កម្ពុជា និងជប៉ុន ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ នៅចំពេលនាវាចំបាំងពីរគ្រឿងរបស់ចិនចូលចតនៅកំពង់ផែរាមក្រោមហេតុផលដើម្បី«ហ្វឹកហ្វឺន»ដល់នាយនាវិកនៃកងទ័ពជើងទឹកកម្ពុជា។
ការបង្ហាញចេតនាពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូ។ ក្រសួងការបរទេសជប៉ុនឱ្យដឹងថាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះ នឹងធ្វើឡើងតាមរយៈការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចចូលចតនៅតាមកំពង់ផែនៃប្រទេសទាំងពីរ។ ក៏ប៉ុន្តែ ពុំមានការបញ្ជាក់ជាក់លាក់ពីកំពង់ផែរាមឡើយ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតឱ្យមាននូវកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បន្ថែមលើកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេសដែលមានស្រាប់។
បណ្ឌិត រ៉ូ វណ្ណ៖ «យើងអាចមើល យើងអាចវិភាគចេញពីទស្សនៈរបស់អ្នកប្រាកដនិយម គឺការប្រកួតប្រជែងខាងសន្តិសុខ ការធ្វើតុល្យភាពអំណាចវាជារឿងអាទិភាពសម្រាប់រដ្ឋត្រូវធ្វើ។ អ៊ីចឹង ក្នុងន័យនេះ ទោះបីជារូបភាពជប៉ុនព្យាយាមធ្វើទំនាក់ទំនងក្នុងរូបភាពការទូត ក្នុងរូបភាពសេដ្ឋកិច្ចក្តី ប៉ុន្តែ វាច្បាស់ជាបង្កប់នូវរបៀបវារៈភូមិសាស្ត្រនយោបាយដើម្បីធ្វើឱ្យមានតុល្យភាពអំណាចជាមួយចិនឡើងវិញ។ យើងដឹងហើយថាជប៉ុនជាសម្ព័ន្ធមិត្តមួយរបស់អាមេរិក»។
កាលពីដើមខែធ្នូ កម្ពុជាបានអនុញ្ញាតឱ្យនាវាចំបាំងរបស់ចិនយ៉ាងហោចណាស់ពីរគ្រឿងចូលចតនៅកំពង់ផែកងទ័ពជើងទឹករាមជាលើកដំបូង ក្រោយពេលកម្ពុជាអនុញ្ញាតឱ្យចិនអភិវឌ្ឍកំពង់ផែនេះអស់រយៈពេលជិត២ឆ្នាំ។ កម្ពុជាអះអាងថាការអនុញ្ញាតឱ្យនាវាចំបាំងរបស់ចិនចូលចតនេះ គឺដើម្បីត្រៀម«ហ្វឹកហ្វឺន»នាយនាវិកកងទ័ពជើងទឹកកម្ពុជា។ ការចូលចតជាលើកដំបូងនៃនាវាចំបាំងរបស់ចិននេះ ត្រូវអ្នកជំនាញភូមិសាស្ត្រនយោបាយ មើលឃើញថា ជា«ការសាកល្បង»ចង់ដឹងពីប្រតិកម្មអន្តរជាតិជុំវិញឥទ្ធិពលយោធារបស់ចិននៅកម្ពុជា។ កម្ពុជារងនូវការរិះគន់ថា បានលួចអនុញ្ញាតឱ្យចិនប្រើប្រាស់មួយផ្នែកនៃកំពង់ផែរាមនេះ«ផ្ដាច់មុខ»ដើម្បីធ្វើជាមូលដ្ឋានទ័ពរបស់ខ្លួន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments