តុលាការកំពូលសហរដ្ឋអាមេរិកនឹងស្តាប់អំណះអំណាងផ្ទាល់មាត់នៅថ្ងៃអង្គារ ជុំវិញការប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋ ក្នុងការលុបចោលច្បាប់សុខភាព Affordable Care Act ហៅក្រៅថា Obamacare ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងយុគសម័យអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា (Barack Obama)។ សវនាការនេះកើតឡើងប៉ុន្មានសប្តាហ៍ ក្រោយពីអ្នកស្រី Amy Coney Barrett បានក្លាយជាចៅក្រមតុលាការកំពូលមួយរូប ហើយដែលនេះធ្វើឱ្យសំឡេងចៅក្រមខាងក្រុមអភិរក្សនិយមមានសំឡេងភាគច្រើន៦ទល់នឹង៣សំឡេង។ ចំណុចសំខាន់នៃបណ្តឹងប្រឆាំងច្បាប់សុខភាពឆ្នាំ២០១០នេះ គឺការតម្រូវឱ្យពលរដ្ឋភាគច្រើនបំផុត មានការធានារ៉ាប់រងសុខភាពក្នុងកម្រិតអប្បបរមាមួយ បើមិនដូចនេះទេ នឹងត្រូវទទួលរងនូវការផាកពិន័យ។ នៅក្នុងបណ្តឹងដែលបានធ្វើឡើងក្នុងឆ្នាំ២០១២នោះ តុលាការកំពូល បានសម្រេចថា ការតម្រូវឱ្យបង់ការធានារ៉ាប់រងសុខភាពនោះត្រូវបានអនុញ្ញាតដោយគេចាត់ទុកវាដូចជាពន្ធអាករមួយ ដែលសភាអាមេរិកអាចយកបាន។ ប៉ុន្តែក្នុងឆ្នាំ២០១៧នៅពេលដែលគណបក្សសាធារណរដ្ឋ បានគ្រប់គ្រងសភាអាមេរិកទាំងមូល គេបានប្តូរការផាកពិន័យជាប្រាក់នោះមកចំនួនសូន្យវិញ។ នៅពេលនេះ រដ្ឋមួយក្រុមដែលដឹកនាំដោយរដ្ឋ Texas ចង់ឱ្យមានការលុបចោលច្បាប់ Obamacare នេះតែម្តង។ ពួកគេអះអាងថា ការតម្រូវឱ្យបុគ្គលនីមួយៗ ទិញការធានារ៉ាប់រងផ្នែកសុខភាព ជារឿងមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយលើកឡើងថា ប្រសិនបើគ្មានចំណុចនោះទេ ច្បាប់ទាំងមូលគួរត្រូវលុបចោលតែម្តងទៅ។ លោក ចូ បៃដិន (Joe Biden) ដែលត្រូវបានព្យាករណ៍ថា ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មីនោះ កំពុងលើកតម្កើងច្បាប់ Obamacare ខណៈបណ្តឹងទាក់ទងនឹងច្បាប់នេះ កំពុងស្ថិតក្នុងដៃតុលាការកំពូលនោះ។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា លោក បៃដិន នឹងថ្លែងសុន្ទរកថាមួយ ជុំវិញច្បាប់សុខភាពដែលមានឈ្មោះជាផ្លូវការថា Affordable Care Actនេះ នៅថ្ងៃអង្គារដែរ។ សុន្ទរកថារបស់លោកBiden នឹងឆ្លុះបញ្ចាំងពីសារៈសំខាន់ ដែលលោកផ្តោតទៅលើវិស័យសុខភាព ក្នុងពេលដែលលោកកំពុងត្រៀមខ្លួនចូលកាន់តំណែងជាប្រធានាធិបតី ក្នុងខែមករាខាងមុខ ខណៈមានជំងឺរាតត្បាតជាសាកលដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាងមួយសតវត្សកន្លងមកនេះ។ កាលពីថ្ងៃច័ន្ទ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩កើនលើស១០លាននាក់។ តុលាការកំពូលត្រូវបានគេរំពឹងថា នឹងចេញសេចក្តីសម្រេចក្នុងរឿងក្តីនេះនៅចុងខែមិថុនា ឬដើមខែកក្កដា ឆ្នាំក្រោយ។ ប្រសិនបើតុលាការសម្រេចលុបចោលច្បាប់នេះមែន នោះមនុស្សរហូតដល់ ២០ លាននាក់អាចបាត់បង់ការធានារ៉ាប់រងសុខភាពរបស់ពួកគេ ហើយក្រុមហ៊ុនធានារ៉ាប់រ៉ងមានសិទ្ធិបដិសេធមិនទទួលអ្នកជំងឺដែលមានរោគប្រចាំកាយ៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងលុបចោលច្បាប់សុខភាព Obamacare
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments