្លេស (England) និង​អូស្ត្រាលី (Australia) ជា​ដើម​នោះ ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ការ​បោះ​ឆ្នោត កាល​ថ្ងៃ​ទី២៣ កក្កដា​ដែរ ហើយ​ពួក​គេ​ក៏​ប្រកាស​ចាត់ វិធានការ​ជាក់​លាក់​លើ​រដ្ឋាភិបាល​ថ្មី​ត្រកូល ហ៊ុន នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments