សាលារាជធានីភ្នំពេញ បានចេញលិខិតបដិសេធមិនឲ្យសមាគមខ្មែរកម្ពុជាក្រោម ជួបជុំគ្នា ហែក្បួនធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ នៅទីសាធារណៈ នៅថ្ងៃទី២៤ មេសា ដើម្បីទាមទារឲ្យដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលអាជ្ញាធរវៀតណាមចាប់ខ្លួនឡើយ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹង កាលពីយប់ថ្ងៃទី១៨ មេសាថា សមាគមនឹងជួបជុំគ្នានៅចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា ចំពោះការបដិសេធរបស់សាលាក្រុងធ្វើបាតុកម្មនេះ។
ការលើកឡើងរបស់លោក សឺន ជុំជួន នេះ នៅបន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញលិខិតបដិសេធ នៅថ្ងៃទី១៨ មេសា ជូនទៅសមាគមសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មិនអនុញ្ញាតឲ្យជួបជុំគ្នាហែក្បួនធ្វើបាតុកម្មនៅតាមផ្លូវសាធារណៈ និង នៅមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្ថានទូតវៀតណាម ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ឡើយ នៅថ្ងៃទី២៤ មេសា។
សាលារាជធានីភ្នំពេញកំណត់ឲ្យជួបជុំគ្នាតែ ១០០នាក់ នៅក្នុងវត្តសាមគ្គីរង្ស៊ី ខណ្ឌមានជ័យតែប៉ុណ្ណោះ ដោយត្រូវមានការឯកភាពពីព្រះចៅអធិការវត្ត។ ក្រៅពីនេះ សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យតំណាងខ្មែរកម្ពុជាយកញត្តិទៅដាក់ នៅស្ថានទូតវៀតណាមដោយផ្ទាល់ឡើយ ដោយអនុញ្ញាតឲ្យមនុស្សមិនលើសពី ១០នាក់ យកញត្តិទៅដាក់នៅទីស្ដីការក្រសួងការបរទេស ដើម្បីឲ្យក្រសួងការបរទេសបញ្ជូន ញត្តិនោះទៅស្ថានទូតវៀតណាម ជប៉ុន អូស្រ្តាលី ស្ថានទូតអាមេរិក និងការិយាល័យ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជំនួសវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីសុំសួរអំពីបញ្ហានេះ បាននៅឡើយទេ កាលពីថ្ងៃទី១៨ មេសា។
លោក សឺន ជុំជួន បន្ថែមថា គោលបំណងសំខាន់របស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ជួបជុំគ្នាធ្វើបាតុកម្ម និងដាក់ញត្តិទៅស្ថានទូតទាំងនេះ ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងពលរដ្ឋវៀតណាម និងព្រះសង្ឃ ដែលអាជ្ញាធរវៀតណាមចាប់ឃុំខ្លួន។
ដោយឡែកពលរដ្ឋខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេសពួកគេ ក៏នឹងធ្វើបាតុកម្មនៅទីតាំងផ្សេងៗ គ្នា ដើម្បីទាមទារឲ្យដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលអាជ្ញាធរវៀតណាម ចាប់ខ្លួនចំនួន ១៤នាក់នេះដែរ។
បាតុកម្មនេះ ចាប់ផ្ដើមមុនគេនៅបូរីញូវយ៉ក (New York) នៅថ្ងៃសៅរ៍ ទី១៩ មេសា។ ថ្ងៃអង្គារ ទី៧ ឧសភា នៅមុខអង្គការ សហប្រជាជាតិទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Swiss)។ បាតុកម្មនៅមុខ ទីក្រុងហ្សឺណែវនេះ ចំពេលដែលតំណាងរដ្ឋាភិបាលវៀតណាម មកចូលរួមកិច្ចប្រជុំ នៅអង្គការសហប្រជាជាតិ ស្ដីពីការពិនិត្យឡើងវិញ តាមកាលកំណត់ឆ្នាំទី៤ ដើម្បីឆ្លើយបំភ្លឺ ចំពោះមុខអង្គការសហប្រជាជាតិ លើការអនុវត្តកិច្ចព្រមព្រៀងនានា ដែលវៀតណាមបានចុះសន្ធិសញ្ញា។
បាតុកម្មចុងក្រោយ នឹងធ្វើឡើងនៅមុខស្ថានទូតវៀតណាម នៅថ្ងៃសៅរ៍ ទី១១ ឧសភា នៅទីក្រុងអន់តារីយោ ប្រទេសកាដា (Canada)។
អាជ្ញាធរវៀតណាមបានចាប់ខ្លួន ពលរដ្ឋខ្មែរកម្ពុជាជាបន្តបន្ទាប់។ មកទល់ពេលនេះ គឺមនុស្សចំនួន ១៤នាក់ហើយ រួមទាំងព្រះសង្ឃផង ដែលអាជ្ញាធរវៀតណាម ចាប់ យកទៅដាក់ពន្ធនាគារ។ ពួកគេទាំងនេះ ត្រូវបានតុលាការវៀតណាមចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ និងបំពានលើផលប្រយោជន៍របស់រដ្ឋ និងបទល្មើសផ្សេងទៀត។ ក្នុងចំណោមមនុស្សទាំង ១៤នាក់ អ្នកខ្លះ តុលាការបានកាត់ទោសផ្ដន្ទាទោស ពីជាងពីរឆ្នាំ និងអ្នកខ្លះទៀតជិត ៤ឆ្នាំ។
សហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស បានហៅការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញជនជាតិដើម ដែលរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម។ ពួកគេទាមទារឲ្យអាជ្ញាធរវៀតណាម ដោះលែងមនុស្សទាំង ១៤នាក់នេះវិញ ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments