មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសរបស់ប្រទេសហុងគ្រី បានលើកឡើងថា រដ្ឋមន្រ្តីការបរទេសខ្លួនដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាបានធ្វើតេស្ត ហើយមិនមានជំងឺកូវីដ១៩ ទេ ដោយច្រានចោលការលើកឡើងថា រដ្ឋមន្រ្តីការបរទេសរូបនោះជាអ្នកចម្លងជំងឺនេះទៅអ្នកដទៃ។ នេះបើយោងតាមសារព័ត៌មានមួយឈ្មោះថា Hungary Today ដែលចេញផ្សាយអត្ថបទ កាលពីថ្ងៃព្រហស្បតិ៍។ បើតាមសារព័ត៌មាននោះ រដ្ឋលេខាធិការក្រសួងការបរទេសហុងគ្រី លោក Tamás Menczer មានប្រសាសន៍ថារដ្ឋមន្រ្តីការបរទេសលោក Péter Szijjártó បានធ្វើតេស្តជំងឺកូវីដ១៩ មុនពេលមកប្រទេសកម្ពុជា ហើយលទ្ធផលគឺអវិជ្ជមាន។ លោកមានប្រសាសន៍ថា៖ «ដោយសារតែ គាត់ធ្វើដំណើរ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានដូច្នេះពុំមាននរណាម្នាក់អាចអះអាងត្រឹមត្រូវថាលោក Szijjártó ចម្លងជំងឺនរណាម្នាក់ក្នុងប្រទេសកម្ពុជា ឬថៃឡើយ។ យើងមិនដឹងថា អ្នកណាចម្លងអ្នកណានោះទេ»។ លោកបន្តថា រដ្ឋមន្រ្តីការបរទេសបានអនុវត្តតាមការណែនាំរបស់ប្រទេសនីមួយៗ ដែលទទួលស្វាគមន៍រូបលោក ហើយក្នុងប្រទេសកម្ពុជាមានការប្រជុំខ្លះ មិនតម្រូវឲ្យលោកពាក់ម៉ាស់នោះទេ ដោយសារគេមិនពាក់ម៉ាស់ដែរ។ លោកបន្ថែមថា៖ «គាត់[រដ្ឋមន្រ្តីការបរទេស]មិនពាក់ម៉ាស់ នៅពេលខ្លះក្នុងប្រទេសកម្ពុជា ដោយសារមានការស្នើសុំពីភាគីម្ចាស់ប្រទេសយ៉ាងច្បាស់ថា ភាគីកម្ពុជាមិនបានពាក់ម៉ាស់ដែរ»។ ពេលរដ្ឋមន្រ្តីការបរទេសហុងគ្រី បានមកដល់កម្ពុជាភ្លាម លោកបានចូលរួមកិច្ចប្រជុំនានា ដោយមិនបានធ្វើតេស្តរកជំងឺកូវីដ១៩ ដូចអ្នកធ្វើដំណើរផ្សេងៗទៀត ដែលតម្រូវឲ្យយកវត្ថុសំណាកទៅធ្វើតេស្តហើយត្រូវរង់ចាំយ៉ាងតិច ២៤ ម៉ោង។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ហើយលោកត្រូវបានរាយការណ៍ថា មានជំងឺកូវីដ១៩ ពេលលោកបានទៅដល់ប្រទេសថៃ។ មិនមានរបាយការណ៍លម្អិតនោះទេថារដ្ឋមន្រ្តីការបរទេសរូបនោះបានឆ្លងជំងឺកូវីដ១៩ តាំងពីពេលណា និងនៅទីណា។ នៅប្រទេសថៃ មន្រ្តីហុងគ្រីម្នាក់ដែលបំពេញការងារប្រចាំនៅទីនោះក៏មានជំងឺកូវីដ១៩ នេះដែរ ក្រោយជួបជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីរូបនោះ។ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងពិធីចែកស្រូវពូជដល់កសិករក្នុងខេត្តព្រៃវែង លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋមន្រ្តីការបរទេសហុងគ្រី មានជំងឺកូវីដ១៩ មុនចូលមកប្រទេសកម្ពុជា។ ប៉ុន្តែលោកមិនបានបញ្ជាក់ភស្តុតាងអ្វីលើអំណះអំណាងរបស់លោក។ លោកមានប្រសាសន៍ថា៖ «ប៉ុន្តែមកដល់ខែ១១នេះ ប្រែប្រួលបន្តិច ដោយសារមានរដ្ឋមន្រ្តីក្រសួងការបរទេសមួយប្រទេសមួយ គឺ ហុងគ្រី។ គាត់មានជំងឺហ្នឹង តែគាត់មកកម្ពុជា។ ដល់ពេលអញ្ចឹង អ្នកធ្វើការជាមួយ បានឆ្លងមួយចំនួន។ ប៉ុន្តែមួយចំនួនទៀតអត់ឆ្លងទេ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ត្រូវតែនៅមួយកន្លែង គេហៅថាចត្តាឡីស័ក»។ VOA មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានទេនៅថ្ងៃសុក្រនេះ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលកំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដែរ បានបង្ហោះសារលើហ្វេសប៊ុករបស់លោកថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ដោយរដ្ឋមន្រ្តីរូបនោះបាន «សម្តែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក»។ លោក ប្រាក់សុខុន សរសេរបន្តថា៖ «យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការ បរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយ ដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់ គឺជាអ្នកក្រោកឡើងបន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធ ក្រោមក្របខ័ណ្ ឌEBA ២០% ពីកម្ពុជា»។ VOA មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាននៅឡើយទេនៅថ្ងៃសុក្រនេះ។ ក្រោយហេតុការណ៍នេះកើតឡើង ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថាមនុស្ស៤នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានខ្មែរ ៣ នាក់ រួមមានសមាជិករដ្ឋសភា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គរក្សការពារឲ្យប្រតិភូហុងគ្រី និងជនបរទេសម្នាក់ជនជាតិហុងគ្រី ដែលជាឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាជាង ១.៧០០នាក់ ត្រូវបានធ្វើតេស្តរកវីរុសជំងឺកូវីដ១៩ នេះ ហើយនឹងត្រូវធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាលដើម្បីធានាថា ពួកគេមិនមានជំងឺនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕
from កម្ពុជា - Voice of America | VOA
via_IFTTT
Home
កម្ពុជា - Voice of America
មន្រ្តីជាន់ខ្ពស់ហុងគ្រី៖ មិនប្រាកដថារដ្ឋមន្រ្តីការបរទេសជាអ្នកចម្លងជំងឺកូវីដ១៩ នៅកម្ពុជា
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments