RFA | អ្នកជំនាញ​ច្បាប់​ចាត់ទុក​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​ពី​ការ​បញ្ចប់ CLV ជា​ការ​រំលោភ​អំណាច | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកជំនាញ​ច្បាប់ និង​ពលរដ្ឋ​ចាត់​ទុក​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​ពី​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ជា​ការ​រំលោភ​អំណាច។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាង​ថា ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ជាមួយ​វៀតណាម និង​ឡាវ មិន​ត្រូវ​ឆ្លងកាត់​សភា និង​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ឡើយ។

ក្រោយ​ពេល​ឪពុក​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​បញ្ចប់​ការចូលរួម ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV – DTA ចាប់ពី​ថ្ងៃទី២០ កញ្ញា ២០២៤ កន្លងទៅ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចេញមុខ​បកស្រាយ​អំពី​ការ​ដកខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​ជា​បន្តបន្ទាប់ ខណៈ​ពលរដ្ឋ និង​អ្នកជំនាញ​ច្បាប់ នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ច្បាស់លាស់​ក្នុង​ការ​ដក​កម្ពុជា​ចេញពី​កិច្ច​សហប្រតិបត្តិការ​ដដែល​នេះ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ក្វាងជូ (Gwangju) ប្រទេស​កូរ៉េខាងត្បូង (South Korea) លោក លួន វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែ​តុលា ថា ការ​អះអាង​របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ចំពោះ​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​កម្ពុជា វៀតណាម និង​ឡាវ ដោយ​មិន​ឆ្លងកាត់​យន្តការ​សភា ជា​ការ​មើលងាយ​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ការប្រមាថ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ។ លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ភាព​ច្បាស់លាស់​ពី​ការ​ដកខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ តាម​នីតិវិធី​ច្បាប់។

លោក លួន វិបុល៖ «គាត់​ចង់​ចេញ​សេចក្ដីថ្លែងការណ៍​ប៉ុណ្ណឹង​ឲ្យ​ប្រជាពលរដ្ឋ​រំងាប់​អារម្មណ៍ មិនអាច​ទេ ហេតុ​អ្វី​ដែល​ខ្ញុំ​ថា មិនអាច ព្រោះថា មិន​បាច់​ចាំ​ឆ្លង​កាត់​សភា​អ្វី​ទេ បើ​កាលណា មិន​ប្រើ​ពាក្យ​ឆ្លងកាត់​សភា​មួយ​មាត់​ហ្នឹងហើយ គឺ​បាន​មាក់ងាយ​ទៅលើ​ច្បាប់រដ្ឋធម្មនុញ្ញ មាក់ងាយ​ទៅលើ​ប្រជាពលរដ្ឋ ១៧​លាន​នាក់​ហ្នឹង​បាត់​ទៅ​ហើយ»

ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃទី២៩ ខែ​តុលា បាន​ចេញ​សេចក្ដីថ្លែងការណ៍ អំពី​ការ​ដកខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ជាមួយ​វៀតណាម និង​ឡាវ ដោយ​ផ្អែក​តាម​ការ​បញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន។ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាង​ថា កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ជា​កិច្ច​សហប្រតិបត្តិការ​ធម្មតា រវាង​រដ្ឋាភិបាល​ទាំង​បី គឺ​កម្ពុជា វៀតណាម និង​ឡាវ ដូច្នេះ​ការ​ដកខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​សម្រេច​លើ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ចេញ​បំភ្លឺ​បែប​នេះ គឺ​ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ភាព​ច្បាស់លាស់​ក្នុង​ការ​ដក​កម្ពុជា ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ដោយ​ការ​ដកខ្លួន​នេះ ពួកគេ​ទាមទារ​ឲ្យ​ឆ្លងកាត់​សភា និង​ឡាយព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ ឬ​ការ​ចុះ​ហត្ថលេខា​ដោយ​ប្រមុខរដ្ឋ​ស្តីទី។

ថ្វីបើ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាង​បែបនេះ​ក្ដី អ្នកជំនាញ​ច្បាប់​ពន្យល់​ថា នីតិវិធី​នៃ​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ដទៃ​គួរតែ​ត្រូវ​បាន​ឆ្លងកាត់​យន្តការ​សភា និង​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ឬ​ការ​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋស្តីទី ដូច​កាលដែល​កិច្ចព្រមព្រៀង​នោះ​បាន​ប្រកាស​ដំបូង។

អ្នក​សិក្សា​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែ​តុលា ថា កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ជាមួយនឹង​វៀតណាម និង​ឡាវ មិនមែន​ជា​សន្ធិសញ្ញា​កិច្ច​សហប្រតិបត្តិការ​ធម្មតា ដូច​ការ​អះអាង​របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឡើយ ព្រោះ​កិច្ច​សហប្រតិបត្តិការ​នេះ បាន​អនុម័ត​ដោយ​សភា និង​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ កាល​ពី​ឆ្នាំ​២០១៨។

លោក វ៉ន ចាន់​ឡូត៖ «រដ្ឋាភិបាល​ត្រូវ​ប្រកាស​ថា គម្រោង​ប៉ុន្មាន​ដែល​កំពុងតែ​អនុវត្ត​ក្នុង​កិច្ចព្រមព្រៀង CLV-DTA នេះ ដែល​នឹង​ត្រូវ​ដកចេញ​ជាមួយ​? មាន​ដី​សម្បទាន​សេដ្ឋកិច្ច ចំនួន​ប៉ុន្មាន​ម៉ឺន​ហិកតារ? មាន​ពលរដ្ឋ​បរទេស ដែល​ចូល​មក​ប្រកប​របរ​រកស៊ី​ក្រោម​កិច្ច​នេះ ប៉ុន្មាន​ពាន់ ឬ​ប៉ុន្មាន​ម៉ឺន​នាក់? មាន​ទឹកប្រាក់​ប៉ុន្មាន ដែល​នឹង​ត្រូវ​ដក​ចេញ​ជាមួយ​? នេះ​គឺជា​កិច្ចការ ដែល​រដ្ឋាភិបាល​ត្រូវតែ​បង្ហាញ​តម្លាភាព​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង ឲ្យ​បាន​យល់​ច្បាស់ មិនមែន​ជា​ការ​កែប្រែ​នូវ​ទម្រង់​នៃ​ការ​អនុវត្ត ហើយ​ហៅថា ជា​ការ​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ ។ ប្រសិនបើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​តែ​កុហក​ប្រជាពលរដ្ឋ​របស់​ខ្លួន កំពុងតែ​លេងល្បែង​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​របស់​ខ្លួន»

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រៀម​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដក​កម្ពុជា​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ។ ពួកគាត់​អះអាង​ថា ការ​បន្ត​បាតុកម្ម​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល មិន​បង្ហាញ​ពី​ភាព​ច្បាស់លាស់​ក្នុង​ការ​ដក​កម្ពុជា​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ និង​បារម្ភ​ពី​ការបាត់បង់ អធិបតេយ្យ និង​បូរណភាព​ទឹកដៃ​ទៅ​ប្រទេសជិតខាង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments