អាជ្ញាធរកម្ពុជា ទើបបានវាយកម្ទេចរុះរើអគារជួសជុលថែទាំនាវាល្បាតធុនតូចដែលសាងសង់ដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមទិន្នន័យផ្កាយរណបដែលវិភាគនិងចេញផ្សាយដោយមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ(Center for Strategic and International Studies) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ក៏បានទទួលស្គាល់ថាពិតជាមានការរុះរើវាយកម្ទេចអគារខាងលើប្រាកដមែន។ អគារជួសជុលថែទាំនាវាល្បាតធុនតូច ដែលត្រូវបានកម្ទេចរុះរើនេះ ត្រូវបានសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីខែកក្កដា ឆ្នាំ២០១៧ និងដែលគ្រប់គ្រងដោយទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្ររបស់កម្ពុជា។ CSIS បានឱ្យដឹងថាការវាយកម្ទេចអគារជួសជុលថែទាំនាវាល្បាតធុនតូចនេះ ធ្វើឡើងអំឡុងចុងខែតុលា និងវាយកម្ទេចរួចរាល់ត្រឹមដើមខែវិច្ឆិកា តែប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះជាអគារជំនួយអាមេរិកទីពីរហើយនៅមូលដ្ឋានសមុទ្ររាម ដែលអាជ្ញាធរកម្ពុជារុះរើចេញ បន្ទាប់ពីអគារទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ ដែលនៅខាងត្បូងរោងទូកនេះ ត្រូវបានរុះរើកាលពីខែកញ្ញា។ បើតាមCSIS អាជ្ញាធរកម្ពុជាបានរុះរើអគារជួសជុលថែទាំនាវាល្បាតធុនតូចចេញដោយប្រុងប្រយ័ត្ន និងគត់មត់ ដោយយកនាវាល្បាតធុនតូចចេញមកមុខរោងអស់សិន មុននឹងរុះរើដំបូល ហើយវាយជញ្ជាំងចេញតាមក្រោយ។ លោក Gregory B. Poling នាយកកម្មវិធីគំនិតផ្ដួចផ្ដើមតម្លាភាពលម្ហសមុទ្រនៅអាស៊ីរបស់CSIS ទទួលបន្ទុកលើរបាយការណ៍សិក្សានេះ បានប្រាប់VOAថាដំណើរវិវឌ្ឍថ្មីនេះបង្កើនការសង្ស័យរបស់អាមេរិកដែលថាកម្ពុជានិងចិន មានគម្រោងរួមគ្នានៅមូលដ្ឋានសមុទ្ររាម ដោយផាត់ចេញជាមុនសិននូវទីតាំងដែលជាជំនួយរបស់អាមេរិក។ អ្នកស្រាវជ្រាវរូបនេះបានសរសេរក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖ «ភស្តុតាងនានាដែលចង្អុរមកបង្ហាញថា នេះជាជំហានដើម្បីបើកផ្លូវឱ្យចិនអាចប្រើប្រាស់[មូលដ្ឋានសមុទ្រ]រាមបាន ដែលអាចជាការប្រើប្រាស់វិលជុំ ឬក៏ការតាំងទីជាអចិន្ត្រៃយ៍»។ រដ្ឋាភិបាលកម្ពុជាបានរុះរើទីតាំងទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រទៅកាន់ទីតាំងមួយកន្លែងទៀតឈ្មោះ កោះព្រាប ដែលស្ថិតនៅខាងចុងនៃតំបន់ទំនប់រលក ក្បែរកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្នុងក្រុងព្រះសីហនុ ហើយតែងបានទាត់ចោលការលើកឡើងអំពីការផ្ដល់មូលដ្ឋានសមុទ្ររាមដល់យោធាជើងទឹកចិនប្រើប្រាស់។ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅថ្ងៃអង្គារនេះថា ការរុះរើអគារជួសជុលថែទាំនាវាល្បាតធុនតូច ស្ថិតនៅក្នុងគម្រោងតែមួយជាមួយការរើទីតាំងទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ។ នៅក្នុងបទសម្ភាសន៍មួយ ដែលវិទ្យុអាស៊ីសេរីសួរលោក ទៀ បាញ់ និងត្រូវបានផ្សាយដោយនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលើកឡើងថា អគារដែលវាយកម្ទេចចោលនោះ ត្រូវរើទៅកាន់កោះព្រាបជាមួយទីបញ្ជាការមុខដែរ ដែលត្រូវ«ធ្វើឱ្យល្អជាងមុន ធំជាងមុន ឆ្លើយតបតាមតម្រូវការជាងមុន រីកចម្រើនជាងមុន»។ «ព្រោះវាត្រូវរើចេញ ទៅកន្លែងថ្មីហើយ ថាទៅទុកធ្វើស្អីទៀត ព្រោះអាហ្នឹង គឺវាអត់មាននេះ រឿងហ្នឹងប្រើប្រាស់ធ្វើកន្លែងអភិវឌ្ឍន៍នៅផែជើងទឹករាមវិញ ដូច្នេះត្រូវទៅកន្លែងថ្មី ទៅកន្លែងថ្មីគឺទាំងអស់ សម្រាប់បម្រើឱ្យទីបញ្ជាការមុខដែលសហរដ្ឋអាមេរិក និងអូស្ត្រាលីគាត់បានជួយរៀបចំផ្នែកសន្ដិសុខលម្ហសមុទ្រ តែមួយបន្តិចហ្នឹងណា»។ លោក ទៀ បាញ់ មិនបានបញ្ជាក់បន្ថែមឱ្យច្បាស់នោះទេ ថាទីតាំងចាស់នៃអគារជួសជុលថែទាំនាវា និងការិយាល័យចាស់នៃទីបញ្ជាការមុខនៃគណៈកម្មាធិការជាតិសន្ដិសុខលំហសមុទ្រ ត្រូវបានប្រើប្រាស់ ឬបម្លែងជាអ្វីនៅពេលអនាគត ក្នុងអ្វីដែលលោកហៅថាជាការ«ប្រើប្រាស់ធ្វើកន្លែងអភិវឌ្ឍន៍នៅផែជើងទឹករាម»នោះ។ លោកឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង នាយសេនាធិការកងទ័ពជើងទឹក ត្រូវបានព្រឹត្តិបត្តិព័ត៌មានជប៉ុន Nikkei ដកស្រង់សម្ដីក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយ កាលពីខែតុលាថា ចិនកំពុងផ្ដល់ជំនួយដល់មូលដ្ឋានសមុទ្ររាម ដើម្បីសាងសង់ផែនាវាថ្មី ឃ្លាំងជួសជុលថែទាំនាវា និងការបូមខ្សាច់ពង្រីកជម្រៅនៅឆកសមុទ្ររាម ដែលមានទឹករាក់។ យ៉ាងណាក៏ដោយ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធការលើកឡើងអំពីវត្តមានជំនួយរបស់ចិននៅមូលដ្ឋានសមុទ្ររាម។ VOA មិនទាន់អាចទាក់ទងលោក ទៀ បាញ់ ដើម្បីស្នើសុំការពន្យល់បន្ថែមបានទេនៅថ្ងៃអង្គារនេះ។ លោកនាយឧត្ដមនាវី ទៀ វិញ ជាប្អូនប្រុសរបស់លោក ទៀ បាញ់ និងជាមេបញ្ជាការកងទ័ពជើងទឹក និងលោកឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង ជានាយសេនាធិការ បានបដិសេធមិនផ្ដល់បទសម្ភាសន៍។ ស្ថានទូតចិនក៏មិនបានឆ្លើយតបនឹងសំណើរបស់VOAសុំការអត្ថាធិប្បាយដែរ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ បានសម្ដែងការខកចិត្តជាមួយដំណើរវិវឌ្ឍចុងក្រោយនៅមូលដ្ឋានសមុទ្ររាម។ អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះ ប្រាប់VOAតាមសារអ៊ីមែលថា៖ «យើងមានការខកចិត្តដែលអាជ្ញាធរយោធាកម្ពុជាបានវាយកម្ទេចសំណង់[បម្រើឱ្យការពារ]សន្ដិសុខលម្ហសមុទ្រដែលជាជំនួយរបស់សហរដ្ឋអាមេរិក ដោយមិនមានការជូនដំណឹងជាមុន ឬក៏ការពន្យល់ទាល់តែសោះ»។ អាមេរិករំពឹងថាជំហររបស់កម្ពុជានឹងរក្សាដដែល មិនប្រែប្រួលនោះទេ ទៅលើការសន្យារបស់លោក ហ៊ុន សែន ថាមូលដ្ឋានសមុទ្ររាមនឹងស្វាគមន៍ទទួលគ្រប់ភាគីជាមិត្តទាំងអស់ ហើយនិងការសន្យាដែលថាកម្ពុជានឹងមិនផ្ដល់សិទ្ធិផ្ដាច់មុខឬអចិន្ត្រៃយ៍ណាមួយឱ្យយោធាបរទេសតាំងទីលើទឹកដីខ្លួនទេ។ នេះបើយោងតាមលោក Chad Roedemeier។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ទៀ បាញ់ បានលើកឡើងថាការវាយរុះរើអគារនៅមូលដ្ឋានសមុទ្ររាមដែលជាជំនួយរបស់អាមេរិក ជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា ដែលទីក្រុងភ្នំពេញមិនមានការចាំបាច់ក្នុងការជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោននោះទេ តែរំពឹងថាការធ្វើដូច្នេះនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិកនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែតុលា បានលើកឡើងថាលោកធុញទ្រាន់នឹងក្ដីសង្ស័យ ដែលចេញដំបូងពីការផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ របស់កាសែត Wall Street Journal ដែលថាកម្ពុជាបានសម្រេច«កិច្ចព្រមព្រៀងសម្ងាត់»ជាមួយចិន ដោយអនុញ្ញាតឱ្យកងទ័ពជើងទឹកចិន ប្រើប្រាស់មូលដ្ឋានសមុទ្ររាមរយៈពេល៣០ឆ្នាំ។ ក្រៅតែពីបានហៅព័ត៌មាននេះថាជារឿង«ប្រឌិត»ដែល«អាក្រក់បំផុត»ប្រឆាំងនឹងកម្ពុជា មេដឹកនាំកម្ពុជាក៏បានល្បងនឹងអ្នកចោទប្រកាន់ទាំងនោះ ឱ្យចេញមុខមកបង្ហាញភស្ដុតាងអំពីកិច្ចព្រមព្រៀង ដែលគេលើកឡើងនោះ។ លោក Gregory B. Poling នៃមជ្ឈមណ្ឌលCSISរបស់អាមេរិក បានបន្ថែមថា ចិនមុខជាសំឡឹងមើលឃើញមូលដ្ឋានសមុទ្ររាម ថានឹងផ្ដល់នូវការយកប្រៀបផ្នែកសន្ដិសុខលម្ហសមុទ្ររបស់ខ្លួននៅក្នុងតំបន់។ លោក Gregory B. Poling បានសរសេរប្រាប់VOAថា៖ «មូលដ្ឋានសមុទ្ររាមអាចផ្ដល់ឱ្យចិននូវវត្តមានតាំងទីប្រកបដោយគុណតម្លៃ ដើម្បីប្រមូលយកព័ត៌មានចារកម្ម និងឈ្លបយកការណ៍លើឈូងសមុទ្រថៃ និងទៅលើកងកម្លាំងសហរដ្ឋអាមេរិកដែលធ្វើប្រតិបត្តិការនៅក្បែរតំបន់នេះ ជាពិសេសបណ្ដាកងកម្លាំង[អាមេរិក]ដែលចេញចូលប្រទេសថៃ ឬកងកម្លាំង[អាមេរិក]ដែលប្រតិបត្តិការតាំងនៅសិង្ហបុរី»៕
from កម្ពុជា - Voice of America | VOA
via_IFTTT
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments