អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែលធ្លាប់ប្រគល់ពានរង្វាន់ដល់សកម្មជនចលនាមាតាធម្មជាតិ បានធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់ លើការកាត់ទោសសកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិទាំង ១០នាក់ ដោយតុលាការក្រុងភ្នំពេញ ទៅកាន់អង្គប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដើម្បីរកយុត្តិធម៌ជូនពួកគេ។ សង្គមស៊ីវិល គាំទ្រសេចក្ដីថ្លែងការណ៍របស់អង្គការផ្ដល់ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ ថា មានអំណះអំណាងច្បាស់លាស់។
នេះជាលើកទី២ ហើយ ដែលអង្គការផ្ដល់ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត (Sweden) បានថ្លែងការណ៍ទៅកាន់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលើកយកករណីតុលាការក្រុងភ្នំពេញ កាត់ទោស និងចាប់ឃុំលើសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ដោយសារពួកគេប្រើសិទ្ធិរបស់ខ្លួន ដើម្បីការពារបរិស្ថាន។
នៅក្នុងសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី២៤ ខែតុលា មន្ត្រីតស៊ូមតិរបស់អង្គការ តុលាការក្រុងភ្នំពេញ (Right Livelihood) អ្នកស្រី ហ្វេដូរ៉ា ប៊ែរណាដ៍ (Fédora Bernard) បានស្នើទៅ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ឱ្យជជែកដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជា អំពីករណីចោទប្រកាន់ និងចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារ ដោយលោកស្រីអះអាងថា មានភាពអយុត្តិធម៌។ ទន្ទឹមគ្នានេះ មន្ត្រីផ្នែកតស៊ូមតិរូបនេះ ក៏បានចោទសួរទៅកាន់ លោក វិទិត មុនតាប៊ន អំពីវិធីដោះស្រាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល ដើម្បីស្វែងរកយុត្តិធម៌ចំពោះសកម្មជនការពារបរិស្ថាននៅកម្ពុជា។
អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា សកម្មជនចលនាមាតាធម្មជាតិ គួរតែទទួលបានការកោតសរសើរចំពោះសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិរបស់ខ្លួន ដោយមិនគួរទទួលបានការកាត់ទោស និងជាប់ពន្ធនាគារបែបនេះឡើយ។ អង្គការអន្តរជាតិមួយនេះ លើកឡើងទៀតថា អាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជា បានដំណើរការនីតិវិធីក្នុងតុលាការ ដោយគ្មានភស្តុតាងរឹងមាំ លាយឡំនឹងភាពមិនប្រក្រតី ហើយសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយហិង្សា មុននឹងយកទៅដាក់ក្នុងពន្ធនាគារ ដែលសកម្មភាពទាំងនេះ បានបង្ហាញទៅកាន់ពិភពលោកថា រដ្ឋាភិបាលកម្ពុជា លម្អៀងទៅរកផលប្រយោជន៍របស់ក្រុមហ៊ុនបរទេសធំៗ ជាជាងផ្ដោតលើប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួនឯង។
ទាក់ទិនរឿងនេះ សកម្មជនចលនាមាតាធម្មជាតិ លោកស្រី ស៊ុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែតុលា ថា ការអំពាវនាវរបស់អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) នឹងបង្ហាញកាន់តែច្បាស់ទៅកាន់ពិភពលោក ជាពិសេស រដ្ឋាភិបាលកម្ពុជាថា សហគមន៍អន្តរជាតិមិនគាំទ្រចំពោះការរំលោភសិទ្ធិមនុស្សឡើយ។
លោកស្រី ស៊ុន រដ្ឋា៖ «ដោយសារតែលោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅប្រទេសលោកសេរី អ៊ីចឹងលោកប្រាកដជាដឹងពីការលើកមុខមាត់ និងធ្វើយ៉ាងម៉េចអាចឈានជើងចូលទៅក្នុងប្រទេសលោកសេរីបាន។ សង្ឃឹមថា លោកនឹងយកចំណេះដឹង ក៏ដូចជា បទពិសោធន៍ក្នុងការរស់នៅប្រទេសសេរីហ្នឹង យកមកធ្វើការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា មិនមែនប្រើប្រាស់របៀបចាស់ៗ មកចាប់ចងយុវជនដូច្នេះទេ»។
កាលពីថ្ងៃទី៣០ ខែកក្កដា អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ ក៏ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសទៅលើប្រព័ន្ធតុលាការក្រុងភ្នំពេញ និងលើកយកការកាត់ទោសទាំងអយុត្តិធម៌ទៅលើសកម្មជនចលនាមាតាធម្មជាតិ ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥៦ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ម្ដងរួចមកហើយ។
ការថ្កោលទោសនេះគឺក្រោយពេលដែល តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា បានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០រូប ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ចន្លោះពី៦ ទៅ ៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្នុងនោះ សកម្មជន ៥នាក់ រួមមាន លោក លី ចាន់ដារ៉ាវុត, លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និងលោក យឹម លាងហ៊ី ត្រូវបាននគរបាលចាប់ខ្លួនយកទៅឃុំឃាំងក្នុងពន្ធនាគារនៅខេត្តដាច់ស្រយាលផ្សេងៗគ្នា ក្រោមមូលហេតុមិនច្បាស់លាស់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែតុលា។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់អង្គការផ្ដល់ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ទៅកាន់លោក វិទិត មុនតាប៊ន គឺមានអំណះអំណាងច្បាស់លាស់ ដោយផ្អែកទៅលើសិទ្ធិក្នុងការចូលរួមថែរក្សាបរិស្ថានរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ លោក អំ សំអាត ចាត់ទុកការផ្សព្វផ្សាយវីដេអូ របស់សកម្មជនមាតាធម្មជាតិនាពេលកន្លងមក គឺជាការចែករំលែកចំណេះដឹងផ្នែកបរិស្ថាន និងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ។
លោក អំ សំអាត៖ «បើខ្ញុំមើលទៅ ការណ៍ដែលបន្តឃុំខ្លួនទៅលើសកម្មជនបរិស្ថានហ្នឹង វាជាការណ៍មួយ ដែលមិនចំណេញសម្រាប់កម្ពុជាយើងទៅវិញទេ។ ប៉ុន្តែប្រសិនបើមានការដោះលែងទៅលើសកម្មជនបរិស្ថាន កម្ពុជានឹងទទួលផលចំណេញជាង ជាពិសេស គឺយើងឃើញថា កាត់បន្ថយនូវភាពតានតឹង ក៏ដូចជាការរិះគន់ទាក់ទងទៅនឹងការចាប់ឃុំខ្លួនសកម្មជនបរិស្ថាន»។
កាលពីឆ្នាំ២០២៣ សកម្មជនចលនាមាតាធម្មជាតិ ធ្លាប់ទទួលពានរង្វាន់កម្រិតអន្តរជាតិ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) របស់ប្រទេសស៊ុយអែត (Sweden) ចំពោះភាពក្លាហានរបស់ពួកគេ ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈការរាយការណ៍ពីអាជីវកម្មខ្សាច់ខុសច្បាប់ អាជីវកម្មជីករ៉ែមាស ដែលគ្មានសុវត្ថិភាព និងការបំពុលបរិស្ថានដោយមនុស្សជាដើម។ ពានរង្វាន់នេះមានតម្លៃប្រហាក់ប្រហែលនឹងពានរង្វាន់ណូបែលសន្តិភាព ជាពានរង្វាន់ដែលឱ្យតម្លៃទៅលើសមិទ្ធផល ការលះបង់ និងការតស៊ូរបស់បុគ្គល ឬក្រុមណាមួយដែលផ្ដល់ប្រយោជន៍ដល់សង្គម មនុស្សជាតិ និងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments