មន្ត្រីជំនាញខាងកសិកម្មអំពាវនាវដល់ពលរដ្ឋរស់នៅតាមខេត្តនានា ដែលនិយមធ្វើត្រីប្រហុក ឲ្យរូតរះមកធ្វើត្រីប្រហុក នៅតាមទីតាំងនីមួយៗ ឲ្យបានទាន់ពេល ព្រោះពេលនេះ ត្រីជាច្រើនប្រភេទ ពិសេសត្រីសម្រាប់ធ្វើប្រហុក បានចាប់ផ្ដើមត្រូវជាបណ្តើរៗ។ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក ថ្លែងថា ត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរជាដើម នៅតាមទន្លេសាប ឬតាមឡូត៍នេសាទនីមួយៗ ក្នុងរយៈពេល១ម៉ោង គឺអាចប្រមូលផលត្រីបាន ចន្លោះពី ៥០ ទៅ១០០គីឡូក្រាម ក្នុងប៉ុន្មានថ្ងៃមកនេះ។
ទោះយ៉ាងនេះក្តី លោក ណៅ ធួក ឲ្យដឹងថា តម្លៃត្រីប្រហុក នៅមានតម្លៃខ្ពស់ជាងកាលពីឆ្នាំមុន។ អ្នកពាក់ព័ន្ធនឹងវិស័យជលផលមួយចំនួនបានប៉ាន់ប្រមាណថា ទិន្នផលត្រីឆ្នាំនេះអាចនឹងថយចុះ និងមានតម្លៃខ្ពស់ ដោយសារទឹកទន្លេរាក់ ដែលមិនអាចឡើងលិចព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូនឲ្យច្រើននោះទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជា កំពុងរងនូវឥទ្ធិពលចុះត្រជាក់ខ្លាំង នៅតាមបណ្ដារាជធានីខេត្តមួយចំនួន នៅទូទាំងប្រទេសកម្ពុជា។
ប្រជានេសាទរស់នៅតំបន់ច្រាំងចំរេះ រាជធានីភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងរយៈពេលនេះត្រីបានចាប់ផ្ដើមត្រូវ និងធ្វើដំណើរចុះមកតាមខ្សែទឹកខាងក្រោមនៃទន្លេសាប នាំឲ្យការប្រមូលផលត្រីកាន់តែទទួលបានផលច្រើន។
ពួកគេថាប្រសិនបើអាកាសធាតុបានប្រែប្រួលទៅជាអួអាប់វិញ ឬមានភ្លៀងធ្លាក់កក់ខែ ពេលនោះត្រីនឹងមិនអាចចរាចរចុះមកខ្សែទឹកខាងក្រោមបាននោះទេ ដូច្នេះការប្រមូលផលនេសាទត្រីក៏នឹងមិនទទួលបានផលច្រើននោះដែរ។
ក្រុមប្រជាពលរដ្ឋបានទទួលស្គាល់ថា ត្រីប្រហុក និងត្រីច្រើនប្រភេទទៀត បានចាប់ផ្ដើមសម្បូរ និងបាននាំមកដាក់លក់ នៅតាមទីផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញ ប៉ុន្តែត្រីនៅតែមានតម្លៃ។
ពលរដ្ឋខ្លះនិយាយថា តម្លៃត្រីប្រហុក នៅមានតម្លៃខ្ពស់ មិនអាចឲ្យពួកគេមានថវិកាសម្រាប់ចំណាយលុយទៅទិញធ្វើត្រីប្រហុក ដើម្បីស្តុកទុកធ្វើអាហាររួមផ្សំ ឬផ្ញើទៅស្រុកកំណើតបាននៅឡើយទេ នៅពេលនេះព្រោះវានៅមានតម្លៃខ្ពស់នៅឡើយ។
ជារៀងរាល់ឆ្នាំនៅពេលដល់រដូវត្រីប្រហុកចាប់ផ្ដើមត្រូវ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋបាលជលផល តែងបានជូនដំណឹងជាបន្តបន្ទាប់ ទៅដល់ពលរដ្ឋ អំពីរដូវត្រីត្រូវ ដើម្បីត្រៀមខ្លួនមកធ្វើប្រហុក ផ្អក និងត្រីឆ្អើរជាដើម សម្រាប់ស្តុកទុកបរិភោគប្រចាំឆ្នាំ។
លោក ណៅ ធួក ឲ្យដឹងថា រដូវត្រីត្រូវនារដូវនេសាទឆ្នាំនេះ នៅតាមដងទន្លេសាប អ្នកនេសាទអាចចាប់ត្រី ឬរកត្រីបានច្រើន ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។ លោកអំពាវដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយបង្កភាពងាយស្រួល ដល់ការស្នាក់នៅ ឬការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលត្រីប្រហុក របស់ពលរដ្ឋមកពីតាមបណ្ដាខេត្តឆ្ងាយ នៅទូទាំងប្រទេសកម្ពុជា កុំឲ្យមានការរាំងស្ទះ ដោយប្រការណាមួយឲ្យសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments