RFA | រដ្ឋាភិបាល​រង​ការ​រិះគន់​ថា ព្យាយាម​បិទ​បាំង​ព័ត៌មាន​អំពី​ការ​បង្ក្រាប​ទីតាំង​នៃ​សម្បុក​ឧក្រិដ្ឋជន​ឆបោក​អនឡាញ | hot news

By , Comment
Share on Facebook Tweet on Twitter

អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា ព្យាយាម​បិទបាំង​ព័ត៌មាន​អំពី​ការ​បង្ក្រាប​ទីតាំង​នៃ​សម្បុក​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។ អ្នកឃ្លាំមើល​ថា ការណ៍​ដែល​រដ្ឋាភិបាល​មិន​បង្ហាញ​តម្លាភាព និង​បិទ​បាំង​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ (Online) នោះ នឹង​ធ្វើ​ឱ្យ​មហាជន និង​អន្តរជាតិ​កាន់​តែ​អស់​ជំនឿ​លើ​ការ​អនុវត្ត​ច្បាប់ និង​មាន​មន្ទិល​សង្ស័យ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​សម្រួល​ឱ្យ​ក្រុម​ជនល្មើស​អាច​ផ្លាស់ប្ដូរ​ទី​កន្លែង​សម្រាប់​ប្រតិបត្តិការ​អំពើ​ឆបោក​តាម​អនឡាញ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​នៅ​លើ​ទឹកដី​ខ្មែរ។

ពលរដ្ឋ និង​អ្នកឃ្លាំមើល​លើកឡើង​ថា ចំណាត់​ការ​បង្ក្រាប​របស់​កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​អគារ​ពាណិជ្ជកម្ម​នៅ​តំបន់​គីឡូ៣២។ ថ្មីៗ​នេះ អាច​គ្រាន់តែ​ជា​ឆាក​ល្ខោន​សម្ដែង​ឱ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ក្រុម​បណ្ដាញ​អ្នក​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ផ្លាស់ទី​ទៅ​តាំង​ជម្រក​ឧស្សាហកម្ម​តាម​អនឡាញ​ពួកគេ​នៅ​តាម​បណ្ដា​ខេត្ត​ជាយ​ដែន​វិញ។

អ្នក​រត់តាក់ស៊ី (Taxi) ធ្លាប់​ដឹក​ជនបរទេស​ទម្លាក់​នៅ​អគារ​ពាណិជ្ជកម្ម​គីឡូ៣២ បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អគារ​ពាណិជ្ជកម្ម​ស្ថិត​ក្នុង​គីឡូ៣២ ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នោះ​គឺ​ជា ជម្រក​ដ៏​ធំ​​មួយ​របស់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ហើយ​ជនបរទេស​រាប់ពាន់​នាក់​ត្រូវ​គេ​បំបិទ​សិទ្ធ​សេរីភាព​មិន​អនុញ្ញាត​ឱ្យ​ចេញ​មក​ក្រៅ​ឡើយ។

លោក​ឱ្យ​ដឹង​ថា កាល​ពី​ដើម​ឆ្នាំ២០២៤ នៅ​ពេល​លោក​ដឹក​ឥវ៉ាន់ និង​ជនបរទេស​ចូល​ទៅ​ក្នុង​អគារ ក្រុម​សន្តិសុខ​បាន​ត្រួតពិនិត្យ​តឹងរ៉ឹង និង​មាន​ច្រើន​ដំណាក់កាល ចំណែក​ឯ​ជនបរទេស​ដែល​ត្រូវ​ដឹក​ចូល​ទៅ​អគារ​ទៀតសោត​ភាគច្រើន​គឺ​ជា​ជនជាតិ​ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ដែល​មេការ​ចិន​បាន​ទាក់ទង​សម្រាប់​ឱ្យ​បម្រើ​ការងារ​អនឡាញ​នៅ​ក្នុង​អគារ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ពួក​ឥណ្ឌូណេស៊ី​ល្បី​ជាង​គេ ប្រជាជន​គេ​យក​មក​លក់​ឱ្យ​ចិន ធ្វើ​ការ​ឱ្យ​ចិន​ហ្មង ប៉ុន្តែ​វា​យក​មក​ប្រកប​អាជីវកម្ម​នៅ​ស្រុក​វា​អត់​កើត​ទេ វា​យក​មក​តែ​ស្រុក​ណា​ស្រួល​ដូច​ខ្មែរ​យើង និង​ឡាវ។ ជួនកាល​វា​មាន​បញ្ហា​ឈ្លោះ​គ្នា​វា​បាញ់​តែ​គ្នា​វា​ហ្នឹង រញ៉េរញ៉ៃ​ណាស់។ ជួនកាល​វា​ធ្វើ​ទារុណកម្ម​ជនជាតិ​ផ្សេងៗ​ដូចជា​ជនជាតិ​ឥណ្ឌូណេស៊ី​គេ​យក​មក​លក់។ ចិន​វា​អត់​ខ្លាច​ទេ វា​មក​ស្រុកខ្មែរ​វា​ត្រូវការ​តែ​លុយ​ទេ វា​ធ្វើ​បាប​តែ​ជនជាតិ​ផ្សេង​ទេ បើ​ខ្មែរ​វា​អត់​ធ្វើ​បាប​ទេ»

ការ​លើកឡើង​នេះ គឺ​ក្រោយ​ពី​កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រមាណ ៣០០នាក់ កាល​ពី​ថ្ងៃ​ទី២៤ ខែតុលា បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ចុះ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​អគារ​ពាណិជ្ជកម្ម​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​មាន​មនុស្ស​ជាង ១ពាន់​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ផ្សេង​ទៀត​ស្នាក់​នៅ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ រហូត​ដល់​ពេល​ផ្សាយ​នេះ។

ចំណែក អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ បញ្ជាក់​ថា សំណុំ​រឿង​នេះ​គឺ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​កម្លាំង​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ លោក​បញ្ជាក់​ថា ក្នុង​ពេល​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ​មនុស្ស​ប្រមាណ ១​ពាន់​ក៏​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ដែរ។

លោក ទូច សុឃៈ៖ «មិន​មាន​ការ​ឃាត់​ខ្លួន​ជនបរទេស​ជាង ១ពាន់​នាក់​ហ្នឹង​ទេ។ ការណ៍​ដែល​មាន​ការ​ប្រើ​ពាក្យ​ហ្នឹង​តាម​បណ្ដាញ​សង្គម​ផ្សេងៗ​ហ្នឹង ដោយសារ​តែ​ក្នុង​ពេល​ប្រតិបត្តិការ​ភ្លាមៗ​បងប្អូន​ជា​ជនជាតិ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ធ្វើការ​នៅ​កន្លែង​ហ្នឹង​គឺ​ត្រូវ​បាន​ឱ្យ​មក​ក្រៅ​អគារ ហើយ​មើល​ទៅ​ហាក់បីដូចជា​ឃាត់​ខ្លួន​អ៊ីចឹង ប៉ុន្តែ​តាម​ពិត​អត់​មាន​ការ​ឃាត់​ខ្លួន អត់​មាន​ការ​ចាប់ អត់​មាន​ការ​ចង បងប្អូន​ទាំងអស់​ហ្នឹង​ដូច​ដែល​យើង​ឃើញ​ក្នុង​រូបភាព​ហ្នឹង​ទេ។ វា​គឺជា​ការ​ត្រួតពិនិត្យ​រដ្ឋបាល​មួយ​ទាមទារ​ឱ្យ​ពួកគាត់​ចេញ​ពី​ក្នុង​បន្ទប់ ចេញ​ពី​អគារ​មក​ទីលាន​ខាង​ក្រោម ដើម្បី​ត្រួតពិនិត្យ​ទៅ​តាម​នីតិវិធី​ហូរហែ​ជាដើម»

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា អះអាង​ថា ព័ត៌មាន​ដែល​លោក​ទទួល​បាន​ចំពោះ​ការ​ពង្រីក​ទីតាំង​នៃ​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​មិនមែន​មាន​តែ​នៅ​ក្រុង​បាវិត និង​តំបន់​កាស៊ីណូ​ព្រែកចាក ខេត្ត​កំពត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដូចជា​ខេត្ត​ឧត្តរមានជ័យ និង​ក្រុង​ប៉ោយប៉ែត គឺជា​គោលដៅ​នៃ​កន្លែង​ដែល​ឧក្រិដ្ឋជន​កំពុង​ប្រតិបត្តិការ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នេះ​ដែរ។

លោក ឌី ថេហូយ៉ា៖ «យើង​បារម្ភ​ខ្លាំង​ពាក់ព័ន្ធ​នឹង​រូបភាព​ពិភព​លោក​មើល​មក​កម្ពុជា​ជា ទីតាំង​មួយ​អសន្តិសុខ ឧក្រិដ្ឋជន​ដែល​អាច​ធ្វើ​អី​តាម​តែ​អំពើ​ចិត្ត​មិន​ទទួល​បាន​ការ​អនុវត្ត​ចំណាត់​ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​កន្លែង​មួយ​ដែល​ជា​ជម្រក​នៃ​ជនឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា។ អ្នក​វិនិយោគ​ក្ដី អ្នក​ទេសចរណ៍​ក្ដី​ឧទាហរណ៍​ថា បើ​គេ​មាន ១រយ​លាន​ដុល្លារ​គេ​ប្រហែល​ជា​ស្វែងរក​ប្រទេស​ណា ដែល​មាន​សន្តិសុខ ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ហើយ​គេ​មិន​ជឿ​ទុកចិត្ត​ចំពោះ​ប្រទេស​ណា​ដែល​គេ​បារម្ភ​អំពី​សុវត្ថិភាព ជាពិសេស​ការ​ធូរ​រលុង​នៃ​ការ​ចាត់​វិធានការ​លើ​ឧក្រិដ្ឋកម្ម»

លោក ឌី ថេហូយ៉ា បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​បង្ក្រាប ទីតាំង​អាជីវកម្ម​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ចាប់​ជំរិត ឆបោក​តាម​អនឡាញ​ច្បោលៗ ឬ​ដោយ​ដុំៗ និង​មិន​បង្ហាញ​របាយការណ៍​ឱ្យ​ច្បាស់លាស់​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​មហាជន គ្មាន​ជំនឿ​លើ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ក្នុង​ការ​លុប​បំបាត់ និង​បង្ក្រាប​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments