តើ​មាន​អ្វី​កើត​ឡើង​បាន​ជា​ប្រទេស​ចិន​រាយការណ៍​ពី​ការ​កើនឡើង​នៃ​សកម្មភាព​ទ័ព​ផ្លូវ​អាកាស​របស់​សហរដ្ឋអាមេរិក​នៅ​ក្បែរ​ព្រំដែន​ខ្លួន?

By , Comment
Share on Facebook Tweet on Twitter
ក្រុម​អ្នក​វិភាគ​និយាយ​ថា កំណើន​ការ​បើក​យន្តហោះ​យោធា​អាមេរិក​ពី​លើ​សមុទ្រ​នានា​នៅ​ក្បែរ​ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នោះ​ ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ស្វែងយល់​ និង​បង្អាក់​ដល់​ការ​ពង្រីក​អំណាច​ចិន​នៅ​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះ។ ​ យន្តហោះ​ស៊ើបការណ៍​យោធា​អាមេរិក​បាន​ហោះ​ពី​លើ​ឆ្នេរ​សមុទ្រ​ចិន​ចំនួន​៦០ដង​នៅ​ក្នុង​ខែ​កញ្ញា ដែល​នេះ​ជា​ចំនួន​ច្រើន​ជាង​កាល​ពី​ខែកក្កដា ឬ​សីហា។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​អង្គការ​គំនិត​ផ្តួចផ្តើម​តាមដាន​ស្ថានការណ៍​យុទ្ធសាស្ត្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឬ South China Sea Strategic Situation Probing Initiative ដែល​ជា​អង្គការ​ស្រាវជា្រវ​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋ​ចិន។ នៅ​ពេល​ត្រូវ​បាន​ VOA ទាក់ទង​ទៅ លោក​វរសេនីយ៍ត្រី​ Randy Ready នៃ​យោធា​អាមេរិក ដែល​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​ទីបញ្ជាការ​ឥណ្ឌូប៉ាស៊ីហ្វិក​សហរដ្ឋ​អាមេរិក​បាន​ត្រឹម​តែ​និយាយ​ថា ការ​បើក​យន្តហោះ​នៅ​ក្បែរ​ចិន​ញឹកញាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រចាំ​ជាយូរ​មក​ហើយ។ គេហទំព័រ​របស់​អង្គការ​នេះ​និយាយ​ថា ភាគច្រើន​គឺ​ជា​ការ​ហោះ​ពី​លើ​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រជែង​អធិបតេយ្យភាព​លើ​សមុទ្រ​ដែល​មាន​ទំហំ​៣,៥ លាន​គីឡូម៉ែត្រ និង​សម្បូរ​ទៅ​ដោយ​ធនធាន​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ប្រទេស​នៅ​អាស៊ី​ចំនួន៥ ហើយ​លោក Michael Pompeo រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​ខែ​កក្កដា​ថា រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​អាច​ជួយ​រដ្ឋ​ដទៃ​ទប់ទល់​នឹង​ការ​ពង្រីក​អំណាច​របស់​ចិន​បាន។ លោក Sean King នាយករង​នៃ​ក្រុមហ៊ុន Park Strategies ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​នយោបាយ​នៅ​ក្នុង​ក្រុង​ញូវយ៉ក​បាន​និយាយ​ថា ​សកម្មភាពផ្លូវ​អាកាស​របស់​យោធា​សហរដ្ឋ​អាមេរិក​ជា​ការ​គាំទ្រ​ដល់​បទបញ្ជា​របស់​លោក Pompeo។ លោក King បាន​និយាយ​ថា លោកPompeo បាន​ហៅ​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ថា ខុស​ច្បាប់ ហើយ​ការ​បង្កើន​ការ​ហោះហើរ​នៅ​ឆ្នាំ​នេះ «អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ត្រូវ​បាន​ធ្វើ​ឡើង​ឱ្យ​ត្រូវ​នឹង​សេចក្តីថ្លែងការណ៍​គោលនយោបាយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ក្នុង​ខែ​កក្កដា ដែល​បាន​លើក​ឡើង​ថា ការ​ទាមទារ​ណា​មួយ​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺ​ជា​រឿង​ខុស​ច្បាប់»។ លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា អ្នក​បើក​យន្តហោះ​អាមេរិក​ប្រហែល​ជា​អាច​ដឹង​ពី​ក្តីបារម្ភ​កាន់​តែ​ខ្លាំង​ឡើងៗ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​អំពី​សកម្មភាព​ចិន​នៅ​លើ​អាកាស និង​នៅ​ក្រោម​ទឹក។​ លោក Huang បាន​និយាយ​ថា អ្នក​បើក​យន្តហោះ​អាច​តាមដាន​កប៉ាល់​ជ្រមុជ​ទឹក​ណា​មួយ​របស់​ចិន និង«ធ្វើ​ឱ្យ​ពួកគេ​ស្គាល់»សមុទ្រ​នេះ​ច្បាស់​ជាង​មុន។ លោក​បាន​បន្ថែមទៀត​ថា ចំណុច​សំខាន់​អាច​ជា​ដៃសមុទ្រ Luzon នៅ​ចន្លោះ​តៃវ៉ាន់ និង​កោះ Luzon របស់​ហ្វីលីពីន ដោយសារ​តែ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​មិន​មាន​សមត្ថភាព​ខ្លាំង​នៅ​ច្រក​ចូល​សមុទ្រ​ចិន​ខាង​ត្បូង ដូច​នៅ​សមុទ្រ​ចិន​ខាង​កើត​នោះ​ទេ។ ប្រទេស​ចិន​បាន​ព្រមាន​ប្រទេស​ដទៃ​ទៀត​ នៅ​ពេល​ខ្លួន​ពង្រីក​ការ​កាន់កាប់​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចាប់​ពីឆ្នាំ២០១០ ដល់​ឆ្នាំ២០១៧ ​ដោយ​បាន​ចាក់​បំពេញ​ដី​បង្កើត​ជា​កោះ​តូចៗ​សម្រាប់​គោលបំណង​រុករក​ធនធាន គោលបំណង​ស៊ីវិល និង​សម្រាប់​ផ្នែក​យោធា។ ប្រទេស​ចិន​មាន​សព្វាវុធ​ច្រើន​ជាង​ប្រទេស​ទាមទារ​ដែន​សមុទ្រ​ផ្សេង​ទៀត​ដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម។ លោកPompeo បាន​ចោទប្រកាន់​គណបក្ស​កុម្មុយនិស្ត​ដែល​ដឹកនាំ​ប្រទេស​ចិន​នៅ​ក្នុង​ខែ​តុលា​អំពី«ការ​កេងប្រវ័ញ្ច អំពើ​ពុករលួយ និង​ការ​បង្ខិតបង្ខំ» ចំពោះ​ទង្វើ​របស់​គណបក្ស​នេះ​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើក​ឡើង​ពី​កំណត់ត្រា​ប្រើប្រាស់​ផ្ទៃ​ទឹក​ដើម្បី​គាំទ្រ​ដល់​ការ​ទាមទារ​របស់​ខ្លួន​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ប្រមាណ​៩០%។ ក្នុង​ចំណោម​ជើង​ហោះហើរ​ទាំងអស់​របស់​សហរដ្ឋអាមេរិក ដែល​អង្គការ​ស្រាវជ្រាវ​ចិន​បាន​ឲ្យ​ដឹង​ថា បាន​ហោះ​កាត់​ផ្ទៃ​សមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​ខែ​តុលា អង្គការ​នេះ​បាន​រាយការណ៍​ថា ការ​ហោះហើរ​២/៣​បាន​សំដៅ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង។ របាយការណ៍​តាម​អ៊ីនធឺណិត​របស់​អង្គការ​នេះ​កាលពី​ថ្ងៃទី១២ ខែ​តុលា បាន​ឲ្យ​ដឹង​ថា យន្តហោះ​មួយ​ចំនួន​ត្រូវ​បាន​ក្លែង​ជា​យន្តហោះ​ម៉ាឡេស៊ី ឬ​ហ្វីលីពីន និង​ថា យន្តហោះ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បញ្ជូន​ទៅ​ដើម្បី «ធ្វើ​ចារកម្ម» លើ​ប្រទេស​ចិន។ លោកReady មិន​មាន​អត្ថាធិប្បាយ​លើ​ចំនួន​នៃ​ជើង​ហោះហើរ​នៅ​ក្នុង​ខែកញ្ញា ឬក៏​មូលហេតុ​នៃ​ការ​ហោះហើរ​នោះ​ទេ ក្រៅ​តែ​ពី​និយាយ​ថា ការ​ហោះហើរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រចាំ។ លោក Stephen Nagy សាស្ត្រាចារ្យជាន់​ខ្ពស់​ផ្នែក​ការ​សិក្សា​អន្តរជាតិ និង​នយោបាយ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ Christian នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ​បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​ចាប់អារម្មណ៍​លើ​បេសកកម្ម​របស់​សហរដ្ឋអាមេរិក​ដោយសារ​តែ​ខ្លួន​ចង់​ឱ្យ​សហរដ្ឋអាមេរិក​គិត​ថា សហរដ្ឋអាមេរិក​មិន​អាច​ឈ្នះ​សង្គ្រាម​តាម​អាកាស​ជាមួយ​នឹង​ចិន​នោះ​ទេ។ លោក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មាន​ផលប្រយោជន៍​ពី​ការ​ប្រយុទ្ធ បទពិសោធន៍​នៃ​ការ​ដាក់​ពង្រាយ​ទ័ព និង​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី ប្រសិន​បើ​ត្រូវ​ការ។ លោក Nagy បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បង្ហាញ​អំណាច​ទ័ព​អាកាស​របស់​ខ្លួន ដោយសារ​តែ «ខ្ញុំ​គិត​ថា ប្រទេស​ចិន​បាន​ព្យាយាម​បង្កើត​រឿងរ៉ាវ​ថា ការ​មាន​ជម្លោះ​ណា​មួយ​ជាមួយ​ចិន​អាច​ជា​ការ​ខាតបង់​ដ៏​ច្រើន​សម្រាប់​សហរដ្ឋអាមេរិក»។ លោក Ready បាន​និយាយ​ថា យន្តហោះ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បើក​ទៅ​គ្រប់​ទីកន្លែង​ដោយ​ស្រប​ច្បាប់ និង​បន្ត​ការ​ហោះហើរ​របស់​ខ្លួន​នៅ​តំបន់​អាស៊ី។ លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ខណៈ​ដែល​ទំហំ​នៃ​ប្រតិបត្តិការ​របស់​យើង​មាន​ភាព​ខុស​គ្នា​ដោយ​ផ្អែក​លើ​បរិយាកាស​ប្រតិបត្តិការ​បច្ចុប្បន្ន សហរដ្ឋអាមេរិក​មាន​វត្តមាន​យោធា​ជា​យូរ​មក​ហើយ​ និង​មាន​ប្រតិបត្តិការ​ជា​ប្រចាំ​នៅ​ទូទាំង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក រួម​ទាំង​នៅ​ផ្ទៃទឹក និង​នៅ​លំហ​អាកាសជុំវិញ​សមុទ្រ​ចិន​ខាង​កើត និង​សមុទ្រ​ចិន​ខាង​ត្បូង»។ លោក​បាន​ហៅ​សកម្មភាព​លើ​អាកាស​ថា​ជា៖ «ការ​បង្ហាញ​ជា​បន្តបន្ទាប់​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​តំបន់​អាស៊ី និង​ឆន្ទៈ​របស់​យើង​ក្នុង​ការ​ការពារ​សេរីភាព​ដែល​ត្រូវ​បាន​ការពារ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ»។ លោក Oh Ei Sun អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិង្ហបុរី​សម្រាប់​កិច្ចការ​អន្តរជាតិ​បាន​និយាយ​ថា ក្រុម​មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​អាច​យល់​ថា ការ​ហោះហើរ​ក្នុង​ខែ​កញ្ញា​ជា​សកម្មភាព​ជាប្រចាំ​របស់​ខ្លួន។ លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «អ្វី​ដែល​ចិន​អាច​ពិចារណា​ថា​មិន​ប្រក្រតី​អាច​នឹង​មិន​ត្រូវ​បាន​ភាគី​សហរដ្ឋអាមេរិក​យល់​ឃើញ​ដូចគ្នា​នោះ​ទេ»។ លោក Oh បាន​បន្ថែម​ថា ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែលទាមទារ​ដែន​សមុទ្រ​ចិន «ស្វាគមន៍» នូវ​ការ​កើន​ឡើង​នៃ​សកម្មភាពផ្លូវ​អាកាស​របស់​សហរដ្ឋអាមេរិក៕ http://ifttt.com/images/no_image_card.png

From អាស៊ី - Voice of America
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments