RFA | អ្នកឃ្លាំមើល​ថា បក្ស​កាន់​អំណាច​ព្យាយាម​កេង​ចំណេញ​នយោបាយ​ពី​បុណ្យ​ចូលឆ្នាំថ្មី | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកឃ្លាំមើល និង​ប្រជាពលរដ្ឋ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ព្យាយាម​កេង​ចំណេញ​នយោបាយ ពី​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ។ ពួកគាត់​សង្កេត​ឃើញ​ថា ព្រឹត្តិការណ៍​ទាំងនោះ​បាន​ផ្សារភ្ជាប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​សារ​អរគុណ​សន្តិភាព គ្រប់​ទីកន្លែង ដោយ​ឱ្យ​ពលរដ្ឋ​ដឹងគុណ​ការ​ដឹកនាំ របស់​បក្ស​កាន់អំណាច ជាជាង​ធ្វើឡើង​ដើម្បី​អបអរ​បុណ្យ​ប្រពៃណី​ជាតិ។

ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ឆ្នាំ​នេះ ឃើញ​មាន​មេដឹកនាំ​គ្រាក់ៗ ក្នុង​ជួរ​រដ្ឋាភិបាល ហាក់​សប្បាយ​អរ ដោយ​អួត​ថា ការ​សប្បាយ​ក្អាកក្អាយ របស់​ពលរដ្ឋ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ដោយសារ​តែ​គុណបំណាច់​របស់​បក្ស​កាន់អំណាច ក្រោម​ម្លប់​សន្តិភាព។ ចំណែក​ពលរដ្ឋ​ថា ការ​លើកឡើង​នេះ គឺ​ផ្ទុយ​នឹង​ទិដ្ឋភាព​ជាក់ស្ដែង ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ។ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​សហគមន៍​ឡពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង លោក ស្ងួន ញៀន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែ​មេសា​ថា បើ​ទោះ​ពិធី​ចូលឆ្នាំ​ខ្មែរ មានការ​រាំ​លេង​សប្បាយ និង​ពលរដ្ឋ​ជួបជុំ​គ្រួសារ​ធ្វើបុណ្យ​ទាន​ក្ដី ប៉ុន្តែ នេះ​គ្រាន់តែ​ការ​មើល​ឃើញ​មួយ​ជ្រុង​ប៉ុណ្ណោះ តែ​ជាក់ស្ដែង ពលរដ្ឋ​ភាគច្រើន​កំពុង ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ។

លោក ស្ងួន ញឿន មើល​ឃើញ​ថា ការរៀបចំ​ព្រឹត្តិការណ៍ ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ គឺ​រៀបចំឡើង ដើម្បី កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ ជាជាង​ផល​ពលរដ្ឋ ដោយសារតែ មន្ត្រី​នយោបាយ​ទាំង​តែង​ផ្សារភ្ជាប់​ជាមួយនឹង​សារ​នយោបាយ ឱ្យ​ពលរដ្ឋ​អរគុណ​សន្តិភាព។ លោក​បន្ត​ថា ប្រទេសជាតិ​មួយ​ដែល​មាន​សន្តិភាព​ទៅ​បាន លុះណាតែ​ប្រជាពលរដ្ឋ លែង​រងគ្រោះ បាត់បង់​ដីធ្លី ផ្ទះ​សម្បែង ហើយ​មាន​ការងារ​ធ្វើ​សមរម្យ ពុំ​ជាប់បំណុល​ធនាគារ​វ័ណ្ឌក ដូច​បច្ចុប្បន្ន។ «»

ការ​លើកឡើង​របស់​ពលរដ្ឋ​នេះ ស្របពេល​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក គឺ លោក ហ៊ុន សែន បាន​អួតក្ដែងៗ​ថា ការ​សប្បាយ​ក្អាកក្អាយ របស់​ពលរដ្ឋ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ ដោយសារតែ​កម្ពុជា​មាន​សន្តិភាព។

នៅ​ថ្ងៃទី​១៦ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ដោយ​អរគុណ​ដល់ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​រៀបចំ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិ​គួរ​ជាទី​ពេញចិត្ត តាម​ការ​ចង់បាន​របស់​លោក ។ លោក​បញ្ជាក់​ថា ករណីនេះ ដោយសារតែ កម្ពុជា​មាន​ម្លប់​សន្តិភាព ដែល​បាន​ផ្ដល់​ឱ្យ​ប្រជាជន​គ្រប់​រូប អាច​រួមរស់​ប្រកបដោយ​កុសលធម៌ និង​សាមគ្គីធម៌។

រីឯ ឪពុក លោក ហ៊ុន ម៉ាណែត គឺ លោក ហ៊ុន សែន ក៏បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​ផង​ដែរ ដោយ​ភ្ជាប់​នឹង​រូបថត យុវជន​រាំ​លេង ប៉ាត​ម្សៅ។ លោក​ថា កម្ពុជា​មាន​សន្តិភាព​ពេញលេញ ទើប​អាច​មាន​ព្រឹត្តិការណ៍ រាំ​លេង សើច​សប្បាយ​ក្អាកក្អាយ​។ លោក​ថា មិនមែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​ទេ គឺ​មាន​ទាំង​ភ្ញៀវ​បរទេស​ច្រើន​កុះករ មក​លេង​កម្សាន្ត​ផង​ដែរ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ចេញ​សារ​អួត​ក្ដែងៗ ពី​សំណាក់ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន នេះ គឺ​គ្រាន់តែ​ដើម្បី​កេង​ចំណេញ​នយោបាយ ហើយ​ចង់​បង្វែរ​ស្ថានការណ៍ ដើម្បី​ឱ្យ​ពលរដ្ឋ​ងាក​មក​ដឹង​គិត​ពី​ការដឹកនាំ​របស់​បក្ស​កាន់អំណាច​ប៉ុណ្ណោះ​។ តែ​ជាក់ស្ដែង ប្រជាពលរដ្ឋ កំពុង​ជាប់​វិបត្តិ​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច និង​គ្មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ។ ចំណែក ការ​សប្បាយ​អំឡុង​ពេល​ជួប​ឆ្នាំ គឺ​គ្រាន់តែ​ដើម្បី បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​មួយ​គ្រា​ប៉ុណ្ណោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី ថា ការ​យក​ព្រឹត្តិការណ៍ បុណ្យ​ប្រពៃណី​ជាតិ របស់​អ្នក​នយោបាយ​ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍ ពុំ​មែន​ជា​គំរូ​ល្អ​នោះ​ទេ​។ លោក​បន្ត​ថា ការណ៍​ដែល​អ្នកនយោបាយ​នាំគ្នា ដោះស្រាយ​បញ្ហា​សង្គម​ដូចជា បញ្ឈប់ ការ​រំលោភបំពាន​សិទ្ធិ​ដីធ្លី និង​ផ្ដល់​ការងារ​សមរម្យ ដល់​ពលរដ្ឋ នោះ​ទើប​សម​ជា​ប្រទេស មាន​សន្តិភាព​ហើយ​ពលរដ្ឋ​អាច​រស់នៅ​សម្បូរ​សប្បាយ​ពិតប្រាកដ។ «»

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ចង់​ឃើញ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហា​សង្គម​នានា ដូចជា​បញ្ហា​ការរំលោភ​ដីធ្លី សិទ្ធិ​ការងារ សិទ្ធិមនុស្ស និង​គិតគូរ​ពី​សេដ្ឋកិច្ច​ពលរដ្ឋ​ជាធំ តាមរយៈ​ស្វែង​រក​ការងារ​សមរម្យ ទើប​ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញ​លេញ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​សន្តិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments