អង្គការសហប្រជាជាតិ៖ ប្រទេស​ចំនួន​បួន អាច​នឹង​មាន​គ្រោះទុរ្ភិក្ស

By , Comment
Share on Facebook Tweet on Twitter
ទីភ្នាក់ងារទទួល​បន្ទុក​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​បានព្រមាន​ថា វិបត្តិ​ជំងឺ​កូវីដ១៩ ជម្លោះ​ និង​កង្វះខាត​ជំនួយ​មនុស្សធម៌​ កំពុង​តែជំរុញ​ឲ្យ​មាន​ភាព​អត់ឃ្លាន​កាន់តែ​ខ្លាំងឡើង​នៅ​លើ​ពិភពលោក​ ដោយបណ្តា​ប្រទេស​មួយ​ចំនួនកំពុង​ប្រឈម​នឹង​ការ​កើតមាន​គ្រោះ​ទុរ្ភិក្ស។ កម្មវិធី​ស្បៀងអាហារ​ពិភពលោករបស់​អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា មនុស្ស​ជាង​ ១០០​ លាន​នាក់​នៅ​លើ​ពិភពលោក​ កំពុង​តែ​រង​គ្រោះ​ដោយ​សារ​កង្វះខាត​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ។ កម្មវិធី​នេះ​បាន​ព្រមាន​ថា ចំនួន​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើន​ឡើង​ចំនួន ១២១ លាននាក់​បន្ថែមទៀត បើ​មិន​មាន​ចំណាត់ការ​ជា​បន្ទាន់ណា​មួយ​ដើម្បី​ទប់ទល់​នឹង​កំណើន​ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក​នោះ​ទេ។ របាយការណ៍វាយតម្លៃ​ថ្មី​មួយ​ដោយ​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​កសិកម្ម​ (FAO) និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃអង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា ​ប្រទេស​ចំនួន​ ២០​ ជា​កន្លែង​ងាយរងគ្រោះ​ខ្លាំង​ពី​កង្វះខាត​ស្បៀងអាហារ។ របាយការណ៍​បាន​ព្រមាន​ថា ប្រទេស​ចំនួន​បួន​នៅ​ក្នុង​នោះ​រួម​មាន​ ប្រទេស​បួគីណាហ្វាសូ​នៅ​តំបន់​ Sahel ភាគខាងជើង​ប្រទេស​អាហ្វ្រិក តំបន់​ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា ប្រទេស​ស៊ូដង់​ខាង​ត្បូង និង​យេម៉ែន​ អាច​ធ្លាក់​ចូល​ក្នុង​គ្រោះ​ទុរ្ភិក្ស ប្រសិន​បើ​ស្ថានភាព​បន្ត​ធ្លាក់​ចុះ​ដុនដាប​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ។ ​ អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​វិបត្តិ​ស្បៀងអាហារ​នៃទីភ្នាក់ងារ​ទទួល​បន្ទុក​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​លោក Luca Russo និយាយ​ថា មិនមាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ពី​គ្រោះ​ទុរ្ភិក្ស​កើត​មាន​នៅ​ឡើយ​ទេ​នា​ពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​ទាំងនេះ។ លោក​ Russo ថ្លែង​ថា៖«ជា​ទូទៅ នៅ​ពេល​ដែល​អ្នក​ប្រកាស​ថា មាន​គ្រោះ​ទុរ្ភិក្ស វា​តែងតែ​យឺតពេល​ទៅហើយ ដូចដែល​យើង​បាន​សង្កេត​ឃើញ​កាល​ពី​អតីតកាល​ជាមួយ​នឹង​ប្រទេស​សូម៉ាលី។ នៅ​ពេល​ដែល​គ្រោះ​ទុរ្ភិក្ស​ត្រូវ​បាន​ប្រកាស​ឡើង មនុស្ស​ប្រមាណ ២សែន​៦ម៉ឺន​នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ដោយសារ​គ្រោះ​ទុរ្ភិក្ស។ ដូច្នេះ​យើង​ចង់​បង្ហាញ​សញ្ញា​ព្រមានជាមុន ​មុន​ពេល​គ្រោះ​ទុរ្ភិក្ស​កើតឡើង ហើយ​យើង​ក៏​ចង់​សង្កត់ធ្ងន់​ពី​កត្តា​ចម្បង​មួយ​ចំនួន​ដែល​ត្រូវ​ការ​តាម​ដាន​ផង​ដែរ»។ របាយការណ៍ខាង​លើ​ក៏​បាន​លើកឡើង​ពី​ការ​កើនឡើង​នៃ​អំពើហិង្សា និង​វិបត្តិ​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ អាកាសធាតុ​អាក្រក់ និង​កង្វះខាត​ការ​ទទួល​បាន​ជំនួយ​មនុស្ស​ធម៌​ផ្សេងៗ​ ជា​កត្តា​ជំរុញ​ចម្បងនៅ​ពី​ក្រោយភាព​អត់ឃ្លាន។ របាយការណ៍​បាន​កត់សម្គាល់​ថា កត្តា​ទាំង​នេះ​បាន​បង្ក​ឲ្យមាន​ការ​កើន​ឡើង​ច្រើន​ជាង​មុនបី​ដង​នៃ​ចំនួន​មនុស្ស​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ចាប់តាំង​ពី​ឆ្នាំ ២០១៩​មក​ នៅ​ប្រទេស​បួគីណាហ្វាសូ។ ហើយ​កត្តា​ទាំង​នេះ​ក៏​ស្ថិត​នៅ​ពីក្រោយ​បញ្ហា​អសន្តិសុខស្បៀងអាហារ​ និង​កង្វះ​អាហារ​រូបត្ថម្ភ​កម្រិត​ខ្ពស់​ក្នុង​ចំណោម​កុមារ​នៅ​ប្រទេស​យេម៉ែន​ផង​ដែរ។ លោក Russo បាន​ប្រាប់​ VOA ថា បញ្ហាអសន្តិសុខ​ស្បៀង​និង​បញ្ហា​ភាព​អត់ឃ្លាន​កំពុង​តែ​កើន​ឡើង​នៅ​រដ្ឋ Borno ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា ទីដែល​ក្រុម​សកម្មប្រយុទ្ធ Boko Haram នៅ​តែ​ជា​កម្លាំង​ប្រយុទ្ធ​ប្រកប​ដោយ​គ្រោះថ្នាក់​មួយ។ លោក​ Russo មាន​ប្រសាសន៍​ថា៖«ទាំងនេះ​ជា​កន្លែង​ដែល​នា​ពេល​បច្ចុប្បន្ន​មិន​មាន​លទ្ធភាព​ទទួល​បាន​ជំនួយ​មនុស្សធម៌។ ដូច្នេះ មាន​ន័យ​ថា ប្រជាជន​ត្រូវ​ពឹង​អាស្រ័យ​លើ​ខ្លួន​ឯង​នៅ​ក្នុង​ស្ថានភាព​ដែល​ពួកគេ​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ ហើយ​នេះ​ជា​អ្វី​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះទុរ្ភិក្ស។ នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ យើង​និយាយ​អំពី​រដ្ឋ Jonglei។ នៅ​ទីនោះ មាន​លទ្ធភាព​អាច​ផ្តល់​នូវ​ជំនួយ​មនុស្សធម៌បាន​ ប៉ុន្តែ​មាន​ករណីគ្រោះ​ទឹកជំនន់ ជម្លោះ​ជា​ដើម។ល។ ប្រជាជន​ត្រូវផ្លាស់ប្តូរ​ទី​លំនៅ»។ ទីភ្នាក់ងារ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យដឹង​ថា ពិភពលោក​កំពុង​ស្ថិត​នៅលើ​ចំណុច​ប្រឈម​នឹង​គ្រោះមហន្តរាយ​មួយ​។ បើសិនបើ​មិន​មាន​ចំណាត់ការ​ណាមួយ​ធ្វើ​ឡើងនា​ពេល​ឥឡូវ​នេះ ពួកគេ​ព្រមាន​ថា ពិភពលោក​អាច​ប្រឈម​នឹង​ការផ្ទុះឡើង​នៃ​គ្រោះ​ទុរ្ភិក្ស​ជាលើក​ដំបូង ចាប់​តាំង​ពី​ពេល​ដែល​គ្រោះ​ទុរ្ភិក្សចុង​ក្រោយ​បង្អស់​ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពីឆ្នាំ ២០១៧ នៅ​តំបន់មួយ​ចំនួន​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។ គ្រោះ​ទុរ្ភិក្ស​បាន​ប៉ះពាល់​ដល់​មនុស្ស​ចំនួន​ ៥,៥​លាននាក់ ហើយ​បាន​ធ្វើ​ឲ្យ​កុមារជាង​ពីរ​សែន​នាក់រងគ្រោះ​ដោយសារ​កង្វះខាត​អាហារ​រូបត្ថម្ភ​ធ្ងន់ធ្ងរ ដែល​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត៕ ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្ត្របញ្ញា

From សុខភាព - Voice of America | VOA
via _IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments