បឹងធម្មជាតិជាង ១០កន្លែង ដែលជាអត្តសញ្ញាណប្រវត្តិសាស្ត្ររបស់អ្នកខេត្តកំពង់ឆ្នាំងនឹងបាត់បង់ជាបន្តបន្ទាប់ ដោយសារការរំលោភបំពាន ទន្ទ្រានយកដោយក្រុមឈ្មួញ អាជ្ញាធរមូលដ្ឋាន ដែលមានមន្ត្រីថ្នាក់កំពូលៗ ក្នុងជួររដ្ឋាភិបាលជាខ្នងបង្អែក ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅនេះ។
ការបាត់បង់មរកតធម្មជាតិដ៏មានតម្លៃទាំងនេះ ធ្វើឱ្យពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ប្រឈមការលំបាកច្រើនដោយ ខ្វះខាតទឹកស្រោចស្រពស្រូវកសិកម្មបាត់បង់កន្លែងនេសាទត្រី និងប៉ះពាល់សម្រស់ទេសភាពបម្រើវិស័យទេសចរ។
បើគេធ្វើដំណើរចាប់ពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅទិសខាងត្បូងចម្ងាយជាង ៣០គីឡូម៉ែត្រ នៅតំបន់ជនបទ ឋិតក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកជលគីរី គេឃើញមានបឹងធម្មជាតិដ៏ស្រស់ស្អាតបន្សល់ទុកជាច្រើនជំនាន់មកហើយ។ បឹងនេះសម្រាប់ផ្គត់ផ្គង់ទឹកធ្វើកសិកម្ម ផ្តល់ត្រីសាច់ និងវិស័យទេសចរ។
ក៏ប៉ុន្តែនៅរយៈពេលជិត ១ទសវត្សរ៍ កន្លងទៅនេះ បឹងធម្មជាតិយ៉ាងហោចណាស់ជាង ១០កន្លែង កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់។
ប្រជាកសិករឱ្យដឹងថា បឹងធម្មជាតិនេះបន្តបាត់បង់មានទម្រង់ផ្សេងៗ គ្នា ដោយបឹងខ្លះគោករាក់ស្មើនឹងដីស្រែ ត្រូវគេទន្ទ្រានយកដីធ្វើកសិកម្ម បឹងខ្លះទៀតគេលួចដាក់ដីលុបធ្វើជាកម្មសិទ្ធិឯកជន ធ្វើឱ្យផ្ទៃបឹងកាន់តែរួមតួច និងបឹងខ្លះផ្សេងៗ ទៀត មានការសាងសង់ម៉ុងខ្មោចចិនច្រើនស្អេកស្កះតាមមាត់បឹង។
ពលរដ្ឋរស់នៅឃុំកោះថ្កូវ ស្រុកជលគិរី លោក កួន ញ៉ាង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១៩ មេសាថា បឹងកន្ទបឋិតក្នុងឃុំកោះថ្កូវបានបាត់បង់ទាំងស្រុងហើយ បច្ចុប្បន្នបឹងនេះបានក្លាយជាដីកសិកម្ម គ្រប់គ្រងកម្មសិទ្ធិឯកជន។ រីឯបឹងចំនួនទៀត គឺបឹងរំចេក ,បឹងស្មោច, បឹងតាម៉ុល និងបឹងឆ្នុកអណ្ដែងជាដើម ក៏កំពុងប្រឈមការខូចខាតរូបរាង និងបាត់បង់ជាបន្តបន្ទាប់ ដោយគ្មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។
លោក កួន ញ៉ាង៖ «គេលក់ត្រីក្នុងបឹងទាំងមូល ពេលពលរដ្ឋចុះទៅរកត្រីគេគំរាម ពលរដ្ឋ តែបឹងគេលក់ឱ្យគេហើយ។ អាជ្ញាធរមួយចំនួនគាត់យកច្បាប់ឱ្យពលរដ្ឋគោរព តែគាត់អត់គោរពសោះ ពលរដ្ឋណាហ៊ានតវ៉ាត្រូវមានទោស»។
លោក កួង ញ៉ាង បន្ថែមថា នៅពេលដែលអាជ្ញាធរបណ្ដែតបណ្ដោយឱ្យបឹងគោករាក់ដោយគ្មានការជីកស្ការ ដល់រដូវប្រាំង ធ្វើឱ្យអាកាសអាកាសធាតុកើនកម្ដៅខ្លាំង ទឹកក្នុងបឹងរីងហួតហែង ដីប្រះស្រាំ ហើយត្រីមេពូជធំៗ ងាប់ជាបន្តបន្ទាប់ ដោយសារខ្សត់ទឹក។
លោកថា បឹងភាគច្រើនអាជ្ញាធរមូលដ្ឋានបានឃុបឃិតគ្នា លក់ត្រីមេពូជធំៗ ក្នុងបឹងទាំងមូល ទៅឱ្យឈ្មួញចាប់ត្រី ធ្វើអាជីវកម្មដោយគ្មានការអភិរក្សឱ្យច្បាស់លាស់នៅឡើយទេ ធ្វើឱ្យត្រីកាន់តែខ្សត់ ប៉ះពាល់ជីវភាពអ្នកភូមិ។
ប្រជាសហគមន៍រស់នៅស្រុកកំពង់ត្រឡាច លោក ស្ងួន ញៀន សង្កេតឃើញថា បឹងពោធិ៍ ដែលពលរដ្ឋចំនួន ៣ភូមិអាស្រ័យផល ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច កាន់តែរួមតួច ផ្នែកខ្លះនៃផ្ទៃបឹងក្លាយជាដីកសិកម្មដោយមានការទិញលក់ខុសច្បាប់។ រីឯជីវចម្រុះ និងបន្លែត្រីសាច់ ដែលជាប្រភពសេដ្ឋកិច្ចរបស់អ្នកភូមិក៏កាន់តែថយចុះដែរ។
លោកថា បឹងនេះមានទេសភាពស្រស់បំព្រង អំណោយផលផ្នែកវិស័យទេសចរ ក៏ប៉ុន្តែសម្រស់ធម្មជាតិទាំងនេះបន្តខូចខាតរូបរាង ដោយគ្មានវិធានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។
លោកបន្ថែមថា នៅលើផែនទីបឹងពោធិ៍មានផ្ទៃដីជាង ១០០ហិកតារ បច្ចុប្បន្ននៅដល់ជិត៥០ ហិកតារ ក្នុងពេលដែលអាជ្ញាធរគ្រប់គ្រងបឹងនេះជំនួសសហគមន៍ បានធ្វើឱ្យផ្ទៃបឹងកាន់តែរួមតួច៖
លោក ស្ងួន ញៀន៖ «ខាងអាជ្ញាធរលោកមេឃុំ និងភាគីក្រុមហ៊ុនគេ ហាមឃាត់ពលរដ្ឋមិនឱ្យធ្វើស្រែបន្តទៀត ដែលធ្លាប់អាស្រ័យផលលើបឹង។ នេះជាទង្វើមួយកំពុងឃុបឃិតគ្នាលក់បឹងបន្តបន្ទាប់។ បឹងដែលសំបូរដោយព្រៃឈើ និងធនធានធម្មជាតិពោរពេញដោយម៉ុងខ្មោច ទៅកប់ពេញដី»។
អ្នកភូមិបន្ថែមថា នៅគ្រាដែលអាជ្ញាធរមិនអើពើការពារបឹងធម្មជាតិ ធ្វើឱ្យកន្លែងបង្ហូរទឹក កាន់តែរួមតូចដែលប្រជាកសិករមិនអាចទាញទឹកធ្វើកសិកម្មនៅរដូវប្រាំងបានគ្រប់គ្រាន់។ រីឯត្រីសាច់ និងបន្លែក្នុងបឹង ក៏កាន់តែបាត់បង់ ហើយបរិស្ថានជុំវិញបឹង មានការសាងសង់ផ្នូរខ្មោចចិន ឬម៉ុងខ្មោច ធ្វើឱ្យក្មេងៗ និងអ្នកភូមិខ្លះភ័យខ្លាចមិនហ៊ានទៅនេសាទត្រីពេលយប់។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអធិប្បាយជុំវិញរឿងនេះពីអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បាននៅឡើយទេ នៅថ្ងៃទី១៩ មេសា។
ប៉ុន្តែមេភូមិសំរោង ឃុំតាជេស លោក មួ ហាក់ អះអាងថា បឹងពោធិ៍រួមតួចដោយសារអាជ្ញាធរកាត់ឆ្វៀលចែកជូនពលរដ្ឋអាស្រ័យផលធ្វើកសិកម្ម និងផ្នែកខ្លះទៀត អាជ្ញាធរអភិរក្សត្រីទុក សម្រាប់ប្រជាសហគមន៍។
លោកថា អាជ្ញាធរកំពុងជីកស្ដារបឹងឱ្យជ្រៅ ដើម្បីរក្សាទឹកទុកជាប្រយោជន៍ជូនពលរដ្ឋ និងអភិរក្សត្រីត្រី។
លោក មួ ហាក់៖ «តវ៉ាច្រើនពេកទៅរដ្ឋកាត់ឆ្វៀលឱ្យ នៅសល់ជាង ២០ហិកតារទេ បឹងហ្នឹង។ គេរួចរាល់អស់ទៅ គេរៀបចំហើយ ៣ ភូមិហ្នឹង គេធ្វើស្រួលបួលហើយ។ គេមិនមែនចេះតែធ្វើៗ បឹងដែលរីងហើយ ចេះតែអភិរក្សដែរ អាហ្នឹងមានអីកើត។ ដូចរាល់ថ្ងៃគេនៅអភិរក្សមួយថ្លុកទុក។ គេទុកពូជត្រីមិនឱ្យនរណារក និងអ្នកបង់»។
ឆ្លើយតបរឿងនេះ ប្រជាសហគមន៍ លោក ស្ងួន ញៀន បានច្រានចោលចំពោះការលើកឡើងរបស់អាជ្ញាធរភូមិរូបនេះ ដោយលោកថា ផ្ទៃបឹងពោធិ៍រួមតួចដោយសារអាជ្ញាធរលក់ដីឱ្យឈ្មួញ ដើម្បីសង់ម៉ុងខ្មោចចិន ឬផ្នូរខ្មោចចិន ធ្វើឱ្យបាត់បង់សម្រស់ធម្មជាតិ និងបរិស្ថានជុំវិញបឹង។
លោក ស្ងួន ញៀន៖ «លើកខាងដើមអ៊ីចឹង សុទ្ធតែម៉ុងខ្មោចទេ គាត់លក់អីតាមអំពើចិត្តគាត់។ គាត់យកលេសថា កាត់ឆ្វៀលឱ្យពលរដ្ឋ លក់បឹងសម្រាប់ទុកធ្វើម៉ុងខ្មោចទាំងអស់ ជុំវិញហ្នឹង សុទ្ធតែម៉ុងខ្មោចហើយហ្នឹង»។
បឹងធម្មជាតិជាង ១០កន្លែងទាំងនោះរួមមាន បឹងរំចេក ,បឹងស្មោច, បឹងតាម៉ុល, បឹងឆ្នុក, បឹងធំ, បឹងពោធិ៍ ,បឹងកន្ទប ,បឹងកាផល, បឹងរលាបសែន, និងបឹងឈ្វាង ជាដើម។ បឹងទាំងនេះ ឋិតក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកជលគីរី កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់ ដោយបឹងខ្លះគេចាក់ដីលុបបឹង អាជីវកម្មបូមខ្សាច់ បឹងខ្លះទៀតគោករាក់ស្មើនឹងដីស្រែជាឱកាសឱ្យឈ្មួញទន្ទ្រានដីបឹងធ្វើកសិកម្ម។ រីឯបឹងខ្លះទៀតមានការទិញលក់ដូរជាកម្មសិទ្ធិឯកជន ជាប់ពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ពន្យល់ថា បឹងមានសារៈសំខាន់ណាស់ ក្នុងការរក្សាទឹកទុកធ្វើកសិកម្ម និងអភិរក្សជីវចម្រុះ ប្រសិនបើបាត់បង់ នឹងប៉ះពាល់ដល់ត្រី បណ្ដាលឱ្យប្រែប្រួលអាកាសធាតុ ជាពិសេស បាត់បង់ផ្ទៃរងទឹកភ្លៀង បញ្ចៀសទឹកជំនន់នារដូវវស្សា។
លោក លាង ប៊ុនលាភ៖ «ការបាត់បង់អាងស្តុកទឹកហ្នឹងវាតែងប៉ះពាល់ ដល់ជីវភាពរស់នៅជុំវិញបឹងហ្នឹង។ អ្នកដែលមានការអាស្រ័យផលបឹងហ្នឹង ធនធានទឹក ធនធានជីវចម្រុះ និងបរិយាកាស ឬទេសចរជាដើម។ ដើម្បីថែរក្សាធនធានបឹងយូរអង្វែង ត្រូវអនុវត្តច្បាប់មានស្ដាប់។ បឹងទន្លេ ព្រៃ សុទ្ធជាសម្បត្តិរបស់រដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា នៅគ្រាដែលបាត់បង់បឹង នឹងធ្វើឱ្យខូចខាតប្រព័ន្ធទឹកក្រោមដី ប្រែប្រួលចរន្តទឹកតាមលំនាំធម្មជាតិនារដូវវស្សា ងាយនឹងមានទឹកជំនន់ លិចស្រូវកសិកម្ម ផ្លូវថ្នល់ និងលំនៅឋានរបស់ពលរដ្ឋ ជាដើម។
ប្រជាសហគមន៍បន្ថែមថា មុនឆ្នាំ២០១៦ បឹងភាគច្រើនអ្នកភូមិគ្រប់គ្រង មានការអភិរក្សច្បាស់លាស់ ពុំមានការបាត់បង់ដូចបច្ចុប្បន្ននោះទេ ក៏ប៉ុន្តែក្រោយមកអាជ្ញាធរខេត្តកំពង់ឆ្នាំង បានដណ្ដើមពីសហគមន៍គ្រប់គ្រងវិញ ជាឱកាសឱ្យក្រុមឈ្មួញ និងក្រុមហ៊ុនឯកជនខ្លះរំលោភបំពានដោយសារអំពើពុករលួយ និងការឃុបឃិតគ្នា ធ្វើឱ្យបឹងបន្តបាត់បង់ និងខូចរូបរាង៕
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments