RFA | អ្នកឃ្លាំមើល ជំរុញ​រដ្ឋាភិបាល​ឱ្យ​ស៊ើប​អង្កេត​រឿង​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​ករណី​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​បុរស​ដើម​កំណើត​អូស្ត្រាលី​ម្នាក់ ដែល​ជាប់​សង្ស័យ​ថា ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន។ ការ​ជំរុញ​បែប​នេះ គឺ​បន្ទាប់​ពី​បណ្ដាញ​សារ​ព័ត៌មាន​ដ៏​ធំ​របស់​អូស្ត្រាលី បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​មួយ​ថា ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ម្នាក់ បាន​ទទួល​សញ្ជាតិ​ខ្មែរ និង​ប្រហែល​ជា​កំពុង​លាក់​ខ្លួន​នៅ​កម្ពុជា ឬ​ប្រទេស​វៀតណាម។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​អះអាង​ថា សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​នេះ។

មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ស៊ើប​អង្កេត​ឲ្យបាន​ហ្មត់ចត់​និង​ឆ្លើយតប​ជា​សាធារណៈ ចំពោះ​ការ​ចោទ​ប្រកាន់​រឿង​ផ្ដល់​ទីជម្រក​លាក់ខ្លួន និង​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​បុរស​ដើម​កំណើត​អូស្ត្រាលី​ម្នាក់ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​ប៉ូលិស​អូស្ត្រាលី​ថា ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ដ៏​ធំ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក អ៊ិន ហេមរ៉ា ថ្លែង​ថា វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែង​ផ្ដល់​ទីជម្រក និង​ផ្ដល់​ឋានៈ​តួនាទី​ ព្រមទាំង​ផ្ដល់​សញ្ជាតិ​ខ្មែរ​ជា​កាដូ​ដល់​ពួក​ឧក្រិដ្ឋជន​លំដាប់​អន្តរជាតិ​មួយ​ចំនួន។ លោក​យល់​ថា ការ​ផ្ដល់​សញ្ជាតិ​តាម​បែប​អំពើ​ពុករលួយ​ដល់​បុរស​ដើម​កំណើត​អូស្ត្រាលី​ដែល​ប៉ូលិស​អូស្ត្រាលី​កំណត់​មុខ​សញ្ញា​ច្បាស់​ថា ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​ប្រទេស​ខ្មែរ​បន្ថែម​ទៀត​ពី​លើ​រឿង​អាស្រូវ​នៃ​ការ​លាង​លុយ​កខ្វក់​និង​ការ​ជួញដូរ​មនុស្ស។

លោក អ៊ិន ហេមរ៉ា៖ «ដឹង​ថា បុគ្គល​នេះ​ជា​ឧក្រិដ្ឋជន​ហើយ​ផ្ដល់​តួនាទី ផ្ដល់​សញ្ជាតិ ផ្ដល់​ឱកាស​ឲ្យ​ឧក្រិដ្ឋជន​ទាំង​អស់​នេះ រកស៊ី​ក្នុង​ស្រុក​ខ្មែរ គឺ​ធ្វើ​ឲ្យ​ការ​រីក​រាលដាល​ឧក្រិដ្ឋកម្ម​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ ហើយ​ឧក្រិដ្ឋជន​ដទៃ​ទៀត​ដែល​ឃើញ ប្រទេស​ខ្មែរ​អនុញ្ញាត​ឲ្យ​មាន​ឧក្រិដ្ឋជន​អ៊ីចឹង មាន​ន័យ​ថា​ប្រទេស​យើង​អាច​ក្លាយ​ជា ជង្រុក​ឧក្រិដ្ឋជន​អន្តរជាតិ។ មាន​ន័យ​ថា ឧក្រិដ្ឋ ដែល​មិន​អាច​រស់នៅ​ប្រទេស​គេ​បាន គឺ​មក​រស់នៅ​ប្រទេស​ខ្មែរ ហើយ​ចុង​បញ្ចប់​ទៅ ប្រទេស​ខ្មែរ​ក្លាយ​ជា​ជង្រុក​ឧក្រិដ្ឋជន ឬ​កន្លែង​ឧក្រិដ្ឋកម្ម ដែល​ធ្វើ​ឲ្យ​អ្នក​រកស៊ី ឬ​អ្នក​វិនិយោគ​ល្អៗ មិន​អាច​មក​កម្ពុជា ដូច្នេះ​ប្រទេស​ខ្មែរ​ខាតបង់​ច្រើន​ណាស់»

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ចង់​ឲ្យ​អ្នក​វិនិយោគ​ទៅ​រកស៊ី​នៅ​កម្ពុជា​តាម​រយៈ​យុទ្ធការ​ទាក់​ម៉ូយ​របស់​លោក​នោះ លោក​គួរតែ​ជំរុញ​ឲ្យ​មាន​ការស៊ើបអង្កេត​ ដើម្បី​ឈាន​ទៅ​រក​ការ​ដក​សញ្ជាតិ និង​ធ្វើ​បត្យាប័ន​បញ្ជូន​ឧក្រិដ្ឋជន​ជា​ជនជាតិ​អូស្ត្រាលី​នេះ​ទៅ​ប្រទេស​ដើមកំណើត​វិញ ដើម្បី​លាង​សម្អាត​ប្រទេស​របស់​ខ្លួន។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​បណ្ដាញ​សារ​ព័ត៌មាន​អេប៊ីស៊ី (ABC) នៅ​ប្រទេស​អូស្ត្រាលី បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​មួយ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា​ថា ប៉ូលិស​អូស្ត្រាលី បាន​កំណត់​អត្តសញ្ញាណ​បុរស​ដើម​កំណើត​អូស្ត្រាលី​ម្នាក់​ថា ជា​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន (methamphetamine) ឬក៏​ម៉ា​ទឹក​កក​រាប់​រយ​គីឡូក្រាម​ពីក្រៅ​ចូល​ប្រទេស​អូស្ត្រាលី។ បុរស​រូប​នោះ មាន​ឈ្មោះ ដានីញ៉ែល រ៉ូដនី បែដជើរ៍ (Daniel Rodney Badger )អាយុ ៣៨ឆ្នាំ ដែល​ពីមុន​រស់​នៅ​ទីក្រុង​ស៊ីដនី (Sydney)ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​ជាប់​សង្ស័យ​ថា ប្រហែល​ជា​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ប្រទេស​វៀតណាម។លោក បាន​រៀបការ​ជាមួយ​នារី​ជនជាតិ​វៀតណាម នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) ជាទី​ដែល​គាត់​បើក​ក្រុមហ៊ុន​លក់​រថយន្ត កាល​ពី​ឆ្នាំ២០២០។ សារព័ត៌មាន ABC ក៏​បាន​រក​ឃើញ​ទៀត​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​រូប​នេះ ទទួល​បាន​សញ្ជាតិ​ខ្មែរ​កាល​ពី​ឆ្នាំ២០២២ ដោយ​ប្ដូរ​ពី​ឈ្មោះ ដានីញ៉ែល រ៉ូដនី បែដជឺ ទៅ​ជា​ឈ្មោះ​សែន សុវណ្ណារិទ្ធ (Sovannarith Sen)

ស្នងការ​រង​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី លោក អ៊ាន ម៉ាខាតនី (Ian McCartney ) ប្រាប់​សារព័ត៌មាន​ABC ថា លោក ដានីញ៉ែល រ៉ូដនី បែដជឺ គឺ​ស្ថិត​ក្នុង​បញ្ជី​គោល​ដៅ​ស៊ើប​អង្កេត​ធំ​បំផុត​របស់​ប៉ូលិស ក្នុង​ចំណោម​មនុស្ស​ជាង ១០០នាក់ ដែល​ប៉ូលិស​បាន​ចោទ​ប្រកាន់​ថា ជា​អ្នក​បង្ក​សកម្មភាព​ឧក្រិដ្ឋ​ក្នុង​ប្រទេស​អូស្ត្រាលី ដូចជា​ការ​នាំចូល​ថ្នាំ​ញៀន​ជា​ដើម។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ឆ្លើយ​តប​តាម​បណ្ដាញ​សង្គម​តេឡេ​ក្រាម​ (Telegram)ថា ករណី​នេះ​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការ​បទេស​ឡើយ។ ប៉ុន្តែ លោក បន្ត​ថា អាជ្ញាធរ​កម្ពុជា នឹង​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​កិច្ចសហការ​ពេញ​លេញ​ជាមួយ​អាជ្ញាធរ​របស់​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ស៊ើប​អង្កេត​ដូច​ដែល​ធ្លាប់​ធ្វើ​កន្លងមក។

ទាក់ទង​នឹង​រឿង​នេះ​ដែរ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ និង​ជា​អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម លោក សាយ ម៉េងឈាង បាន​ទេ នៅ​ថ្ងៃ​ទី២៣ មេសា ដើម្បី​សាកសួរ​ពាក់​ព័ន្ធ​នឹង​ការ​វាយតម្លៃ​លើ​ពាក្យ​ស្នើសុំ​សញ្ជាតិ និង​ការ​កំណត់​សម្គាល់​មុខរបរ ឬ​អាជីវកម្ម​របស់​លោក ដានីញ៉ែល រ៉ូដនី បែដជើរ៍។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ វិញ លោក ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​ជំនាញ​កម្ពុជា នឹង​ស៊ើប​អង្កេត​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ABC។ ប៉ុន្តែ​លោក​ប្រតិកម្ម​ថា សារព័ត៌មាន​បរទេស​មួយ​នេះ មិន​គួរ​ចុះ​ផ្សាយ​ដោយ គ្មាន​ប្រភព​ច្បាស់​លាស់ ដោយ​គ្រាន់​តែ​សង្ស័យ​ថា ជន​សង្ស័យ ប្រហែល​ជា​លាក់​ខ្លួន​នៅ​កម្ពុជា​នោះ​ឡើយ ព្រោះ​ករណី​ប្រភេទ​បទ​ល្មើស​ធំ​បែប​នេះ នាំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ។

លោក ទូច សុខៈ៖ «ប្រសិនបើ​ពិត​ដូច​ការ​ផ្សព្វផ្សាយ គឺ​រដ្ឋាភិបាល​អូស្ត្រាលី នឹង​ធ្វើការ​ជាមួយ​កម្ពុជា ឬ​ប្រទេស​ផ្សេង​ដទៃ​ទៀត ដែល​ជនសង្ស័យ​រត់​ទៅ​លាក់​ខ្លួន ឬ​ទៅ​សម្ងំ។ ជា​គោល​ការណ៍​ច្បាប់​និង​ទំនាក់ទំនង​ការ​ទូត សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ស្វាគមន៍​រាល់​ការ​ស្នើសុំ​កិច្ចសហការ ដើម្បី​បង្ក្រាប​បទ​ល្មើស ឬ​ក៏​ចាប់ខ្លួន​ជន​សង្ស័យ​ណាមួយ​ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់។ កម្ពុជា មិនមែន​ជា​ជង្រុក​មួយ​សម្រាប់​ផ្ដល់​សុវត្ថិភាព​ដល់​ជន​ល្មើស ឬ​ជន​សង្ស័យ​មក​លាក់​បំពួន​ទេ»

ទោះ​ជា​យ៉ាង​ណា​ក្ដី ករណី​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ទីជម្រក និង​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស ដែល​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​នេះ បាន​កើត​ឡើង​ជា​ច្រើន​ករណី​មក​ហើយ ប៉ុន្តែ ពុំ​មាន​ការ​ស៊ើប​អង្កេត​និង​ការ​ចាត់​វិធានការ​ច្បាប់​នោះ​ទេ។ ករណី​បែប​នេះ​ហើយ ទើប​ប្រទេស​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា ជា​ឋានសួគ៌​សម្រាប់​ពួក​ឧក្រិដ្ឋជន​ជា​ជន​បរទេស ជាពិសេស ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជួញដូរ​គ្រឿងញៀន កាប់​ឈើ​ខុស​ច្បាប់ លាង​លុយ​កង្វក់ និង​ជួញដូរ​មនុស្ស។ ជាក់​ស្ដែង បុរស​ជន​ជាតិ​ចិន​ម្នាក់​លោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ទីក្រុង​ប៉េកាំង​ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់ និង​ការ​លាង​លុយ​កខ្វក់​នោះ ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ក្លាយ​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០១៥ ហើយ​មាន​លិខិត​ឆ្លង​ដែន​ការ​ទូត​ទៀត​ផង។ ថ្មីៗ នេះ បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត ដែល​ជាប់​ឈ្មោះ​ថា ជា​ឧក្រិដ្ឋជន​រក​ស៊ី​បនល្បែង​អនឡាញ​ឆ្លងដែន​ខុស​ច្បាប់ លោក ចេន ហ្ស៊ី (Chen Zhi) ក៏​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​រដ្ឋាភិបាល។ លោក ចេន ហ្ស៊ី ទើប​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៩ ខែមេសា។ ឧក្រិដ្ឋជន​ចិន​រូប​នេះ ក៏​ជា​ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត ដែរ ខណៈ​កន្លង​មក​លោក​ជាទី​ប្រឹក្សា​ក្រសួង​មហាផ្ទៃ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ផង និង​ជាទី​ប្រឹក្សា​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ផង។ ក្រុម​ឧក្រិដ្ឋជន​បរទេស ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ឋានៈ​តួនាទី​ទាំង​នេះ សុទ្ធតែ​មាន​ឈ្មោះ​លោក ហ៊ុន សែន ជា​អ្នក​លើក​សំណើ​ទៅ​ព្រះ​មហាក្សត្រ។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍ថា តាម​ច្បាប់​ស្ដីពី​សញ្ជាតិ​ខ្មែរ គឺ​ជន​បរទេស អាច​សុំ​ចូលសញ្ជាតិ​ខ្មែរ​តាមរយៈ​ការ​ដាក់​ទុន​វិនិយោគ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ឬ​ផ្ដល់​អំណោយ​ជា​ទឹក​ប្រាក់​ដល់​កម្ពុជា ប៉ុន្តែ​កន្លងមក មាន​ការ​រិះគន់​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ លោក​បន្ត​ថា ប្រសិន​បើ​បុរស​ជនជាតិ​អូស្ត្រាលី ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូច​ការ​អះអាង​របស់​ប៉ូលិស​អូស្ត្រាលី ហើយ​បែរ​ជា​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ និង​អាម៉ាស់​សម្រាប់​កម្ពុជា។ លោក​ជំរុញ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​លើ​រឿង​នេះ។

លោក យង់ គិមអេង៖ «ចំពោះ​បញ្ហា​នេះ បើ​សិន​ជា​កម្ពុជា​នៅ​ស្ងៀម មិន ពន្យល់​ឲ្យ​បាន​ច្បាស់​ទេ គឺ​វា​អាច​ជា​បញ្ហា។ បើ​សិន​ជា​រក​ឃើញ​ថា ជា​ករណី​ឧក្រិដ្ឋជន ដូច​ការ​អះអាង​របស់​គេ​មែន គឺ​កម្ពុជា ត្រូវ​តែ​ដោះ​សញ្ជាតិ​ឡើង​វិញ ហើយ​សហការ​ជាមួយ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី ដើម្បី​បញ្ជូន​គាត់​ទៅ​តុលាការ ​អូស្ត្រាលី ដើម្បី​កាត់​ទោស​តាម​ច្បាប់»

ជុំវិញ​ករណី​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​លោក ដានីញ៉ែល រ៉ូដនី បែដជឺ នេះ​ វិទ្យុ​អាស៊ី​សេរី ក៏​បាន​ទាក់ទង​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​ស្ថានទូត​អូស្ត្រាលី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ប្រសិន​បើ​ករណី​នេះ អាជ្ញាធរ​កម្ពុជា ​មិន​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់ និង​បំភ្លឺ​ជា​សាធារណៈ​ទេ នឹង​មានផល​ប៉ះពាល់​ច្រើន​សម្រាប់​កម្ពុជា ដូច​ជា ការ​បាត់បង់​ទំនុក​ចិត្ត​របស់​សហគមន៍​អន្តរជាតិ  ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​ជំនួញ​សុចរិត​មិន​ហ៊ាន​រកស៊ី​នៅ​កម្ពុជា​ជាដើម៕





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments