ប៉ុន្មានម៉ោងក្រោយអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៤រូប ត្រូវបានបណ្តេញចេញពីស្ថាប័នសភារបស់ទីក្រុងហុងកុងរួចមក សហការីរបស់ពួកគេចំនួន១៥នាក់ផ្សេងទៀត បានគោរពនូវការសន្យារបស់ខ្លួន ដោយបានលាលែងចេញពីតំណែងព្រមគ្នាតែម្តង នៅថ្ងៃពុធនេះ។ ការបណ្តេញលោក Alvin Yeung លោក Denis Kwok លោក Kwok Ka-ki និងលោក Kenneth Leung ចេញពីសភាទីក្រុងហុងកុង បានកើតមានឡើងភ្លាមៗ បន្ទាប់ពីគណៈកម្មាធិការនីតិប្បញ្ញតិ្តរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានសម្រេចថា រដ្ឋាភិបាលហុងកុង អាចបញ្ឈប់អ្នកតាក់តែងច្បាប់រូបណាម្នាក់ក៏បានដែរ ប្រសិនបើខ្លួនជឿជាក់ថា បុគ្គលរូបនោះ ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ទីក្រុងនេះ ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការនោះទេ។ អ្នកតាក់តែងច្បាប់ទាំង១៥នាក់នៃគណបក្សប្រឆាំងនោះ បានកាន់ដៃគ្នាក្នុងន័យសាមគ្គីភាព នៅពេលពួកគេជួបជុំគ្នាដើម្បីប្រកាសពីការលាលែងរបស់ពួកគេ នៅចំពោះមុខអ្នកសារព័ត៌មាន។ លោក Wu Chi-Wai ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង ក្នុងការបញ្ឈប់អ្នកតាក់តែងច្បាប់ទាំង៤រូបនោះ បានបង្ហាញពីការបញ្ចប់នៃទស្សនៈ «ប្រទេសមួយប្រព័ន្ធពីរ» ដែលកន្លងមកបានធានាស្វ័យភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ នៅក្រោមកិច្ចព្រមព្រៀងមុនពេលប្រទេសអង់គ្លេសប្រគល់ទីក្រុងហុងកុង ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគ្រប់គ្រងក្នុងឆ្នាំ១៩៩៧ នោះ។ ប្រធានប្រតិបត្តិក្រុងហុងកុងលោកស្រី Carrie Lam បានការពារនូវការបញ្ឈប់អ្នកតាក់តែងច្បាប់ទាំងបួនរូបនោះ នៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោកស្រីលើកឡើងថា៖ «យើងមិនអាចអនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សានីតិប្បញ្ញតិ្ត ដែលត្រូវបានវិនិច្ឆ័យដោយយោងតាមច្បាប់ ថាមិនអាចបំពេញតាមលក្ខខណ្ឌតម្រូវនានាដែលបានដាក់ចេញនោះ» ឲ្យបន្តបំរើការការងារក្នុងក្រុមប្រឹក្សានេះបានទៀតទេ។ ការបណ្តេញអ្នកតាក់តែងច្បាប់ទាំងបួនរូប និងការលាលែងព្រមៗគ្នារបស់សមាជិក១៥រូបផ្សេងទៀត ពីរដ្ឋសភាហុងកុងដែលមានអាសនៈសរុបចំនួន៧០នេះ នឹងបន្សល់ទុកតែក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តីលោកស្រី Carrie Lam បានទាត់ចោលនូវការយល់ឃើញដែលថា ក្រុមប្រឹក្សានីតិប្បញ្ញត្តិដែលជាសភាហុងកុងនេះ នឹងចុះថយនូវឥទ្ធិពលរបស់ខ្លួន ហើយគ្រាន់តែជាស្ថាបនប្រថាប់ត្រាបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ អ្នកតាក់តែងច្បាប់ដែលត្រូវបានបញ្ឈប់ទាំងនេះ គឺស្ថិតក្នុងចំណោមអ្នកតាក់តែងច្បាប់ចំនួន១២រូបផ្សេងទៀត ដែលត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោត ដែលពីដំបូងត្រូវគ្រោងធ្វើឡើងក្នុងខែកញ្ញាកន្លងទៅនេះ។ រដ្ឋាភិបាលក្រុងហុងកុង បានពន្យារពេលការបោះឆ្នោតរយៈពេលមួយឆ្នាំ ដោយលើកហេតុផលពីការរាតត្បាតនៃវីរុសកូរ៉ូណា៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Home
អាស៊ី - Voice of America
សមាជិកសភាហុងកុង១៥រូបដែលគាំទ្រប្រជាធិបតេយ្យ លាលែងពីតំណែងក្រោយសហការី៤រូបត្រូវបណ្តេញចេញ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments