ពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុប ព្រមទាំងអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សនៅទីនោះផង រួមគ្នាទាមទារឲ្យរដ្ឋាភិបាលបារាំង ដាក់សម្ពាធទៅលើរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែលដឹកនាំដោយគ្រួសារត្រកូលហ៊ុន ឲ្យគោរពនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស២៣ តុលា ឆ្នាំ១៩៩១។
ការទាមទារនេះ ធ្វើឡើងតាមរយៈការធ្វើបាតុកម្មធំមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃសៅរ៍ ទី២៦ តុលា ដែលមានអ្នកចូលរួម ជាច្រើនរយនាក់ ក្នុងនោះ ក៏មានប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលរួមដើរក្បួនធ្វើបាតុកម្ម និងបានថ្លែងសារមួយចំនួនទាក់ទងនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានាពេលនោះដែរ។
ពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុប ចង់ឃើញរដ្ឋាភិបាលបារាំង ដែលជាម្ចាស់ហត្ថលេខីដ៏ដំខាន់មួយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានវិធានការជាក់លក្ខណ៍ម៉ឺងម៉ាត់ ជាមួយរដ្ឋាភិបាលដឹកនាំដោយត្រកូល ហ៊ុន ដែលកាន់អំណាចតជំនាន់មកនេះ ឲ្យងាកមកដើរតាមគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។
ជាងនេះទៅទៀត ពួកគាត់ក៏ចង់ឲ្យរដ្ឋាភិបាលបារាំង ជំរុញទៅប្រទេសជិតខាងកម្ពុជា គោរពអធិបតេយ្យភាពជាតិខ្មែរ ឲ្យបានត្រឹមត្រូវ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាពិសេសមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស២៣ តុលា១៩៩១។
តំណាងគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង និងជាអ្នកសម្របសម្រួល ការធ្វើបាតុកម្ម លោក ទេព មនោរម្យ មានប្រសាសន៍ថា អ្នកចូលពីគ្រប់ទិសទីក្នុងប្រទេសបារាំង និងសហភាពអឺរ៉ុបមានគ្នាប្រមាណ ៥០០នាក់ កាលពីថ្ងៃទី២៦ ខែតុលា បានស្នើឡើងបែបនេះតាមរយៈ ការដើរដង្ហែក្បួន ស្រែកជ័យឃោស លើកបដា ដើរកាត់តាមតំបន់សំខាន់ៗក្នុងទីក្រុងប៉ារីស និងផ្សាយផ្ទាល់តាមបណ្ដាញសង្គមជាច្រើន ដើម្បីឲ្យរដ្ឋាភិបាលបារាំង និងសហគមន៍អន្តរជាតិទូទាំងពិភពលោកបានដឹងអំពីការចង់បានរបស់ពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងខ្មែររស់នៅទូទាំងពិភពលោក។
លោក ទេព មនោរម្យ៖ «គាត់មើលឃើញថា ការចាប់យុវជនបរិស្ថាន និងចាប់មនុស្សផ្សេងទៀតដាក់គុក គឺជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសយ៉ាងធ្ងន់ធ្ងរ អញ្ចឹងហើយបងប្អូនខ្មែរយើងគាត់មានទឹកចិត្តក្តៅផុសផុលមែនទែន ហើយនៅក្នុងបដាគឺបានទាមទារឲ្យដោះលែង អ្នកទោសមនសិការ សកម្មជន បរិស្ថាន និងឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស...»។
ចំណែកបាតុករជាស្ត្រីខ្មែររស់ប្រទេសបារាំងម្នាក់ទៀត ស្នើឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតឡើងវិញដែលជាការបោះឆ្នោតមួយធានាបាននូវឯករាជ្យ តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ដោយគ្មានការរើសអើង គំរាមកំហែង និងធ្វើទុក្ខបុកម្នេញ។
«យើងក្នុងនាមជាខ្មែរ សូមឲ្យអន្តរជាតិ ពិភពលោកទាំងអស់ជួយធ្វើអន្តរាគមន៍ ដើម្បីប្រទេសយើងទាំងអស់គ្នា យើងរងទុក្ខអស់រយៈពេល៣៣ឆ្នាំមកហើយ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលគ្មានដំណោះស្រាយ ហ៊ុន សែន មិនបានគោរពទេ មែនទេ បងប្អូន....? »
ពួកគាត់បញ្ជាក់ថា ការបោះឆ្នោត ដែលអាចទទួលយកបាននោះ គឺការបោះឆ្នោតដែលមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាត គ.ជ.បឯករាជ្យ ជាពិសេស មានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ហើយដែលត្រូវលោក ហ៊ុន សែន រំលាយចោល។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានចូលរួមដើរក្បួនធ្វើបាតុកម្ម ដូចពលរដ្ឋដទៃទៀតដែរ។
លោកលើកឡើងថ្លែងសារជាសាធារណៈចំពោះក្រុមបាតុករថា កត្តាសំខាន់ ពលរដ្ឋខ្មែរទូទាំងពិភពលោក ត្រូវរួមគ្នាជាធ្លុងមួយ ធ្វើយ៉ាងសង្គ្រោះប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឲ្យរស់ឡើងវិញ ហើយសំឡេងទាមទាររបស់ខ្មែរទូទាំងពិភពលោកជាសំឡេងរួមតែមួយ និងតំណាងឲ្យមនសិការពលរដ្ឋខ្មែរនៅក្នុងស្រុកដែលពួកគាត់ធ្វើអ្វីមិនកើត និយាយអ្វីមិនបាន ដោយរបបត្រកូលហ៊ុន ដកហូតសិទ្ធិពួកគាត់ទាំងស្រុងដោយយកតុលាការ និងគុកច្រវាក់មកគំរាម។
លោក សម រង្ស៊ី៖ «ដូច្នេះការទាមទាររបស់ពួកយើងទាំងអស់គ្នា គឺជាការទាមទារត្រឹមត្រូវ យើងតំណាងឲ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ដែលលោកអត់មានសិទ្ធិតវ៉ាទេ តែយើងមានសិទ្ធិ មានសេរីភាពនៅប្រទេសប្រជាធិបតេយ្យ ដូចជានៅប្រទេសបារាំងនេះ យើងត្រូវតែសម្ដែងមតិរបស់យើង ដើម្បីទាមទារនូវអ្វីដែលប្រជាពលរដ្ឋទាំងមូលចង់បានគឺសេរីភាព និងយុត្តិធម៌...»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេ កាលពីថ្ងៃទី២៦ តុលា។
ក៏ប៉ុន្តែ កន្លងមក រដ្ឋាភិបាល តែងតែអះអាងថា ខ្លួនកំពុងអនុវត្តទៅតាមច្បាប់ និងដើម្បីការពារសន្តិភាព និងតែងតែបានច្រានចោលនូវរបាយការណ៍របស់អង្គការអន្តរជាតិនានា ដែលបង្ហាញអំពីការធ្លាក់ចុះគួរឲ្យបារម្ភ អំពីការអនុវត្តច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ទោះយ៉ាងណាក្ដី ក្រុមបាតុករប្រកាសថា ពួកគេនឹងមកជួបជុំគ្នាជាថ្មីម្ដងទៀត បើសិនរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនព្រមកែទម្រង់ការដឹកនាំប្រទេសដូចពេលបច្ចុប្បន្ន និងមិនព្រមដោះលែងអ្នកទោសមនសិការ អ្នកនយោបាយ ព្រមទាំងក្រុមយុវជនបរិស្ថានឲ្យមានសេរីភាពឡើងវិញនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments