គ្រួសារ​អ្នក​កាសែត​ពីរ​នាក់​អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​ឧត្ដរមានជ័យ​ដោះលែង​ប្ដី

By , Comment
Share on Facebook Tweet on Twitter
ដោយ ហង្ស សាវយុត RFA 2017-02-20

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) យល់​ថា តុលាការ​ខេត្ត​ឧត្តរមានជ័យ ដែល​សម្រេច​ឃុំ​ខ្លួន​អ្នក​កាសែត ២​នាក់​ជា​បណ្ដោះអាសន្ន ដោយ​ចោទ​ប្រកាន់​ពី​បទ​កំហែង​យក​ប្រាក់​ពី​ឈ្មួញ​រក​ស៊ី​ឈើ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ដូចនេះ នៅ​ក្រោយ​ពេល​ដែល​គេ​រក​ឃើញ​ថា អ្នក​កាសែត ២​នាក់​ក្នុង​ចំណោម​គ្នីគ្នា​ទាំងអស់ ៤​នាក់ មិន​បាន​ទៅ​កំហែង​យក​ប្រាក់​ពី​ឈ្មួញ​រក​ស៊ី​ឈើ​គ្រញូង​ទេ គឺ​ឈ្មួញ​ទៅ​វិញ​ទេ​ដែល​សូកប៉ាន់​ដើម្បី​បំបិទ​ព័ត៌មាន។

គ្រួសារ​របស់​អ្នក​កាសែត ២​រូប អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ដោះលែង​ប្ដី​របស់​គេ​ឲ្យ​មាន​សេរីភាព​វិញ។

គ្រួសារ​របស់​អ្នក​កាសែត​ទាំង​ពីរ​រូប បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​រួម​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជួប​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស បំណង​ពឹងពាក់​ឲ្យ​ជួយ​ជ្រោមជ្រែង​ផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​កុម្ភៈ។

ភរិយា​របស់​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​អ្នក​កាសែត ២​នាក់​ដែល​កំពុង​ជាប់​ឃុំ គឺ​លោកស្រី ញាណ ម៉ាលី។ លោកស្រី​មាន​ប្រសាសន៍​ថា ប្ដី​របស់​លោកស្រី​ឈ្មោះ សិញ សំឡី ត្រូវ​តុលាការ​ខេត្ត​ឧត្តរមានជ័យ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ។ លោកស្រី​បញ្ជាក់​ថា តាម​លោកស្រី​ស្ដាប់​ឮ​ប្ដី​និយាយ​ទូរស័ព្ទ​ទាក់ទង​គ្នា​មុន​ពេល​ចេញ​ពី​ផ្ទះ គឺ​មិន​បាន​គំរាម​ទារ​ប្រាក់​ពី​ឈ្មួញ​រក​ស៊ី​ឈើ​គ្រញូង​ទេ គឺ​ឈ្មួញ​ទៅ​វិញ​ទេ​ដែល​សូកប៉ាន់​ប្ដី​របស់​គាត់ ដោយ​ប្រាប់​ឲ្យ​ទៅ​យក​លុយ៖ «គ្នា​គាត់​ហ្នឹង​ទូរស័ព្ទ​ទៅ​ប្រាប់​ប្ដី​ខ្ញុំ​ថា គេ​បាន​ឃើញ​ឈើ​គ្រញូង​ចំនួន ៣​តោន​នៅ​ស្រុក​ត្រពាំងប្រាសាទ ហើយ​គ្នា​ប្ដី​ខ្ញុំ​នោះ​ក៏​ប្រាប់​ថា គេ​បាន​លុយ​ខ្លះ​ពី​ឈ្មួញ​ឈើ​នោះ​ហើយ»។

លោកស្រី ញាណ ម៉ាលី អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ដោះលែង​ប្ដី​របស់​គាត់​ឲ្យ​មាន​សេរីភាព​វិញ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សំ ច័ន្ទគា ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ឧត្តរមានជ័យ ត្រូវ​ចាប់​ខ្លួន​អ្នក​ជួញ​ឈើ​គ្រញូង​ផង កុំ​ឲ្យ​ចាប់​ខ្លួន​តែ​អ្នក​កាសែត៖ «លោក​ព្រះរាជអាជ្ញា​មិន​គួរ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​តែ​ភាគី​មួយ​ចំហៀង​ទេ គឺ​គួរ​តែ​ដាក់​ទណ្ឌកម្ម​លើ​ភាគី​អ្នក​ជួញ​ដូរ​ឈើ​គ្រញូង​ដែរ»។

ក្រុម​គ្រួសារ​របស់​អ្នក​កាសែត​ឲ្យ​ដឹង​ថា ឈ្មួញ​រក​ស៊ី​ឈើ​គ្រញូង​ខុស​ច្បាប់​នៅ​ឃុំ​ព្រះប្រឡាយ ស្រុក​ត្រពាំងប្រាសាទ ដែល​ប្ដឹង​ទៅ​សមត្ថកិច្ច​នោះ ឈ្មោះ នូវ សាន ជា​អ្នក​សកម្ម​ក្នុង​ការ​ទទួល​ទិញ និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង។

កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ សមត្ថកិច្ច​ស្រុក​ត្រពាំងប្រាសាទ បាន​ចាប់​ខ្លួន​អ្នក​កាសែត​ចំនួន ៤​នាក់​ឈ្មោះ សិញ សំឡី ជា​និពន្ធ​នាយក​សារព័ត៌មាន​វិមាន​ឯករាជ្យ លោក ស ធុច ជា​អ្នក​យក​ព័ត៌មាន​កាសែត​កោះ​ពេជ្រ លោក ប៉ាវ ទិតណារុង ជា​អ្នក​យក​ព័ត៌មាន​កាសែត​ខ្មែរ​ម្ចាស់​ស្រុក និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ និង​អង្គភាព។

បន្ទាប់​ពី​បញ្ជូន​ទៅ​តុលាការ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដោះលែង​អ្នក​កាសែត ២​នាក់ និង ២​នាក់​ទៀត ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ។

នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២០ កុម្ភៈ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គ្រោង​នឹង​នាំ​គ្រួសារ​របស់​អ្នក​កាសែត​ដែល​ជាប់​ឃុំ​ទាំង​ពីរ ទៅ​ជួប​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ការ​ដោះលែង។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ បាន​ទេ។

ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា ស្ថាប័ន​តុលាការ គឺ​ឯករាជ្យ ដែល​អាជ្ញាធរ​មិន​អាច​លូកលាន់​ការងារ​របស់​តុលាការ​បាន​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​កាសែត​កំពុង​ជាប់​ឃុំ​ទាំង​ពីរ​ដាក់​ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ការ​ដោះលែង នោះ​រូប​លោក​នឹង​ព្យាយាម​ពិភាក្សា​ជាមួយ​តុលាការ​ជុំវិញ​រឿង​នេះ៕

From KI Media - Khmer Intelligence
via_IFTTT

You Might Also Like

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments