RFA | សកម្មជន​បរិស្ថាន​សរសេរ​សៀវភៅ​ស្ដីពី​ជីវិត​ក្នុង​ពន្ធនាគារ​ និង​បទពិសោធ​តស៊ូ​មតិ​បញ្ហា​បរិស្ថាន​នៅ​ខេត្ត​កោះកុង | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​បរិស្ថានលោក សាន់ ម៉ាឡា ​ទើប​តែ​បាន​ចេញ​ផ្សាយ​សៀវភៅថ្មី​មួយ​មាន​ចំណង​ជើងថា «នៅពីក្រោយ​វាំងនន​ខ្មៅ»។ សៀវភៅនេះ​និយាយ​ពី​ជីវិត​របស់​លោក​ដែល​ធ្លាប់ជាប់​ពន្ធនាគារ​ដោយ​សារ​សកម្មភាព​តសូមតិ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​បែប​អនាធិបតេយ្យ​នៅ​ខេត្តកោះកុង។

សៀវភៅ​ប្រលោម​លោក​ជីវិត​នៅ​ពន្ធនាគារនេះ ​ទំនង​ជាមិនទាន់​មាន​តម្លៃអ្វី​ណាស់​ណាទេ ​នៅក្នុង​សង្គម​បច្ចុប្បន្ន។ ប៉ុន្តែ​នៅ​ពេលអនាគត​សៀវភៅ​ «នៅពី​ក្រោយ​វាំងននខ្មៅ» នេះ នឹង​ក្លាយទៅ​ជា​ឯកសារ​ដ៏​សំខាន់សម្រាប់​កូន​ខ្មែរដើម្បី​ស្វែង​យល់​ពី​ការលះបង់​ដ៏​អង់អាច​របស់​សកម្មជន​នៅ​សម័យ​នេះ ដែល​បាន​ការ​ពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ។ នេះ​បើ​តាម​ការ​អះអាងរបស់​អ្នកនិពន្ធលោក សាន់ ម៉ាឡា។

សកម្មជន​បរិស្ថាន​រូបនេះ ប្រាប់​អាស៊ី​សេរី​ថា សៀវភៅ​នេះ​មាន​ ១៨​ ជំពូក ​និង ​១០៦​ ទំព័រ ​ហើយ​អត្ថាធិប្បាយ​ពី​រសជាតិ​ជីវិត​ដែល​មាន​ទុក្ខសោក​ផង  សប្បាយ​ផង  និង​អនុស្សាវរីយ៍​ទាំង​អស់ដែល​ដិតជាប់​ក្នុង​ការ​ចងចាំ​របស់​លោក និង​សហការី​ក្នុង​ពន្ធនាគារ និង​សកម្មភាព​តស៊ូមតិ​ បញ្ឈប់​ការ​បូម​ខ្សាច់​យ៉ាង​អាណាធិបតេយ្យ៖ «ខ្ញុំ​គិត​ថា ​នៅ​ពេល​ដែល​មនុស្ស​បាន​អានសៀវភៅរបស់ខ្ញុំ បាន​អាន​អំពី​ភាពរីករាយ ពី​អនុស្សាវរីយ៍​ដែល​​ខ្ញុំមាននៅ​ក្នុង​ពន្ធនាគារ គឺ​អាច​កាត់​បន្ថយ​ការ​ភ័យខ្លាច​ចំពោះ​ពួក​គាត់ នឹង​មិន​ធ្វើ​ឲ្យ​យុវជន​ដែល​កំពុង​តែ​សកម្ម ឬ​យុវជន​ដែល​គាត់​ចាប់​អារម្មណ៍​ធ្វើ​ការងារ​សង្គម​ហ្នឹង ភ័យ​ខ្លាច ឬ​បារម្ភ​ពេល​ណា​មួយ​ជាប់​ពន្ធនាគារ ត្រូវ​បាន​គេ​ធ្វើ​បាប​ឬ​ក៏​អីទេ»

លោក សាន់ ម៉ាឡា និង​សកម្មជន​ពីរនាក់ទៀតរួមមានលោក ស៊ីម សំណាង និង​លោក ទ្រី សុវិគា កាលនោះ គឺ​ជា​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ។ អ្នកទាំងបី ត្រូវ​បាន​អាជ្ញាធរ​ចាប់​​ដាក់​ពន្ធនាគារ​កាលពី​ខែសីហា ឆ្នាំ២០១៥ ដោយសារ​ពួកគេ​ចេញមុខ​យ៉ាងសកម្មក្នុង​ការ​តស៊ូមតិ​ប្រឆាំង​ទៅនឹង​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង។ តុលាការបាន​ផ្ដន្ទាទោស​អ្នកទាំងបី ដាក់ពន្ធនាគារចំនួន ១៨ ខែពីបទ​ “​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​”​ ប៉ុន្តែ​តុលាការ​សម្រេច​ព្យួរទោសប្រមាណ ៨ ខែ។ តុលាការ​ជាន់ខ្ពស់បាន​តម្កល់​ការ​សម្រេច​នេះ​ទុក​ជា​បាន​ការ​ដដែល។

ទោះជា​ត្រូវជាប់ឃុំជាង១០ ខែ និង​ត្រូវ​ចាញ់ក្ដី​នៅតុលាការ​គ្រប់​ជាន់​ថ្នាក់យ៉ាងណាក្ដីលោក សាន់ ម៉ាឡា រៀបរាប់ក្នុង​សៀវភៅ​របស់​លោក​ថា ចំណាត់​ការ​ទាំងនេះ មិនអាចធ្វើឱ្យលោក​បោះបង់​ការងារ​ការពារបរិស្ថាននោះទេ តែផ្ទុយទៅវិញ លោកកាន់តែរឹងមាំ និង​បន្តសកម្មភាព​កាន់​តែ​ខ្លាំង​ជាង​មុន​ថែម​ទៀត។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្រ្តា និង​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​សាកសួរ​យោបល់​ទាក់ទង​នឹង​ការ​ចេញ​ផ្សាយ​សៀវភៅ​របស់​សកម្មជន​បរិស្ថាន​លោក សាន់ ម៉ាឡា នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ ខែមីនា។

នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត លើក​ឡើង​ថា លោក សាន់ ម៉ាឡា ជា​មនុស្ស​ម្នាក់​ដែល​បាន​លះបង់​ពេល​វេលា និង​ថវិកា​ដើម្បី​ចូលរួម​សកម្មភាព​តវ៉ា​រឿង​បរិស្ថាន។ លោក​ថា សកម្មភាពបែបនេះគួរ​តែ​ទទួល​បាន​លើកទឹក​ចិត្តខ្ពស់ ពីសំណាក់​អ្នក​ដឹកនាំ និង​អាជ្ញាធរ​មូលដ្ឋាន មិន​មែន​ជា​ការ​ចាប់​ដាក់​ពន្ធនាគារ​នោះឡើយ។ លោកកោត​សរសើរ​ចំពោះសមិទ្ធផល​ថ្មី​ដែល​ទើប​តែ​ចេញ​ផ្សាយ​ជា​សៀវភៅ​បង្ហាញ​ពី​រឿងរ៉ាវ​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ សម្រាប់​សាធារណៈជន​អាច​ស្វែង​យល់បន្ថែមអំពីរឿងនេះ៖ «ខ្ញុំគិតថា​ជា​ចំណុច​ល្អ​មួយ​ដែល​បាន​ចង​ក្រង​ជា​សៀវភៅ​នេះ​ដើម្បី​បញ្ចេញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ បាន​ឃើញ​នូវ​រឿងរ៉ាវ​ទាំង​នេះ ហើយ​ហ៊ាន​ចូលរួ​ម​ក្នុង​កិច្ចការពារ​បរិស្ថាន ធនធាន​ធម្មជាតិ​បន្ត​ទៅ​ទៀត។ ជា​ពិសេស កាតព្វកិច្ច និង​ភារៈកិច្ច​របស់​យុវជន​ត្រូវ​តែ​រួមគ្នា​ចូល​រួម​កិច្ចការពារ​បរិស្ថាន ធនធាន​ធម្មជាតិ​ ព្រោះ​នេះ​វាជា​សម្បត្តិ​របស់​ជាតិ មិន​មែន​ជា​សម្បត្តិ​របស់​នរណា​ម្នាក់​នោះ​ទេ»

លោក សាន់ ម៉ាឡា​ អះអាងថា លោកមិន​ដែល​មាន​ការ​ភ័យខ្លាច ឬ​បញ្ឈប់​ឆន្ទនិង​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ចំពោះ​ការ​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​ផលប្រយោជន៍​សង្គម​ជាតិ​នោះ​ទេ។ បច្ចុប្បន្ន​ លោក សាន់ ម៉ាឡា  គឺ​ជា​មន្ត្រីផ្នែក​តស៊ូ​មតិ​នៃ​គម្រោង​អ្នក​ការពារព្រៃឈើ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)។​ លោក​ទទួលខុស​ត្រូវ​ក្នុង​ការនាំយុវជន​ចុះល្បាត​ព្រៃឈើ និង​ធ្វើ​យុទ្ធនាការ​នានា ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​នៅកម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments