អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយរូប គឺលោកស្រី លី ស្រីវីណា ដែលជាវេជ្ជបណ្ឌិតផងនោះ បានសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ខណៈលោកស្រីត្រូវបានផ្តល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញ តាមការស្នើសុំទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមលិខិតដែល VOA ទទួលបានកាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី លី ស្រីវីណា ត្រូវបានគេស្គាល់ថា ជាម្ចាស់មន្ទីរពេទ្យសម្រាកព្យាបាលមួយកន្លែងនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានឈ្មោះថា «លី ស្រីវីណា» និងមានសាខាមួយទៀតនៅក្នុងខេត្តសៀមរាប។ មន្ទីរពេទ្យរបស់លោកស្រីត្រូវបានក្រសួងសុខាភិបាលសម្រេចបិទ ដោយក្រសួងបញ្ជាក់មូលហេតុថា «ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្រ្គោះអ្នកជំងឺ»។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ចុះថ្ងៃទី៦ ខែវិច្ឆិកា។ ការសម្រេចបិទនេះ ក្រោយមានការចុះផ្សាយព័ត៌មានថា អ្នកជំងឺម្នាក់បានស្លាប់នៅមន្ទីរពេទ្យរបស់លោកស្រី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ដោយមានអ្នកសារព័ត៌មានចុះទៅថតព្រោងព្រាត រួចហើយបង្ហោះវីដេអូតាមប្រព័ន្ធសង្គមហ្វេសប៊ុក។ លោកស្រី លី ស្រីវីណា ដែលជាវេជ្ជបណ្ឌិតមួយរូប ទទួលសញ្ញាបត្រពីសាកលវិទ្យាល័យវេជ្ជសាស្រ្តមួយនៃប្រទេសបូឡូញ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះមន្រ្តីគណបក្សសង្រ្គោះជាតិ ១១៨ រូប ដែលត្រូវបានកាត់សិទ្ធិមិនឲ្យធ្វើនយោបាយ ក្រោយតុលាការកំពូលរំលាយបក្សប្រឆាំង កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។ នៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រទ្រង់សម្រេចផ្តល់នីតិសម្បទាឡើងវិញឲ្យលោកស្រី លី ស្រីវីណា គឺមានន័យថា ឲ្យធ្វើសកម្មភាពនយោបាយឡើងវិញ ក្រោយលោកស្រីត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ នៅពេលគណបក្សប្រឆាំងដ៏ធំត្រូវបានរំលាយចោល។ ការសម្រេចឲ្យលោកស្រីធ្វើនយោបាយឡើងវិញ ក្រោយលោកស្រីសរសេរលិខិតពីរច្បាប់ ដែលមួយច្បាប់សរសេរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំចុះចូល និងមួយច្បាប់ទៀត សរសេរទៅកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ក្នុងលិខិតសរសេរដៃមិនវាយកំព្យូទ័រ ចុះថ្ងៃទី៩ ខែវិច្ឆិកា លោកស្រី លី ស្រីវីណា ដែលជាអតីតតំណាងរាស្រ្ត និងជាអតីតសមាជិកគណៈកម្មាធិការនាយកនៃបក្សប្រឆាំង បានលើកឡើងទៅកាន់លោក ហ៊ុន សែន ដោយរំឭកគុណរបស់លោកនាយករដ្ឋមន្រ្តី ដែលលោកស្រីថាបានបញ្ជូនលោកស្រីទៅសិក្សានៅបរទេស ទាក់ទងនឹងផ្នែកវេជ្ជសាស្រ្ត ក្នុងឆ្នាំ ១៩៨៩។ បន្ទាប់មកលោកស្រីថា លោកស្រីបានយកចំណេះដឹងរបស់ខ្លួនទៅចូលរួមលើកកម្ពស់សេវាសុខាភិបាលឲ្យកាន់តែប្រសើរតាម «គោលនយោបាយឈ្នះ-ឈ្នះ» របស់នាយករដ្ឋមន្រ្តី។ លោកស្រីបន្តថា៖ «ដោយសព្វថ្ងៃនេះ នាងខ្ញុំមិនមែនជាសមាជិកគណបក្សនយោបាយណាទាំងអស់ និងដោយបានឃើញមានមនុស្សមួយចំនួន ដែលបាននិងកំពុងវាយប្រហារដល់សម្តេច ដោយអយុត្តិធម៌ទាំងនៅក្នុងនិងក្រៅប្រទេស ដែលនាងខ្ញុំមិនពេញចិត្ត ដូច្នេះនាងខ្ញុំស្ម័គ្រចិត្តចូលរួមកសាងប្រទេស និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវនិងភ្លឺស្វាងរបស់សម្តេចរហូតតទៅ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។ លោកស្រីបញ្ជាក់ថា៖ «សូមសម្តេចទទួលនាងខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះ»។ លោក ហ៊ុន សែន បានចារនៅលើលិខិតសុំចុះចូលនោះថាយល់ព្រម និងស្នើឲ្យគណៈកម្មាធិការគណបក្សនៅរាជធានីភ្នំពេញ រៀបចំបែបបទបញ្ចូលលោកស្រីជាសមាជិក។ លោកស្រី លី ស្រីវីណា បានបដិសេធមិនអត្ថាធិប្បាយអ្វីទាំងអស់ នៅពេលអ្នកយកព័ត៌មាន VOAទាក់ទងទៅនៅថ្ងៃសុក្រនេះ។ លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមមិនឆ្លើយនៅពេលនេះ លើកក្រោយខលមកខ្ញុំម្តងទៀត តែនៅពេលនេះ ខ្ញុំសូមមិនឆ្លើយសិន»។ កាលពី ៣ ឆ្នាំមុន គឺនៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ មុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលលោកស្រី លី ស្រីវីណា បានសម្រេចលាលែងពីគណបក្ស ហើយលោកស្រីបកស្រាយកាលនោះថា លោកស្រី «មិនមានចេតនា» ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដូចការផ្សព្វផ្សាយនានាតាមបណ្តាញសង្គមទេ។ លោកស្រីបញ្ជាក់ថា ការលាលែងនេះ ដោយសារមមាញឹកនឹងការងារ។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលបិទគ្លីនិករបស់លោកស្រី «បានបង្ខំឲ្យ[លោកស្រី] លី ស្រីវីណា ប្តូរនយោបាយ»។ ចំណែកលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សប្រឆាំងដែរ ថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោកស្រីមានការងឿងឆ្ងល់នៃការសុំចុះចូលនេះ ក្រោយមន្ទីរពេទ្យរបស់លោកស្រី លី ស្រីវីណា ត្រូវបានបិទ ដោយលោកស្រីជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ មិនត្រូវពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។ លោកស្រីបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថាមន្ទីរពេទ្យណាក៏ដោយ ក៏តែងតែមានអ្នកជំងឺដែលស្លាប់ ជាការធម្មតាទេ។ អ្វីដែលយើងត្រូវតែរកឲ្យឃើញ គឺការស៊ើបអង្កេតដោយឯករាជ្យ ដោយមានវិជ្ជាជីវៈ ឲ្យច្បាស់លាស់។ ហេតុផលនៃអ្នកជំងឺដែលធ្វើឲ្យស្លាប់»។ លោកស្រី មូរ សុខហួរ បន្តថាការបង្ខំមន្រ្តីគណបក្សសង្រ្គោះជាតិឲ្យចុះចូលបានកើតឡើងគ្រប់រូបភាព ទាំងការបញ្ចុះបញ្ចូលផ្តល់តំណែង ការប្រើប្រាស់ប្រព័ន្ធតុលាការ ការគំរាមកំហែងផ្ទាល់មាត់ និងការគាបសង្កត់ផ្សេងៗ។ លោកស្រីចាត់ទុកយុទ្ធសាស្រ្តបែបនេះជាយុទ្ធសាស្រ្ត «អសីលធម៌ និងអមនុស្សធម៌»នៅក្នុងសង្គមប្រជាធិបតេយ្យ។ លោកស្រីមានប្រសាសន៍ថា៖ «ការចុះចូលអ្វីក៏ដោយនៅក្នុងកាលៈទេសៈនេះ គេរំលាយគណបក្សយើង។ គេចាប់មេបក្សយើង គេគំរាមកំហែងរាល់ថ្ងៃ ហើយមានការចុះចូលដោយរបៀបនេះ ខ្ញុំយល់ឃើញថា មិនមែនជាជម្រើសដែលចេញមកពីឆន្ទៈនៃបុគ្គលនោះទេ ក៏ប៉ុន្តែជាជម្រើសមួយរយៈ ដើម្បីដោះនូវរឿងអីមួយ និងជាជម្រើសរបស់បុគ្គលនោះប៉ុន្តែឧត្តមគតិនៃបុគ្គលនោះ ខ្ញុំជឿជាក់ថាមិនប្តូរទេ»។ VOA មិនអាចសុំការឆ្លើយតបពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានទេនៅថ្ងៃសុក្រនេះ។ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើឲ្យទាក់ទងទៅអ្នកនាំពាក្យរបស់ក្រសួងម្នាក់ទៀត គឺលោកស្រី ឱ វណ្ណឌីន ដែល VO Aមិនអាចសុំការឆ្លើយតបបានតាមរយៈលេខទូរស័ព្ទរបស់លោកស្រី និងប្រព័ន្ធតេឡេក្រាម (Telegram)។ គេមិនទាន់ដឹងថា តើក្រុមគ្រួសាររបស់អ្នកជំងឺដែលត្រូវបានរាយការណ៍ថាស្លាប់ បានដាក់ពាក្យប្តឹងប្រឆាំងនឹងមន្ទីរពេទ្យរបស់លោកស្រី លី ស្រីវីណា ឬយ៉ាងណា។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា នេះជាការសម្រេចចិត្តរបស់លោកស្រី លី ស្រីវីណា មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលលោកមិនចង់ឲ្យប្រើពាក្យ «ចុះចូល» នោះទេ ដោយចង់ឲ្យប្រើពាក្យ «សុំមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន»។ លោកថា ការសុំចុះចូលនេះមិនមែនជាការបង្ខំអ្វីនោះទេ ហើយការសម្រេចរបស់ក្រសួងសុខាភិបាលជាវិន័យរដ្ឋបាល។ លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមួយរូប បន្តថា លោកមិនទាន់ដឹងថាតើលោកស្រី លី ស្រីវីណា នឹងទទួលតំណែងរដ្ឋាភិបាល ឬតំណែងគណបក្សអ្វីនោះទេ ដោយរង់ចាំថ្នាក់លើ។ នៅពេលសួរថាតើលោកស្រី លី ស្រីវីណា នឹងអាចដំណើរការមន្ទីរពេទ្យរបស់លោកស្រី ឬយ៉ាងណា ក្រោយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា៖ «អាហ្នឹងយើងរង់ចាំមើលការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលថា តើគាត់បានបំពេញបន្ថែមលក្ខណៈសម្បត្តិអីគ្រប់គ្រាន់ជាគ្លីនិក ដើម្បីបម្រើសេវាសុខភាពរបស់ប្រជាជនបានត្រឹមត្រូវហើយ ឬនៅ។ បើត្រឹមត្រូវហើយ ខ្ញុំយល់ថាវាគ្មានពាក់ព័ន្ធអីនឹងផ្នែកនយោបាយទេ»។ លោកស្រី លី ស្រីវីណា ជាមនុស្សទី១៤ក្នុងចំណោមមនុស្ស ១១៨ នាក់ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ព្រម។ គួរបញ្ជាក់ថា មុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិនៅថ្នាក់ក្រោមជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល។ លោកបញ្ជាក់ថា នេះជានយោបាយឈ្នះ-ឈ្នះ ដែលលោកធ្លាប់ធ្វើជាមួយពួកខ្មែរក្រហម៕
from កម្ពុជា - Voice of America | VOA
via_IFTTT
Home
កម្ពុជា - Voice of America
អតីតតំណាងរាស្រ្តបក្សប្រឆាំងសុំចុះចូលជាមួយបក្សកាន់អំណាច ក្រោយគ្លីនិករបស់ខ្លួនត្រូវបានបិទ
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments