បក្សក្រៅរដ្ឋាភិបាលសម្ដែងការបារម្ភអំពីតម្លាភាព នៃគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ និងស្នើឱ្យបង្ហាញគម្រោងលម្អិត។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយក្រសួងហិរញ្ញវត្ថុថា នឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។
មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរស្នើរដ្ឋាភិបាលត្រូវផ្ដល់ឯកសារព័ត៌មាននៃគម្រោងចំណាយ នៅមុនពេលដាក់ជូនរដ្ឋសភាអនុម័ត ដើម្បីផ្ដល់ឱកាសដល់មជ្ឈដ្ឋានពាក់ព័ន្ធនឹងថវិកា លើកមតិយោបល់ជាមូលដ្ឋាន សម្រាប់ឱ្យសមាជិកសភាតវ៉ា ក្នុងគោលដៅកែលម្អការចំណាយរបស់រដ្ឋឱ្យត្រឹមត្រូវតាមសេចក្ដីត្រូវការ។
អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលា ថា តាមបទពិសោធន៍ កាលលោកនៅជាតំណាងរាស្ត្រ និងអតីតជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ លោកទទួលបានឯកសារគម្រោងថវិកាជាតិក្នុងអំឡុងខែតុលា ដែលមានពេលពិនិត្យលើការចំណាយ មុននឹងពិភាក្សាអនុម័តនៅសភា។
លោកថា សម្រាប់កម្ពុជាលោកតែងតែចាប់អារម្មណ៍លើការចំណាយក្នុងវិស័យអប់រំ សុខាភិបាល និងវិស័យសង្គមកិច្ច ហើយច្បាប់ថវិកាជាតិ ទាមទារឱ្យមានការផ្ដល់យោបល់ពីអង្គការសង្គមស៊ីវិល និងក្រុមអ្នក ដែលយល់ដឹងអំពីស្ថានភាពពលរដ្ឋនៅមូលដ្ឋាន ទាក់ទងនឹងវិស័យទាំងនេះ ដើម្បីឱ្យឆ្លើយតបនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកសម្ដែងការបារម្ភពាក់ព័ន្ធនឹងច្បាប់ថវិកាជាតិប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរដ្ឋាភិបាល និងសភាបានធ្វើ ដោយលោកកត់សម្គាល់ថា រាល់គម្រោងចំណាយរបស់រដ្ឋាភិបាល មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយឡើយ។ លោកថា ការធ្វើច្បាប់ថវិការបស់ប្រទេសកម្ពុជា មិនផ្ដល់ឱកាសឱ្យស្ថាប័នថ្នាក់មូលដ្ឋានធ្វើសំណើទេ គឺច្រើនតែធ្វើពីថ្នាក់ជាតិទៅ។ ដូច្នេះ មិនអាចធ្វើឱ្យការចំណាយអនុវត្តចំតាមសេចក្ដីត្រូវការរបស់ប្រទេសជាតិទេ។
លោក សុន ឆ័យ៖ «ក្រោយៗ មកនេះ ខ្ញុំមិនបានដឹងច្បាស់លាស់អំពីចំណាយលម្អិតទេ។ ប៉ុន្តែ ព័ត៌មានថា នឹងផ្សព្វផ្សាយថវិកាជាតិ សម្រាប់បម្រើសកម្មភាពវិមជ្ឈការ ជាពិសេស សម្រាប់ថ្នាក់ឃុំសង្កាត់ ដើម្បីឱ្យមានលទ្ធភាពធ្វើការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ជាមួយពលរដ្ឋ។ វាជាការព្រួយបារម្ភ ព្រោះកន្លងទៅនេះ យើងឭព័ត៌មានថា អាចនឹងមានការកាត់ការចំណាយនៅតាមមូលដ្ឋានឃុំសង្កាត់នោះ មានចំនួនជាច្រើន ដែលអាចនឹងប៉ះពាល់ទៅដល់ការជួយទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៩.៣០០ លានដុល្លារ (៣៧.៩៥០.៣៨៥លានរៀល)។ គម្រោងចំណាយឆ្នាំ២០២៥ នេះ កើនលើសការចំណាយក្នុងឆ្នាំ២០២៤ចំនួន៤០០លានដុល្លារដែលគម្រោងចំណាយរបស់រដ្ឋាភិបាលឆ្នាំ២០២៤ មានប្រមាណ ៨.៩០០លានដុល្លារ (៣៧.១១០.៤០៤លានរៀល)។
យ៉ាងណា គម្រោងចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៥ នៅតិចជាងការ ចំណាយកាលពីឆ្នាំ២០២៣ ចំនួន ៣០០លានដុល្លារ ដែលកាលពីឆ្នាំ២០២៣ រដ្ឋាភិបាលចាយថវិកាប្រមាណ ៩.៦០០លានដុល្លារ (៣៩.២០៦.២០៥លានរៀល) ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលា ថា ចំណាយចរន្តនៅឆ្នាំ២០២៥ ដូចជា ការចំណាយលើប្រាក់ខែមន្ត្រីរាជការ និងផ្នែកប្រតិបត្តិរដ្ឋបាលនៅស្ថាប័នរដ្ឋជាដើម មានកំណើនតិចតួច តែកើនច្រើនលើចំណាយមូលធន ដែលរដ្ឋាភិបាលមានគម្រោងបង្កើនការវិនិយោគហេដ្ឋារចនាសម្ពន្ធសាធារណៈ។
លោក ប៉ិច ពិសី៖ «មកដល់ពេលនេះ យើងមិនទាន់បានទទួលសេចក្ដីព្រាងច្បាប់សង្ខេបទេ។ អ៊ីចឹងយើងពិបាកក្នុងការវិភាគខ្ទង់ចំណាយថវិកាលម្អិត ដោយសារតែមកដល់នេះ យើងមិនទទួលការផ្សព្វផ្សាយជាសាធារណៈឱ្យពលរដ្ឋដឹងអំពីសេចក្ដីសង្ខេបសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ទេ។ កន្លងមកយើងរដ្ឋាភិបាលចែកចាយ តែឆ្នាំនេះ មានការពន្យារពេល។ យើងចាំមើលប្រហែលអាទិត្យក្រោយក្រែងរដ្ឋាភិបាលអាចធ្វើការផ្សព្វផ្សាយ»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ប្រាប់វិទ្យុ អាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលាថា ក្រសួងនឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។
លោក មាស សុខសេនសាន៖ «យើងនឹងមានតួលេខលម្អិតនៅពេលទៅសភា»។
ប្រធានកម្មវិធីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល លោក ម៉ារ សុផល ស្នើឱ្យ រដ្ឋាភិបាលផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ឱ្យបានលឿន ដើម្បីឱ្យអ្នកពាក់ព័ន្ធមានឱកាសផ្ដល់យោបល់កែលម្អ។
លោក ម៉ារ សុផល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលា ថា បញ្ហាសេដ្ឋកិច្ច បានធ្វើឱ្យការប្រមូលពន្ធធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការវិនិយោគ និងការបែងចែកថវិកាថ្នាក់ក្រោមជាតិមួយចំនួន។
លោក ម៉ារ សុផល៖ «ស្នើឱ្យរាជរដ្ឋាភិបាលពន្លឿនការផ្សព្វផ្សាយឱ្យបានលឿន ប្រសិនបើទុកពេលយូរឱ្យខាងសាធារណជន អង្គការសង្គមស៊ីវិល មានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យ និងផ្ដល់យោបល់ធាតុចូល ទៅដល់តំណាងរាស្ត្រក្នុងការជជែកពិភាក្សា អនុម័តជាការល្អ ហើយធ្វើម៉េចធានាការអនុវត្តចាយវាយថវិកាប្រកបដោយតម្លាភាព និងគណនេយ្យភាព មិនមានភាពមិនប្រក្រតីជៀសវាងអំពើពុករលួយផ្សេងៗ»។
គណបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល លើកឡើងថា ការលាក់បាំងការចំណាយលម្អិត នៃគម្រោងថវិកាជាតិ គឺជាប្រព័ន្ធនយោបាយ ដែលបង្ហាញពីភាពមិនច្បាស់លាស់ក្នុងការចំណាយរបស់រដ្ឋាភិបាល ហើយករណីបែបនេះ ជាការឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់នៃការដឹកនាំសេដ្ឋកិច្ច ដែលមិនអាចធានារកចំណូលឱ្យគ្រប់ការចំណាយ និងរុញប្រទេសឱ្យធ្លាក់ចុះ ក្នុងអំពើបក្ខពួកនិយមនិងពុករលួយក្នុងប្រព័ន្ធគ្រប់គ្រងថវិកាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments