មេដឹកនាំអាស៊ីអាគ្នេយ៍ចាប់ផ្តើមប្រជុំនៅថ្ងៃព្រហស្បតិ៍ ដែលត្រូវបានគេរំពឹងថា នឹងនាំឱ្យទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រកបដោយមហិច្ឆតាមួយ ដែលគាំទ្រដោយប្រទេសចិន នៅពេលដែលលទ្ធផលនៃការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក នៅតែមិនប្រាកដប្រជា ដែលនាំឱ្យមានចម្ងល់អំពីការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ នេះបើតាមទីភ្នាក់ាងារព័ត៌មាន Reuters។ មេដឹកនាំនៃសមាគមអាស៊ាន ដែលមានសមាជិក ១០ ប្រទេស និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ គ្រោងនឹងបញ្ចប់ការពិភាក្សាស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP នៅថ្ងៃអាទិត្យនេះ។ កិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យ នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ានតាមអនឡាញ ដែលមានរយៈពេលបួនថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ នឹងចំណាយពេលច្រើនឆ្នាំទៀត ដើម្បីបញ្ចប់ ប៉ុន្តែនឹងបន្ថយពន្ធជាបន្តបន្ទាប់ នៅតាមតំបន់ជាច្រើន ហើយអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ ប្រទេសទាំង ១៥ ដែលបានចូលរួម គឺមានចំនួនប្រជាជនជិតមួយភាគបីនៃប្រជាជនពិភពលោក ហើយស្មើនឹង ២៩% នៃផលិតផលក្នុងស្រុកសរុបរបស់សាកល។ ប្រទេសចិន គឺជាប្រភពធំបំផុតនៃការនាំចូលនិងគោលដៅសម្រាប់ការនាំចេញរបស់សមាជិកកិច្ចព្រមព្រៀង RCEP នេះ។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសវៀតណាម ដែលជាប្រធាននៃកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ បានមានប្រសាសន៍ថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងផ្តល់កម្លាំងចលករសម្រាប់ពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសរវាងប្រទេសហត្ថលេខី»។ កិច្ចប្រជុំកំពូលនេះកើតឡើង ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ទោះបីជាលោក Joe Biden បេក្ខជនគណបក្សប្រជាធិបតេយ្យត្រូវបានព្យាករណ៍ថា ទទួលបានសំឡេងអង្គបោះឆ្នោតលើស ២៧០ ដែលត្រូវការសម្រាប់ការទទួលជ័យជម្នះក៏ដោយ។ លោក Biden ដែលជាអនុប្រធានាធិបតីក្នុងអំឡុងពេលមានគោលនយោបាយ «ងាកទៅរកអាស៊ី» (Pivot to Asia) របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នោះ ត្រូវបានគេរំពឹងថា នឹងងាកចេញពីរបៀបវារៈ «អាមេរិកជាអាទិភាព» (America First) របស់លោក Trump ហើយនឹងចូលរួមម្តងទៀតយ៉ាងសកម្មនៅក្នុងតំបន់នេះ៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Home
អាស៊ី - Voice of America
មេដឹកនាំអាស៊ីគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគាំទ្រដោយចិន ខណៈការបោះឆ្នោតនៅអាមេរិកនៅមិនប្រាកដប្រជា
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments