RFA | អ្នក​ភូមិ​ថា តំណាង​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ​លួច​ច្រូត​ស្រូវ​ពលរដ្ឋ​អស់​ជាង ២​ហិកតារ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ភូមិ​ថា បក្ខពួក​តំណាង​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ បាន​សហការ​​ជាមួយ​ទាហាន​លួច​ច្រូត​ស្រូវ​ពលរដ្ឋ​អស់​ជាង ២​ហិកតារ ដោយ​សារ​តែ​ពលរដ្ឋ​មិន​ព្រម​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​​ឱ្យ​ទៅ​ក្រុមហ៊ុន។ មន្ត្រី​សង្គម​ស៊ីវិល​ថា ទង្វើ​របស់​ក្រុមហ៊ុន​ធ្វើ​​ទុក្ខបុកម្នេញ មក​​លើ​ពលរដ្ឋ​តាម​អំពើ​ចិត្ត​នេះ គឺជា​​អំពើ​​ខុស​ច្បាប់ ហើយ​​ពលរដ្ឋ​ត្រូវ​តែ​ហ៊ាន​​ក្រោក​ឈរ​តវ៉ា។

អ្នក​ភូមិ​រស់នៅ​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ឈឺ​ចាប់​និង​ហួស​ចិត្ត នៅ​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​កោះ​ហៅ​ តំណាង​ក្រុមហ៊ុន ហេងហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) គឺ​លោក ឈៀង គង់នៅ​ មក​ដោះស្រាយ​វិវាទ​ដីធ្លី ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​ បែរ​ជា​​បណ្ដែតបណ្ដោយ​ឱ្យ​បុគ្គល​រូប​នេះ​ដើរ​គំរាមកំហែង​ពលរដ្ឋ និង​លួច​ច្រូត​ស្រូវ​ពួកគាត់​យក​ទៅ​លក់​តាម​អំពើ​ចិត្ត។

ពលរដ្ឋ​រស់នៅ​ភូមិ​បុស្ស លោក ឈឿន ដាណូ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា បក្ខពួក លោក ឈៀង គង់នៅ បាន​សហការ​ជាមួយ​កម្លាំង​ទាហាន​​​ លួច​ច្រូត​ស្រូវ ​របស់​លោក​អស់​ចំនួន ២ហិកតារ​កន្លះ។ ក្រោយ​មក​លោក​និង​អ្នក​ភូមិ​​ ជិត ១០០នាក់ បាន​នាំ​គ្នា​ទៅ​សាលា​ឃុំ​ម្លូព្រៃពីរ ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ ប៉ុន្តែ​អាជ្ញាធរ​ថា ករណី​នេះ​ ពួក​លោក​គ្មាន​លទ្ធភាព​ ដោះស្រាយ​នោះ​ឡើយ។

លោក ឈឿន ដាណូ បាន​ចំណាយ​លុយ​អស់​ជាង ៣​លាន​រៀល សម្រាប់​​​ដាំស្រូវ​លើ​ដី​ជាង​ ២ហិកតារ​នេះ។ លោក​ថា ​ស្រូវ​​នេះ​ប្រសិនបើ​ លក់​អាច​បាន​ថវិកា​ ចន្លោះ​ពី ៨​លាន​​ ទៅ​៩លានរៀល។ លោក​សោកស្ដាយ​ស្រូវ​ជា​ខ្លាំង ដែល​តំណាង​ក្រុមហ៊ុន​លួច​ច្រូត​អស់។ លោក​ស្នើ​ឱ្យ​​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌។

លោក ឈឿន ដាណូ ៖ «សំណូមពរ​ឱ្យ​អាជ្ញាធរ​ដែនដី​យើង​ ឱ្យ​គាត់​ជួយ​ដោះស្រាយ ជា​សំណង​សង​មក​ខ្ញុំ​វិញ​ ព្រោះ​ស្រូវ​ខ្ញុំ​ធ្វើ​ហត់​ណាស់ ទម្រាំ​បាន​ផល​ប៉ុណ្ណឹង ចំណាយ​ទាំង​ជី​ផង ថ្នាំ​ផង​។ អ៊ីចឹង​សូម​ឱ្យ​គាត់​សង​ឱ្យ​សមរម្យ ដូច​អ្វី​ដែល​ខ្ញុំ​បាន​ បាត់បង់​ទៅ​ ដែល​គាត់​យក​របស់​ខ្ញុំ​ទៅ» វិទ្យុ​អាស៊ីសេរី​​ នៅ​មិន​ទាន់​អាច​បញ្ជាក់​បន្ថែម​បាន​​​​ ពី​តំណាង​ក្រុម​ហ៊ុន លោក ឈៀង គង់នៅ ជុំវិញ​ករណី​អ្នក​ភូមិ​ចោទ​នេះ​​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី២៧ ខែ​តុលា។ ប៉ុន្តែ​ បញ្ហា​បាត់​ស្រូវ​របស់​ពួកគាត់​នេះ ​កើត​ឡើង​ក្រោយ​ពេល​ដែល ​​អភិបាល​រង​ខេត្ត លោក យឹម បញ្ញា បាន​សហការ​ជា​មួយ​អាជ្ញាធរ​ភូមិ​​ឃុំ និង​​ តំណាង​ក្រុម​ហ៊ុន លោក ឈៀង គង់នៅ ទៅ​បញ្ចុះបញ្ចូល និង​គំរាម​កំហែង​អ្នក​ភូមិ​ឱ្យ​ធ្វើ​កិច្ច​សន្យា​​​ឈប់​អាស្រ័យ​ផល លើ​ដី​នោះ​ទៀត​​ ដោយ​អះអាង​ថា​ ដី​ដែល​ ពលរដ្ឋ​អាស្រ័យ​ផល​​នោះ​ គឺ​ជា​ដី​ក្រុមហ៊ុន។

ទោះ​ជា​បែប​នេះ​ក្ដី​ អ្នក​ភូមិ​ជាច្រើន​មិន​ព្រម​ធ្វើ​កិច្ចសន្យា​នោះ​ទេ ដោយ​​ពួកគាត់​​ថា ដី​នេះ​ គឺ​ជា​កម្មសិទ្ធិ​ របស់​អ្នក​ភូមិ​ជា​យូរ​មក​ហើយ។ ក្រោយ​មក​ទៀត​ ករណី​នេះ​ បាន​ធ្វើ​ឱ្យ​លោក ឈៀង គង់នៅ ខឹង​​សម្បា​ជា​ខ្លាំង​ ហើយ​បាន​សហការ​ជាមួយ​កម្លាំង​ទាហាន​ ប្រដាប់​ដោយ​កាំភ្លើង ដើរ​គំរាម​កំហែង​បាញ់​អ្នក​ភូមិ​មិន​ឱ្យ​ប្រមូល​ផល​ស្រូវ​លើ​ដី​នោះ ហើយ​ ប្រសិន​បើ​ពលរដ្ឋ​ណា​ប្រមូល​ផល​ស្រូវ​​​ នឹង​ត្រូវ​ចាប់​ខ្លួន​ ដក​ហូត​វត្ថុ​មាន​តម្លៃ​ ដូច​ជា​គោយន្ត​ និង​ម៉ាស៊ីន​ច្រូត​ស្រូវ​ជា​ដើម​។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ ​ព្រះវិហារ លោក គីម រិទ្ធី និង​អភិបាល​ស្រុក​ឆែប​ស្ដីទី លោក អ៊ុំ សុភឿន ​ដើម្បី​ឆ្លើយ​​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា

រីឯ​​​មេ​ឃុំ​ម្លូ​ព្រៃពីរ លោក កាន់ សុវណ្ណគា ប្រាប់​វិទ្យុ​អាស៊ីសេរី​​ នៅ​​ថ្ងៃ​ដដែល​នេះ​ថា ករណី​​​ក្រុមហ៊ុន​លួច​ច្រូត​ស្រូវ​ពលរដ្ឋ​នៅ​ភូមិ​បុស្ស​ ជាង​២ហិកតារ​នោះ លោក​ក៏​បាន​​ទទួល​ដំណឹង​នេះ ​​​​តាមរយៈ​ពលរដ្ឋ​ដែរ កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​តុលា នៅ​ពេល​ដែល​​ពលរដ្ឋ​ទាំង​​នោះ​ បាន​មក​ស្នើ​សុំ​​ឱ្យ​​អាជ្ញាធរ​​ជួយ​អន្តរាគមន៍​ ប៉ុន្តែ លោក​ថា​ ករណី​នេះ​ អាជ្ញាធរ​ឃុំ​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​នោះ​ទេ​។

លោក កាន់ សុវណ្ណគា៖ «ហ្នឹង​ហើយ​ ឮ​ពួក​គាត់​(ពលរដ្ឋ) រាយការណ៍​​មក​ថា​មាន​ច្រូត​ស្រូវ​​ ប៉ុន្តែ​ ស្រូវ​ដែល​ប៉ះពាល់​ជាមួយ​នឹង​មិន​ម៉េច​ទេ​ មិន​ទាន់​បាន​ទៅ​មើល។ ការងារ​នេះ​ គឺ​​វា​និយាយ​ទៅ​ខាង​ឃុំ​រាង​ផុត​ដៃ​ហើយ ទាល់​តែ​ខាង​ថ្នាក់​ខេត្ត​ចុះ​មក​ដោះស្រាយ​ បាន​អាច​ទៅ​រួច​ ព្រោះ​ថា​ការងារ​នេះ​ វា​រាង​ធំ​ដែរ​ទាក់ទង​ជា​មួយ​ក្រុមហ៊ុន»

​​​​ទាក់ទិន​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​ លោក ប៉ឹក សោភ័ណ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ ថ្ងៃ​ទី​២៧ ខែ​តុលា ថា​ ​ទង្វើ​ដែល​តំណាង​ក្រុមហ៊ុន​ចិន លោក ឈៀង គង់នៅ លួច​ច្រូត​ស្រូវ​របស់​ពលរដ្ឋ​នេះ​ គឺ​ជា​អំពើ​ខុស​ច្បាប់​ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​តែ​កោះ​ហៅ បុគ្គល​រូប​នេះ​ ដើម្បី​ចូល​បំភ្លឺ។ លោក​បន្ត​ថា​ ករណី​នេះ​ គួរតែ​ដល់​ពេល​ហើយ​ ដែល​ អាជ្ញាធរ​មូលដ្ឋាន និង​ខេត្ត​ ត្រូវតែ​​ដោះស្រាយ ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​​។​

លោក ប៉ឹក សោភ័ណ៖ «ភាសា​សាមញ្ញ​គេ​ហៅ​ថា​ចោរ​។​ ចោរ​ទៅ​លួច​ច្រូតស្រូវ​របស់​ពួក​គាត់​ ។ អ៊ីចឹង ប្រសិន​បើ​ ចោរ​ទៅ​លួច​ច្រូត​ស្រូវ​របស់​គាត់ គឺ​អ្នក​នោះ ជា​អ្នក​មាន​ទោស​ បើ​និយាយ​តាម​ផ្លូវ​ច្បាប់ គឺ​ជា​អ្នក​ប្រព្រឹត្ត​ទោស។ អ៊ីចឹង អាជ្ញាធរ​គាត់​គួរតែ​ពិនិត្យ​មើល​ស្ថាន​ទម្ងន់​ទោស​ របស់​បុគ្គល​នោះ​ ហើយ​ពលរដ្ឋ​ក៏​គាត់ មាន​សិទ្ធិ​ ​ប្ដឹង​បុគ្គល​នោះ​ដែរ តាម​នីតិវិធី​ច្បាប់»

លោក ប៉ឹក សោភ័ណ ថា ការ​ពន្យារ​ពេល​មិន​ដោះស្រាយ​វិវាទ​ដីធ្លី​​នេះ​​ឱ្យ​បាន​ឆាប់​ ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ​នឹង​​ធ្វើ​ឱ្យ​​ពលរដ្ឋ​ធ្លាក់​ក្នុង​ជីវភាព​ក្រីក្រ។ ទន្ទឹម​នឹង​នោះ​លោក​ថា បញ្ហា​នេះ​ ក៏​មិន​អាច​បញ្ចប់​បាន​ដោយ​ងាយ​នោះ​ទេ ប្រសិន​បើ​ពលរដ្ឋ​មិន​នាំ​គ្នា​តវ៉ា។ លោក​ថា ពលរដ្ឋ​ទាំង​អស់​ត្រូវ​សាមគ្គី​គ្នា ដាក់​​ពាក្យ​បណ្ដឹង​ ទៅ​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត ហើយ​ប្រសិនបើ​អាជ្ញាធរ​ទាំង​នោះ​ នៅ​តែ​​គ្មាន​ដំណោះស្រាយ​ទេ​នោះ​ អ្នក​ភូមិ​​ត្រូវ​ដាក់ពាក្យបណ្ដឹង​នៅ​តាម​​ក្រសួង​ពាក់ព័ន្ធ​​នានា​ ​នៅ​រាជធានី​ភ្នំពេញ​ ឱ្យ​ជួយ​រក​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments