RFA | សកម្មជន​ចលនា​មាតា​ធម្មជាតិ​កំពុង​ជាប់​ឃុំ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​ហ៊ាន​ប្រឆាំង​ចំពោះ​ភាព​អយុត្តិធម៌ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ទោះ​ជា​រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​បំបាក់​ស្មារតី​យុវជន​យ៉ាង​ណា​ក្ដី។ ពួកគាត់​អះអាង​ថា ការ​ជាប់​ពន្ធនាគារ​គឺ​មិន​គួរ​ឱ្យ​ខ្លាច​ដូច​កម្ពុជា​ត្រូវ​បាត់បង់​ធនធាន​ធម្មជាតិ និង​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។

បើ​ទោះ​ជា​បាត់បង់​សិទ្ធិ​សេរីភាព​ដោយសារ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្ដី ក៏​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​តែ​មាន​ឆន្ទៈ​មោះមុត និង​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន ហើយ​ចង់​ឃើញ​យុវជន​ជំនាន់​ក្រោយ​ចេះ​រួបរួម​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ។

ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៨ ខែ​តុលា ថា លោកស្រី​បាន​ទៅ​សួរ​សុខទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ កាល​ពីថ្ងៃទី២៧ តុលា ដោយ​បាន​ឃើញ​ស្ថានភាព​សុខភាព​ប្ដី​លោកស្រី​នៅតែ​រឹងមាំ។ លោកស្រី​បន្ត​ថា ប្ដី​លោកស្រី​បាន​ផ្ដាំ​ផ្ញើ​ឱ្យ​យុវជន​បន្ត​ឆន្ទៈ ការពារ​បរិស្ថាន និង​ក្លាហាន​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម ពីព្រោះ​បញ្ហា​សង្គម​ជាតិ​គឺជា​បញ្ហា​របស់​ពលរដ្ឋ​ទាំងអស់​គ្នា។ លោកស្រី​បន្ថែម​ថា ទោះ​ជា​ស្ថានភាព​គ្រួសារ​លំបាក និង​ត្រូវ​រស់នៅ​ព្រាត់ប្រាស​ពី​គ្រួសារ​ក្ដី ក៏​លោកស្រី​នៅតែ​ជំរុញ​លើក​ទឹក​ចិត្ត​ប្ដី ដោយសារ​ប្ដី​លោកស្រី​គឺជា​មនុស្ស​ស្អាតស្អំ។

លោកស្រី ប៉ាត់ រស្មី៖ «ពន្ធនាគារ​វា​មិនមែន​ជា​កន្លែង​គួរតែ​ឱ្យ​ខ្លាច​ទេ​អ៊ីចឹង​ខ្ញុំ​គិត​ថា យុវជន​ជំនាន់​ក្រោយ​ដែល​ស្រឡាញ់​បរិស្ថាន ចង់​ការពារ​បរិស្ថាន​កុំ​បាក់ស្បាត​ដោយសារតែ​ពួកគាត់​ជាប់​ពន្ធនាគារ»

ដោយ​ឡែក​ប្អូនស្រី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា គឺ​កញ្ញា ឡុង សុខលីន ថ្លែង​ថា ស្ថានភាព​សុខភាព​បងស្រី​កញ្ញា​មិន​សូវ​ល្អ​ប្រសើរ​នោះ​ទេ ដោយសារ​ថ្មីៗ​នេះ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​បងស្រី​កញ្ញា មាន​មេ​រោគ​នៅ​ក្នុង​ពោះវៀន ហើយ​ពេទ្យ​នៅ​ក្នុង​ពន្ធនាគារ​ក៏​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បងស្រី​កញ្ញា​ដែរ។ កញ្ញា​បារម្ភ​ពី​ស្ថានភាព​សុខភាព​របស់​បងស្រី​ដោយសារ​បងស្រី​គឺជា​មនុស្ស ឧស្សាហ៍​ឈឺ ប៉ុន្តែ​បងស្រី​កញ្ញា​ផ្ដាំ​មក​ថា កញ្ញា​ឈឺ​តែ​រូបរាង​កាយ​ប៉ុណ្ណោះ​តែ​កម្លាំង​ចិត្ត និង​ឆន្ទៈ​កញ្ញា​នៅ​តែ​រឹងមាំ​ដដែល។

កញ្ញា ឡុង សុខលីន៖ «ចង់​រំលឹក​ថា សកម្មភាព​ដែល​ពួកគាត់​ធ្វើ​កន្លង​មក វា​មិនមែន​ជា​សកម្មភាព​ញុះញង់ ឬ​ក៏​ក្បត់ជាតិ​ទេ​ប៉ុន្តែ​សកម្មភាព​កន្លងមក​យើង​មើល​មក​គឺ​សុទ្ធតែ​ជា​សកម្មភាព​ចូលរួម​ទៅ​ដល់​ការពារ​ប្រទេសជាតិ ការពារធនធាន​ធម្មជាតិ​ទេ​អ៊ីចឹង​សុំ​ផ្ដល់​សេរីភាព​ដល់​យុវជន​ដែល​កំពុង​ឃុំ​ខ្លួន​ដោយ​ឥត​លក្ខខណ្ឌ»

ក្រៅពី​លោក ថុន រដ្ឋា និង​កញ្ញា ឡុង គន្ធា ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ហើយ​នោះ ក៏​នៅ​មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត ដែល​ពួកគាត់​បាន​ផ្ញើ​សារ​តាម​រយៈ​ក្រុម​គ្រួសារ​របស់​ពួកគាត់​ទៅ​ដល់​យុវជន​ឱ្យ​មាន​ភាព​អត់ធ្មត់ និង​រួបរួម​សាមគ្គី​គ្នា​បើ​ទោះបីជា​ពួកគាត់​កំពុង​ជាប់​ពន្ធនាគារ ប៉ុន្តែ​ពួកគាត់​ពេញ​ចិត្ត​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ពុជា​រក្សា​បាន​នៅ​គម្រប​ព្រៃឈើ មាន​យុត្តិធម៌​សង្គម និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ។

ក្នុង​ការ​បន្ត​បេសកកម្ម​ជា​អ្នក​ការពារ​បរិស្ថាន​រហូត​ដល់​ជាប់​ពន្ធនាគារ​ជា​លើក​ទី​២​នេះ សកម្មជន​បរិស្ថាន​ចំនួន​៥នាក់ និង​យុវជន​បរិស្ថាន​ផ្សេង​ទៀត​តែង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​គំរាមកំហែង និង​អ្នក​ខ្លះ​ទៀត ឪពុកម្ដាយ​ពួកគេ​ត្រូវ​បាន​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ហៅ​ទៅ​ដាក់​សម្ពាធ​គ្រួសារ​ឱ្យ​បញ្ឈប់​សកម្មភាព​តស៊ូ​មតិ​ការពារ​បរិស្ថាន ប៉ុន្តែ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​បោះបង់​គោលជំហរ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ដើម្បី​ការពារ​បរិស្ថាន​ឡើយ។

ទាក់ទង​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា លោក​ស្ញប់ស្ញែង​ចំពោះ​ការ​លះបង់ និង​គំរូវីរភាព​របស់​យុវជន​បរិស្ថាន​ដែល​តស៊ូ​ការពារ​ធនធាន​ធម្មជាតិ​ដោយ​មិន​រុញរា ប៉ុន្តែ​លោក​សោកស្ដាយ​ដែល​រដ្ឋាភិបាល​ចាប់​យុវជន​បរិស្ថាន ៥នាក់​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស។ លោក​បន្ត​ថា ការ​ចាប់​យុវជន​បរិស្ថាន​ដាក់​ពន្ធនាគារ​នេះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​មុខ​មាត់​កម្ពុជា​ឡើយ តែ​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​ថ្កោលទោស​ពី​មជ្ឈដ្ឋាន​អន្តរជាតិ។

លោក នី សុខា៖ «ការ​ឃុំ​ខ្លួន​ពួកគាត់​មិនមែន​ផល​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ទេ ហើយ​ប្រសិនបើ​យើង​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ គឺ​រដ្ឋាភិបាល​នឹង​ទទួល​បាន​ផ្ដល់​ចំណេញ​ជាពិសេស​ទទួល​នូវ​ការ​លើក​សរសើរ ក៏​ដូចជា​ទទួល​បាន​នូវ​ការ​គោរព​ពី​ដៃគូ​អន្តរជាតិ​ផ្សេង​ទៀត​អា​ហ្នឹង​គួរតែ​ផល​ចំណេញ​ដល់​រដ្ឋាភិបាល។ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​បន្ត​ឃុំ​ខ្លួន​ពួកគាត់​ខ្ញុំ​គិត​ថា អា​ហ្នឹង​គឺជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​មិន​ចំណេញ​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៨ ខែ​តុលា។

កាល​ពី​ថ្ងៃទី២៤ ខែ​តុលា នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៥៧ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) អង្គការ​រ៉ាយឡាយលីហ៊ូត (Right Livelihood) បាន​រាយការណ៍​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ករណី​តុលាការ​កាត់ទោស​ឱ្យ​សកម្មជន​បរិស្ថាន​៥នាក់ ជាប់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​អាជ្ញាធរ​កម្ពុជា​ថា បាន​ដំណើរការ​នីតិវិធី​នៅ​ក្នុង​តុលាការ ដោយ​គ្មាន​ភស្តុតាង​រឹងមាំ និង​លម្អៀង​ទៅ​ក្រុមហ៊ុន​បរទេស​ធំៗ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ជាជាង​ផ្ដោត​លើ​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួនឯង។

ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន ៥នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ការ​ចាប់​យុវជន​ឃុំ​ខ្លួន​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​បែប​នេះ​ធ្វើ​ឱ្យ​កម្ពុជា ជាប់​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​ថា ជា​ប្រទេស​ពូកែ​ខាង​រំលោភ​ច្បាប់ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments